អ្នកសារព័ត៌មានបរិស្ថានលោក អ៊ុក ម៉ៅ ដែលជាជនជាតិដើមភាគតិចកួយត្រូវបានមន្ត្រី ប្តឹងទាមទារប្រាក់ជាង៥ម៉ឺនដុល្លារ ខណៈគ្រួសារលោកកំពុងខ្វះខាតខ្លាំងក្នុងជីវភាព។
ក្នុងដីកាកោះចុះថ្ងៃទី១២ ខែសីហានេះ សាលាដំបូងខេត្តស្ទឹងត្រែងបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៥ បុគ្គលឈ្មោះ គឹម ថាវីណា តាមរយៈលោក ថាច់ ពេជ្រ ដែលជាមេធាវីការពារក្តីបានប្តឹង លោក អ៊ុក ម៉ៅ និងភរិយា ក្នុងសំណុំរឿងរដ្ឋប្បវេណី ដោយទាមទារប្រាក់ចំនួន៣២២៦៦.៥ដុល្លារ និងបង់ការខូចខាត១០០លានរៀល។
ដីកាដដែលនេះ បានឱ្យអ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ ដែលសកម្មរាយការណ៍ព័ត៌មានពីបទល្មើសព្រៃឈើចូលឆ្លើយបំភ្លឺនៅថ្ងៃទី២១ ខែសីហាឆ្នាំ២០២៥ ទៅតាមបណ្តឹងរបស់លោក គឹម ថាវីណា។
លោក អ៊ុក ម៉ៅ អះអាងថា លោកបានចូលទៅបំភ្លឺតាមពេលវេលាកំណត់ ប៉ុន្តែតុលាការខេត្តស្ទឹងត្រែងបានពន្យាពេលសាកសួរវិញ ក្រោមហេតុផល ដើមបណ្តឹងផ្លាស់ប្តូរមេធាវីការពារក្តី ហើយមិនបានកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការសាក់សួរថ្មីទៀតនោះទេ។
លោក អ៊ុក ម៉ៅ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ករណីលោក គឹម ថាវីណា ប្តឹងគ្រួសារលោកទាមទារប្រាក់ក្នុងចំនួនច្រើនដ៏លើសលប់នេះ គឺជារឿងមិនត្រឹមត្រូវ និងអយុតិធម៌ ខណៈគ្រួសារលោកកំពុងខ្វះខាតខ្លាំងក្នុងជីវភាព។
ជនជាតិដើមភាគតិចកួយរូបនេះបានឱ្យដឹងថា លោក គឹម ថាវីណា គឺជាអភិបាលរងស្រុកអូរគ្រៀង នៃខេត្តក្រចេះ។ លោក អ៊ុក ម៉ៅ បានរៀបរាប់ថា ដើមចមដែលនាំឱ្យលោក គឹម ថាវីណា ប្តឹងគ្រួសារលោក គឺពាក់ព័ន្ធរឿងទិញលក់ដី។ លោក អ៊ុក ម៉ៅ បន្តថា អភិបាលរងស្រុកអូរគ្រៀងបានពឹងពាក់លោកឱ្យរកដីលក់ឱ្យខ្លួន។
លោក អ៊ុក ម៉ៅ អះអាងថា លោករកបានដីទំហំជាង៣៦ហិកតា ក្នុងតម្លៃសរុបជាង៦ម៉ឺនដុល្លារ ដើម្បីលក់ឱ្យលោក គឹម ថាវីណា ដែលជាអភិបាលរងស្រុកអូរគ្រៀង ដោយលោក គឹម ថាវីណា បានកក់លុយ១ពាន់ដុល្លារមុន ប៉ុន្តែលោក គឹម ថាវីណាមិនបានបង់លុយឱ្យម្ចាស់ដីទាន់ពេលវេលាទៅតាមកិច្ចព្រមព្រៀងនោះទេ ហើយបានពន្យាពេល និងកក់លុយ១ពាន់ដុល្លារម្តងទៀតឱ្យទៅម្ចាស់ដី។
