សកម្មជនដីធ្លីនៅសហគមន៍ឡពាង ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ ខេត្តកំពង់ឆ្នាំង មិនសង្ឃឹមឈ្នះក្តីជាមួយក្រុមហ៊ុនKDC ដោយថា ប្រសិនបើតុលាការកំពូលមិនចុះស៊ើបអង្កេតផ្ទាល់។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ តុលាការកំពូលបានបើកសាវនាការលើសំណុំរឿងសកម្មជនដីធ្លីសហគមន៍ឡពាងចំនួន៣នាក់ រួមមានលោក ស្ងួន ញឿន លោក រាជ សីម៉ា និងលោក ភុល សន ទៅតាមបណ្ដឹងរបស់តំណាងក្រុមហ៊ុន(KDC) ដែលមានលោកស្រី ជា ខេង ភរិយារបស់លោក ស៊ុយ សែម អតីតរដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល។
សកម្មជនដីធ្លីឡពាងលោក ស្ងួន ញឿន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានក្រោយចេញពីសវនាការថា ពួកគាត់ទាំង៣នាក់ត្រូវបានតំណាងក្រុមហ៊ុន(KDC) របស់លោកស្រី ជា ខេង ប្តឹងពីបទ «ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា» កាលពីឆ្នាំ២០១៣ ខណៈពួកគាត់តវ៉ាប្រឆាំងក្រុមហ៊ុនមិនឱ្យឈូសឆាយដីធ្លី។
លោក ស្ងួន ញឿន បានឱ្យដឹងថា ក្នុងសវនាការកាលពីថ្ងៃទី១០មីនានេះ គឺមានតែរូបលោកម្នាក់ឯងប៉ុណោះ ខណៈលោក រាជ សីម៉ា បានចំណាកស្រុកទៅរកការងារនៅប្រទេសថៃ និងលោក ភុល សន បានទទួលមរណៈភាពទៅហើយ។ លោក អះអាងថា នៅក្នុងសវនាការជិត២ម៉ោងគឺចៅក្រមមិនអនុញ៉ាតឱ្យលោកនិយាយស្ដីអ្វីទាំងអស់។
សកម្មជនដីធ្លីរូបនេះ មិនសង្ឃឹមទទួលបានយុត្តិធម៌ពីតុលាការកំពូលនោះទេ ដោយលោកថា ប្រសិនតុលាការជាន់ខ្ពស់មួយនេះ មិនចុះស៊ើបអង្កេតដោយផ្ទាល់ ហើយស្តាប់តែសាក្សីខាងដើមបណ្តឹង ដែលជាបុគ្គលិកក្រុមហ៊ុន KDC ហើយតម្កល់សាលក្រមរបស់សាលាដំបូងខេត្ដកំពង់ឆ្នាំង និងសាលាឧទ្ធរណ៍ទុកជាបានការដដែលនោះ។
លោក ស្ងួន ញឿន និយាយថា រូបលោក និងពលរដ្ឋសហគមន៍ឡពាងជាច្រើនគ្រួសារបានរងភាពអយុត្តិធម៌ជាខ្លាំង ដោយលោកថា ពួកគាត់ត្រូវបានក្រុមហ៊ុន KDC របស់លោកស្រី ជា ខេង រំលោភយកដីធ្លីអស់ហើយ និងបានប្តឹងពួកគាត់ទៅតុលាការថែមទៀត។ លោកថា កាលណោះ រូបលោក និងពលរដ្ឋមិនបានប្រឆាំងនឹងអ្នករាជការសាធារណៈ និងមិនបានធ្វើឱ្យខូចខានរបស់អ្នកណា ដូចការចោទប្រកាន់នោះដែរ។
លោកបន្ថែមថា ពួកគាត់គ្រាន់តែវ៉ាប្រឆាំងការឈួសឆាយដីធ្លីរបស់ខ្លួនពីសំណាកក្រុមហ៊ុន និងហាមឃាត់មិនសកម្មភាពផ្សេងៗលើដីធ្លីរបស់ខ្លួនឯងតែប៉ុណ្ណោះ។
