ក្រសួងមហាផ្ទៃ បានបញ្ជាទៅអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ត្រូវចាត់វិធានការច្បាប់ឱ្យបានម៉ឹងមាត់ដើម្បីបញ្ឈប់ការផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទ ហើយប្រសិនបើរកឃើញថាបុគ្គលិកណាល្មើសបម្រាមនេះនឹងត្រូវអនុវត្តតាមច្បាប់តែម្តង។
បទបញ្ជានេះ ធ្វើឡើងតាមសារាចរណែនាំមួយ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ចុះកាលបរិច្ឆេទនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងសារាចរបានលើកឡើងថា នាពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផលិតរូបភាព វីដេអូ និងមាតិកា ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ និងអនឡាញ។
ខ្លឹមសារសំខាន់នៃសារាចរណែនាំនោះ មាន៥ចំណុចសំខាន់ៗ រួមមាន ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ បន្ថែមពីនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេង ដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ជាងនេះទៀត ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និងចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
លើសពីនេះទៀត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការតឹងរ៉ឹងតាមដែន សមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ចុងក្រោយ ក្រសួងមហាផ្ទៃបានបញ្ជាទៅ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ រាជរដ្ឋាភិបាល។
ក្រសួងមហាផ្ទៃព្រមានថា ៖«នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំខាងលើនេះ»។
អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក រ៉េន រតនៈ បានសរសេរនៅលើហ្វេសប៊ុកបន្ថែមថា ករណីបង្ក្រាបល្បែងស៊ីសង និងការផ្សព្វផ្សាយល្បែងស៊ីសងនេះ គឺក្រសួងត្រៀមបង្ក្រាបតឹងរឹងបំផុត តាមទស្សនៈ «ល្មើសមួយ បង្ក្រាបមួយ ល្មើសពីរ បង្ក្រាបពីរ»។
លោកបន្តថា មួយថ្ងៃក្រោយចុះហត្ថលេខាលើសារាចរណែនាំ ស្ដីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃស សុខា បានបន្តដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារ ដើម្បីធានាភាពគ្រុបជ្រុងជ្រោយនៃការអនុវត្តសារាចរណែនាំដ៏មានសារៈសំខាន់នេះ ទាំងកម្រិតថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក ស សុខា មានប្រសាសន៍ថា ដើម្បីធានាប្រសិទ្ធិភាពនៃការអនុវត្តសារាចរណែនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានអង្គភាពចំណុះជាសេនាធិការ រួមទាំងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ ទាំងលើបណ្ដាញផ្សព្វផ្សាយសង្គមគ្រប់ប្រភព រួមទាំងការផ្សព្វផ្សាយចល័ត និងអចល័តគ្រប់ទីកន្លែង ដើម្បីឈានទៅបង្ក្រាបឱ្យបានម៉ឺងម៉ាត់ក្នុងករណីនៅតែបន្តផ្សព្វផ្សាយបំពានក្រោយផុតឱសានវាទ។
លោក រ៉េន រតនៈ សរសេរថា៖ «បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសម្រេចទុកពេលឱ្យអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងខុសច្បាប់ទាំងអស់ បញ្ឈប់សកម្មភាពយូរបំផុតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ពោលគឺចាប់ពីថ្ងៃទី១១ ខែធ្នូតទៅ មន្រ្តីមានសមត្ថកិច្ចគ្រប់ថ្នាក់ គ្រប់ជំនាញ ទាំងជំនាញស្រាវជ្រាវតាមទីតាំង តាមបណ្ដាញអុីនធើណេត និងជំនាញបង្ក្រាប នឹងសហការគ្នាអនុវត្តសារាចរណែនាំយ៉ាងតឹងរឹងបំផុត តាមទស្សនៈ ល្មើសមួយ បង្ក្រាបមួយ ល្មើសពីរ បង្ក្រាបពីរ»។
