ពលរដ្ឋប្រមាណជាង ១០០គ្រួសារបានប្រមូលផ្ដុំគ្នានៅមុខស្នងការដ្ឋាននគរបាលខេត្តកំពត បន្ទាប់ពីសមត្ថកិច្ចខេត្តនេះបានកោះហៅពលរដ្ឋចំនួន ៣នាក់ ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយឈ្មួញរកស៊ីទិញដីម្នាក់ឈ្មោះ «ឈុំ ផល្លី»។
នៅក្រោមមេឃភ្លៀងរលឹម នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមពលរដ្ឋមានជម្លោះដីធ្លីបានឈរនៅមុខស្នងការដ្ឋាននគរបាលខេត្តកំពត ដោយពួកគេសម្ដែងការមិនពេញចិត្តចំពោះអាជ្ញាធរខេត្តនេះដែលមិនអាចជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេបាន ហើយថែមទាំងចេញលិខិតកោះហៅពលរដ្ឋមានជម្លោះដីធ្លី៣នាក់មកសួរនាំ តាមពាក្យបណ្ដឹងរបស់បក្ខពួកឈ្មួញដែលបានឈរឈ្មោះជំនួសម្ចាស់ដីចំនួន៣៣គ្រួសារ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក។
ក្រុមប្រជាពលរដ្ឋអះអាងថា ឈ្មួញដែលទន្ទា្រនយកដីអាស្រ័យផលរបស់ពលរដ្ឋ គឺជាក្រុមហ៊ុនរបស់អ្នកស្រី ឈុំ ផល្លី និងដោយសារប្រជាពលរដ្ឋនៅក្នុងភូមិមិនព្រមលក់ដីឱ្យខ្លួន ពួកគេបានប្រើកម្លាំងគំរាមកំហែងពលរដ្ឋ និងក្លែងបន្លំឯកសារខុសច្បាប់ ដោយដាក់មនុស្សឈរឈ្មោះជាន់គ្នាដើម្បីបានដី ក្រោមការសម្របសម្រួលពីអាជ្ញាធរ។
ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ លោក សុខ គន្ធី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ប្រជាពលរដ្ឋនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង បានទទួលរងការគំរាមកំហែង និងទន្ទ្រានយកដីដែលពួកគេអាស្រ័យផលជាយូរមកហើយ ដោយពុំមានអាជ្ញាធរណាហ៊ានចេញមុខអន្ដរាគមន៍ឡើយ។
លោកបន្ដថា ពលរដ្ឋមានជម្លោះដីធ្លីក៏រងការចោទប្រកាន់ផ្សេងៗពីសំណាក់សារព័ត៌មានដែលគ្មានវិជ្ជាជីវៈ ផ្សាយព័ត៌មានបំភ្លៃការពិត និងចាំផ្សាយឱ្យក្រុមឈ្មួញ។
លោកបន្ដថា៖ «ថ្នាកដឹកនាំខេត្តជួយសម្រួលដល់ពួកគាត់នេះផង គាត់មានទុក្ខលំបាករាប់ឆ្នាំមកហើយ។ គាត់មានការគាបសង្កត់ពីក្រុមហ៊ុន ឬឯកជនមួយចំនួន គាត់តែងតែមានរឿងជាមួយពលរដ្ឋជានិច្ច។ ដូចខ្ញុំអញ្ចឹងដែរ មានសារព័ត៌មានមួយចំនួនសុទ្ធតែអនាធិបតេយ្យ សូមចុះមកមើលផង មុននឹងថា ពលរដ្ឋជាអនាធិបតេយ្យ»។
តំណាងពលរដ្ឋមានជម្លោះដីធ្លី អ្នកស្រី ម៉ម កែវ ចាត់ទុកការកោះហៅពលរដ្ឋមកសួរនាំនេះជារឿងអយុត្តិធម៌ ដោយថា ពលរដ្ឋក្រីក្រ និងគ្មានអំណាច គឺចាំតែខុស និងរងការប្ដឹងផ្ដល់ពីក្រុមឈ្មួញ ដោយថា ពលរដ្ឋទាំង១៨៩គ្រួសារបានស្នាក់នៅអាស្រ័យផលជាក់ស្ដែងនៅតំបន់នេះ ខណៈជម្លោះដីធ្លីជាមួយក្រុមហ៊ុនចេះតែអូសបន្លាយគ្មានដំណោះស្រាយ។
បើតាមតំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីរូបនេះ បើទោះបីចំនួនប្រជាពលរដ្ឋកើនឡើង ក៏ពួកគេបង្កបង្កើនផលនៅត្រឹមដីសហគមន៍ដែលពួកគេទាមទារប៉ុណ្ណោះ និងមិនទៅកាន់កាប់លើដីរបស់ក្រុមហ៊ុននោះទេ។ ប៉ុន្ដែថា ភាគីក្រុមឈ្មួញទៅវិញទេ ដែលដាក់ឈ្មោះមនុស្សក្លែងក្លាយ ដើម្បីមានអំណះអំណាងច្បាមយកដីប្រជាពលរដ្ឋ ដោយមានការជ្រួយជ្រោមជ្រែងពីអាជ្ញាធរ។
