អង្គការការពារសិទិ្ធមនុស្ស លីកាដូ និងអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមការងារនៃអង្គការសហប្រជាជាតិ ផ្នែកធុរកិច្ច និងសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិចំនួន ៤រូប ផ្សេងទៀត ដោយលើកឡើងអំពីការអនុវត្តកម្ចីបែបកេងប្រវ័ញ្ច និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមួយចំនួននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។
ការដាក់ពាក្យបណ្តឹងនេះ បានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍រួមមួយដែលលីកាដូបានផ្សព្វផ្សាយគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍រួមបានឱ្យដឹងថា ក្នុងពាក្យបណ្តឹងក៏បានអំពាវនាវដល់អ្នករាយការណ៍ពិសេសទាំងនោះ ឱ្យពិនិត្យទៅលើវិបត្តិនៃការជំពាក់បំណុលវ័ណ្ណក និងបង្កើតកិច្ចសន្ទនាជាមួយក្រុមហ៊ុនជាតិ និងពហុជាតិ វិនិយោគិន រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នជាតិដែលពាក់ព័ន្ធ។ បន្ថែមពីនេះ ការទាក់ទងដែលផ្តើមពីអ្នករាយការណ៍ពិសេសនេះ អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់បំផុតនៃវិបត្តិនេះ ទៅលើអ្នកខ្ចីប្រាក់ដែលងាយរងគ្រោះបំផុតនៅកម្ពុជា ដោយអំពាវនាវឱ្យតួអង្គដែលពាក់ព័ន្ធ ត្រូវធ្វើឱ្យវិស័យនេះស្របតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ចនិងសិទ្ធិមនុស្ស(UNGPs) ។
សេចក្តីថ្លែងការណ៍បន្តថា ពាក្យបណ្តឹងនេះ ទាក់ទងនឹងសកម្មភាពរបស់ស្ថាប័នហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា ម្ចាស់ភាគហ៊ុននិងអ្នកវិនិយោគអន្តរជាតិរបស់ស្ថាប័នទាំងនេះ ដែលរួមមាន KB Financial Group ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកូរ៉េខាងត្បូង ធនាគារអភិវឌ្ឍន៍រដ្ឋហូឡង់ FMO ធនាគារ LOLC ដែលមានមូលដ្ឋាននៅប្រទេសស្រីលង្កា និងអ្នកវិនិយោគរដ្ឋ និងឯកជនផ្សេងទៀត ។
អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ មានប្រសាសន៍ថា ស្ថានភាពវិបត្តិមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គឺកាន់តែអាក្រក់ទៅៗ បើទោះបីជាមានការរាយការណ៍ជាសាធារណៈជាច្រើនឆ្នាំ និងទទូចស្នើសុំដល់អ្នកវិនិយោគអន្តរជាតិឱ្យយកចិត្តទុកដាក់លើការផ្តល់ដំណោះស្រាយលើបញ្ហានេះក៏ដោយ ។
អ្នកនាង ណាលី ពីឡូក បានលើកឡើងថា៖« “អតិថិជនរបស់យើង បានបាត់បង់ដី ជីវភាព ហើយករណីខ្លះបាត់បង់ទាំងជីវិត ដោយសារការផ្តល់កម្ចីមីក្រូហិរញ្ញវត្ថុបែបកេងប្រវ័ញ្ចទាំងនេះថែមទៀតផង ។ អ្នកទាំងនោះត្រូវការការអនុគ្រោះលើបំណុលរបស់ពួកគេយ៉ាងខ្លាំង ហើយវិនិយោគិនអន្តរជាតិដែលនៅតែបន្តទទួលបានប្រាក់ចំណេញពីកម្ចីបែបកេងប្រវ័ញ្ចទាំងនេះ ត្រូវតែចាប់ផ្តើមផ្តល់ការអនុគ្រោះលើបំណុលដល់ពួកគេ” ។
ក្នុងសេចក្តីថ្លែងការណ៍រួមឱ្យដឹងថា បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានជាង ១៦ ពាន់លានដុល្លារ ។ ទំហំប្រាក់កម្ចីជាមធ្យមគឺលើសពី ៥ 000ដុល្លារ ដែលជាទំហំខ្ពស់បំផុតនៅលើពិភពលោក និងច្រើនជាង ៣ ដងនៃប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមនៅក្នុងប្រទេសកម្ពុជា ។ ទន្ទឹមនឹងនេះ ឥណទានក្នុងស្រុកដល់វិស័យឯកជនបានកើនឡើងដល់ជាង ១៧០% នៃផលិតផលសរុបក្នុងស្រុក(GDP) ក្នុងឆ្នាំ ២០២៣ ដែលធ្វើឱ្យប្រទេសកម្ពុជាឱ្យជាប់ចំណាត់ថ្នាក់លេខ ៤ លើពិភពលោក និងឆ្លុះបញ្ចាំងពីបញ្ហាបំណុលវ័ណ្ណកក្នុងប្រទេសកម្ពុជា ដែលបានគ្របដណ្តប់លើវិស័យមីក្រូហិរញ្ញវត្ថុ ។
សេចក្តីថ្លែងការណ៍រួមសរសេរថា៖ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារដែលផ្តល់កម្ចីខ្នាតតូច បន្តដាក់សម្ពាធលើកូនបំណុល ឱ្យលក់ដី ខ្ចីកម្ចីឯកជន និងបញ្ឈប់កូនពីការសិក្សា ដើម្បីរកប្រាក់សងបំណុល ។ ប្រាក់កម្ចីទាំងនេះជារឿយៗធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្ត្រី ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភាពក្រីក្រ»។
