អាជ្ញាធរមូលដ្ឋាននៅឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បង្ហាញក្ដីកង្វល់ដូចគ្នានឹងប្រជាពលរដ្ឋទាក់ទងនឹងផ្លូវក្នុងភូមិដែលរងខូចខាតដោយសារក្រុមហ៊ុនឡានដឹកដីបើកឆ្លងកាត់ ប៉ុន្ដែ អាជ្ញាធរខ្លួនឯងក៏មិនមានវិធានការព្រោះជាការគ្រប់គ្រងរបស់ឯកជន។
ពលរដ្ឋម្នាក់គឺលោក សួន ដន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ផ្លូវមួយខ្សែនេះមានប្រវែង២០០ម៉ែត្រស្ថិតភូមិអង្គដូនពីស ឃុំទឹកល្អក់ បានខូចខាតដោយសារតែឡានធំៗ បើកបរឆ្លងកាត់ទៅមកជារៀងរាល់ថ្ងៃ។ លោកថា មានឡានដឹកដី និងជួលកាលមានឡានដឹកថ្មផងបានឆ្លងកាត់ទាំងរដូវប្រាំងនិងរដូវវស្សា។
លោកថា ប្រតិបត្តិការណ៍របស់ក្រុមហ៊ុនដឹកថ្ម និងដឹកដីបានបង្កឱ្យខូចផ្លូវ ខណៈពលរដ្ឋមានការធុញទ្រាន់ និងប៉ះពាល់សុខភាព ដោយសារបង្កជាភក់ជ្រាំពេលភ្លៀងធ្លាក់ ក្រឡុកធំៗ និងដីហុយដល់ភូមិករណ៍ប្រជាពលរដ្ឋនៅតាមដងផ្លូវ។
លោកបន្ដថា៖ «នៅខែវស្សា ពេលភ្លៀងម្ដងៗមានក្រឡុកជ្រៅៗណាស់។ ហើយផ្លូវនេះ បើសិស្សសាលាចូលរៀនគឺពិបាកធ្វើដំណើរ។ ខ្ញុំសំណូមពរដល់អាជ្ញាធរភូមិឃុំជួយពិនិត្យមើលផ្លូវមួយខ្សែនេះផង និងមានការចំណាត់ការទៅលើឡានដឹកដីនិងក្រុមហ៊ុនថ្មខ្លះផង កុំឱ្យឡានដឺកថ្មមកតាមផ្លូវភូមិ ព្រោះឡានដឹកថ្មមានផ្លូវ ខាងត្បូងក៏មានខាងជើងក៏មាន មូលហេតុអីបានជាមកតាមផ្លូវក្នុងភូមិប្រហែល ២០០ម៉ែត្រប៉ុណ្ណោះ»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ចែវ ម៉ាច ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា កាលពីដើមឡើយ ផ្លូវនេះមានលក្ខណៈល្អប្រសើរ និងងាយស្រួលដល់ពលរដ្ឋធ្វើដំណើរ ប៉ុន្ដែ ផ្លូវក្នុងភូមិអង្គដូនពីសនេះបានរងការខូចខាត និងប៉ះពាល់ពលរដ្ឋជាច្រើនគ្រួសារ។
អ្នកស្រីបន្ដថា៖ «កាលពី៧ឆ្នាំមុន ផ្លូវនេះស្អាតណាស់ ដល់ពេលក្រោយមក មានឡានក្រុមហ៊ុនដឹកដីបើកបរទៅមកធ្វើឱ្យខូចខាតផ្លូវយ៉ាងខ្លាំង មានក្រឡិក្រឡុកធំៗ ភក់ពាសពេញផ្លូវ ពិបាកធ្វើដំណើរ។ បើខែប្រាំងដីហុយពេញផ្ទះ ប៉ះពាល់ដល់សុខភាព ផ្លូវដង្ហើមទាំងចាស់ទាំងក្មេង ពិបាកណាស់ផ្លូវមួយខ្សែនេះ។ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវមានចំនួន១៦គ្រួសារ បើរាប់ចំនួនមនុស្សមានច្រើនណាស់ធ្វើឱ្យខូចសុខភាពផ្លូវដង្ហើម»។
មេភូមិអង្គដូនពីស លោក ឡេង ស៊ីម ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ដែរថា លោកក៏មានអារម្មណ៍ដូចគ្នានឹងប្រជាពលរដ្ឋដែរ ប៉ុន្ដែ លោកមិនអាចកែលម្អផ្លូវមួយនេះបានទេ ដោយសារថា ជាការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន។
លោកបន្ដថា៖ «ផ្លូវក្នុងភូមិមួយខ្សែនេះជាផ្លូវរបស់ក្រុមហ៊ុនអាយទ្រីតអាល្លឺម៉ង់ អាជ្ញាធរភូមិមិនហ៊ានធ្វើទេទាល់តែក្រុមហ៊ុនគេមកធ្វើ។ បើហុយដីខ្លាំងឡានក្រុមហ៊ុនដឹកដីថ្មឆ្លងកាត់ច្រើនសូមឱ្យប្រជាពលរដ្ឋនៅតាមដងផ្លូវបិទតែម្ដងទៅ»។
ក្រុមប្រឹក្សាឃុំទឹកល្អក់ អ្នកស្រី អ៊ុ សុខហេង មានប្រសាសន៍ថា ផ្លូវមួយខ្សែនេះស្ថិតក្នុងគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនអាល្លឺម៉ង់មួយឈ្មោះ «High Treat» និងថា អាជ្ញាធរមូលដ្ឋានមិនហ៊ានប៉ះពាល់នោះទេ ដោយរងចាំឱ្យក្រុមហ៊ុនជាអ្នកកែលម្អដោយខ្លួនឯង។
អ្នកស្រីបន្តថា៖ «ផ្លូវក្នុងភូមិមួយខ្សែនេះ ជាផ្លូវ High Treat របស់អាល្លឺម៉ង់ ខាងហាយទ្រីតអាល្លឺម៉ង់គេមិនឱ្យអាជ្ញាធរភូមិឃុំធ្វើទេ កុំអីខាងអាជ្ញាធរភូមិឃុំមានចំណាត់ការធ្វើហើយ។ កុំអីខាងអាជ្ញាធរឃុំចាក់បេតុងឱ្យទៀត មិនថាឡើយប្រជាពលរដ្ឋរអ៊ូររទាំនោះ សូម្បីតែខាងអាជ្ញាធរឃុំក៏រអូរទាំដែរ»។
បើតាមអ្នកស្រី អ៊ុ សុខហេង ផ្លូវនេះមានគោលដៅពីទីរួមខេត្តកំពង់ស្ពឺ មកស្រុកគងពិសី ហើយកំណាត់ផ្លូវប្រវែង ២០០ម៉ែត្រចំណុចភូមិអង្គដូនពីស មានការខូចខាតខ្លាំងធ្វើឱ្យពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ពិបាកធ្វើដំណើរ៕
_______________________________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សួស ចាន់ឌឿន