កសិករនៅឃុំព្រែកដាច់ ក្នុងខេត្តកណ្ដាល ត្អូញត្អែរពីតម្លៃស្វាយកែវល្មៀតធ្លាក់ថ្លៃខ្លាំង ដោយ១គីឡូក្រាមមានតម្លៃក្រោម២០០រៀល ដែលបញ្ហានេះ កសិករបានស្នើដល់ក្រសួងពាក់ព័ន្ធជួយដោះស្រាយឱ្យតម្លៃបានខ្ពស់ជាងនេះ។
លោក សឿន រាម ជាកសិកររស់នៅក្នុងភូមិព្រែកដាច់ ដែលជួលដើមស្វាយកែវល្មៀតគេធ្វើ៣០០ដើម ក្នុងតម្លៃ៣លានរៀលក្នុងមួយឆ្នាំ។ លោកបានត្អូញត្អែរថា ដោយសាររដូវកាលនេះតម្លៃស្វាយកែវល្មៀតធ្លាក់ថ្លៃខ្លាំងចម្លោះពី១៥០រៀល ទៅ១៧០រៀល ក្នុងមួយគីឡូក្រាម បានធ្វើឱ្យលោកខាតដើម ជំពាក់ថ្លៃដី និងថ្លៃថ្នាំ។
លោក រាម បន្ថែម៖«ប្រមូលផលទើបតែបានប្រហែល៥លានរៀល គ្រាន់តែថ្លៃថ្នាំថ្លៃជីសងគេមិនរួចផង។ ស្វាយតម្លៃ១៥០រៀលសង្ឃឹមអី គ្រាន់តែឱ្យអ្នកបេះហ្នឹងអស់បាត់។ ជួលគេបេះ១ថ្ងៃ៥ម៉ឺនរៀល។ ធ្វើម៉េច! យើងធ្វើចម្ការ បើអ្នកធំមិនជួយគិតយើង តើយើងធ្វើយ៉ាងម៉េច? ស្នើក្រសួងជួយធ្វើយ៉ាងណាឱ្យស្វាយបានថ្លៃ»។
ចំណែក លោក ជា ជឿន កសិករក្នុងភូមិព្រែកតូច បានប្រកបរបរដាំស្វាយកែវល្មៀត៤ឆ្នាំមកហើយ។លោក អះអាងថា លោកប្រមូលផលស្វាយចំតែពេលស្វាយធ្លាក់ថ្លៃ។ លោកថា ផ្លែស្វាយដែលស្រោបស្បោងមានពណ៌ស្អាត គឺតម្លៃខ្ពស់ជាងផ្លៃស្វាយដែលគ្មានស្បោងស្រោប។
លោក ជា ជឿន ឱ្យដឹងថា ស្វាយស្រោបស្បោងបានតម្លៃជាង១ពាន់រៀល ក្នុងមួយគីឡូក្រាម ខណៈស្វាយមិនស្រោបស្បោងមានតម្លៃចន្លោះពី១៥០រៀល ទៅ១៧០រៀលប៉ុណ្ណោះ។ លោកថា លោកមានដើមស្វាយប្រមាណ៣០០ដើម ដោយប្រមូលផលភាគច្រើនក្នុងខែឧសភា ខែសីហា និងខែកញ្ញា។ លោក ជា ជឿន បន្ថែមថា ករណីតម្លៃស្វាយធ្លាក់ចុះនេះនឹងធ្វើឱ្យខាតថ្លៃដើមច្រើន។
លោក ជឿន បញ្ជាក់៖«ស្វាយខៀវបើតម្លៃ៨រយ ទៅ១ពាន់រៀលអាចចំណេញខ្លះ។ ស្វាយកញ្ចប់រិតតែចុះទុនច្រើនទៅលើថ្លៃកញ្ចប់ ឈ្នួលច្រក ឈ្នួលបេះ ឈ្នួលអ្នកយកស្វាយចេញពីកញ្ចប់ ថ្លៃថ្នាំ ថ្លៃជី ថ្លៃអកម៉ូនជាដើម»។ ស្វាយធ្លាក់ថ្លៃតាំងពីមុនចូលឆ្នាំខ្មែរ»។
ដូចគ្នានេះដែរ លោក អេង សុខ រស់នៅភូមិតាហីង ក្នុងឃុំព្រែកដាច់ ក៏ជួបបញ្ហាស្វាយធ្លាក់ថ្លៃខ្លាំងដែរ។ លោកថាទោះតម្លៃថោកយ៉ាងណា ក៏លោកត្រូវបង្ខំបេះលក់ដែរ ដើម្បីបានលុយខ្លះដោះស្រាយបំណុល និងមិនចង់ទុកឱ្យស្វាយជ្រុះចោល។
លោក អេង សុខ ឱ្យដឹងថា លោកមានដើមស្វាយកែវល្មៀតប្រមាណ៣០០ដើម ដោយមួយឆ្នាំលោកចំណាយដើមទុនជាង៣លានរៀលទៅលើជីថ្នាំ។
លោកបន្ថែមថា៖«ខ្ញុំមិនអាចកាប់ដើមស្វាយ ទៅដាំអ្វីផ្សេងបានទេ។ មានតែស្នើក្រសួងពាក់ព័ន្ធជួយរកទីផ្សារឱ្យទេ បើមិនអ៊ីចឹងកសិករប្រឈមនឹងការចំណាកស្រុកទៅរកការងារធ្វើនៅស្រុកផ្សេងហើយ»។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកត្រូវការពេលវេលា ដើម្បីត្រួតពិនិត្យជាមួយអ្នកជំនាញសិន។ ដោយលោកថា ដើម្បីដឹងថាកន្លែងណាជាដែនសមត្ថកិច្ចរបស់ក្រសួងកសិកកម្ម។
