ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានសហការបាញ់ថ្នាំសម្លាប់សត្វមូស និងតាមដានស្ថានភាពជំងឺបង្កដោយសត្វមូស ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋ ស្របពេលដែលពលរដ្ឋមួយចំនួនបារម្ភពីការឆ្លងជំងឺគ្រុនឈាម ដោយសារពួកគេសង្កេតឃើញសត្វមូសកកើតច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
សេចក្តីណែនាំក្រើនរំលឹក របស់ក្រសួងសុខាភិបាល ស្តីពី ការប្រុងប្រយ័ត្ន និងបង្កាការចម្លងជំងឺគ្រុនឈាម នាដើមឆ្នាំ២០២៥ ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ ផ្តល់លទ្ធភាពក្នុងការបង្កាត់ពូជ ការកកើតមូស និងបំលាស់ទីនៃមូស ក្នុងនោះនិន្នាការនៃការកើនឡើងចំនួនមូសភាគច្រើនជាប្រភេទមូសអង្កាម។
ក្រសួងបន្តថា ក្នុងកំឡុងពេលរដូវប្រាំង ចាប់ពីខែវិច្ឆិកា ដល់ខែមេសានេះ ក៏មានវត្តមានមូសខ្លាខ្លះៗនៅតាមពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្រុមការងាររបស់ក្រសួងកំពុងផ្តល់អន្តរាគមន៍ឆ្លើយតបនឹងបញ្ហានេះ ដោយសហការជាមួយក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តាមដាន ស្ថានភាពជំងឺបង្កដោយមូស និងស្ថានភាពមូស ដោយធ្វើការបាញ់ថ្នាំសម្លាប់មូស ផ្សព្វផ្សាយសារអប់រំសុខភាព និង ចលនាសហគមន៍ចូលរួមលុបបំបាត់ប្រភពកកើតមូសនារដូវក្តៅនេះ ជាពិសេសនៅតាមលូទឹកស្អុយ។
ក្រសួងក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្ន និងការពារសុខភាពផ្ទាល់ខ្លួន និងគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងចូលរួមការទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍។
ក្រសួងក៏បានណែនាំដល់ពលរដ្ឋទាំងអស់ ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់ទៅរកសេវាពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យដែលនៅជិតបំផុត ដោយកុំឱ្យយឺតជាង៤៨ម៉ោងក្រោយក្តៅខ្លួន។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ពីរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក កុយ វ៉ាន់នី បានទេ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈនេះ។
ចំណែក លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ នៅរាជធានីភ្នំពេញ មានប្រសាសន៍ថា ក្រោយមានការណែនាំពីក្រសួង និងថ្នាក់លើមក អាជ្ញាធរមូលដ្ឋានបានចុះផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ ពីការថែរក្សាសុខភាព និងការពារខ្លួនពីការឆ្លងជំងឺគ្រុនឈាមដោយសារសត្វមូសខ្លានេះ ព្រមទាំងបានបាញ់ថ្នាំកម្ចាស់ជម្រកមូសផងដែរ។
លោកថា៖ «ដូចជាសម្រាកសម្រាន្តក្នុងការចងមុងឲ្យបានត្រឹមត្រូវ ហើយសង្កាត់ក៏បានធ្វើការចាញ់ថ្នាំមូសបានច្រើនលើកហើយ បានបីបួនលើកហើយក្នុងសង្កាត់ខ្ញុំ ដើម្បីការពារកុំមានមូសខ្លាខាំចឹងទៅណា ក្នុងនោះបានចំនួនរហូត៩ភូមិ»។
