ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី បានចោទអាជ្ញាធរថា បានរារាំងពួកគាត់មិនឱ្យឡើងទៅរាជាធានីភ្នំពេញ ដើម្បីយកញត្តិដាក់ទាមទារឱ្យមានដំណោះស្រាយជុំវិញបញ្ហាដីធ្លីរបស់ពួកគេ។
តំណាងពលរដ្ឋមកពីឃុំអំពៅព្រៃ លោក ភោគ ផាន់នី ប្រាប់ពលរដ្ឋអ្នកសារពត៌មាន CCIM ថា ពួកគាត់ខកចិត្តចំពោះអាជ្ញាធរស្រុកកណ្តាលស្ទឹង ដែលថា បានហាមឃាត់ពួកគាត់មិនឱ្យយកញត្តិទៅដាក់នៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំកិច្ចអន្ដរាគមន៍ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។
ពលរដ្ឋរូបនេះអះអាងថា អាជ្ញាធរបានបំបិទសិទ្ធសេរីភាព និងរំលោភសិទ្ធមនុស្សដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងមិនព្រមជួយរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។
លោកបន្តថា៖ «ពួកខ្ញុំមានមានសិទ្ធិគ្រប់គ្រាន់តាមច្បាប់ ក្នុងនាមពួកខ្ញុំជាម្ចាស់ដីមិនមែនមកបិទសិទ្ធិរំលោភតាមតែចិត្តចង់ឡើយ។ អាជ្ញាធរពាក់ព័ន្ធគួរណាស់គិតគូរដោះស្រាយ មិនមែនចេះតែគេចវេស រួចមករារាំងអឹចឹងទេ»។
អធិការស្រុកកណ្ដាលស្ទឹង លោក ឡេង សុខរុន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អាជ្ញាធរមិនបានរារាំងតំណាងពលរដ្ឋនោះទេ ដោយលោកលើកហេតុផលថា ថ្នាក់ដឹកនាំកំពុងប្រជុំជាមួយបណ្ដាប្រទេសផ្សេងៗទៀត ដោយលោកសុំការយោគយល់ពីពលរដ្ឋវិញ។
លោកបន្តថា៖ «ខ្ញុំបានប្រាប់ពួកគាត់ហើយ បើយកទៅដាក់ក៏ដាក់ទៅ តែសុំទៅតែ២នាក់ឬ៣នាក់បានហើយ តែពួកគាត់មិនព្រមស្ដាប់ រឿងសិទ្ធិគឺបងប្អូនមានគ្រប់គ្រាន់ហើយ តែក៏ត្រូវយល់ព្រោះវាជាមុខមាត់ប្រទេសយើងទាំងអស់គ្នា។ ពេលសម្ដេចប្រជុំជាមួយប្រទេសដ៌ទៃរួចហើយបងប្អូនអាចទៅដាក់ញត្តិទាមទារបានមិនហាមឃាត់ឡើយ»។
អ្នកសម្របសម្រួលធុរៈកិច្ចនិងសិទ្ធិមនុស្សនៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា ការរារាំងពលរដ្ឋម្ចាស់ដីបែបនេះមិនមែនជារឿងត្រឹមត្រូវឡើយ។ លោកថា នេះគឺជាការរំលោភសិទ្ធិមនុស្សនិងសិទ្ធិដីធ្លីធ្ងន់ធ្ងរ ដែលត្រូវបានធានាដោយច្បាប់ជាតិ និងច្បាប់អន្ដរជាតិ។
លោកបន្តថា៖ «ជម្លោះនេះជាការទទួលខុសត្រូវរបស់ក្រសួងដែនដីពេលពួកគាត់ចង់រកដំណោះស្រាយគឺត្រូវទៅក្រសួងអញ្ចឹងហើយ អាជ្ញាធរគ្មានសិទ្ធិហាមឃាត់ឡើយ អ្នកឃាត់គឺជាអ្នកបំពានច្បាប់ទាំងស្រុង»។
កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ប្រជាពលរដ្ធបាននាំគ្នាប្រមូលផ្តុំតវ៉ាម្ដងរួចមកហើយ នៅមុខសាលាឃុំអំពៅព្រៃ និងបានបន្ដសុំកិច្ចអន្ដរាគមន៍ពីលោកអភិបាលស្រុកកណ្ដាលស្ទឹងផងដែរ តែនៅមិនមានដំណោះស្រាយ។ យ៉ាងណាក្ដីប្រជាពលរដ្ធសង្ឃឹមថា អាជ្ញាធរនិងក្រសួងដែនដី អាចនឹងចេញមុខដោះស្រាយជូនពួកគាត់ បើមិនដូច្នេះទេ ជម្លោះនៅតែកើតមាន៕
____________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល