មានស្ដ្រីនៅកម្ពុជាមិនច្រើនទេ ដែលមានពេលវេលា និងការប្ដេជ្ញាចូលរួមប្រឡូកក្នុងការងារសង្គម និងនយោបាយ។ មែនទែនទៅ ស្ដ្រីបានឆ្លងកាត់ឧបសគ្គជាច្រើន បើប្រៀបជាមួយនឹងបុរស រាប់ចាប់តាំងពីលទ្ធភាពទទួលបានការសិក្សា ការនៅផ្ទះមើលថែកូន ការចូលរួមទទួលចំណេះដឹងក្នុងសង្គម និងបញ្ហាផ្សេងទៀត ដែលធ្វើឱ្យពួកគាត់បាត់បង់ឪកាសសម្រាប់ខ្លួនឯង។
ប៉ុន្ដែក៏មានស្ដ្រីមួយចំនួន ដែលបានតស៊ូរហូតទទួលបានជោគជ័យ និងក្លាយជាបុគ្គលម្នាក់ទទួលបានការកោតសរសើរពីសំណាក់មជ្ឈដ្ឋានទូទៅនៅសហគមន៍ ដោយបានឆ្លងកាត់រឿងរ៉ាវជាច្រើនទម្រាំបានមកដល់ចំណុចមួយនេះ។
ក្រុមការងារពលរដ្ឋអ្នកសារព័ត៌មានសូមពិពណ៌នាវីរៈរបស់ស្ដ្រីមួយរូប ដែលជាអតីតបញ្ចវ័ន្ដដ៏ឆ្នើម និងឆ្លងកាត់អាពាហ៍ពិពាហ៍ដ៏កម្សត់មួយ នៅសម័យខ្មែរក្រហម ហើយបានតស៊ូចិញ្ចឹមកូនៗ តែម្នាក់ឯងដោយសារស្វាមីស្លាប់ចោល និងក្លាយមេដឹកនាំសហគមន៍ការពារព្រៃឈើដ៏លេចធ្លោនៅក្នុងខេត្តកំពង់ធំ។
មានដើមកំណើតនៅភូមិគិរីវន្ត ឃុំកកោះ ស្រុកសន្ទុក អ្នកស្រី កែវ វណ្ណា សព្វថ្ងៃមានវ័យ ៦៥ ឆ្នាំហើយ ដោយគាត់បន្ទុកធំៗចំនួន២ គឺដឹកនាំគ្រួសារ ដែលមានកូនចំនួន៤នាក់ និងការងារដឹកនាំសហគមន៍ព្រៃឈើភ្នំស្រួច។
ក្នុងឆាកជីវិតរបស់គាត់ អ្នកស្រី កែវ វណ្ណា ធ្លាប់បានសិក្សាដល់ថ្នាក់ទី៦ នៅអនុវិទ្យាតាំងក្រសាំង នាសម័យសង្គមរាស្ត្រនិយមនាអំឡុងឆ្នាំ១៩៧០។ ប៉ុន្តែបានបោះបង់ការសិក្សាចោលទាំងស្រុង ក្រោយមានរដ្ឋប្រហារនៅថ្ងៃទី១៨ មិនា ឆ្នាំ១៩៩៧០ ដែលកងទ័ពខ្មែរក្រហមបានចូលកាន់កាប់ប្រទេស។
ក្រោយការកាន់កាប់ប្រទេសរបស់កងទ័ពខ្មែរក្រហមនៅឆ្នាំ១៩៧៥ ពលរដ្ឋនៅតំបន់របស់គាត់ ត្រូវបានជម្លៀសទៅរស់នៅទីជនបទ ដោយពួកគេត្រូវជីកដំឡូង រកត្រី កាប់ឆ្កាព្រៃ ធ្វើស្រែចម្ការ ដែលកិច្ចការទាំងនេះមានការលំបាកខ្លាំងសម្រាប់រូបគាត់ជាស្ដ្រី។
គឺនៅអំឡុងពេលនោះហើយ ដែលគាត់ត្រូវបានខ្មែរក្រហមចាប់បង្ខំឱ្យរៀបការជាមួយប្ដីជាជនមានពិការភាព និងបានរស់នៅជាមួយគ្នាមានកូនស្រី២នាក់ និងប្រុស៣នាក់ ក្នុងនោះ កូនប្រុសម្នាក់ក៏មានជំងឺសរសៃប្រាសាត។ អ្នកស្រីថា ទោះបីជាមិនសូវមានចិត្តស្រឡាញ់ប្ដីក្ដី ក៏គាត់ព្រមទទួលយកដោយចាត់ទុកថា នេះជាភ័ព្វវាសនារបស់គាត់។
អ្នកស្រីបន្ដថា ប្ដីគាត់បានទទួលមរណភាពដោយសារជំងឺក្រពះពោះវៀននៅឆ្នាំ១៩៨៥ និងបន្សល់ទុកកូនទាំងអស់ឱ្យគាត់ជាអ្នករ៉ាបរង និងរហូតដល់ឆ្នាំ១៩៩០ ទើបគ្រួសារដែលមានតែម្ដាយជាបង្គោលមួយនេះបានត្រឡប់មករស់នៅស្រុកកំណើតវិញ។
ដោយត្រូវដើរតួជាម្ដាយផង ជាឪពុកផង អ្នកស្រីបានចាប់យកការងារធ្វើស្រែចម្ការ ចិញ្ចឹមជ្រូក និងការងារបន្ទាប់បន្សំផ្សេងទៀត ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ និងកសាងផ្ទះសមល្មមមួយសម្រាប់រស់នៅដូចគេឯង។
អ្នកស្រីថា ជាសំណាងល្អមួយ ដែលនៅឆ្នាំ១៩៩៣ អ៊ុនតាក់ បានជ្រើសរើសគាត់ឱ្យចូលបម្រើការងារបោះឆ្នោត និងទទួលបានប្រាក់ចំនួន២០០ដុល្លារ ក្នុងមួយខែ ដែលគាត់អាចយកទៅប្រើប្រាស់ និងរ៉ាប់រងគ្រួសារបានមួយចំណែក។