គួរបញ្ជាក់ដែរថា មុនពេលក្រសួងសុខាភិបាល ចេញសេចក្តីណែនាំក្រើនរំលឹកនេះ នៅលើបណ្តាញសង្គម គេក៏សង្កេតឃើញមានប្រជាពលរដ្ឋ រស់នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បានលើកឡើងពីបញ្ហាសត្វមូសកកើតច្រើននេះផងដែរ ហើយពួកគេបានស្នើឱ្យអាជ្ញាធរជួយបាញ់ថ្នាំកម្ចាត់សត្វមូស ឬចែកថ្នាំអាល់បែតនៅតាមផ្ទះរបស់ពលរដ្ឋ។
អ្នកស្រី ផាន់ ពិសី ប្រជាពលរដ្ឋរស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយថា ប៉ុន្មានថ្ងៃកន្លងមកនេះ នៅតំបន់អ្នកស្រីរស់នៅមានសត្វមូសច្រើនខុសធម្មតា ដែលធ្វើឱ្យគ្រួសារអ្នកស្រីត្រូវបង្ខំចិត្តបញ្ជូនកូនៗទៅស្រុកកំណើតមួយរយៈ ដើម្បីការពារពីការឆ្លងជំងឺគ្រុនឈាម។
អ្នកស្រីនិយាយថា៖ «ខ្ញុំអត់ហ៊ានទុកកូនអាយុ ២ឆ្នាំ[នៅផ្ទះទេ] ខ្ញុំយកទៅទុកនៅខេត្ត[នៅជាមួយយាយ]ដោយសារតែមូសច្រើនពេក»។
ពលរដ្ឋរូបនេះ ក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរពិនិត្យមើលឡើងវិញ នូវប្រព័ន្ធលូដែលគ្មានគម្រប និងស្នើឱ្យមានការបាញ់ថ្នាំសម្លាប់សត្វមូសនៅតាមមូលដ្ឋាន ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋពីចម្លងឆ្លង។
លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា មានប្រសាសន៍ថា ជំងឺដែលបង្កឡើងដោយសត្វមូសខ្លាញីខាំ មាន៣ប្រភេទ ក្នុងនោះមាន ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក។
លោកបន្តថា ក្រសួងសុខាភិបាល ក្រសួងអប់រំ និង ក្រសួងព័ត៌មាន មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹងដល់ប្រជាពលរដ្ឋ និងចាត់វិធានការក្នុងការទប់ស្កាត់ការឆ្លងជំងឺទាំងនេះ។
លោកនិយាយថា៖ «ក្រសួងពាក់ព័ន្ធគួរណា ទី១ ផ្សព្វផ្សាយពីការឆ្លង ទី២ ផ្សព្វផ្សាយពីអនាម័យ ទី៣ យើងត្រូវមានផែនការដើម្បីបាញ់សម្លាប់សត្វល្អិតតាមសហគមន៏ តាមភូមិឃុំ ដោយឆ្នាំទៅ មានម៉ាស៊ីនបាញ់ផ្សែងសម្លាប់សត្វមូសហ្នឹង ដោយមានជំនួយពីសុខាភិបាល»។
ចំណែក នាយកប្រតិបត្តិគ្លីនីកមិត្តភាពកំពង់ឆ្នាំង និងជាប្រធានផ្នែកផែនការយុទ្ធសាស្ត្រនៃគ្លីនីករួមមិត្ត លោកវេជ្ជបណ្ឌិត សុខ រ៉ាផុន ឱ្យដឹងដែរថា ជំងឺគ្រុនឈាម អាចឆ្លងនៅពេលដែលមូសខ្លាញីខាំនៅពេលថ្ងៃ ប៉ុន្តែបើវាខាំនៅពេលយប់ គឺគ្រាន់ផ្តល់ការរំខាន និងបង្កជំងឺសើស្បែកតែប៉ុណ្ណោះ។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឱ្យដឹងថា អាត្រាអ្នកជំងឺ និងអាត្រាអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ មានការថយចុះជាងឆ្នាំ២០២៣។
របាយការណ៍បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួនជិត ២ម៉ឺននាក់ (១៨ ៩៨៧នាក់) ក្នុងនោះមានករណីស្លាប់ចំនួន ៤៦នាក់ ដែលអត្រាអ្នកឆ្លងមានការថយចុះ ៤៦% និងអត្រាអ្នកស្លាប់ថយចុះ ៥៤% បើធៀបនឹងករណីឆ្លងក្នុងឆ្នាំ២០២៣ មានដល់ទៅជាង ៣ម៉ឺន៥ពាន់នាក់ (៣៥ ៣៩០នាក់) និងចំនួនអ្នកស្លាប់ចំនួន ៩៩នាក់៕
……………………………………..
អត្ថបទដោយ៖ តាំង ប៉ហ្គិច