លោក ស្ងួន ញឿន និយាយទៀតថា រឿងយុត្តិធម៌មួយទៀតនោះ គឺពេលដែលពលរដ្ឋប្តឹងក្រុមហ៊ុនករណីឈូសឆាយផ្ទះ១៦ខ្នង និងឈូសឆាយដីស្រែពលរដ្ឋ គឺតុលាកឆរតម្តល់ទុកអត់ចាត់ការនោះទេ។
លោកបន្ថែមថា៖ «វាអយុត្តិធម៌ចំពោះពលរដ្ឋរងគ្រោះ ហើយទន់ខ្សោយ ។ហើយតុលាការធ្វើបែបនេះតុលាការស្ដង់ដាពីរ អ្នកក្រគឺចាញ់ក្ដី អ្នកមានគឺឈ្នះក្ដី» ។
អ្នកស្រី ខៀវ បឿន វ័យ៧០ឆ្នាំ និងពលរដ្ឋជាង១០នាក់ដែលប្រមូលផ្តុំនៅមុខតុលាការកំពូលបានប្រាប់ថា ពួកគាត់មកនោះ ដើម្បីគាំទ្រ និងលើកទឹកចិត្តតំណាងរបស់ពួកគាត់ គឺ ស្ងួន ញឿន ដែលសវនាការ។
អ្នកស្រីលើកឡើងថា តំណាងរបស់អ្នកស្រីមិនបានប្រព្រឹត្តិដូចការចោទប្រកាន់របស់តុលាការសាលាដំបូងខេត្ដកំពង់ឆ្នាំង និងដើមចោទនោះទេ។ អ្នកស្រីថា ចាប់តាំងពីមានជម្លោះដីធ្លីជាក្រុមហ៊ុនKDCមក គឺពលរដ្ឋនៅសហគមន៍ឡពាង មានជីវភាពក្រលំបាកខ្លាំងណាស់ អត់មានដីស្រែសម្រាប់ធ្វើកសិកម្មដោយពលលរដ្ឋខ្លួនបានចំណាកស្រុកទៅរកការងារនៅប្រទេសថៃ ខ្លះទៀតដើរជីកជន្លេន និងចាប់កូនកង្កែបលក់ដើម្បីចញ្ចឹមជីវិត ។
អ្នកស្រីលើកឡើងថា៖ «បើតុលាការមានយុត្តិធម៌កាត់[ក្ដី]ទៅវាអាចត្រឹមត្រូវដែរ តែបើអត់មានយុត្តិធម៌ខ្ញុំអត់សូវមានសង្ឃឹមប៉ុន្មានដែរ ព្រោះកន្លងមកប៉ុន្មានដងហើយនៅតែកាត់ឱ្យចាញ់រហូត។ តែថ្ងៃនេះខ្ញុំសង្ឃឹមក្នុងចិត្តថាបានជ័យជំនះ» ។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យតុលាការកំពូលអ្នកស្រី ម៉ៅ ធីតា បានទេនៅថ្ងៃអង្គារនេះ ដោយមានអ្នកលើកទូរសព្ទជំនួសប្រាប់ថាអ្នកស្រីកំពុងជាប់រវល់ប្រជុំ ។
ទោះយ៉ាងណាតុលាការកំពូលនឹងប្រកាសសាលក្រមសកម្មជនដីធ្លីនៅសហគមន៍ឡពាងនេះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
នាយកប្រតិបត្តិអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា បញ្ហាជម្លោះដីធ្លីនៅសហគមន៍ឡពាងជាបញ្ហារាំរៃយូរមកហើយ។ លោកថា អ្វីដែលជាការចោទប្រកាន់ទៅលើសកម្មជនដីធ្លីកន្លងមក គឺជាការព្យាយាមគេវេសក្នុងការដោះស្រាយដោយសន្តិវិធីជូនពលរដ្ឋ។
លោកលើកឡើងថា ការប្តឹងសកម្មជនដីធ្លីនៅឡពាងទៅតុលាការ គឺជាការដាក់បន្ទុកទៅលើសហគមន៍បន្ថែទៀត។ លោកថា ការធ្វើបែបនេះ មិនមែនជាដំណោះស្រាយបញ្ចប់បញ្ហាដីធ្លីទាំងស្រុងទេ។ លោកបានស្នើដល់ក្រុមហ៊ុន និងភាគីពាក់ព័ន្ធត្រូវស្វែងរកដំណោះស្រាយ ដើម្បីផ្ដល់យុត្តិធម៌ជូនសហគមន៍ឡពាង។
