ប្រជាសហគមន៍ឡពាងអះអាងថា តុលាការខេត្ដកំពង់ឆ្នាំង មិនព្រមប្រគល់សម្ភារៈដែលបានដកហូតពីពួកគាត់ រួមមានម៉ូតូ១គ្រឿង និងទូរសព្ទ២គ្រឿង ទោះបីជាពួកគាត់ និងមេធាវីការពារក្ដីបានដាក់លិខិតស្នើសុំជាច្រើនដងទៅហើយក្តី។
បើតាមអ្នកស្រី អុំ សុភី ប្រធានសហគមន៍ឡពាង បានឱ្យពលរដ្ឋអ្នកសារព័ត៌មានដឹងនៅរសៀលថ្ងៃម្សិលមិញថា ក្រោយពីតុលាការដោះលែងឱ្យពួកអ្នកស្រីឱ្យនៅក្រៅឃុំបណ្ដោះអាសន្នមក ពួកអ្នកស្រីនិងមេធាវីការពារក្តីរបស់ខ្លួន បានដាក់លិខិតស្នើសុំយកសម្ភារៈដែលតុលាការបានយកពីលើកមុន ដើម្បីយកមកប្រើប្រាស់វិញជាច្រើនដង។
អ្នកស្រីបន្ដថា ពីមុនមេធាវីបានដាក់ស្នើរួចម្ដងហើយ ប៉ុន្ដែខាងតុលាការទាមទារឱ្យម្ចាស់សម្ភារៈដាក់ខ្លួនទើបបាន។ លុះនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ ពួកគាត់ទាំង៣នាក់បានឡើងទៅសាលាដំបូងខេត្ដកំពង់ឆ្នាំង ដើម្បីដាក់លិខិតស្នើសុំសម្ភារៈដោយខ្លួនឯង ប៉ុន្តែមកដល់ពេលនេះគឺមិនទាន់បានទទួលទេ។ ប្រភពដដែលបានចាត់ទុកថា តុលាការមានចេតនាគេចវេស និងមិនបានផ្ដល់យុត្ដិធម៌ជូនពួកអ្នកស្រីឡើយ។
អ្នកស្រីថា៖«ម្ដងឱ្យមេធាវីដាក់ ម្ដងឱ្យពួកខ្ញុំដាក់។ ពេលដាក់ទៅហើយគ្មានឆ្លើយតបអីសោះ មកដល់ពេលនេះ។ ខ្ញុំយល់ថាតុលាការហាក់មានចេតនាគេចវេសពីពួកខ្ញុំ និងអយុត្ដិធម៌ណាស់សម្រាប់ពួកខ្ញុំណាស់។ ខ្ញុំសង្ឃឹមថាតុលាការនឹងព្រមប្រគល់សម្ភារៈអស់ហ្នឹងមកឱ្យពួកខ្ញុំវិញ»។
នៅក្នុងលិខិតមួយដែលពលរដ្ឋចំនួន៣នាក់រួមមាន លោក ស្ងួន ញឿន អ្នកស្រី អ៊ុំ សុភី និងអ្នកស្រី ទួន សេង បានដាក់ទៅសាលាដំបូងខេត្ដកំពង់ឆ្នាំងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដើម្បីស្នើសុំឱ្យតុលាការប្រគល់ទូរសព្ទ១គ្រឿង ដែលខាងតុលាការបានរឹបអូសកាលពី២៩ ខែមករា ឆ្នាំ២០២៣ និងម៉ូតូអាសង់កូរ៉េ១គ្រឿង ព្រមទាំងទូរសព្ទ១គ្រឿងទៀត ដែលសមត្ថកិច្ចបានដកហូតកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។
កន្លងមកសមត្ថកិច្ចក៏បានឃាត់ខ្លួនលោក ស្ងួន ញឿន កាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០២៣ម្ដងដែរ ជុំវិញរឿងលោកថតរូប និងវីឌីអូមុខតុលាការ ដោយលោកអះអាងថា រូបលោកត្រូវបាននគរបាលយុត្ដិធម៌ចាប់ខ្លួនរយៈពេលជិត២ម៉ោង ដោយចាប់រុញចូលឡាន និងមិនឱ្យលោកនិយាយអ្វីទាំងអស់។
លោកថា ការចាប់ខ្លួនរូបលោក គឺក្រោយពីលោកបានថតសកម្មភាពរបស់ពលរដ្ឋមកគាំទ្រការចូលបំភ្លឺនៅតុលាការ ក្រោមហេតុផលថាមិនឱ្យថតរូបនៅមុខតុលាការ។ លោកបន្ដថា ក្រោយពីចាប់យកទូរសព្ទនៅមុខតុលាការអស់៣គ្រឿង មានតម្លៃជាង១០០០ដុល្លារ ខាងនគរបាលយុត្ដិធម៌បានឱ្យរូបលោក លុបវីដេអូ និងរូបភាព និងធ្វើកិច្ចសន្យា។
លោកបានគូសបញ្ជាក់ថា៖«គេចាប់ខ្ញុំរុញចូលឡានយកតែម្ដង និងបានដកយកទូរសព្ទពីខ្ញុំនៅមុខតុលាការ គ្រាន់តែខ្ញុំថតពលរដ្ឋដែលមកគាំទ្រសោះ ខាងប៉ូលិសគេមកដកយកនឹងឱ្យខ្ញុំលុបរូប វីដេអូ និងធ្វើកិច្ចសន្យា។ គេនឹងប្រគល់មកវិញ តែឥឡូវគេមិនទាន់ឱ្យវិញទេបង»។
ជុំវិញរឿងនេះដែរ លោក ហុង គឹមហាក់ អ្នកនាំពាក្យសាលាដំបូងខេត្ដកំពង់ឆ្នាំង បានឆ្លើយតបយ៉ាងខ្លីថា សម្រាប់ចំណាត់ការគឺចៅក្រមកំពុងធ្វើការតាមនីតិវិធីទៅមុខហើយ។ ចំពោះការស្នើសុំអ្វីមួយដែលជាវត្ថុចាប់យកនោះ គឺត្រូវពិនិត្យមើលថា តើវាជាប់ពាក់ព័ន្ធនឹងបទល្មើសឬអត់?។
