សមត្ថកិច្ចបានចាប់ខ្លួនអនុប្រធានប្រតិបត្តិក្រុងដូនកែវ ខេត្តតាកែវ លោក ផាន់ សារ៉ាត់ ដល់ក្នុងផ្ទះ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ដោយមិនមានដីកា និងពុំមានមូលហេតុច្បាស់លាស់។
ប្រធានប្រតិបត្តិគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង អះអាងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះថា លោក ផាន់ សារ៉ាត់ ត្រូវបានជនស៊ីវិលមួយក្រុម ចុះចាប់ខ្លួននៅផ្ទះរបស់គាត់ ដែលស្ថិតនៅភូមិធន់មន សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
លោកយល់ថា ការចាប់ខ្លួននេះ ជាការបំភិតបំភ័យ និងបំបាក់ស្មារតីលើសកម្មជនប្រជាធិបតេយ្យ ជាពិសេសមកលើគណបក្សកម្លាំងជាតិ ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីមហាជន។
លោកសុខ គឹមសេង និយាយថា៖ «ខ្ញុំសូមអំពាលនាវដល់អជ្ញាធរមានសមត្ថកិច្ច ក៏ដូចជារាជរដ្ឋាភិបាល ដោះលែង មេដឹកនាំ និងអ្នកជាប់ឃុំនយោបាយទាំងអស់ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានានូវបរិយាកាសនយោបាយល្អ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស»។
គណបក្សកម្លាំងជាតិ នៅថ្ងៃទី២៩ ខែមករានេះ ក៏បានចេញសេចក្តីថ្លែងការណ៍ដោយចាត់ទុកការចាប់ខ្លួនលោក ផាន់ សារ៉ាត់ ដែលជាសមាជិកបក្សមួយរូបទៀតនេះ ថាជារូបភាពបំភិតបំភ័យថ្មីមួយទៀត និងជាការបន្តធ្វើទុក្ខបុកម្នេញទៅលើថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្ស ដោយឥតឈប់ឈរ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ដំណើរការនៃការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅប្រទេសកម្ពុជា។
ជាមួយគ្នានេះ គណបក្សកម្លាំងជាតិ បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដោះលែង លោក ផាន់ សារ៉ាត់ និងអ្នកជាប់ឃុំនយោបាយទាំងអស់ ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានានូវបរិយាកាសនយោបាយល្អ ដល់គ្រប់គណបក្សនយោបាយ ក្នុងការធ្វើសកម្មភាពនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពី គណបក្សនយោបាយ ។
លោក នុត សារុម នាយរងផ្នែកព្រហ្មទណ្ឌនៅក្រុងដូនកែវ មានប្រសាសន៍ថា នគរបាលសន្តិសុខផ្ទៃក្នុង បានចុះមកចាប់លោក ផាន់ សារ៉ាត់ ដោយផ្ទាល់កាលពីល្ងាចម្សិលមិញ និងបានបញ្ជូនទៅសួរនាំភ្លាមៗនៅរាជធានីភ្នំពេញ។ តែយ៉ាងណា លោកថា ចំពោះពាក់ព័ន្ធនឹងករណីអ្វីនោះ ខាងលោកដែលជាសមត្ថកិច្ចមូលដ្ឋានពុំដឹងច្បាស់នោះទេ។
លោកនិយាយថា៖ «ទាក់ទិននឹង ផាន់ សារ៉ាត់ ហ្នឹង ខាងក្រសួង ប្រហែលជាខាងក្រសួងសន្តិសុខផ្ទៃក្នុងគាត់ មកចុះចាប់យកទៅ។ ចឹងខាងខ្ញុំដែលជាសមត្ថកិច្ចខាងក្រុងដូនកែវគឺគ្រាន់តែមូលដ្ឋានយើងសហការជាមួយគាត់»។
អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា, អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន មិនអាចសុំអត្ថាធិប្បាយបានទេ ដោយខលចូលតែពុំមានអ្នកទទួល ខណៈផ្ញើសារតាមប្រព័ន្ធតេឡេក្រាមមិនមានការឆ្លើយតប។
ចំណែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោកកំពុងឃ្លាំមើល និងប្រមូលព័ត៌មានអំពីករណីចាប់ខ្លួន លោក សារ៉ាត់ នេះថាតើពាក់ព័ន្ធនឹងមូលហេតុអ្វីឱ្យពិតប្រាកដ។
លោកនិយាយថា៖ «យើងឃើញការចាប់ខ្លួនលើសកម្មជនគណបក្សនយោបាយណាមួយ វាតែងតែមានការរិះគន់ពីរឿងចាប់ខ្លួនហ្នឹង។ តែយើងជាអង្គការសង្គមស៊ីវិល ទទួលព័ត៌មានត្រូវធ្វើការស្រាវជ្រាវឱ្យបានជាក់លាក់ និងមូលហេតុនៃការចាប់ខ្លួនឱ្យបានជាក់លាក់ជាមុនសិន»។
បើតាមប្រធានប្រតិបត្តិបក្សកម្លាំងជាតិ ឱ្យដឹងថា គិតមកដល់ពេលនេះ មានសមាជិកបក្សកម្លាំងជាតិចំនួន៤រូបហើយត្រូវបានចាប់ខ្លួន ក្នុងនោះមាន លោក ស៊ុន ចន្ធី ប្រធានគណបក្ស លោក ជិន ប៊ុណ្ណារ័ត្ន អគ្គនាយករដ្ឋបាល លោក អ៊ុំ វីរៈរដ្ឋ អគ្គហិរញ្ញិក (ដោះលែងក្រោយចុះចូល) លោក គា វិសាល អនុប្រធានក្រុមការងារ ខេត្តកំពង់ចាម និងលោក ផាន់ សារ៉ាត់ អនុប្រធានប្រតិបត្តិក្រុងដូនកែវ ខេត្តតាកែវ៕
…………………………….
អត្ថបទដោយ៖ វ៉ា សុភានុត