ប៉ុន្តែក្រោយមកទៀត អភិបាលរងស្រុករូបនេះ នៅតែមិនអាចបង់លុយឱ្យម្ចាស់ដីទៅតាមពេលវេលាកំណត់ និងកិច្ចសន្យាដដែល ដែលនាំឱ្យម្ចាស់ដីប្តូរចិត្តឈប់លក់ដីនោះឱ្យ លោក គឹម ថាវីណា ហើយលោក គឹម ថាវីណា បានប្តឹងគ្រួសារលោកទាមទារសំណងជាង៥ម៉ឺនដុល្លារទៅវិញ។
លោក អ៊ុក ម៉ៅ៖«ខ្ញុំថាវាមិនមានយុត្តិធម៌ទេសម្រាប់ខ្ញុំ។ គាត់ [លោកគឹមថាវីណា] ជាមន្ត្រី ហើយគាត់ធ្វើឡប់ឡែ។ គាត់អត់គោរពកិច្ចសន្យា ដែលគាត់មានសសេរជាមួយគេ [ម្ចាស់ដី] រឿងកក់លុយហ្នឹង។ គាត់អត់គោរពកិច្ចសន្យាជាមួយគេ។ ពេលគេដកយកដីវិញ បែរជាគាត់មកប្តឹងខ្ញុំ ឱ្យខ្ញុំសង់វិញចឹង វាដូចជាភ្លើសុទ្ធហើយ»។
យ៉ាងណាពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកការឆ្លើយពីអភិបាលរងស្រុកអូរគ្រៀងលោក គឹម ថាវីណា និងមេធាវី លោក ថាច់ ពេជ្រ រួមទាំងអ្នកនាំសាលាដំបូងខេត្តស្ទឹងត្រែងលោក ឈុំ ស៊ាងហាក់ បានទេពាក់ព័ន្ធសំណុំរឿងនេះ។
គួរបញ្ជាក់ថា លោក អ៊ុក ម៉ៅ ធ្លាប់ត្រូវបានសមត្ថកិច្ចខេត្តស្ទឹងត្រែងចាប់ និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តស្ទឹងត្រែងរយៈពេល១០ថ្ងៃពោលគឺការចាប់ និងឃុំខ្លួននៅថ្ងៃទី១៦ ខែឧសភា និងដោះលែងវិញនៅថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៥ ក្រោយមានរិះគន់ពីប្រជាពលរដ្ឋតាមបណ្តាញសង្គម និងអង្គការជាតិ និងអន្តរជាតិ។
កាលណោះលោក អ៊ុក ម៉ៅ ត្រូវបានចោទប្រកាន់ពីរករណី គឺបទ«ញុះញង់ និងបរិហាកេរិ៍្តជាសាធារណៈ» ទៅតាមបណ្តឹងរបស់មន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង។
ប្រធានមណ្ឌលមែកឈើលោក ផន ផល្លា បានបង្ហោះសារលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២០ខែសីហានេះ ដោយភ្ជាប់ជាមួយរូបលោក និងលោក អ៊ុក ម៉ៅ រួមជាមួយក្រុមការងារមណ្ឌលមែកឈើយកអំណោយជូនគ្រួសារលោកអ៊ុកម៉ៅ។
លោក ផន ផល្លា បានលើកឡើងថា កាលពីលោក អ៊ុក ម៉ៅ ជាប់ពន្ធនាគារលោក និងក្រុមការងារបានយកអំណោយទៅជូនគ្រួសារគាត់។ លោកថា អំឡុងពេលនោះប្រពន្ធ និងកូនតូចៗរបស់លោក អ៊ុក ម៉ៅ គឺគ្មានអ្វីហូបនោះទេ។ លោកបន្តថា កុំតែបានរូបលោក និងកាកបាទក្រហមកម្ពុជាប្រចាំខេត្តស្ទឹងត្រែងយកអំណោយទៅឱ្យ ប្រហែលជាមិនមានអ្វីសម្រាប់ហូបឡើយ។
