ក្រសួងបរិស្ថាន បានបង្ហាញសកម្មភាពបង្ក្រាបបទល្មើសចាប់សត្វស្លាប់នៅតំបន់ពីរផ្សេងគ្នា ដោយដកហូតវត្ថុតាងបទល្មើសមួយចំនួន ព្រមទាំងបានដកហូតអន្ទាក់ដាក់យកសត្វព្រៃជាង២០ខ្សែ នៅចំណុចត្រពាំងរូង ខេត្តកោះកុង ផងដែរ។
ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី២ ខែធ្នូ បានឱ្យដឹងថា ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតត្រពាំងរូង មន្រ្តីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣១៨១៤២_ ១២៦៧៣៥៣ ) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ២៣ខ្សែ។ ក្រសួងលើកឡើងថា វត្ថុតាងបទល្មើសនេះ ធ្វើឡើងដោយជនមិនស្គាល់មុខ ឬអញ្ញាតជន ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ។
ក្រសួងបរិស្ថាន សរសេរថា៖ «ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង»។
ជាមួយគ្នានេះ នៅថ្ងៃទី៣ ខែធ្នូ ក្រសួងបរិស្ថានក៏បានបង្ហាញពីសកម្មភាពបង្ក្រាបបទល្មើសចាប់សត្វស្លាបនៅពីរទីតាំងផ្សេងគ្នា។ ក្នុងនោះ ទីតាំងតំបន់រ៉ាមសារកោះកាពិ ដោយមន្ត្រីជំនាញបានដកហូតមងសម្រាប់ដាក់យកសត្វស្លាបបានប្រវែង ៤០ម៉ែត្រ ប្រព្រឹត្តដោយជនមិនស្គាល់មុខឬ អញ្ញាតជន ស្ថិតនៅក្នុងភូមិ២ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២៤។
ដោយឡែក តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៦៣០២៣_១២២៣៨០៦) បានធ្វើការដកហូតបានមងសម្រាប់ដាក់យកសត្វស្លាបបានប្រវែង ៧០ម៉ែត្រ ប្រព្រឹត្តដោយជនមិនស្គាល់មុខ ស្ថិតនៅក្នុងភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រសួងឱ្យដឹងថា ចំពោះវត្ថុតាងទាំងឡាយមន្ត្រីជំនាញបានដកហូតយកមករក្សាទុកនៅស្នាក់ការរៀងៗខ្លួន។
ពលរដ្ឋអ្នកសារព័ត៌មានបានផ្ញើសារទៅកាន់អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា និង លោក ជួប បារីស៍ ដើម្បីសុំព័ត៌មានបន្ថែមជុំវិញការបង្ក្រាបបទល្មើសចាប់សត្វស្លាប និងដាក់អន្ទាក់នៅកោះកុង និងស្ថានភាពដាក់អន្ទាក់សត្វនៅទូទាំងប្រទេស ប៉ុន្តែមិនមានការឆ្លើយតប។
លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ បាននិយាយថា បញ្ហាដាក់អន្ទាក់សត្វព្រៃហាក់បីដូចជាមិនអាចដោះស្រាយបញ្ចប់បានសោះនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ហើយជាក់ស្តែងកាលពីពេលកន្លងទៅក៏តែងមានពាក្យចចាមអារ៉ាមថា ប្រសិនបើភ្ញៀវចង់ហូបសាច់សត្វព្រៃអាចទៅហូបនៅតាមហាងអាហាដ្ឋានមួយចំនួននៅក្នុងតំបន់ត្រពាំងរូង។ លោកចេះតែឆ្ងល់ថា ហេតុអីបានជាអាជ្ញាធរមិនអាចទប់ស្កាត់បទល្មើសនៃការដាក់អន្ទាក់ នៃការបរបាញ់សត្វព្រៃបាន។
លោក បន្តថា៖ «បាទ! ដោយឡែក ទាក់ទងទៅនឹងការដាក់អន្ទាក់សត្វព្រៃនេះវាមានបុព្វហេតុពីរដែរ។ យើងឃើញថា ប្រជាពលរដ្ឋមូលដ្ឋានខ្លះ គាត់គ្រាន់តែដាក់អន្ទាក់សត្វព្រៃដើម្បីយកមកបំពេញតម្រូវការក្រពះ ធ្វើម្ហូបសម្រាប់ក្រុមគ្រួសារខ្លួនឯងហូប ពីព្រោះអ្នកស្រុកព្រៃខ្លះគាត់មិនមានសាច់ជ្រូក សាច់គោ ត្រីលក់សម្បូរសប្បាយហូបដូចអ្នករស់នៅតាមទីប្រជុំជនទេ។ ដោយគាត់ពឹងផ្អែកទៅលើការបរបាញ់សត្វព្រៃយកមកហូប។ ក៏ប៉ុន្តែអ្នកមួយចំនួនហ្នឹងគាត់បានបរបាញ់ ឬដាក់អន្ទាក់សត្វព្រៃក្នុងគោលបំណងធ្វើការដោះដូរឬជួញដូរអីជាដើម។ ខ្ញុំគិតថា គួរតែបញ្ចប់ទៅ ព្រោះបច្ចុប្បន្ននេះសត្វស្រុកសំបូរណាស់»។
លោក សាន់ ម៉ាឡា និយាយទៀតថា រដ្ឋាភិបាលគប្បីមានវិធានការក្តៅទៅចំពោះតំបន់ណាឬខេត្តណា ដែលមានបទល្មើសព្រៃឈើ បទល្មើសបរបាញ់សត្វព្រៃនេះ អ្នកទទួលខុសត្រូវហ្នឹង រដ្ឋាភិបាលគួរតែដកគាត់ចេញទៅ។ លោកនិយាយថា ការប្រើប្រាស់វិធានការក្តៅបែបនេះ វាជាកត្តាដែលជំរុញឱ្យមន្ត្រីហ្នឹងភ្ញាក់រលឹក និងការអនុវត្តច្បាប់តឹងរ៉ឹងដោយខ្លួនឯង»។
ក្រសួងបរិស្ថាន និងអង្គការដៃគូកាលពីខែមីនា ឆ្នាំ២០២៣ បានរៀបចំសន្និសីទសារព័ត៌មានដើម្បីឆ្ពោះទៅបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដំណាក់កាលទី២ នៅខេត្ត៥ នៃតំបន់ជួរភ្នំក្រវាញ។ ខេត្តគោលដៅទាំង៥នោះ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង និងសៀមរាប។
យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ពេលនោះ បានប្រព្រឹត្តទៅក្នុងរយៈពេល ៥ខែ ដោយចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងបរិស្ថានធ្លាប់បង្ហាញតួលេខ ក្នុងឆ្នាំ២០២២ ដោយថា អន្ទាក់សរុបជាង ៣៤ ០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។ តួរលេខនេះ បង្ហាញពីការថយចុះនៃអត្រាអន្ទាក់ក្នុងព្រៃប្រមាណ៤៤% បើធៀបនឹងលទ្ធផលនៃការដោះអន្ទាក់ក្នុងឆ្នាំ២០២១ ដែលចំនួនអន្ទាក់ប្រមូលបានសរុបមានចំនួនដល់ទៅ ៦១ ៦១១អន្ទាក់។ ចំណែកឯអន្ទាក់ចំនួន ១៤ ៣២៥ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងឆមាសទី១ ឆ្នាំ២០២៣៕
………………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