ប្រជាពលរដ្ឋជាង១០០០គ្រួសារនៅខេត្តកោះកុង បានជំរុញទៅអាជ្ញាធរឱ្យពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពួកគេឱ្យបានឆាប់ ដោយអះអាងថា ពួកគេកំពុងខ្វះខាតដីសម្រាប់ធ្វើកសិកម្ម។
កាលពីថ្ងៃទី២០ ខែមេសាឆ្នាំ២០២៣ ប្រជាពលរដ្ឋរាប់រយនាក់ បានប្រមូលផ្តុំនៅសាលាស្រុកស្រែអំបឹល ដើម្បីជួបជាមួយថ្នាក់ដឹកនាំខេត្តកោះកុង និងស្នើដល់ថ្នាក់ដឹកនាំទាំងនោះ ជួយពន្លឿនរកដំណោះស្រាយដីធ្លីជូនពួកគេ។
អ្នកស្រី ផាវ ញើង អាយុ ៤៧ឆ្នាំ ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋនៅឃុំជីខក្រោម ស្រុកស្រែអំបិលប្រាប់ពលរដ្ឋសារព័ត៌មានថា ក្រុមប្រជាពលរដ្ឋ៩៥៥គ្រួសារមកពីស្រុកស្រែអំបិល និងបុកទុមសារគរ បានស្នើដីសម្បទានសង្គមកិច្ចពីរដ្ឋ ខណៈក្រុមពលរដ្ឋ១៩៧គ្រួសារ និងក្រុមពលរដ្ឋផ្សេងទៀត បានស្នើសុំដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។
តំណាងពលរដ្ឋអ្នកស្រី ផាវ ញើង អះអាងថា ពលរដ្ឋដែលឡើងមកតវ៉ាដីធ្លីនោះ ជាប្រជាពលរដ្ឋក្រីក្រ និងកំពុងខ្វះដីធ្លីសម្រាប់បង្កបង្កើនផល ដោយពលរដ្ឋខ្លះត្រូវបានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរំលោភយកអស់ផងដែរ។
អ្នកស្រីបន្ថែមថា៖«ដោយសារតែស្រុកយើងអត់មានមុខរបរ អត់មានដីធ្លីធ្វើកសិកម្ម គឺធ្វើឱ្យពួកយើងត្រូវបង្ខំចិត្តធ្វើចំណាក់ស្រុកទៅប្រទេសថៃ ដូច្នេះហើយខ្ញុំសង្ឃឹមថា លោកជំទាវអភិបាលខេត្តនឹងជួយពន្លឿនដំណោះស្រាយដីធ្លីឱ្យពួកយើងខ្ញុំឱ្យបានលឿន ចប់មុនពេលបោះឆ្នោតនាពេលខាងមុខនេះផង»។
អ្នកស្រី ដេត ហួរ អាយុ ៣៩ ឆ្នាំ ដែលអះអាងថា តំណាងពលរដ្ឋ១៩៧គ្រួសារនៅឃុំជីខលើ ស្រុកស្រែអំបិល និយាយថា ពួកគេ ១៩៧គ្រួសារត្រូវបានក្រុមហ៊ុន ហេង ហ៊ុយ រំលោភយកដីធ្លីអស់តាំងពីឆ្នាំ២០០៧ ដោយពុំបានដោះស្រាយសំណងណាមួយជូនពួកគាត់ឡើយ។
តំណាងពលរដ្ឋអ្នកស្រី ដេត ហួរ បន្តថា ដោយសារតែមានការគំរាមកំហែងពីសំណាក់អាជ្ញាធរ និងក្រុមហ៊ុន គឺពួកគាត់មិនបានតវ៉ាតាំងពីដើមមកនោះទេ។ អ្នកស្រីថា អ្នកភូមិទើបតែតវ៉ានៅឆ្នាំ២០១៩ ក្រោយគ្មានដីធ្លីសម្រាប់បង្កបង្កើនផល។
អ្នកស្រី ដេត ហួរ បានឱ្យដឹងថា ការដើរតវ៉ាកន្លងមកនេះ គឺពុំមានដំណោះស្រាយណាមួយឡើយ ក្រៅពីការគំរាមកំហែង រុញច្រាន ការចោទប្រកាន់ និងការច្រានចោលមិនដោះស្រាយពីសំណាក់អាជ្ញាធរពាក់ព័ន្ធ។
តំណាងពលរដ្ឋរូបនេះបន្តថា ការជួបជាមួយជាថ្នាក់ដឹកនាំខេត្តកោះកុង កាលពីសប្តាហ៍មុននេះ គឺទាមទារឱ្យរដ្ឋបាលខេត្តដោះស្រាយ ដោយកាត់ឆ្វៀលដីទំហំ៣០៨ហិកតាពីដីក្រុមហ៊ុនឱ្យមកប្រជាពលរដ្ឋវិញ និងចេញប័ណ្ណកម្មសិទ្ធិ រួមទាំងផ្តល់សំណង៧០០០ដុល្លារក្នុង១គ្រួសារសម្រាប់ការខូចខាតផលដំណាំផងដែរ។