លោកបន្ថែមថា៖« ហើយផ្ទះរបស់បង [លោក អ៊ុក ម៉ៅ ] សូម្បីតែជញ្ជាំងក៏គ្មានផង ក្រោយពីគេដុតឆេះ តើបងមានស្អីទៅសងសំណងបណ្តឹងរបស់គេនោះ…..ជាយោបលរបស់ខ្ញុំ បងមានតែដេកនៅផ្ទះ។ ហើយរងចាំគេមកចាប់ដាក់គុកម្តងទៀតទៅ»។
នាយកប្រតិបត្តិអង្គការលីការដូ លោក អំ សំអាត មានប្រសាសន៍ថា លោក អ៊ុក ម៉ៅ ជា សកម្មជនព្រៃឈើដែលធ្វើកិច្ចការងារព្រៃឈើយ៉ាងសកម្ម និងជាអ្នកសារព័ត៌មានមួយរូបដែលសកម្មរាយការណ៍ពាក់ព័ន្ធបទល្មើសព្រៃឈើក្នុងខេត្តស្ទឹងត្រែង។
លោក អំ សំអាត បានឱ្យដឹងថា លោក អ៊ុក ម៉ៅ បានជាប់បណ្តឹងនៅតុលាការជាច្រើនសំណុំរឿង។ លោកថាករណីតុលាការកោះហៅលោក អ៊ុក ម៉ៅ និងភរិយាក្នុងសំណុំរឿងរដ្ឋប្បវេណីនេះ គឺអាចនាំឱ្យមានការរិះគន់បន្ថែមទៀត ថាជាការធ្វើទុក្ខបុកម្និញលើ លោក អ៊ុកម៉ៅ និងក្រុមគ្រួសារដែលជាសកម្មជនព្រៃឈើ។
លោកបន្ថែមថា៖«ការកោះហៅរូបគាត់និងភរិយាក្នុងសំណុំរឿងរដ្ឋប្បវេណីនេះគឺអាចនាំអោយមានការរិះគន់បន្ថែមទៀតថាជាការធ្វើទុក្ខបុកម្និញដល់លោក និងក្រុមគ្រួសារដែលជាសកម្មចនការពារព្រៃឈើយ៉ាងសកម្មបន្ទាប់ពីជាប់សំណុំរឿងព្រហ្មទណ្ឌជាច្រើនករណីនៅសាលាដំបូងខេត្តស្ទឹងត្រែង»។
កន្លងមក លោកអ៊ុក ម៉ៅ បានរងបណ្ដឹងចំនួន១៥ករណី ដែលជាប់នៅតុលាការខេត្តស្ទឹងត្រែង។ បណ្ដឹងភាគច្រើនចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទកាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកជាកម្មសិទ្ឋិ។ ដើមបណ្ដឹងភាគច្រើនជាមន្រ្តីនៅមន្ទីបរិស្ថានខេត្តស្ទឹងត្រែង និងចេញពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។
លោក អ៊ុក ម៉ៅ មិនត្រឹមតែទទួលរងនូវពាក្យបណ្តឹងប៉ុណ្ណេះទេ ជារឿនៗរូបគាត់ក៏តែងតែទទួលរងនូវការសំឡុត គំរាមកំហែងពីសំណាក់អ្នកមានអំណាច និងក្រុមឈ្មួយឈើមួយចំនួនទៀត។ លើសពីនេះ លោក អ៊ុក ម៉ៅ ក៏ធ្លាប់ត្រូវបានជនមិនស្គាល់មុខចូលមកលួចដុតផ្ទះទៀតផងដែរ កាលពីអំឡុងឆ្នាំ២០២៣៕