តាមរយៈប្រព័ន្ធវីដេអូហ្ស៊ូម ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំ ទៅអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងលោកស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ និងស្រាវជ្រាវបង្ក្រាបទីតាំងផ្ទះបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ដោយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យ អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ពិនិត្យយកចិត្តទុកដាក់ខ្ពស់ចំពោះការកម្ចីតាមអនឡាញខុសច្បាប់ និងសហការជាមួយស្ថាប័នធនាគារ ដើម្បីស្រាវជ្រាវឱ្យឃើញពីប្រភពនៃការបញ្ជូនប្រាក់ទៅមករវាងក្រុមអ្នកល្បែង និងមេល្បែង ពិសេសក្រុមឈ្មួញកណ្ដាល ដើម្បីទប់ស្កាត់ និងបង្ក្រាបឱ្យបានគ្រប់ច្រក និងគ្រប់មធ្យោបាយដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ការបើកឬភ្ជាប់បណ្ដាញ និងការលេងល្បែងខុសច្បាប់។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន និយាយថា ពាក្យខ្មែរយើងធ្លាប់លើកឡើងថា ល្បែងតែងវិនាស ដោយមិនចំពោះតែល្បែងអនឡាញ ឬល្បែងលេងផ្ទាល់នោះឡើយ ត្បិតជាអំពើអបាយមុខនាំឱ្យបុគ្គលដែលប្រព្រឹត្តនោះ លង់ខ្លួនខាតបង់ទាំងលុយកាក់ ទ្រព្យសម្បត្តិ ពេលវេលា និងរហូតដល់ទៅ បង្កជាអំពើហិង្សាក្នុងគ្រួសារ ឆបោក លួចប្លន់ក្នុងសង្គម ដូចករណីថ្មីៗនេះ ឪពុកជាប្តីបានសម្លាប់ទាំងប្រពន្ធកូន និងចុងក្រោយសម្លាប់ខ្លួនឯង ដោយសារល្បែងអនឡាញនេះផងដែរ។ រឿងល្បែងនេះ ខ្មែរយើងថា ល្បែងតែងវិនាស ហើយទាំងល្បែងអនឡាញ និងផ្ទាល់សុទ្ធតែនាំមកនូវភាពអន្តរាយ ដល់បុគ្គលខ្លួនឯង និងសង្គម។ ហេតុនេះការដែលបុគ្គលមានប្រជាប្រិយ និងអ្នកបង្កើតមាតិកាមួយចំនួន ដែលរួមចំណែកក្នុងការផ្សព្វផ្សាយ គឺប្រៀបដូចជាពួកគេកំពុងរុញឱ្យមានអំពើអបាយមុខបំផ្លាញដល់ពលរដ្ឋ និងជាតិរបស់ខ្លួន។
លោក ប៉ា ចន្ទរឿន មានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំៗ សាទរចំពោះការដាក់ចេញនូវ សារាចរណែនាំដើម្បីបញ្ឈប់នូវសកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ដោយក្រសួងមហាផ្ទៃនៅពេលនេះ។ ខ្ញុំជឿថា វានឹងចូលរួមចំណែកក្នុងការកាត់បន្ថយនូវផលវិបាកដែលកើតឡើងដោយសារតែល្បែងស៊ីសងនេះ។ ដើម្បីឱ្យសារាចរនេះមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវមានយន្តការក្នុងការត្រួតពិនិត្យ និងវាយតម្លៃនូវការអនុវត្តសារាចរនេះ ក៏ដូចជាការបង្កើតយន្តការក្នុងការដាក់ទោស ពិន័យដល់ បុគ្គលណាដែលនៅតែបន្តប្រព្រឹត្តបំពានសារាចរណែនាំនេះ ក្នុងការនៅតែបន្តផ្សាយ ផ្សព្វផ្សាយអំពីពាណិជ្ជកម្ម ទាំងក្នុងប្រព័ន្ធឌីជីថត ទាំងក្នុងការផ្សព្វផ្សាយផ្ទាល់ជាដើមបាទ»។
លោកបន្ថែមថា បញ្ហាល្បែងស៊ីសងតាមអនឡាញ គឺជាជំងឺសង្គមថ្មី នៅកម្ពុជា ដែលបានបង្កជាបញ្ហាជាច្រើនដល់សង្គម។ ជាងនេះទៀតបញ្ហានេះ ក៏ដល់ពេលប្រកាសអាសន្នជុំវិញការបង្ក្រាបជាច្រើនកន្លងមក។ បន្ថែមពីនេះ ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធគប្បីបង្កើនការងារក្នុងកិច្ចការប្រឹងប្រែងដើម្បីទប់ស្កាត់ និងលុបបំបាត់ល្បែងអនឡាញនេះពីដែលនអ៊ិនធឺណិតនៅសង្គមកម្ពុជា ទើបអាចកាត់បន្ថយគ្រោះមហន្តរាយដែលកើតចេញពីល្បែងស៊ីសងនេះដល់ប្រជាពលរដ្ឋកម្ពុជា។
យោងតាមក្រសួងមហាផ្ទៃ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២៤ អាជ្ញាធរបានបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន ៣០០កន្លែង នៅទូទាំងរាជធានី និងខេត្តចំនួន ១៩ ដោយចាប់ខ្លួនមនុស្សបាន ៤៩៦នាក់។
សារព័ត៌មាន Inside Monkey ចុះផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា នៅឆ្នាំ ២០២៤ កម្ពុជាបានក្លាយជាមជ្ឈមណ្ឌលដែលមានល្បែងស៊ីសងធំជាងគេទីពីរ ក្នុងចំណោមប្រទេសអាស៊ីចំនួន ២០ ដែលអនុញ្ញាតឱ្យលេងល្បែងស្របច្បាប់នៅក្នុងប្រទេស៕
……………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារត័ត៌មាន ស៊ុន អ៊ូរ