រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត ពិនិត្យមើលការលុបបំបាត់ការផ្សព្វផ្សាយពាណិជ្ជកម្មភេសជ្ជៈដែលមានជាតិផ្អែម នៅតាមទីសាធារណៈ ដើម្បីការពារពលរដ្ឋ ជាពិសេសកុមារដែលជាធនធានអភិវឌ្ឍន៍ជាតិ ពីផលប៉ះពាល់ដល់សុខភាព។
តាមរយៈឃ្លីបវីដេអូមួយមានរយៈពេលជាងពីរនាទី ដែលផុសនៅទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែមករា លោក ស សុខា មានប្រសាសន៍ថា អភិបាលរាជធានី-ខេត្ត ត្រូវសម្អាតការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិផ្អែម នៅកន្លែងសាធារណៈ ដែលជាដើមចមមួយទាក់ទាញឱ្យពលរដ្ឋ ជាពិសេសកុមារចង់ទទួលទាន ខណៈការទទួលភេសជ្ជៈទាំងនោះបង្កផលប៉ះពាល់ដល់សុខភាព។
លោកនិយាយថា៖ «ឥលូវយើងត្រូវប្រជុំកន្លែងណាជាសាធារណៈ យើងមិនគួរ ហើយកន្លែងណាដែលយើងមិនគួរផ្សព្វផ្សាយគ្រឿងស្រវឹងនេះ ហើយជាពិសេសគ្រឿងកំប៉ុងដែលមានជាតិផ្អែម ដែលអាចប៉ះពាល់ទៅដល់សុខភាពក្មេងៗឥលូវនេះ»។
លោក ស សុខា បានគូសបញ្ជាក់ថា កន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យផ្អាកក្នុងការផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដែលមានជាតិផ្អែមផងដែរ។ ទន្ទឹមនឹងនេះ លោកក៏បានណែនាំឱ្យអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការពិភាក្សាអំពីទំហំនៃការផ្សាយពាណិជ្ជកម្មនេះ ជាមួយនឹងបណ្ដាក្រុមហ៊ុនពាក់ព័ន្ធដែលស្ថិតក្នុងតំបន់របស់ខ្លួន។
មន្ទីរពេទ្យគន្ធបុប្ផា កាលពីខែកក្កដា ឆ្នាំ២០២៤ បានរកឃើញកុមារជិត ៧០០នាក់ បានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដោយសារកង្វះអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីន ខណៈដែលជំងឺនេះ បានកើតឡើងលើកុមារដែលមានអាយុចន្លោះ ពី៥ឆ្នាំ ដល់១០ឆ្នាំ។
នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងអប់រំ បានចេញសេចក្ដីណែនាំមួយ ដោយហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជន រួមទាំងគ្រឹះស្ថានអប់រំបច្ចេកទេស ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា។
នៅមួយថ្ងៃ មុនការចេញសេចក្ដីហាមឃាត់នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីបារម្ភចំពោះអត្រានៃអ្នកកើតជំងឺទឹកនោមផ្អែម ជាពិសេសអ្នកមានវ័យចាប់ពី៣០ទៅ៤០ឆ្នាំ។
លោកនាយករដ្ឋមន្រ្តី បញ្ជាក់ថា៖ «ខ្ញុំឃើញកំណើននៃអ្នកកើតទឹកនោមផ្អែម អាយុ ៣០ជាង ៤០ជាង […]។ ការកើត មិនមែនទាល់តែគ្រប់អាយុហូបចុកបានទេ។ ជួនកាលតាំងពីក្មេង ព្រោះខ្ញុំឃើញក្មេងខ្លះខ្ញុំឃើញ លេងប៉ូវកម្លាំងមួយថ្ងៃ ៣កំប៉ុងទៅហើយ ម្តាយអាណិតកូន កូនចូលចិត្តផ្អែម ដាក់ឲ្យ ៣កំប៉ុងពីក្មេង»។
លោកបន្តថា៖ «ថ្ងៃមុន ខ្ញុំទៅកំពុងភ្លុក ម្ចាស់ទូកម្នាក់អាយុជាង ៦០ឆ្នាំ ទាញមកខារ៉ាបាវ ៦កំប៉ុងមួយថ្ងៃម្នាក់ឯង ខ្ញុំថាខ្លាំងផង តែប្រយ័ត្នអ៊ំ»។
អភិបាលរងខេត្តស្ទឹងត្រែង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត លោក ស៊្រន សំឫទ្ធិ មានប្រសាសន៍នៅថ្ងៃទី៣១ ខែមករានេះថា មន្ទីរពាក់ព័ន្ធក្រោមរដ្ឋបាលខេត្ត កំពុងដុតដៃដុតជើងដើម្បីធ្វើការងារនេះ។ លោកថា ផ្ទាំងប៉ាណូដែលផ្សព្វផ្សាយពីភេសជ្ជៈផ្អែមនៅខេត្តស្ទឹងត្រែង មានដូចជា ស្ទីង (STING) និង អាយដល (idol) ជាដើម។