អ្នកស្រីបន្ថែមថា៖«ការពន្យារពេលមិនដោះស្រាយវាអាចធ្វើឱ្យប៉ះពាល់ ទីមួយវាប្រឈមនឹងបញ្ហាជីវភាពក្នុងការរស់នៅ ទី ពីរគឺប្រឈមនឹងបញ្ហាយើងអត់ឃ្លានមែនទែន គឺយើងអត់មានដីអាស្រ័យផល ប្រឈមហ្នឹងជំពាក់បំណុលធនាគារ។ អញ្ចឹងហើយមានបងប្អូនខ្លះគាត់ធ្វើចំណាកស្រុក ហើយខ្លះទៀតគាត់មានជំងឺឈឺស្កាត់មានជំងឺរ៉ាំរ៉ៃ។ យើងស្នើសុំឱ្យពន្លឿនក្នុងការដោះស្រាយជូនប្រជាពលរដ្ឋផង ព្រោះអីការរង់ចាំយូរពេកហើយ»។
ពលរដ្ឋមិនអាចសុំការឆ្លើយតបពីអភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងលោក សុខ សុទ្ធីបានពាក់ព័ន្ធរឿងនេះ ប៉ុន្តែបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តនេះ គឺថ្នាក់ដឹកនាំខេត្តបានប្រជុំពិភាក្សាដើម្បីស្វែងរកនីតិវិធីសម្របសម្រួល និងដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលស្នើសូមដីសម្បទានសង្គមកិច្ច និងប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនវិនិយោគក្នុងភូមិសាស្ត្រខេត្តកោះកុង។
បើតាមរដ្ឋបាលខេត្តគឺ អាជ្ញាធរនឹងបង្កើតក្រុមការងារចម្រុះថ្នាក់ខេត្ត នៅសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២៣ ហើយចុះសិក្សាពិនិត្យ និងវាយតម្លៃជាក់ស្តែងតាមខ្នងផ្ទះ សម្រាប់ប្រជាពលរដ្ឋដែលបានពាក្យស្នើសូមដីសម្បទានសង្គមកិច្ច ដោយបានកំណត់ពេល នៃការអនុវត្ត រយៈពេល ១៦សប្តាហ៍។
លើសពីនេះ ចំពោះសំណើរ និងសំណូមពរដែលជាអន្តរសមត្ថកិច្ច ក្នុងការដោះស្រាយ អភិបាលខេត្តលោក ស្រី មិថុនាភូថង បានទទួលយកមកសម្របសម្រួលតាមនីតិវិធី និងដោះស្រាយ និងបញ្ជូនទៅក្រសួងស្ថាប័នពាក់ព័ន្ធដោះស្រាយជាសមត្ថកិច្ចបន្តទៀត។
មន្ត្រីសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្តកោះកុង និងកំពង់ស្ពឺ លោក ញ៉ិល ភាព មានប្រសាសន៍ថា ការពន្យាពេលមិនពន្លឿនការដោះស្រាយគឺ អាចបញ្ឈប់ចរន្ត នៃការដើរតវ៉ាទាមទារបានឡើយ។
លោក ញ៉ិល ភាព បន្តទៀតថា ការពន្យាពេលនេះ បានធ្វើឱ្យប្រជាពលរដ្ឋប្រឈមនឹងការការចោទប្រកាន់ផ្សេងៗតាមផ្លូវតុលាការ បាត់បង់ពេលវេលារកស៊ីចិញ្ចឹមជីវិត ខាត់បង់ធនធានថវិកា ចំណាក់ស្រុក និងជំពាក់បំណុលធនាគារជាដើម។
លោកបន្ថែមថា ៖«ធ្វើឱ្យប្រជាពលរដ្ឋមានជម្លោះដីធ្លីមានបញ្ហាប្រឈមជាច្រើន ទី១ពួកគាត់ត្រូវបានចោទប្រកាន់តាមប្រព័ន្ធតុលាការ ពួកគាត់គ្មានពេលសម្រាប់រកស៊ីទទួលទានឬប្រកបរបររកស៊ីចិញ្ចឹមជីវិតទេ។ ការឡើងមកតវ៉ាត្រូវបានធ្វើឱ្យពួកគាត់ខាតបង់ធនធានច្រើន ដែលធ្វើឱ្យពលរដ្ឋមានជម្លោះដីធ្លីទាំងអស់ហ្នឹងធ្លាក់ខ្លួនក្រីក្រ»។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ហើយសេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕
…………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួស ចាន់ឌឿន