ដីទំហំជាង៤០០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្តទន្ទ្រានយកដោយខុសច្បាប់ពីសំណាក់ជនខិលខូច ហើយគ្មានចំណាត់ការពីអាជ្ញាធរពាក់ព័ន្ធ។
កាលពីខែតុលាឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញលិខិតមួយ ដោយបដិសេធ និងដកហូតដីទំហំ៤១៣ហិកតាពីបុគ្គលឈ្មោះ យូ ស៊ីថាត មកទុកជាសម្បត្តិរដ្ឋវិញ ដែលដីនេះ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល នៅត្រង់ចំណុចអូរច្រាំងអុង ក្នុងភូមិសាស្រ្តភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប៉ុន្តែក្រុមយុវជន និងសហគមន៍ដែលចុះល្បាតតំបន់ការពារព្រៃមួយនេះ បានអះអាងថា ដីជាង៤០០ហិកតាដែលត្រូវបានដកហូតនោះ កំពុងបន្តទន្ទ្រានយកដោយខុសច្បាប់ពីជនខិលខូច និងគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។
ប្រធានយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវររៀរស៍ លោក តាន់ គីមសួរ ដែលចុះល្បាតព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រោយរដ្ឋបាលខេត្តកំពង់ស្ពឺសម្រេចដកហូតដីនោះមកទុកជាសម្បត្តិរដ្ឋវិញ គឺលោកបានស្នើសុំដាំកូនឈើឡើងវិញ និងទទួលបានលិខិតអនុញ្ញាតឱ្យដាំកូនឈើឡើងវិញតាំងពីឆ្នាំ២០២២ ប៉ុន្ដែត្រូវបានរារាំងដោយអ្នករំលោភយកដីនោះ។ លោកថា រហូតមកដល់ឆ្នាំ២០២៣នេះ ទីតាំងដីនោះ នៅតែមានការទន្ទ្រានយកជាកម្មសិទ្ធិ ដោយខុសច្បាប់ដដែល។
លោក តាន់ គីមសួរ បន្តថា សកម្មភាពរុករានដីព្រៃ និងកាន់កាប់ជាកម្មសិទ្ធិដោយខុសច្បាប់នេះ គឺមន្ត្រីជំនាញមិនបានចាត់វិធានការតាមផ្លូវច្បាប់ និងដាំស្ដារកូនឈើឡើងវិញឡើយ។ លោកថា សកម្មភាពព្រងើយកន្តើយរបស់អ្នកជំនាញ និងអាជ្ញាធរពាក់ព័ន្ធនេះ គឺធ្វើឱ្យក្រុមយុវជន និងសហគមន៍មានការព្រួយបារម្ភពីការបាត់បង់ដីព្រៃក្នុងតំបន់ការពារ ប្រសិនបើគ្មានការទប់ស្កាត់ទាន់ពេលវេលា។
លោកបន្ថែមថា៖« ចំណុចនេះហាក់ដូចជាឧបសគ្គមួយសម្រាប់យុវជនដែលមានទឹកចិត្តចូលរួមខ្វាយខ្វល់ជាមួយរាជរដ្ឋាភិបាលលើបញ្ហាធនធានធម្មជាតិ។ ខ្ញុំគិតថា ការដែលអាជ្ញាធរមិនរវល់ ឬជួយសម្រួលដល់ដំណើរការដាំស្ដារកូនឈើឡើងវិញ អាចជាសញ្ញាមួយឱ្យយុវជនបាក់ស្មារតីក្នុងការតស៊ូក្នុងការជួយក្នុងកិច្ចការងារនេះ»។
លោក តាន់ គីមសួរ ឱ្យដឹងថា លោកនឹងដាក់លិខិតទៅក្រសួងបរិស្ថានជាថ្មីទៀតដើម្បីស្នើសុំដាំកូនឈើលើដីដែលរដ្ឋបាលខេត្តកំពង់ស្ពឺបានដកហូតនោះ។
អគ្គនាយកតំបន់ការពារធម្មជាតិលោក គីម ណុង មិនបានឆ្លើយតបសំណួររបស់ពលរដ្ឋសារព័ត៌មានឡើយ។ ដោយលោកគ្រាន់តែបញ្ជូនសារាចរណែនាំស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦តែប៉ុណ្ណោះ។
ប្រធានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់លោក ហ៊ុល ម៉ារ៉ា បានលើកឡើងថា ដីនោះពិតជាមានដីកាដកហូតមែន ប៉ុន្ដែអ្នកគ្រប់គ្រងដីនោះមិនព្រមគោរពតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺឡើយ។ លោកថា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កំពុងដាក់សំណើរទៅថ្នាក់លើសុំអនុវត្តសេចក្តីសម្រេចដកហូតនោះ។
លោកបន្ថែមថា៖«ពេលនេះការិយាល័យដែនកំពុងដាក់ពាក្យស្នើធ្វើការហើយ។ យើងក៏មិនទាន់ហ៊ានសន្យាថា ត្រូវការរយៈពេលប៉ុណ្ណា ទើបអាចចុះអនុវត្តបានឡើយ ព្រោះត្រូវចាំការសម្រេចពីថ្នាក់លើ»។
អភិបាលខេត្តកំពង់ស្ពឺលោក វី សំណាង មិនទាន់អាចបញ្ជាក់បានជុំវិញបញ្ហានេះ ដោយលោកសុំពេលសាកសួរទៅមន្ត្រីក្រោមឱវាទសិន។
យ៉ាងណា ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកការឆ្លើយតបពីបុគ្គលឈ្មោះ យូ ស៊ីថាត បានទេពាក់ព័ន្ធករណីនេះ។
មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន មានប្រសាសន៍ថា ចលនានៃការកាប់ទន្ទ្រានយកដីក្នុងតំបន់ការពារមកធ្វើជាកម្មសិទ្ធិនៅតែបន្តកើតមាន ដែលជាក្តីបារម្ភសម្រាប់ការការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។
លោក អូត ឡាទីន ស្នើឱ្យថ្នាក់ដឹកនាំថ្មីក្រសួងបរិស្ថាន និងក្រសួងជាប់ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លី និងទប់ស្កាត់ការកាប់ទន្រ្ទានយកដីព្រៃដោយខុសច្បាប់ ដោយជៀសវាងបញ្ហានេះបន្តកើតឡើងដូចកាលអាណត្តិមុនៗ។
លោកបន្ថែមថា៖«មួយវិញទៀតនៅអាណត្តិថ្មី ប្រសិនបើចង់ឱ្យបញ្ហាបរិស្ថានធនធានធម្មជាតិមានភាពប្រសើរនោះ ខ្ញុំយល់ថាគាត់គួរធ្វើកិច្ចការជាមួយភាគីពាក់ព័ន្ធគ្រប់ទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន។ មួយវិញទៀតអាចអាជ្ញាធរថ្នាក់ក្រោមត្រូវធ្វើការសកម្ម ដោះស្រាយបញ្ហាជាប់ពាក់ព័ន្ធធនធានធម្មជាតិឱ្យរួចអស់ បន្ទាប់មកចុះអនុវត្តឱ្យពេញដៃ ទើបមានប្រសិទ្ធភាព»។
………………………………….
អត្ថបទព័ត៌មានដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ប៉ូ សុភា