លោកបន្ថែមថា ពីមុនមក ផ្ទាំងប៉ាណូទាំងនោះ បានដាក់នៅក្បែរតំបន់សាលារៀន តែបន្ទាប់ពីរងបំរាមពីក្រសួងអប់រំ ក្រុមហ៊ុនក៏បានផ្លាស់ប្ដូរការដាក់ស្លាកពាណិជកម្មរបស់ខ្លួនទៅកាន់ទីសាធារណៈផ្សេងជំនួស។
លោកបន្តថា ក្នុងខេត្តស្ទឹងត្រែង ស្លាកយីហោភេសជ្ជៈដែលមានជាតិផ្អែមបានរំលេចលើផ្ទាំងប៉ាណូ ដែលធ្លាប់បានប្រើប្រាស់ដើម្បីផ្សព្វផ្សាយស្រាបៀរ តាមការស្នើសុំពីក្រុមហ៊ុនស្រាបៀរដែលមានផលិតភេសជ្ជៈផ្អែម ក្រោយអាជ្ញាធររុះរើស្លាកយីហោស្រាបៀរចេញ។
អាជីវករនៅផ្សារបឹងឈូក ក្រុងបាត់ដំបង អ្នកស្រី ហាក់ ធីតា មានប្រសាសន៍ថា សព្វថ្ងៃអ្នកស្រី កំពុងបារម្ភចំពោះកូនស្រីច្បង ដែលចូលចិត្តទទួលទានភេសជ្ជៈដែលមានជាតិផ្អែម។ តែយ៉ាងណា អ្នកស្រី ពេញចិត្តចំពោះសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់ការផ្សព្វផ្សាយពីភេសជ្ជៈផ្អែមនេះ។
អ្នកស្រី និយាយថា៖ «បារម្ភខ្លាចថ្ងៃក្រោយវាមានផលលំបាករឿងផ្អែម ខ្លាចទឹកនោមផ្អែម វាប៉ះពាល់ច្រើន»។
លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព សាទរចំពោះចំណាត់ការរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលលោកចាត់ទុកថា ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនិងភេសជ្ជៈផ្អែម ជាការរួមចំណែកក្នុងការបំផ្លាញសុខភាពរបស់ពលរដ្ឋ។
ជាមួយគ្នានេះ លោកសង្ឃឹមថា អាជ្ញាធរតាមបណ្ដាខេត្ត នឹងតម្កល់ប្រយោជន៍សាធារណៈជាធំ ហើយនាំគ្នារួសរាន់ក្នុងការទប់ស្កាត់ ជាមួយនឹងវិធានការដែលមានប្រសិទ្ធិភាព។
លោកនិយាយថា៖ «ខ្ញុំសង្ឃឹមថា អាជ្ញាធខេត្តលោកនឹងគិតគូរអំពីសុខភាពសាធារណៈនេះ តម្កល់សុខភាពសាធារណៈជាចម្បង»។
កន្លងមក អ្នកជំនាញបានជំរុញឱ្យរដ្ឋាភិបាលដំឡើងពន្ធលើការផលិត និងការនាំចូលភេសជ្ជៈផ្អែម ដើម្បីទប់ស្កាត់គ្រោះថ្នាក់ និងជំងឺដែលកំពុងបន្តកើនឡើងបណ្តាលមកពីការទទួលទានភេសជ្ជៈ មានជាតិស្ករច្រើន។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ស្តីពី ការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លងនៅកម្ពុជា ចេញផ្សាយនៅចុងឆ្នាំ២០២៤ បានឱ្យដឹងថា វិធីសាស្ត្រដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការប៉ះពាល់ដល់សុខភាព គឺការដំឡើងពន្ធលើផលិតផលដែលប៉ះពាល់ដល់សុខភាព ដូចជា ការដំឡើងពន្ធអាករលើថ្នាំជក់ គ្រឿងស្រវឹង និងភេសជ្ជៈផ្អែមដែលមានជាតិស្ករ។ របាយការណ៍ដដែល បន្តថា ការបង្កើនពន្ធលើភេសជ្ជៈមានជាតិស្ករ ក៏អាចជួយទប់ស្កាត់ការធាត់ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺពុកធ្មេញផងដែរ។
ចំណែក ក្រសួងសុខាភិបាល កាលពីចុងឆ្នាំ២០២៤ ក៏បានចេញសេចក្តីណែនាំថា កាឡូរី ក្នុងភេសជ្ជៈផ្អែម អាចប៉ះពាល់សុខភាព ដូចជា ធ្វើឱ្យធាត់ ពុកធ្មេញ ទឹកនោមផ្អែម និងជំងឺបេះដូង។ ក្រសួងបន្តថា អង្គការសុខភាពពិភពលោក បានផ្តល់អនុសាសន៍ដល់មនុស្សពេញវ័យ ដែលមានទម្ងន់ធម្មតាម្នាក់ ត្រូវប្រើប្រាស់ស្ករតិចជាង ៥០ក្រាម ឬតិចជាង ១២ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ ហើយសម្រាប់អ្នកលើសទម្ងន់ត្រូវកាត់បន្ថយការប្រើប្រាស់ស្ករឱ្យបានតិចបំផុត ២៥ក្រាម ឬតិចជាង ៦ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ។
ប្រភពដដែលបន្តថា ជម្រើសល្អដើម្បីសុខភាព និងកាត់បន្ថយការប្រើប្រាស់ជាតិផ្អែម ត្រូវបង្កើនលំហាត់ប្រាណ ទទួលទានទឹកស្អាត ឬទឹកដាំពុះ ឬភេសជ្ជៈដែលមិនមានជាតិផ្អែម៕
……………………………..
អត្ថបទដោយ៖ វ៉ា សុភានុត