លោកបន្ដថា៖«បាទ សូមឱ្យគាត់រង់ចាំសិន ប្រហែលជាចៅក្រមកំពុងពិនិត្យមើលសំណុំរឿង និងពិចារណា»។
សាលាដំបូងខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនសកម្មជនដីធ្លីឡពាង៣នាក់ដាក់ពន្ធនាគារ គឺអ្នកស្រី អ៊ុំ សុភី លោក ស្ងួន ញឿន និងលោកស្រី ទួន សេង នៅពេលដែលពួកគេបានចុះទៅថតរូប នៅលើដីទំនាស់ភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ខណៈដែលអាជ្ញាធរបានយកដីពួកគាត់ទៅចែកឱ្យប្រជាពលរដ្ឋ ដែលបណ្ដាលឱ្យមានជម្លោះរហូតមកដល់សព្វថ្ងៃនេះ។ ក្រោយមក លោក ស្ងួន ញឿន និងអ្នកស្រី អ៊ុំ សុភី ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នវិញ ខណៈអ្នកស្រី ទួន សេង ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេល ៦ខែ ពោលគឺចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។
លោក ជូង ជូងី មេធាវីការពារក្ដីឱ្យអ្នកទាំងបី បានលើកឡើងថា សម្រាប់ករណីនេះគឺខាងតុលាការអត់មានការទទួលខុសត្រូវ។ លោកថា នៅដំណាក់កាលចៅក្រមស៊ើបលោកបានដាក់លិខិតស្នើសុំចៅក្រម ប៉ុន្ដែចៅក្រមមិនសម្រេចលើករណីអស់នឹងទេ ខណៈសំណុំរឿងនេះត្រូវបានសម្រេចសាលក្រមស្ថាពរហើយ។
លោកថា៖«ករណីនេះតុលាការអត់មានការទទួលខុសត្រូវទេ ហើយខ្ញុំបានប្ដឹងទៅសាលាឧទ្ធរណ៍ដើម្បីឱ្យដាក់ពិន័យលើចៅក្រម ព្រោះតែគាត់ព្យាយាមមិនសម្រេចលើលិខិតស្នើសុំវត្ថុតាងឱ្យកូនក្ដីខ្ញុំ»។
បើតាមលោក នី សុខា ប្រធានសមាគមអាដហុក បានបញ្ជាក់ពីនីតិវិធីច្បាប់ថា សម្ភារៈទាំងអស់ដែលតុលាការចាប់យកទៅវាគ្រាន់តែជាវត្ថុតាងមួយសម្រាប់ដំណើរការលើសំណុំរឿងប៉ុណ្ណោះ ប៉ុន្ដែបើវាលែងមានអ្វីសំខាន់សម្រាប់កាត់ក្ដី គឺតុលាការត្រូវតែប្រគល់វត្ថុតាងទាំងនោះឱ្យ ជនជាប់ចោទ ឬក៏ជនដែលបានគេចោទវិញ។ លោកថា សម្រាប់សម្ភារៈមួយចំនួនដែលវាមិនអាចប្រគល់វិញបាននឹងត្រូវបំផ្លាញចោល ដូចជាគ្រឿងញៀនអីជាដើម លោកថារបស់ទាំងអស់គឺមិនបាច់ប្រគល់ជូនវិញទេ។
លោកបន្ដថា៖«តុលាការអាចទុកសម្ភារៈដែលរឹបអូសបានដរាបណាវាអាចពាក់ព័ន្ធនឹងដំណើររឿងក្ដី ហើយតុលាការក៏ត្រូវជូនដំណឹងដល់ម្ចាស់សម្ភារៈថាមិនទាន់អាចប្រគល់ឱ្យវិញបានទេ ត្រូវរក្សាទុកសិន។ប៉ុន្ដែនេះគឺរបស់ដែលពួកគាត់ស្នើសុំវាបានបញ្ចប់សំណុំរឿងអស់ហើយ ដូច្នេះតុលាការត្រូវប្រគល់វិញ។ បើសិនជាតុលាការមិនព្រមប្រគល់អាហ្នឹងវាមើលអាក្រក់មើល និងអាចខូចឈ្មោះតុលាការខ្លួនឯងថែមទៀត»។
នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ សាលាដំបូងខេត្ដកំពង់ឆ្នាំងបានកាត់ទោសតម្រឹមដោយដាក់ប្រជាសហគមន៍ឡពាងទាំង៣នាក់ ដាក់ពន្ធនាគារ៦ខែ ទោសត្រូវអនុវត្ដន៍៤ខែ២៦ថ្ងៃ ហើយទោសដែលនៅសល់ព្យួរចោល។ យោងតាមបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមមាត្រា៤១០ និងមាត្រា១០៦ មាត្រា១០៨នៃក្រមព្រហ្មទណ្ឌលើ លោក ស្ងួន ញឿន អ្នកស្រី អុំ សុភី និងអ្នកស្រី ទួន សេង។ ប៉ុន្ដែមកដល់នេះ គឺពួកគាត់មិនទាន់បានសម្ភារៈដដែល បើទោះបីតុលាការបានចេញសាលក្រមជាស្ថាពរក៏ដោយ៕
…………………………………..
អត្ថបទដោយអ្នកសារព័ត៌មានពលរដ្ឋ លោក ឃាង សុខមាន