អាជ្ញាធរឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្រាយបំភ្លឺជូនពលរដ្ឋទាក់ទងនឹងការកែលម្អប្រឡាយមួយខ្សែនៅក្នុងឃុំនេះ ក្រោយពលរដ្ឋចោទថា បានរំលោភចូលដីស្រែរបស់ពួកគាត់។
ពលរដ្ឋម្នាក់រស់នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី លោក ម៉ម ចន្ទ័ណាង ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរឃុំស្រង់ និងមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ បានជីកកាយប្រឡាយចាស់ដោយមិនបានជូនដំណឹងជាមុន និងបានហួសចូលដីស្រែរបស់អ្នកភូមិប្រមាណ ៤ម៉ែត្រ។
លោក ម៉ម ចន្ទ័ណាង ស្នើឱ្យអាជ្ញាធរឃុំ និងមន្ទីរធនធានទឹកដោះស្រាយដោយផ្ដល់ជូនសំណងណាមួយសមរម្យ ប្រសិនបើមានគម្រោងណាមួយនាពេលខាងមុខ។
លោកបន្ដថា៖ «មិនឱ្យប្រជាពលរដ្ឋក្នុងភូមិបានដឹងជាមុន សុខៗ អាជ្ញាធរនិងខាងធនធានទឹកនាំគ្នាចុះវាស់វែងធ្វើការជីកប្រឡាយចូលដីស្រែអ្នកស្រុកទាំងសងខាងប្រឡាយចូលដីស្រែអ្នកភូមិ៣ទៅម៉ែត ៤ម៉ែត្រ ពួកគាត់មិនសុខចិត្តទេ។ ខ្ញុំក៏បានសួររកក្រដាសស្នាមកំណត់ដីរបស់រដ្ឋ តែឈ្មោះ រ៉ា ខាងធនធានទឹកប្រាប់ថា គឺខ្ញុំនេះហើយជាក្រដាសស្នាម»។
ពលរដ្ឋម្នាក់ទៀត ជាចាស់ទុំក្នុងភូមិ លោក ម៉ុត ម៉េង មានប្រសាសន៍ថា ពលរដ្ឋមិនតវ៉ាអ្វីនោះទេ ប្រសិនបើគម្រោងអភិវឌ្ឍន៍នោះបានជូនដំណឹង និងផ្ដល់សំណងសមរម្យជូនពលរដ្ឋ។
លោកបន្ដថា៖ «បានជារដ្ឋមានការអភិវឌ្ឍទៅហើយ ខ្ញុំក៏គ្មានការទំនាស់អ្វីដែរ តែចូលដីខ្ញុំនិងបងប្អូនអ្នកស្រុកភូមិ ដូច្នេះហើយសូមឱ្យអាជ្ញាធរ និងធនធានទឹកជួយដោះស្រាយជាលុយកាក់ ព្រោះអីដីស្រែរបស់ពួកខ្ញុំអាស្រ័យផលជារៀងរាល់ឆ្នាំ»។
មេឃុំស្រង់ លោក អូន ម៉េង ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះថា អាជ្ញាធរបានជួបប្រជុំជាមួយពលរដ្ឋទាក់ទងករណីភាន់ច្រឡំនេះ។ លោកថា អាជ្ញាធរឃុំ និងមន្ទីរធនធានទឹកមិនបានរំលោភបំពាន និងជីកកាយដីចូលដីស្រែរបស់ពលរដ្ឋឡើយ ដោយថា នេះជាការយល់ច្រឡំមួយព្រោះមន្ដ្រីឃុំមិនបានផ្សព្វផ្សាយឱ្យបានដល់ប្រជាពលរដ្ឋ។
លោកថា អាជ្ញាធរគ្រាន់តែបានចុះទៅកាយដី ដើម្បីលើកផ្លូវខ្នងប្រឡាយទាំងសងខាងឱ្យស្អាត ដោយថា ការជីកលើកដីនេះ គឺមិនបានប៉ះពាល់ដីស្រែពលរដ្ឋទេ និងថា បើមានករណីរំលោភបំពានណាមួយមែន អាជ្ញាធរនឹងដោះស្រាយជូន។
លោកបន្ដថា៖ «យើងមានការធ្វើឱ្យលើសឯណា យើងធ្វើតែចំណីតើ យើងប្រាប់ប្រជាពលរដ្ឋថា អាហ្នឹង វាហៀទេ។ អាឡូវ លែងអីហើយ ទាល់ត្រង់អញ្ចេះទេ ត្រង់ខ្ញុំឱ្យមេភូមិផ្សព្វផ្សាយ ដោយធ្វើការច្រើនទៅ មន្ដ្រីភូមិបានប្រាប់ដែរ ប៉ុន្ដែ ពលរដ្ឋខ្លះឆ្លើយថា អត់ដឹង។ គាត់មានការមិនអស់ចិត្ត បើសិនបានប្រាប់គាត់ផ្ទាល់ឱ្យច្បាស់ វាលែងអីហើយ»។
មេឃុំស្រង់ លោក អូន ម៉េង គូសបញ្ជាក់ថា អាជ្ញាធរឃុំ និងមន្ទីរធនធានទឹកមានគម្រោងស្ដារប្រឡាយ និងលើកផ្លូវសងខាងប្រឡាយ ដែលមានប្រវែងសរុបចំនួន ១០០០ម៉ែត្រ ឆ្លងកាត់ភូមិក្រាំងធ្នុង និងពង្រ ក្នុងឃុំស្រង់ ស្រុកកណ្ដាលស្ទឹង។ លោកថា ការកែលម្អប្រឡាយ និងផ្លូវនេះនឹងជួយដល់បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្មរបស់ពលរដ្ឋ៕
_______________________________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សួស ចាន់ឌឿន