#របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
អាជីវករប្រមាណជាង១០០០នាក់នៅផ្សារអូរឬស្សីបាននាំគ្នាទៅដាក់ញត្ដិនៅខុទ្ទការិយាល័យរបស់ លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីស្នើសុំកិច្ចអន្ដរាគមន៍ឱ្យជួយបញ្ចុះតម្លៃតូបត្រឹមតែ៥០% ដោយពួកគេអះអាងថាបានជួបបញ្ហាសេដ្ឋកិច្ចជាច្រើនក្នុងការរីករាលដាលបញ្ហាកូវិដ១៩កន្លងមកនេះ ខណៈសាលាក្រុងធ្លាប់បានចេញសេចក្ដីប្រកាសម្ដងរួចមកហើយ។
តំណាងអាជីវករម្នាក់ លោក តាំង គឹមពា អាយុ៥២ឆ្នាំ និងជាអាជីវករតាំងពីឆ្នាំ២០០០មក បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា មូលហេតុឈានដល់ការដាក់ញត្ដិនៅខុទ្ទការិយាល័យលោកនាយករដ្ឋមន្ដ្រីដោយសារតែការអន្ដរាគមន៍របស់សាលាក្រុងនាពេលកន្លងមកធ្វើឱ្យពួកគាត់មួយចំនួនគ្មានលទ្ធភាពក្នុងការបង់ ដោយរយៈពេល២ឆ្នាំនៃជម្ងឺកូវីដ១៩កន្លងមកនេះបានធ្វើឱ្យការលក់ដូររបស់ពួកគាត់ជួបប្រទះបញ្ហានិងការប្រឈមជាច្រើន ទើបបណ្ដាលឱ្យពួកគាត់ត្រូវតែដាក់ញត្ដិសុំលោកនាយករដ្ឋមន្ត្រីជួយអន្ដរាគមន៍។
លោកបន្ថែមថា៖ «សូមជម្រាបទៅសម្ដេច ឱ្យសម្ដេចជួយធ្វើមិចឱ្យបានបន្ធូបន្ថយតម្លៃចឹងទៅ ពីព្រោះវាអាចសម្រាលបន្ទុកដែរ ខ្ញុំចង់បានចឹង បង»។
តំណាងអាជីវករម្នាក់ទៀត លោក គង់ វុឌ្ឍី អាយុ៤២ឆ្នាំ និងជាអាជីវករតាំងពីឆ្នាំ២០០០ បានរៀបរាប់ថា ពួកគាត់មិនមានលទ្ធភាពទើបនាំគ្នាដាក់ញត្តិទៅលោកនាយករដ្ឋមន្ដ្រីសុំបង់ត្រឹម៥០%។
តំណាងរូបនេះបន្ដថា៖«ខ្ញុំសំណូមពរឱ្យតែសម្ដេចជួយទៅ ខ្ញុំសប្បាយចិត្តហើយ កាលដែលខ្ញុំធ្វើនេះខ្ញុំមិនមែនធ្វើប្រយោជន៍តែខ្ញុំទេ គឺអាជីវករទាំងអស់គ្នាសប្បាយចិត្ត អ្នកណាមិនសប្បាយចិត្តបានចុះ៥០% បើបានសម្ដេចជួយទៅអាជីវករក៏បានធូរមួយកម្រិតដែរ»។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM បានទាក់ទងទៅ លោក នៅ រ៉ា អ្នកនាំពាក្យខុទ្ទការិយាល័យលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដើម្បីសុំការអត្ថាធិប្បាយបានទេ ដោយតេទូរសព្ទចូលប៉ុន្ដែគ្មានអ្នកលើក។
ចំណែកឯប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យក្រៅប្រព័ន្ធ លោក វ៉ន ពៅ បានមានប្រសាសន៍ថាការដាក់ញត្ដិដើម្បីស្នើសុំឱ្យមានការបញ្ចុះតម្លៃនៃអាជីវករជារឿងត្រឹមត្រូវដោយសារតែការបើកឱ្យដំណើរវិញក្រោយពីជម្ងឺកូវីដ១៩ ធ្វើឱ្យផ្សារមួយចំនួនបានឆ្លៀតឱកាសក្នុងការតំឡើងថ្លៃតូប ឬក៏លុបកិច្ចសន្យាដោយដូរកិច្ចសន្យាចុះឡើងធ្វើឱ្យអាជីវកររឹតតែលំបាក ។
លោកបន្ដថា៖«ខ្ញុំគិតថាការតវ៉ាបែបនេះវាជារឿងត្រឹមត្រូវមួយដែរ ក្នុងស្ថានភាពបែបនេះអាជីវករប្រាក់ចំណូលគាត់មិនមានការកើនឡើងទេអតិថិជនរបស់គាត់ក៏មានការថយចុះ ចឹងធ្វើឱ្យបាត់បង់ប្រាក់ចំណូលហើយការសុំបញ្ចុះតម្លៃគឺត្រឹមត្រូវសម្រាប់ស្ថានភាពនិងសេដ្ធកិច្ចបែបនេះ »។
រីឯប្រធានគណៈកម្មការផ្សារអូរឫស្សី លោក ហ៊ត វណ្ណធី ធ្លាប់បានមានប្រសាសន៍អះអាងម្ដងរួចមកហើយថា លោកធ្លាប់បានជួបប្រជុំ ជាមួយអាជីវករអស់ពេញមួយថ្ងៃ ប៉ុន្តែមិនទាន់រកចំណុចត្រូវគ្នាឃើញឡើយ។
លោក បន្ត ថា៖«ខ្ញុំបានបញ្ជូនសំណើររបស់អាជីវករទៅកាន់ សាលារាជធានីដើម្បីស្វែងរកដំណោះស្រាយរួចហើយ»។
បើតាមអ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក មេត មាសភក្ដី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា កន្លងមករដ្ឋបាលក្រុងបានចេញសេចក្ដីប្រកាសហើយក្រោយពីធ្វើការសម្របសម្រួលរវាងអាជីវករ ហើយខាងរដ្ឋបាលបានឱ្យពួកគាត់ពិភាក្សាគ្នានឹងត្រូវមានការឆ្លើយតបដើម្បីរកដោះស្រាយប៉ុន្ដែពួកគាត់មិនបានឆ្លើយតបមករដ្ឋបាលក្រុងវិញទេ ស្រាប់តែលឺថាពួកគាត់នាំគ្នាទៅដាក់ញត្ដិ ដោយលោកថារឿងដាក់ញត្ដិជាសិទ្ធិរបស់បងប្អូនអាជីវករ ប៉ុន្ដែសាលាក្រុងនៅតែបន្ដបើកទ្វារស្វែងរកដំណោះស្រាយជូន។
អ្នកនាំពាក្យសាលាក្រុងរូបនេះបន្ដថា៖«ការដាក់ញត្ដិជាសិទ្ធិរបស់ពួកគាត់ ប៉ុន្ដែសាលាក្រុងនៅបន្ដបើកទ្វារសម្រាប់ការស្វែងរកដំណោះស្រាយ ហើយកន្លងមកយើងបានចេញសេចក្ដីប្រកាសមួយអំពីលទ្ធផលដែលយើងបានជជែកនឹងអ្នកតំណាង ឱ្យពួកគាត់ឆ្លើយតបវិញ ប៉ុន្ដែគ្មានតបស្រាប់តែឃើញនាំគ្នាដាក់ញត្ដិវិញ»។
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ អាជីវករផ្សារអូរឬស្សីរាប់រយនាក់បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខផ្សារផ្ទាល់តែម្ដងដើម្បីឱ្យគណៈកម្មការផ្សារគិតគូរពីតម្លៃជួលតូបរបស់ពួកគាត់ឡើងវិញក្រោយពីសេចក្ដីជូនដំណឹងរបស់គណៈកម្មការផ្សារអូរឫស្សី បង្ហាញថា តូបប្រភេទក ១តូបត្រូវបង់ប្រាក់ ៣ ៦៣០ដុល្លារ តូបប្រភេទខ ត្រូវបង់ប្រាក់៣ ១៤៦ដុល្លារ តូបប្រភេទគ ត្រូវបង់ប្រាក់មួយតូប២ ៦៦២ដុល្លារ តូបប្រភេទ ឃ ១តូបត្រូវបង់ ២ ១៧៨ដុល្លារ និងតូបប្រភេទង ១តូបត្រូវបង់២ ១៧៨ដុល្លារ ។
ផ្សារអូរឫស្សីស្ថិតនៅខណ្ឌ៧មករា រាជធានីភ្នំពេញ ផ្សារនេះត្រូវបានសាងសង់កែលម្អថ្មី រួចរាល់កាលពី ខែសីហា ឆ្នាំ២០០០ ផ្សារអូរឫស្សី មានតូបសរុបចំនួនជាង៥ពាន់តូប។
_________________________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ឃាង សុខមាន