លោក អំ សំអាត បន្តថា ពលរដ្ឋគ្រប់រូបមានសិទ្ធិទៅសួរនាំនៅពេលដែលពួកគេឃើញមានភាពមិនប្រក្រតីជាពិសេសមន្រ្ដីរាជការអនុវត្តការងារធ្វើឱ្យពលរដ្ឋមានការងឿងឆ្ងល់។ លោកថា ការសួរនាំ គឺជារឿងធម្មតាមិនមែនទៅប្រឆាំងមន្រ្ដីរាជការទេ។ លោកថា ការប្ដឹងពីបទប្រឆាំងនឹងអ្នករាជការសាធារណៈ ភាគច្រើនទាល់តែមន្រ្ដីជាអ្នកប្ដឹង មិនមែនពលរដ្ឋធម្មតាជាអ្នកប្ដឹងនោះទេ។
លោកលើកឡើងថា៖ «ពលរដ្ឋរងគ្រោះដោយសារឿងដីធ្លីដំណោះស្រាយ គឺរឿងបញ្ចប់បញ្ហាដីធ្លីមិនមែនរឿងការប្ដឹងផ្ដល់ មិនមែនការចោទប្រកាន់ ដើម្បីដាក់បន្ទុកទៅលើសហគមន៍ដីធ្លីបន្ថែមទេវាមិនមែនជាដំណោះស្រាយទេ។ បញ្ហាឡពាងវាដល់ពេលហើយដែលត្រូវដោះស្រាយបញ្ចប់នៅបញ្ហាដីធ្លី ដើម្បីកុំឱ្យពលរដ្ឋរងទុក្ខបន្តទៀត» ។
កាលពីឆ្នាំ២០១៣លោក ជួន ឃឹម ជាសន្តិសុខរបស់ក្រុមហ៊ុន(KDC)បានដាក់ពាក្យប្ដឹងតំណាងពលរដ្ឋចំនួន៣នាក់រួមមានលោក ស្ងួន ញឿន លោក រាជ សីម៉ា និងលោក ភុល សន (បច្ចុប្បន្នស្លាប់)ទៅតុលាការសាលាដំបូងខេត្ដកំពង់ឆ្នាំងពីបទ «ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា»។
តុលាការខេត្ដកំពង់ឆ្នាំងសម្រេចក្ដីឱ្យអ្នកទាំង៣ចាញ់ក្ដី និងត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន២លាន ៨០ម៉ីនរៀលនៅក្នុងម្នាក់ៗ តែទោសទាំងអស់ត្រូវបានព្យួរ។ ដោយយល់ឃើញថា ការសម្រេចក្ដីរបស់សាលាដំបូងខេត្ដកំពង់ឆ្នាំងអយុត្តិធម៌ អ្នកទាំង៣បានប្ដឹងបន្តទៅសាលាឧទ្ធរណ៍ ប៉ុន្តែតុលាការថ្នាក់កណ្តាលនេះសម្រេចពួកគាត់ចាញ់ទៀត ទើបពួកគាត់ទាំងប្តឹងទៅតុលាការកំពូល ដើម្បីស្វែងរកយុត្តិធម៌។
គួររំលឹកថា ពលរដ្ឋចំនួន១០៨គ្រួសាររស់នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ត្រូវបានក្រុមហ៊ុនKDCរបស់លោកស្រី ជា ខេង ភរិយារបស់លោក ស៊ុយ សែម អតីតរដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល ទន្ទ្រC)វបានក្រុមហ៊ុន(ារកំពូលដើម្បីស្វបស់យកដីអស់ចំនួន១៨៤ហិកតា កាលពីឆ្នាំ១៩៩៦រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរពាក់ព័ន្ធនៅមិនទាន់មានដំណោះស្រាយជួនពលរដ្ឋរងគ្រោះនោះទេ ។
ក្នុងជម្លោះដីធ្លីនេះ មានពលរដ្ឋចំនួន២១នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ដោយពលរដ្ឋខ្លះបានអនុវត្តទោសនៅក្នុងពន្ធនាគារចាប់ពី៦ខែ ដល់៦ឆ្នាំ៕
……………………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា