សេចក្ដីរាយការណ៍ពីពលរដ្ឋអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលក្នុងស្រុកឱ្យដឹងថា ពលរដ្ឋមានជម្លោះដីធ្លី៩នាក់ត្រូវបានតុលាការខេត្តកោះកុង បញ្ជាឱ្យឃុំខ្លួនជាបណ្តោះអាសន្នទៅពន្ធនាគារខេត្ត ដោយចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីពួកគេនាំគ្នាព្យាយាមឡើងទៅតវ៉ានៅរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យទម្លាក់បទចោទនិងដោះលែងអ្នកតវ៉ាដីធ្លីផ្សេងទៀត។
ពលរដ្ឋអ្នកសារព័ត៌មានបានរាយការណ៍ថា នៅម៉ោងប្រមាណ៩ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ពលរដ្ឋមានជម្លោះដីធ្លីប្រមាណ១០០នាក់ មកពីស្រុកស្រែអំបិលនិងស្រុកបូទុមសាគរ បានព្យាយាមចេញដំណើរទៅរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិស្នើសុំដល់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឱ្យអន្ដរាគមន៍ដោះលែងសកម្មជនដីធ្លី ៣០នាក់ ដែលមកពីសហគមន៍ចំនួន៤។
បើតាមសេចក្ដីរាយការណ៍ដដែល អធិការដ្ឋាននគរបាលស្រុកស្រែអំបិលបានរារាំងនិងឃាត់ខ្លួនមនុស្សប្រុសស្រីនិងកុមារចំនួន១៣នាក់ នៅចំណុចភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ដោយរួមទាំងស្រ្តីតំណាងសហគមន៍ដីធ្លី ៣រូបផងដែរ គឺអ្នកស្រី ផាវ ញើង អ្នកស្រី ស្រី ដេត ហួរ និងអ្នកស្រី រិច ស៊ីង។ ក្រោយមក សកម្មជនដីធ្លី១១នាក់ត្រូវបានបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តកោះកុង។
អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកោះកុង លោក ង៉ែត ស៊ីណាប់ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ការឃាត់ខ្លួនសកម្មជនដីធ្លីនេះមានគោលដៅតែទៅលើមនុស្ស៣នាក់ប៉ុណ្ណោះ ប៉ុន្ដែ អ្នកតវ៉ាដីធ្លីប្រមាណ១០នាក់ផ្សេងទៀតបានស្ម័គ្រចិត្តអមដំណើរឱ្យគេឃាត់ខ្លួនជាមួយដោយរួមទាំងក្មេងតូចផងដែរ។
យ៉ាងណាមិញ លោកឱ្យដឹងទៀតថា មកទល់ពេលនេះ អ្នកតវ៉ាដីធ្លីចំនួន ៩នាក់ ក្នុងនោះប្រុស៣នាក់ ត្រូវបានសមត្ថកិច្ចសាកសួរ និងបញ្ជូនខ្លួនទៅតុលាការខេត្តកោះកុងដើម្បីចាត់ការបន្ដ។
លោកមានប្រសាសន៍បន្ដថា៖ «ពលរដ្ឋដែលមានទុក្ខហាក់បីដូចជាកូនមានបញ្ហាទៅឱ្យម៉ែឪជួយ។ អញ្ចឹងខុសត្រូវយ៉ាងណាត្រូវស្រាវជ្រាវ និងរកដំណោះស្រាយដោយរដ្ឋបាលខេត្ត និងរដ្ឋាភិបាល។ សំណូមពរផងដែរ សុំឱ្យរដ្ឋាភិបាលនិងរដ្ឋបាលខេត្តយកចិត្តទុកលើពលរដ្ឋ បើទោះបីជាមានការខុសត្រូវយ៉ាងណា ត្រូវមានវិធានការណាមួយដែលមានតម្លាភាពល្អ មិនចាំបាច់ឃុំខ្លួន»។