ដោយមានចំណេះដឹង និងប្រវត្តិការងារបែបនេះ អ្នកស្រីត្រូវបានសហគមន៍បោះឆ្នោតជ្រើសរើសជាប្រធានសហគមន៍ព្រៃឈើនៅឆ្នាំ២០០១ និងបានដឹកនាំសហគមន៍រហូតមកទល់ពេលបច្ចុប្បន្ន។ អ្វីពិសេសជាងនេះទៀតនោះ អ្នកស្រី កែវ វណ្ណា ក៏ទទួលបានមេដាយពីប្រមុខរដ្ឋាភិបាល ដោយសារវីរភាពការពារព្រៃឈើសហគមន៍។
អ្នកស្រីរៀបរាប់បន្ដថា៖ «ខ្ញុំមានក្តីរំភើបខ្លាំងណាស់ ដែលប្រមុខរាជរដ្ឋាភិបាល បានប្រគល់គ្រឿងឥស្សរិយយសសុវត្ថារា លើការការពារសហគមន៍ព្រៃឈើព្រៃភ្នំស្រួច នេះគឺជាសមិទ្ធិផលវិសេសវិសាសមិនមានអ្វីបានឡើយ ។ ខ្ញុំនៅតែបន្តការពារព្រៃឈើបន្តទៀត ព្រោះឥឡូវនេះ ផលអនុផលព្រៃឈើមួយចំនួន កំពុងបានបន្តផលជូនប្រជាសហគមន៍ ដូចជា បោចវល្លិ៍ បេះផ្លែក្រឡាញ់ ជាដើម»។
អ្នកស្រីបន្ថែមថា ការការពារព្រៃឈើ គឺត្រូវចំណាយពេលវេលាច្រើន ហើយរូបគាត់បានកៀងគរពលរដ្ឋផ្សេងទៀតមកចាប់អារម្មណ៍ការងារនេះ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ និងទប់ស្កាត់បទល្មើសព្រៃឈើ និងការទន្ទ្រានយកដីសហគមន៍ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
អនុប្រធានសហគមន៍ព្រៃឈើភ្នំស្រួច លោក យន់ សំអឿន លើកឡើងថា គាត់បានធ្វើការជាមួយអ្នកស្រី កែវ វណ្ណា ជាយូរមកហើយ ដោយលោកមើលឃើញពីអត្ដចរិក គុណសម្បត្តិ និងការប្ដេជ្ញារបស់គាត់សាកសមក្នុងតួនាទីជាប្រធានសហគមន៍ការការពារព្រៃឈើនេះ។
លោកបន្ដថា៖ «ដោយប្រជាពលរដ្ឋបានបោះឆ្នោតច្រើនជូនអ្នកស្រី កែវ វណ្ណា ជាប្រធាន បើនិយាយពីអត្តចរិករបស់គាត់ល្អ ហើយប្រជាពលរដ្ឋជឿជាក់ទៅលើការដឹកនាំ ដូច្នេះហើយគ្រប់បោះឆ្នោតម្តងណា ក៏ជាប់ជាប្រធាន រីខ្ញុំបានត្រឹមជាប់ជាអនុប្រធាន អ្វីដែលការដឹកនាំប្រើបធៀបគាត់ជាបុរស ពីព្រោះរាល់ដឹកនាំទាំងអស់ គាត់គឺចាត់ចែង ហើយមានការគិតជាមុនបានគ្រប់ជ្រុងជ្រោង រហូតបានការទុកចិត្តជ្រើសរើសបណ្តាញសហគមន៍ព្រៃឈើខេត្តកំពង់ធំ អ្នកស្រី កែវ វណ្ណា ជាមនុស្សមានរឹងមាំស្ទើរតែបុរសមិនស្មើ»។
មេឃុំកកោះ លោក តែម ធន អាយុ៧៤ ឆ្នាំ មានប្រសាសន៍ថា ស្ដ្រីក៏មានសមត្ថភាពខ្ពស់មិនខុសពីបុរសឡើយ។ តួយ៉ាងដូចអ្នកស្រី កែវ វណ្ណា គឺជាអ្នកដឹកនាំសហគមន៍ដែលប្រកបដោយចំណេះដឹង ភាពអត់ធ្មត់ ក្លាហាន និងអាចដឹកនាំប្រជាសហគមន៍ផ្សេងទៀត ចូលរួមក្នុងបុព្វហេតុការពារព្រៃសហគមន៍ឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ងាកមកអ្នកស្រី កែវ វណ្ណា វិញ បើទោះបីជាមានវ័យកាន់តែច្រើនហើយក្ដី អ្នកស្រីក៏បង្ហើបពីផែនការដឹកនាំទៅថ្ងៃមុខ ដោយជំរុញឱ្យស្ដ្រីនៅក្នុងសហគមន៍មានភាពក្លាហាន និងអាចដឹកនាំបន្ដ ដោយអាចប្រកៀកស្មាជាមួយបុរសដឹកនាំសហគមន៍ភ្នំទទឹងឱ្យរឹងមាំ និងបម្រើផលប្រយោជន៍ពលរដ្ឋបន្ដទៀត៕
——————————–
ពលរដ្ឋអ្នកសារពត៌មានខេត្តកំពង់ធំ លោក ហ៊ត គឹមហ៊ាត