នៅថ្ងៃសុក្រនេះ សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនចាងហ្វាងសារព័ត៌មានអនឡាញពីរនាក់ ក្រោមបទចោទញុះញង់ ខណៈតុលាការកំពូលតម្កល់សាលក្រមផ្តន្ទាទោសលើអ្នកសារព័ត៌មានម្នាក់។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី ថ្លែងថា ចៅក្រមស៊ើបសួរបានចោទប្រកាន់លើអ្នកសារព័ត៌មានអនឡាញពីរនាក់ គឺលោក ដួង អក្ខរា និងលោក ឡាយ សុជាតិ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបង្គាប់ឱ្យឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារនៅថ្ងៃសុក្រនេះ។
លោក វិទ្យារ៉ាន់ឌី មានប្រសាសន៍ថា៖ «ចៅក្រមស៊ើបសួរគាត់សម្រេចឃុំខ្លួនហើយ» ។
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួន លោក ដួង អក្ខរា ចាងហ្វាងអង្គភាពសារព័ត៌មាន www.satvkh.com និងលោក ឡាយ សុជាតិ ចាងហ្វាងអង្គភាពសារព័ត៌មាន ខេមបូឌាស្ដាដេលីញូយ៍ 24/24 នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានដដែលនេះបន្តថា អ្នកទាំងពីរបានបង្ហោះវីដេអូព័ត៌មាន បំភ្លៃការពិត កាត់តរូបភាពថ្នាក់ដឹកនាំ និងផ្សព្វផ្សាយវីដេអូប្រើអំពើហិង្សាមិនដឹងប្រភពច្បាស់លាស់ ដោយដាក់ចំណងជើងថា «ពិតជាសាហាវព្រៃផ្សៃណាស់ទីតាំងមួយកន្លែងមានក្រុមឧក្រិដ្ឋជនធ្វើទារុណកម្មមនុស្ស និងបើកល្បែងអនឡាញនៅកណ្ដាលក្រុងភ្នំពេញ ក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ក្រុងភ្នំពេញ តើឱ្យសង្ឃឹមអាជ្ញាធរខណ្ឌដង្កោ គឺដូចសង្ឃឹមផ្កាយលើមេឃចឹង»។
នគរបាល បានបញ្ជាក់ទៀតថា ការឃាត់ខ្លួនអ្នកកាសែតទាំងពីររូបនេះ គឺស្របតាមច្បាប់ ដោយមិនពាក់ព័ន្ធការគាបសង្កត់ ឬបំភិតបំភ័យដល់អ្នកសារព័ត៌មានចំពោះសិទ្ធិបញ្ចេញមតិនោះទេ។
អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆិកា ទូរស័ព្ទចូលតែពុំមានអ្នកទទួល។
នៅព្រឹកថ្ងៃសុក្រនេះដែរ តុលាការកំពូលបានសម្រេចតម្កល់សាលក្រមផ្តន្ទាទោសលើអ្នកសារព័ត៌មានម្នាក់ គឺលោក អ៊ុង ថាប់រាំង ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា ៣០៥ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែតុលាការបានសម្រេចទម្លាក់ចោលប្រាក់ពិន័យដែលបានដាក់ដោយសាលាដំបូងខេត្តបន្ទាយមានជ័យ។ នេះបើតាមការចុះផ្សាយរបស់អង្គកាលីកាដូនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
អង្គការលីកាដូ បន្តថា លោក អ៊ុង ថាប់រាំង ជាអ្នកសារព័ត៌មាននៅអង្គភាពសារព័ត៌មានអនឡាញឈ្មោះខ្មែរជាយដែន ត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យផ្តន្ទាទោស កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ ដោយដាក់ទោសលោក ឱ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ ប៉ុន្តែទោសនេះត្រូវបានព្យួរ និងពិន័យជាប្រាក់ ២ លានរៀល។
បន្ទាប់មកសាលាឧទ្ធរណ៍បាត់ដំបង ក៏បានសម្រេចតម្កល់ការផ្តន្ទាទោសទាំងស្រុងរបស់សាលាដំបូងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ ។
បទចោទនេះ ត្រូវបានធ្វើឡើងតាមរយៈបណ្តឹងរបស់ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងប្រធានសាខាពន្ធដារខេត្ត ក្រោយពីអ្នកកាសែតរូបនេះបានចុះផ្សាយព័ត៌មានពីប្រភពប្រជាពលរដ្ឋដែលបានលើកឡើងថា មន្រ្តីទាំងពីររូបបានប្រព្រឹត្តអំពើពុករលួយ។
លោកស្រី សាម សុគន្ធា មេធាវីការពាររបស់លោក អ៊ុង ថាប់រាំង បានបដិសេធមិនធ្វើអត្ថាធិប្បាយ។ ខណៈលោក អ៊ុង ថាប់រាំង ក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដែរ។
លោកស្រី ឆន សុគន្ធា នាយិកាមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ យល់ថា ក្រសួងព័ត៌មានគួរតែសាកសួរអ្នកសារព័ត៌មាននិងភាគីពាក់ព័ន្ធ ប្រសិនបើស្ថិតក្នុងកំហុសវិជ្ជាជីវៈចំពោះការចុះផ្សាយអត្ថបទរបស់ខ្លួន មុនឈានដល់ការប្រើយន្តការតុលាការ។
លោកស្រី មានប្រសាសន៍ថា៖ «នៅពេលដែលប្រើការចោទប្រកាន់មកដល់អ្នកសារព័ត៌មាន ប្រើយន្តការតុលាការហ្នឹងវាជា ការណ៍មួយដែលធ្វើឱ្យអ្នកសារព័ត៌មានផ្សេងៗទៀត គាត់មានការខ្លាចរអារនៅក្នុងការសរសេរព័ត៌មានផ្សេងៗដែលមានលក្ខណៈរសើប។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ស្នើឱ្យអ្នកសារព័ត៌មានបង្ហាញដីការបស់តុលាការចំពោះការចោទប្រកាន់លើអ្នកកាសែតជាមុនសិន ទើបលោកយល់ព្រមផ្ដល់អត្ថាធិប្បាយ។
កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ លោក ម៉ិច ដារ៉ា ដែលជាអ្នកកាសែតឯករាជ្យ ត្រូវបានចាប់ខ្លួន ក្រោមបទញុះញង់ទាក់ទងនឹងការបង្ហោះរូបភាពតាមបណ្ដាញសង្គម។
ក្រោយឃុំខ្លួនជិតមួយខែ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ បន្ទាប់ពីលោកបានសុំទោសចំពោះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈវីដេអូឃ្លីប កាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤៕
…………………………………..
អត្ថបទដោយ៖ វ៉ា សុភានុត