ពលរដ្ឋអ្នកសារព័ត៌មានបានព្យាយាមទាក់ទង តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ ដើម្បីស្នើសុំព័ត៌មានលម្អិត ប៉ុន្ដែ ទូរសព្ទមិនមានអ្នកទទួល។
កូនប្រុសអ្នកស្រី ផាវ ញើង លោក ហុង ពិសិដ្ឋ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ពេលគេចាប់ខ្លួនម្ដាយគាត់នោះ អាជ្ញាធរមិនបានពន្យល់ពីបទល្មើស និងការចោទប្រកាន់មកលើក្រុមអ្នកតវ៉ាដីធ្លីនោះទេ។ ក្រៅពីនេះ លោកអះអាងថា អាជ្ញាធរបានគំរាមកំហែង និងដកយកទូរសព្ទ និងសម្ភារៈផ្សេងៗទៀតផង។
លោកថ្កោលទោសចំពោះការឃាត់ខ្លួនអ្នកតវ៉ាដីធ្លីពីសំណាក់អាជ្ញាធរនេះ ដោយសារពួកគេមិនបានជួយរកយុត្តិធម៌ដល់ពលរដ្ឋក្រីក្រនោះទេ។
លោក ហុង ពិសិដ្ឋ បន្ដថា៖ «ខ្ញុំមានអារម្មណ៍ថា ឈឺចាប់ខ្លាំង។ ពេលអាជ្ញាធរមកចាប់ពលរដ្ឋក្រីក្រ យើងរងសម្ពាធពីមន្ត្រីរាជការដែលគាត់គ្មានកំហុសអីសោះ។ ចាប់ខ្លួនដូចអ្នកទោសល្មើសច្បាប់ ក្បត់ជាតិ។ សព្វថ្ងៃនេះ គាត់ជាស្ត្រីមេម៉ាយមានកូន៦នាក់ក្នុងបន្ទុក។ យើងសួរគាត់ថា យើងខុសអី ខំប្រឹងអង្វរគាត់ គំរាមយើងពេលដែលយើងថត សកម្មភាពដែលពួកគាត់ចាប់ហ្នឹង គឺគាត់ដេញចាប់យើងយកទូរសព្ទយើងតែម្ដង»។
ពលរដ្ឋម្នាក់ទៀតដែលប្រាប់ពលរដ្ឋអ្នកសារព័ត៌មានក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា គោលបំណងពួកគាត់ទៅដាក់ញត្តិនៅក្រសួងយុត្តិធម៌ ដើម្បីជួបរដ្ឋមន្ដ្រី លោក កើត រិទ្ធ ឱ្យជួយអន្តរាគមន៍ ហើយពួកគាត់មិននាំគ្នាទៅច្រើនទេ គឺទៅតែមួយឡាន ប៉ុណ្ណោះ ដោយគ្នាចំនួន១៧នាក់ ខណៈពលរដ្ឋមានជម្លោះដីធ្លីប្រមាណ៣០នាក់ ត្រូវតុលាការចោទប្រកាន់និងកោះហៅជាបន្តបន្ទាប់។
លោកបន្ដថា៖ «គោលដៅរបស់អាជ្ញាធរគឺគេចាប់តែ៣នាក់ទេ។ ក៏ប៉ុន្តែពួកគាត់ ១០នាក់ទៀតក៏សុំទៅជាមួយពួកគាត់ នៅតែបន្តទាមទារតវ៉ាដើម្បីឲ្យដោះលែងពួកគាត់ទាំងអស់គ្នា»។
បើតាមរបាយការណ៍ចេញផ្សាយដោយអង្គការលីកាដូកាលពីថ្ងៃទី១ ខែកក្កដា ឱ្យដឹងថា យ៉ាងតិចណាស់សកម្មជនដីធ្លី៩នាក់ មកពីសហគមន៍ចំនួន ៤ នៅក្នុងខេត្តកោះកុង ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ ហើយត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដោយគ្រាន់តែអ្នកទាំងនោះព្យាយាមដាក់ញត្តិទៅកាន់ក្រសួងយុត្តិធម៌។
យ៉ាងណា ការចាប់និងឃុំខ្លួនសកម្មជនដីធ្លីខេត្តកោះកុងជិត១០នាក់ ដែលមានបំណងឡើងមករកកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិនេះ ស្របពេលកម្ពុជាកំពុងដំណើរការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយដែលមានឈ្មោះក្នុងបញ្ជីប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ៕
——————————————–
ពលរដ្ឋអ្នកសារព័ត៌មាន អ្នកស្រី មុំ សុភី