របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ប្រជាពលរដ្ឋចំនួន៨នាក់រស់នៅភូមិ តានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានជំលោះដីធ្លីជាមួយលោកឧកញ៉ា ហេង ហ៊ុយ បានទាមទាឱ្យតុលាការទំលាក់ចោលការចោទប្រកាន់តាមបណ្តឹងរបស់អ្នកមានអំណាច។
តំណាងពលរដ្ឋម្នាក់អ្នកស្រី ដេត ហួរ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMយើងថា ពេលលោកស្រីឡើងធ្វើបាតុកម្មនៅតាមក្រសួងស្ថាប័នរដ្ឋនានា បែរជាត្រូវលោក ហេង ហ៊ុយ ប្តឹងទៅកាន់តុលាការពីបទបរិហាកេរ្តិ៍ នឹងបង្កាច់កេរ្តិ៍ ឬបង្កអសន្តិសុខសង្គមទៅវិញ។ អ្នកស្រីថា មិនតែប៉ុណ្ណោះពលរដ្ឋចំនួន៨នាក់ត្រូវបានលោក ហេង ហ៊ុយ ប្តឹងជាបន្តបន្ទាប់ទៅតុលាការផងដែរ។
អ្នកស្រីបន្តថា កាលពីថ្ងៃទី២០ ខែកក្កដា តុលាការខេត្តកោះកុងបានប្រកាសសាលក្រមកាត់ទោសអ្នកស្រីអោយជាប់ពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់ ២ ០០០ ០០០ រៀល ប៉ុន្តែទោសនេះត្រូវព្យួរ។ ទោសទណ្ឌនេះ ពាក់ព័ន្ធនឹងបណ្ដឹងរបស់លោក ហេង ហ៊ុយ ដែលប្ដឹងលោកស្រីពីបទ «បរិហារបង្កាច់កេរ្តិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២។ អ្នកស្រីបានចាត់ទុកករណីនេះ ថាជារឿងអយុត្តិធម៌សំរាប់ជនរងគ្រោះដីធ្លីមានភាពទន់ខ្សោយហើយត្រូវតុលាការសំរេចអោយជាប់បែបនេះ។
ក្រៅពីអ្នកស្រី ដេត ហួរ នេះតំណាងពលរដ្ឋ៨នាក់ទៀត ក៏កំពុងជាប់បណ្ដឹងនៅតុលាការដែរ រួមមាន លោកស្រី កើត នៅ លោកស្រី អិន ធូ លោកស្រី អីប តឹង និង លោក ឆាន់ ឈឿន ជាដើម។ ពួកគាត់រងការចោទពីរករណី គឺបទបរិហារកេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល យល់ថា ការប្រើប្រាស់ប្រព័ន្ធតុលាការនេះ គឺដើម្បីដាក់សម្ពាធឲ្យពួកគាត់បញ្ឈប់ការតវ៉ាទាមទារដីធ្លី ដែលត្រូវបានឧកញ៉ា ហេង ហ៊ុយ រំលោភយកទៅនោះ។
ចំណែកអ្នកស្រី កើត នៅ ជាប្រជាពលរដ្ឋរងគ្រោះម្នាក់ទៀតបានថ្លែងថា ពួកគាត់មិនពេញចិត្តចំពោះការសម្រេចរបស់តុលាការជាដាច់ខាត។ អ្នកស្រីបានបន្ថែមទៀតថា ក្រោយពេលតុលាការប្រកាសសាលក្រម តំណាងប្រជាពលរដ្ឋ៨នាក់ទៀត ពួកគាត់គ្រោងប្តឹងទៅឧទ្ធរណ៍ដើម្បីទាមទារកយុត្តិធម៌វិញ។
អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន បានថ្លែងថា ការកាត់ទោសដាក់ពន្ធនាគារលើជនរងគ្រោះដីធ្លីនេះ គឺជារឿងអយុត្តិធម៌សំរាប់ពលរដ្ឋ ព្រោះទំនាស់នេះវាកើតឡើងពីករណីដីធ្លី។
លោកថា៖ «បើជាករណីដីធ្លី តុលាការគួតែពិចារណាទំលាក់ចោលការចោទប្រកាន់ ដើម្បីឱ្យអាជ្ញាធរខេត្ត ក៍ដូចជាក្រសួងរៀបចំដែនដី និងនគរូបនីយកម្មធ្វីការសម្របសម្រួលដោះស្រាយ ដើម្បីបញ្ចប់ទំនាស់ហ្នឹងកាលណាមានការសម្រេចទោសបែបនេះអាចបង្ហាញថាតុលាការបានដាក់នឹងបង្ហាញការគៀបសង្កត់លើប្រជាពលរដ្ឋដែលមានភាពទន់ខ្សោយជាងភាគីម្ខាងទៀតដូចឧកញ៉ា»។
ប្រជាពលរដ្ឋបានចោទប្រកាន់ថា ក្រុមហ៊ុនរបស់លោក ហេង ហ៊ុយ បានរំលោភយកដីស្រែចម្ការរបស់ពួកគាត់តាំងតែពីឆ្នាំ២០០៧មកម៉្លេះ ហើយពាក្យបណ្ដឹងរបស់ពលរដ្ឋដែលដាក់នៅក្រសួងរៀបចំដែនដី និងស្ថាប័នជាតិផ្សេងៗទៀត មិនត្រឹមតែក្រសួងមិនបានដោះស្រាយឲ្យជាច្រើនដង រួចថែមទាំងបង្គាប់ទៅដល់សមត្ថកិច្ចឲ្យតាមរកមុខបុគ្គល ដែលបានញុះញង់ឲ្យពលរដ្ឋទាំង១៩៧គ្រួសារ ឡើងមកតវ៉ានៅរាជធានីភ្នំពេញទៀតផង៕
……………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺអ្នកស្រី មុំ សុភី