ដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្ដាល៖
ប្រជាសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង នៅតែបន្ដការតវ៉ានិងទាមទារដីបឹងពោធិ៍ ឱ្យមកជាបឹងសហគមន៍រួម បើទោះបីអាជ្ញាធរអះអាងថា វាជាដីរដ្ឋមិនអាចឲ្យទៅជាបឹងសហគមន៍បានឡើយ។
ប្រធានសហគមន៍ឡពាង អ្នកស្រី អុំ សុភី រស់នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM កាលពីថ្ងៃទី៩ ខែមិថុនាថា អ្នកស្រីនិងប្រជាសហគមន៍ចង់រក្សាបឹងពោធិ៍ មកជាបឹងសហគមន៍រួម ដើម្បីងាយស្រួលគ្រប់គ្រង ថែរក្សាពូជត្រី និងដើម្បីទប់ស្កាត់បទល្មើសនេសាទខុសច្បាប់។
អ្នកស្រីបន្ដអះអាងថា បឹងពោធិ៍នេះ ពេលដែលសហគមន៍របស់អ្នកស្រីចុះការពារនិងចាប់បទល្មើសនេសាទផ្សេងៗ បែរជាភាគីអាជ្ញាធរមកចាប់និងចោទប្រកាន់អ្នកស្រីទៅវិញ។ ហើយតែងតែចោទពួកអ្នកស្រីថា ពូកែបង្ករឿង និងជាក្រុមបក្សប្រឆាំងទៅវិញ។ អ្នកស្រីថា កន្លងមកទាំងខ្លួនអ្នកស្រីនិងប្រជាសហគមន៍ដទៃទៀត បានរងពាក្យបណ្ដឹងពីសាលាដំបូងខេត្តកំពង់ឆ្នាំង និងមានសមាជិកសហគមន៍ ២រូប កំពុងជាប់ឃុំនៅឡើយ គឺលោក រាជ ស៊ីម៉ា និងអ្នកស្រី ទួន សេង។
អ្នកស្រី សុភី បាននិយាយថា៖ «គ្រាន់តែពួកខ្ញុំចង់ការពារបឹងរួមសោះ បែរជាពួកខ្ញុំមានទោសទៅវិញ បើពួកខ្ញុំមិនការពារ តើអ្នកណាជាអ្នកការពារ ពួកខ្ញុំនៅតែតស៊ូការពារបឹងហ្នឹង ទោះបីគេគំរាមកំហែងក៏ដោយ»។
ប្រជាសហគមន៍ម្នាក់ទៀត អ្នកស្រី ផ្លឹក អ៊ុយ អាយុ៤៣ឆ្នាំ រស់នៅឃុំតាជេស បានរៀបរាប់ថា សព្វថ្ងៃ គឺជីវភាពអ្នកស្រីមានការខ្វះខាតខ្លាំង ដោយសារកន្លងមក ត្រូវពឹងផ្អែកលើការដើររកខ្យង ឬរកត្រីក្នុងបឹងពោធិ៍នេះ ដើម្បីផ្គត់ផ្គង់គ្រួសារ។ អ្នកស្រីបន្តថា តែពេលនេះ គឺបឹងហ្នឹងត្រូវបានអាជ្ញាធរហាមឃាត់ មិនឲ្យប្រជាពលរដ្ឋចូលទៅ ដោយលើកមូលហេតុ បឹងសហគមន៍នេះជារបស់រដ្ឋ។
អ្នកស្រីថា៖ «ទទួលស្គាល់ថាដីរដ្ឋ ប៉ុន្ដែការដែលពួកខ្ញុំទាមទារយកមកថែរក្សា គ្រាន់តែចង់ឲ្យវាគង់វង្សនិងបានប្រជាពលរដ្ឋប្រើរួម មិនមានចង់បានមកជារបស់ឯកជនឯណា សុំអាជ្ញាធរកុំចេះតែដើរចោទដូច្នេះ»។
ប្រធានមន្ទីរជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ដីបឹងពោធិ៍នៅតែជាបឹងរបស់រដ្ឋ មិនអាចក្លាយជាបឹងឯកជនទេ ហើយការស្នើសុំនិងការទាមទាររបស់ពួកគាត់ គឺមិនអាចទៅរួចទេ។
លោកថា៖ «ការទាមទាររបស់ពួកគាត់ គឺមិនអាចបានទេ ពីព្រោះវាជាដីរដ្ឋ»។
មន្ដ្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា បានមានប្រសាសន៍ថា ការដែលពួកគាត់ទាមទារបឹងយកជាសហគមន៍ដោយសារពួកគាត់ បានសង្កេតឃើញថា បឹងមួយនេះ មិនមានការគ្រប់គ្រងពីរដ្ឋឲ្យបានត្រឹមត្រូវ ហើយការទាមទាររបស់ពួកគាត់ មិនមែនពួកគាត់យកជារបស់ឯកជនទេ គឺទុកជាសម្បត្តិរួម។
មន្ត្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តកំពង់ឆ្នាំងរូបនេះអះអាងថា វាមិនខុសទាស់នោះទេ ដោយសារតែប្រជាពលរដ្ឋចង់បានដីបឹងពោធិ៍មកជាបឹងសហគមន៍ ទើបពួកគាត់បានក្លាយខ្លួនជាមុខសញ្ញារបស់អាជ្ញាធរ រហូតមានអ្នកខ្លះត្រូវបានចាប់ខ្លួន និងអ្នកខ្លះកំពុងរងពាក្យបណ្ដឹងពីសំណាក់សាលាដំបូងខេត្តកំពង់ឆ្នាំងទៅទៀត ដោយសារតែការទាមទារបឹងពោធិ៍នេះមកគ្រប់គ្រង។
លោកបន្ដថា៖ «សុំឲ្យអាជ្ញាធរលើកបញ្ហាសិទ្ធិមនុស្សនិងសេចក្ដីថ្លៃថ្នូរមនុស្សជាធំ កុំឲ្យគិតឬលម្អៀងទៅតាមបក្សដែលវាផ្ដល់សេចក្ដីលំបាកឲ្យប្រជាពលរដ្ឋ»។
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១២ កន្លងទៅសាលាដំបូងខេត្តកំពង់ឆ្នាំងបានកាត់ទោសប្រជាសហគមន៍ឡពាង៤នាក់ មានទាំងអ្នកស្រី អុំ សុភី ដែលជាប្រធានសហគមន៍ឡពាង, លោក រាជ ស៊ីម៉ា និងតំណាងសហគមន៍២នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋ និងបំផ្លិតបំផ្លាញដោយចេតនា និងប្រើប្រាស់អំពើហិង្សាលើទ្រព្យសម្បត្តិដែលកាន់កាប់ដោយបុគ្គលម្នាក់។ ក្រោយមក កាលពីថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាសហគមន៍ឡពាងបានដាក់ញាត្ដិទៅក្រសួងយុត្ដិធម៌ដើម្បីសុំកិច្ចអន្ដរាគមន៍ពីក្រសួងឲ្យដោះលែងលោក រាជ ស៊ីម៉ា និងអ្នកស្រី ទួន សេង ដោយសារតែការពារបឹងពោធិ៍នេះ។
ប៉ុន្ដែគ្មានការឆ្លើយតបពីក្រសួង ទើបនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក៏បាននាំគ្នាឡើងដាក់ញាត្ដិ នៅក្រសួងយុត្តិធម៌ម្ដងទៀត៕