អ្នកស្រីបន្ដថា៖ «តាំងពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០២១នេះ ព្រោះថា ពួកខ្ញុំកាប់នឹងកាំបិទ និងពូថៅ គ្មានអាត្រាក់អីណាទេ។ ព្រោះថា បងប្អូនធ្វើតាមលទ្ធភាពជនក្រីក្រ មិនមែនបំពានទៅបុគ្គលណាទេ។ ពួកខ្ញុំនិយាយតែការពិត ពួកខ្ញុំចង់ឱ្យថ្នាក់លើនេះចុះពិនិត្យជាក់ស្ដែង ព្រោះពួកខ្ញុំរស់នៅមានដំណាំ មានផ្ទះសម្បែងពិតប្រាកដយូរមកហើយ»។
ស្នងការរងទទួលផែនការការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពត លោក លក ញ៉ាវ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ពលរដ្ឋទាំង៣នាក់ ដែលសមត្ថកិច្ចកោះហៅមកសួរនាំមានឈ្មោះ «មាស ខ្ចី» ភេទស្រី «ឌី ជ្រឿន» ភេទប្រុស និងឈ្មោះ «ផន ភី» ភេទប្រុស។ ការសួរនាំនេះ គឺធ្វើតាមពាក្យបណ្ដឹងរបស់ពលរដ្ឋ ៣៣គ្រួសារ ដែលអះអាងថា ជាម្ចាស់កម្មសិទ្ធិលើដីស្របច្បាប់ និងចោទប្រកាន់ទៅពលរដ្ឋខាងលើថា បានលួចកាន់កាប់អាស្រ័យផលលើដីរបស់ពួកគេ។
យ៉ាងណាក៏ដោយ លោកថា ការសួរនាំនេះគឺដើម្បីស្វែងរកភស្ដុតាង ដើម្បីបញ្ជូនទៅចាត់បន្ដតាមនីតិវិធីតុលាការ ដោយខាងលោកមិនមានចំណាត់ការលើសពីនេះឡើយ។
លោកបន្ដថា៖ «៣៣គ្រួសារប្ដឹងគាត់ដែលទន្ទ្រានយកដីរបស់ពួកគាត់។ អ្នកទាំងនោះមានដីដែលអាជ្ញាធរទទួលស្គាល់ត្រឹមត្រូវរបស់គេ បើខាងគាត់អត់។ យើងសួរនាំហើយដើម្បីស៊ើបអង្កេតបញ្ជូនទៅតុលាការមានវិធានការ»។
ពាក់ព័ន្ធនឹងជម្លោះដីធ្លីនេះដែរ លោក លក ញ៉ាវ លើកឡើងថា ដំបូងឡើយ ពលរដ្ឋចំនួន ៣៣គ្រួសារបានលក់ដីឱ្យឈ្មោះ «ហ៊ាង គន្ធី» ក្នុងតម្លៃ ៧ម៉ឺនដុល្លារអាមេរិក ហើយឱ្យឈ្មោះ «ហ៊ាង គន្ធី» បានលក់បន្ដទៅឈ្មោះ «ឈុំ ផល្លី»។ ប៉ុន្ដែ លោកថា ដោយសារឈ្មោះ «ហ៊ាង គន្ធី» មិនមានលុយផ្ដល់ទៅភាគីពលរដ្ឋ ទើបប្រជាពលរដ្ឋដដែលនោះចូលមកកាន់កាប់ដីឡើងវិញ។
លោកបន្ដថា៖ «ប្រជាពលរដ្ឋគាត់លក់ឱ្យ ហ៊ាង គន្ធី ក្នុងតម្លៃលុយ ៧ម៉ឺនដុល្លារ អញ្ចឹង ហ៊ាង គន្ធី អត់ទាន់បានឱ្យលុយគ្រប់ អញ្ចឹងគាត់ក៏ទៅកាន់កាប់ដីហ្នឹងឡើងវិញ។ ហ៊ាង គន្ធី បានលក់ដីឱ្យទៅ ឈុំ ផល្លី ដីដែលទិញពីប្រជាពលរដ្ឋកន្លងមក។ ដាក់ឈ្មោះ ហ៊ាង គន្ធី បើ ហ៊ាង គន្ធី មិនឱ្យលុយគាត់គ្រប់ចំនួន»។
ពាក់ព័ន្ធជម្លោះដីធ្លីនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពតនេះ ពលរដ្ឋ១៨៩គ្រួសារ និងសព្វថ្ងៃកើនដល់ ៤០០គ្រួសារបានកំពុងរស់នៅ និងអាស្រ័យផលជាក់ស្ដែងតាំងពីឆ្នាំ២០០៤មក ប៉ុន្ដែ ពួកគេអះអាងថា មានក្រុមឈ្មួញជាច្រើនកំពុងសំឡឹងឃើញដីធ្លីនៅតំបន់នេះ ដូចជាមានឈ្មោះ «ឈុំ ផល្លី» «ហ៊ាង គន្ធី» និង «អាំ ផល្លីន» និងឈ្មោះឈ្មួញផ្សេងទៀត។
ពលរដ្ឋថា ក្រុមឈ្មួញទាំងនេះបានគ្រប់មធ្យោបាយមានទាំងក្លែងបន្លំឯកសារខុសច្បាប់ ការគប់គិតជាមួយអាជ្ញាធរមូលដ្ឋាន និងគំរាមកំហែង និងសម្លាប់ពលរដ្ឋ ដោយធ្វើយ៉ាងណាឱ្យពួកគេព្រមលក់ដី និងបង្ខំឱ្យចាកចេញដោយគ្មានសំណងសមរម្យឡើយ៕
___________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក អុំ វិចិត្រ