លោក ម៊ីសូល កាង អ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) មានប្រសាសន៍ក្នុងថ្លែងការណ៍រួមនោះថា ការអនុវត្តការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ចទាំងនេះ នាំឱ្យកូនបំណុល និងគ្រួសាររបស់ពួកគេធ្លាក់ទៅក្នុងភាពក្រីក្រកាន់តែជ្រៅ ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរបស់ពួកគេក្នុងការទទួលបាន ម្ហូបអាហារ សុខភាព ការអប់រំ និងការរស់នៅឱ្យបានសមរម្យ ។
លោកមានប្រសាសន៍បន្ថែមថា ៖ “ដោយអនុលោមតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស គ្រប់តួអង្គទាំងអស់ដែលនៅក្នុងវិស័យនេះ ដែលរួមទាំងក្រុមហ៊ុនមេ អ្នកវិនិយោគ អ្នកផ្តល់ប្រាក់កម្ចី និងរាជរដ្ឋាភិបាល ត្រូវតែចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមានទាំងនេះ និងផ្តល់ដំណោះស្រាយដល់ជនរងគ្រោះ” ។
ពលរដ្ឋអ្នកសារព័ត៌មាននៅមិនទាន់រកការឆ្លើយតបពីអ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា លោក កាំង តុងងី បានទេ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា ការសម្រេចរបស់ក្រុមការពារសិទ្ធិមនុស្សកម្ពុជា និងអន្តរជាតិ ដើម្បីប្តឹងករណីរំលោភបំពានទៅអង្គការសហប្រជាតិ គឺជារឿងដែលពួកគេគួរធ្វើដើម្បីរួមគ្នាទប់ស្កាត់ការរំលោភបំពានណាមួយ ដោយខុសពីគោលការណ៍ច្បាប់ឬការមិនអនុវត្តនូវវិធានការដែលកំណត់ណាមួយជាដើម។
លោកបន្តថា ការដាក់ពាក្យបណ្តឹងរបស់អង្គការលីកាដូ និងអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ នៅមិនទាន់ដឹងថានឹងមានប្រសិទ្ធភាពកម្រិតណាទេ ក៏ប៉ុន្តែសំឡេងរបស់អង្គការសហប្រជាជាតិ ឬអ្នកនាំពាក្យ ឬអ្នកធ្វើការក្នុងនាមអង្គការសហប្រជាជាតិ នឹងអាចពិចារណាបញ្ហាហ្នឹងដាក់ស្នើមករដ្ឋាភិបាល ដើម្បីឱ្យរដ្ឋាភិបាលបានដឹង ហើយក៏ឱ្យទៅខាងភាគីគ្រឹះស្ថានហិរញ្ញវត្ថុឬធនាគារបានយល់ បានដឹងបញ្ហាហ្នឹងដូចគ្នា។
លោកបន្តថា៖ «ដូច្នេះវាជាសញ្ញាណមួយឱ្យភាគីពាក់ព័ន្ធទាំងអស់បានដឹងឪ ហើយ ប្រយ័ត្នប្រយែង ហើយរួមគ្នាដោះស្រាយតាមនីតិវិធី ដើម្បីបញ្ចៀសបញ្ហាហានិភ័យឬរឿងនេះកើតឡើងទៅលើប្រជាពលរដ្ឋដែលជាកូនបំណុល ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុដែលជាអ្នកផ្តល់កម្ចី អីទៅឱ្យពួកគាត់។ ហើយក្នុងករណីនេះ គឺអាចរកគន្លឹះ ឬរកវិធីដោះស្រាយបាន បើសិនជាមានការឯកភាពពីភាគីពាក់ព័ន្ធទាំងអស់ថា មិនចង់ឱ្យកម្ពុជាឬវិស័យហិរញ្ញវត្ថុកម្ពុជាមានបញ្ហាប្រឈមលើឆាកអន្តរជាតិឬមានការដាក់សម្ពាធណាមួយពីសំណាក់គ្រឹះស្ថានអន្តរជាតិមកលើគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជាជាដើម»។
លោកបន្តថា សម្រាប់ស្ថានភាពហិរញ្ញវត្ថុនៅកម្ពុជាដោយឯកជនជំពាក់បំណុលរហូតដល់៥៧ពាន់លានដុល្លារ ដែលជាតួលេខមួយខ្ពស់ ហើយខ្ពស់ជាងជីឌីភីកម្ពុជាទៅទៀត។ លោកនិយាយទៀតថា ប្រសិនបើបញ្ហាបំណុលរបស់រាស្ត្រ រដ្ឋាភិបាលនៅមិនអាចដោះស្រាយនោះ នឹងបង្កការលំបាកដល់ការប្រមូលពន្ធ។ ប្រសិនបើពលរដ្ឋ មិនមានចំណូល មិនមានជីវភាពល្អប្រសើរ ធ្វើឱ្យសេដ្ឋកិច្ចរបស់ពួកគេជួបបញ្ហា ហើយរដ្ឋាភិបាលនឹងជួបញ្ហាហានិភ័យកាន់តែអាក្រក់ថែមទៀត។ លោកបន្ថែមថា បំណុលរបស់ពលរដ្ឋដែលខ្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុឬធនាគារ នៅតែស្ថិតនៅក្នុងហានិភ័យខ្ពស់។
ក្រុមការងារនៃអង្គការសហប្រជាជាតិផ្នែកធុរកិច្ច និងសិទ្ធិមនុស្ស គឺជាស្ថាប័នរាយការណ៍ពិសេស ផ្នែកសិទិ្ធមនុស្សមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១១ ដើម្បីលើកកម្ពស់ ផ្សព្វផ្សាយ និងអនុវត្តគោលការណ៍ណែនាំស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស ក៏ដូចជាផ្តល់អនុសាសន៍សម្រាប់ការអនុវត្តគោលការណ៍ទាំងនោះ៕
……………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