លោក ឃឹម ហ្វីណង់ បញ្ជាក់បន្ថែម៖«ការងារនេះខ្ញុំត្រូវការពេលវេលាឆេកជាមួយជំនាញសិន ហើយខ្ញុំនឹងផ្ដល់ចម្លើយវិញនៅពេលក្រោយ។ បើត្រូវការបន្ទាន់ប្រហែលមិនអាចផ្ដល់ចម្លើយបានភ្លាមៗទេ»។
ចំណែកលោក ប៉ែន សុជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ស្វាយដែលមានកិច្ចសន្យាទទួលទិញលក់ច្បាស់លាស់ និងមានការវិចខ្ចប់ត្រឹមត្រូវសម្រាប់ការនាំចេញ គឺពិតជាមានការធ្លាក់ថ្លៃបន្តិចបន្តួចមែន ប៉ុន្តែមិនប្រែប្រួលតម្លៃខ្លាំងឡើយ។
លោកបន្ថែមថា តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RCEP) រវាងកម្ពុជានិងចិន កម្ពុជានិងកូរ៉េ ការនាំចេញកន្លងមក ទីផ្សារស្វាយមានជាហូរហែ ហើយប្រជាកសិករក៏ធ្លាប់ទទួលបានអត្ថប្រយោជន៍ជាហូរហែដែរ។
លោកបន្តថា អ្វីដែលកសិករនៅឃុំលើកដែកលើកឡើង គីជាកង្វល់របស់កសិករនៅកន្លែងតូចមួយ ដែលមិនឆ្លុះបញ្ចាំងពីបញ្ហាទូទៅសម្រាប់ទូទាំងប្រទេសឡើយ។ ទោះជាយ៉ាងណា លោកថា តម្លៃស្វាយលក់ទៅឱ្យឈ្មួញវៀតណាមនៅឃុំលើកដែកដែលធ្លាក់ថ្លៃនោះ ទាមទារការសិក្សាស្រាវជ្រាវស៊ីជម្រៅបន្ថែមទៀត ដើម្បីដឹងពីបញ្ហាច្បាស់លាស់។
លោក ប៉ែន សុជាតិ បញ្ជាក់បន្ថែម៖«ខ្ញុំទទួលបានព័ត៌មានថ្លៃស្វាយពីជុំវិញរាជធានីខេត្ត ឃើញថាតម្លៃស្វាយនាំចេញមិនប្រែប្រួលខ្លាំងគួរឱ្យកកត់សម្គាល់ ដែលតម្រូវឱ្យមានការចាត់វិធានការធំដុំទេ ព្រោះតម្លៃស្វាយមិនស្ថិតក្នុងស្ថានភាពប្រែប្រួលខ្លាំង។ អ្វីដែលក្មួយសម្ភាសខ្ញុំថ្ងៃនេះ ពុំអាចឆ្លុះបញ្ចាំងទីផ្សារស្វាយទូទាំងប្រទេសបានទេ ដោយសារតែក្មួយសម្ភាសតែមួយកន្លែងនៅឃុំព្រែកដាច់។ ស្វាយដែលធ្លាក់ថ្លៃខ្លាំងនោះ ប្រហែលជាស្វាយដែលមិនគ្រប់ទៅតាមបទដ្ឋានរបស់ការនាំចេញ»។
បើតាមការ អះអាងរបស់កសិករ គឺកាលពីខែមេសា និងឧសភាឆ្នាំមុន ស្វាយកែវល្មៀតក្នុងរដូវបានតម្លៃជាង៣០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ស្វាយខៀវធម្មតា។ ឯស្វាយដែលបានស្រោបស្បោង ឬវេចខ្ចប់ត្រឹមត្រូវនោះ គបានតម្លៃជាង១០០០រៀល ជាតម្លៃទាបផុត។ ដោយឡែកក្នុងខែមេសាឆ្នាំនេះ ស្វាយខៀវបានតម្លៃចន្លោះ១៥០រៀលទៅ១៧០រៀលក្នុងមួយគីឡូក្រាម។ ឯស្វាយដែលបានវេចខ្ចប់ត្រឹមត្រូវមានតម្លៃតែ៣០០រៀលប៉ុណ្ណោះ ហើយកសិករខ្លះលក់មិនចេញថែមទៀតផង។
កសិករស្នើក្រសួងពាក់ព័ន្ធ ជួយរកទីផ្សារឱ្យតម្លៃស្វាយខៀវមានតម្លៃចាប់ពី៧០០រៀលឡើង ហើយស្វាយដែលវេចខ្ចប់ត្រឹមត្រូវ សុំឱ្យតម្លៃចាប់ពី២០០០រៀលឡើងទៅ។
សូមបញ្ជាក់ថា ស្វាយនៅឃុំព្រែកដាច់ ឈ្មួញទិញយកទៅលក់នៅប្រទេសវៀតណាម។ ហើយស្វាយដែលឈ្មួញទិញ ទាល់តែមានទំហំផ្លែចាប់ពី៤ស្មើនឹងមួយគីឡូក្រាម បើតូចជាងនេះត្រូវផាត់ចោល។ មិនត្រឹមតែខាងព្រោះតម្លៃស្វាយធ្លាក់ទាបទេ ប៉ុន្តែកសិករត្រូវខាតបន្ថែមទៀត បើស្វាយេរបស់ពួកគេមានទំហំតូចៗច្រើន៕
………………………………………
រាយការណ៍ដោយពលរដ្ឋអ្នកសារព័ត៌មាន ប៉ូ សាគុណ