តុលាការខេត្តកណ្តាលបានសម្រេចដោះលែងប្រជាពលរដ្ឋមានជម្លោះដីធ្លីចំនួន ៩នាក់ឱ្យនៅក្រៅឃុំ បន្ទាប់ពីចោទប្រកាន់ពួកគេពីបទបង្កហិង្សាដោយចេតនាទៅលើសមត្ថកិច្ចឱ្យរងរបួស។
ក្នុងសេចក្ដីសម្រេចចំនួន៩ ដាច់ដោយឡែកពីគ្នាចេញចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោក វ៉ាន់ សុបញ្ញា បានសម្រេចដោះលែងអ្នកតវ៉ាដីធ្លីដែលនៅសេសសល់ចំនួន ៩នាក់ឱ្យនាក់នៅក្រៅឃុំ បន្ទាប់ពីបានចាប់ពួកគេកាលពីថ្ងៃទី១២ខែកញ្ញាកន្លងទៅនេះ ដោយចោទថាពួកគេបានបង្កហិង្សាដោយចេតនាទៅលើសមត្ថកិច្ច១៣នាក់ឱ្យរងរបួស និងបង្កអសន្ដិសុខដោយចោទថា ពលរដ្ឋមានជម្លោះដីធ្លីជាង១០០នាក់បានប្រមូលគ្នាផ្ដុំគ្នាតវ៉ានៅចំណុចភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង។
បើតាមដីកាដោះលែងរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោក វ៉ាន់ សុបញ្ញា ការដោះលែងនេះគ្រាន់តែឱ្យនៅក្រៅឃុំ ប៉ុន្ដែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការខេត្តដដែល។
យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលលើកឡើងថា ការដោះលែងឱ្យអ្នកតវ៉ាទាំងនេះបាននៅក្រៅឃុំ គឺគ្រាន់តែធ្វើឱ្យពួកគាត់អាចមកនៅផ្ទះបានតែប៉ុណ្ណោះ ប៉ុន្តែនៅតែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល ដូច្នេះសេរីភាពសម្រាប់ពួកគាត់គឺគ្មានឡើយ ដែលថា នេះគឺជាការរារាំងមិនឱ្យពួកគេហ៊ានចេញតវ៉ាចំពោះដំណោះស្រាយដីធ្លីរបស់ខ្លួន។
លោក វណ្ណ សូផាត ជាមន្រ្តីសម្របសម្រួល ធុរកិច្ចនិងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានប្រាប់ពលរដ្ធអ្នកសារពត៌មានថា អ្វីដែលជាការបារម្ភរបស់គាត់ចំពោះប្រជាពលរដ្ឋគឺការមិនយល់ដឹងឲ្យអំពីច្បាប់និងនិតិវិធីរបស់តុលាការ ចំពោះការដោះលែងនេះ។ លោកបន្ដថា ការដោះលែងឲ្យនៅក្រៅឃុំនេះគឺនៅក្រោមការពិនិត្យរបស់តុលាការដដែល ចឹងទេ វាមិនខុសអ្វីពី ចងខ្សែនោះទេ អាចដើរបានត្រឹមខ្សែគេចងឲ្យដើរលើសហ្នឹងគឺមិនបាន។ លោកបន្ថែមថា ការចាប់ម្ចាស់ដីដាក់ពន្ធធនាគារវាមិនមែនជារឿងត្រឹមត្រូវឡើយ បើក្នុងនាមជាម្ចាស់គ្រាន់តែការពារដីហើយត្រូវមានទោសនោះ វាជារឿងអយុត្ដិធម៍ណាស់។
លោក ឌុក ខន ឱពុករបស់លោក ឌុក ស៊ីណាត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកសប្បាយចិត្តនៅពេលឃើញកូនស្រីរបស់គាត់អាចត្រឡប់មកផ្ទះវិញ និងអាចទៅរៀនសូត្រវិញ។
ប្រពន្ធលោក សយ រ៉ា គឺអ្នកស្រី ប៊ូ លាប ប្រាប់ថា ក្រោយពីចាប់ប្ដីលោកស្រី លោកស្រីមានការបារម្ភយ៉ាងខ្លាំងថា មិនដឹងប្ដីលោកស្រីយ៉ាងណាយ៉ាងណីទេ មិនដឹងកន្លែងឃុំប្ដីលោកស្រីនិងការហូបចុកបានគ្រប់គ្រាន់នោះទេ។ លោកស្រីបញ្ជាក់ថា ប្ដីលោកកំពុងមានជំងឺ ហើយការដោះលែងគាត់ឱ្យគាត់ត្រឡប់មកផ្ទះវិញក៏អនុញ្ញាតឱ្យគាត់បានមើលថែសុខភាពរបស់គាត់ផង៕
_____________________
ពលរដ្ឋអ្នកសារព័ត៌មានCCIM៖