មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានអះអាងថា អធិការរងនគរបាលក្រុងកំពតម្នាក់ ត្រូវបានបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី បន្ទាប់ពីរកឃើញថាមន្ត្រីរូបនោះប្រើប្រាស់សារធាតុញឿន។
កាលពីព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៣នេះ លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងកំពត ត្រូវបានបណ្ដេញចេញពីក្របខណ្ឌមន្ដ្រីនគរបាលជាតិ បន្ទាប់ពីរកឃើញថា មានពាក់ព័ន្ធជាមួយករណីប្រើប្រាស់គ្រឿងញៀន និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិកម្ពុជា។
ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ពិតជាមានការដកអធិការរងក្រុងកំពតមែន។ លោកថា ការដកនេះក្រោយរកឃើញសារធាតុញៀនក្នុងខ្លួនមន្ត្រីរូបនោះ ត្បិតលោកថា មុននឹងមានការដកតំណែងនេះលោកធ្លាប់បានដាក់វិន័យម្ដងរួចមកហើយដោយបញ្ឈរជើង៣ខែ ប៉ុន្ដែអធិការរងក្រុងរូបនេះនៅតែបន្ដសកម្មភាពដដែល។
យ៉ាងណា លោកបន្ដថា មន្ត្រីស្នងការខេត្ដក៏បានបញ្ជូនអធិការរងក្រុងទៅកាន់តុលាការរួចហើយកាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ដើម្បីបន្ដនីតិវិធីតាមច្បាប់ ហើយការសម្រេចបែបណាអាស្រ័យលើតុលាការ។
លោកថា៖«បាទ ដកចេញមែន។ ខ្ញុំធ្លាប់ដាក់វិន័យម្ដងរួចហើយ ប៉ុន្ដែមិនស្ដាប់។ ចាំមើលតុលាការគេសម្រេចចុះ ខ្ញុំបានបញ្ជូនទៅតុលាការព្រឹកមិញហើយ»។
នៅលើផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្ដកំពតបានចេញផ្សាយថា ខ្លួនបានអនុវត្ដតាមបទបញ្ជារបស់លោក ស សុខា រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃលើបញ្ហាបង្រ្កាបគ្រឿងញៀនលើមន្រ្ដីរាជការ។ ជាក់ស្តែង ស្នងការដ្ឋាននគរបាលខេត្តកំពត និងគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិចំពោះលោកអនុសេនីយ៏ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន និងបានធ្វើអោយប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិ។
នាយកប្រតិបត្ដិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានចាត់ទុកថា បញ្ហានេះអាចកើតចេញការប្រព្រឹត្ដអំពើពុករលួយ។ លោកបន្ដថា បើមន្រ្ដីខ្លួនឯងប្រើប្រាស់គ្រឿងញៀនបែបនេះ តើឱ្យពលរដ្ឋជឿជាក់លើមន្រ្ដីរដ្ឋបានយ៉ាងដូចម្ដ៉េច?។ បញ្ហានេះលោកថា នឹងធ្វើឱ្យពលរដ្ឋកើតការព្រួយបារម្ភកាន់តែខ្លាំង ដែលទាមទារឱ្យហ្មតចត់ចំពោះការរើសមន្រ្ដីរាជការ ដើម្បីចៀសវាងបញ្ហាដដែលៗកើតឡើង។
លោកបន្ដថា៖«ខ្ញុំគិតថាកន្លងមកមានមន្ដ្រីខ្លះជាអ្នករកស៊ីគ្រឿងញៀន ដើម្បីអាចឱ្យខ្លួនងាយស្រួលរកស៊ីក៏បុកលុយចូលធ្វើមន្រ្ដី។ខ្ញុំគិតថាក្រសួងពាក់ព័ន្ធគួរតែពិនិត្យឡើងវិញចំពោះការរើសមន្រ្ដីរាជការ ដើម្បីឱ្យវាមានតម្លាភាព»។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា រឿងការចាប់ខ្លួន និងដកតំណែងអធិការរងក្រុងកំពតនេះ វាជាកាតព្វកិច្ចរបស់ក្រសួងមហាផ្ទៃទេ រឿងចំណាត់ការបែបណានោះ ខាងអង្គភាពប្រឆាំងអំពើពុករលួយធ្វើតែលើករណីប្រព្រឹត្ដអំពើពុករលួយប៉ុណ្ណោះ។ ដោយឡែកលោកថា ករណីកើតនេះជាករណីប្រើប្រាស់គ្រឿងញៀន វាខុសពីកាតព្វកិច្ចរបស់អង្គភាពលោក។
អ្នកនាំពាក្យរូបនេះបន្ដថា៖«ករណីនេះជាករណីប្រើប្រាស់គ្រឿងញៀន វាមិនមានអីពាក់ព័ន្ធនឹងអង្គប្រឆាំងអំពើពុករលួយឡើយ»។
យ៉ាងណា នាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានលើកឡើងថា ករណីនេះបង្កជាការព្រួយបារម្ភកាន់ខ្លាំងដល់ពលរដ្ឋ ត្បិតមន្ត្រីនគរបាលប្រើប្រាស់គ្រឿងញៀននេះអាចមានច្រើនទៀត។
លោកថា៖«វាជារឿងល្អហើយ ខ្ញុំគាំទ្រ ប៉ុន្ដែខ្ញុំចង់ក្រសួងពាក់ព័ន្ធបន្ដសកម្មភាពបែបនេះទៀត ដើម្បីឱ្យប្រទេសរបស់យើងអាចគេចពីបញ្ហាគ្រឿងញៀន។ យើងជាអង្គការសង្គមស៊ីវិលយើងអបអរសាទរ»។
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យបណ្ដេញចេញពីក្របខណ្ឌតែម្ដង ចំពោះមន្ដ្រីនគរបាលរូបណាដែលតេស្ដរកឃើញមានសារធាតុញៀន។ ការដាក់បទបញ្ជាក្នុងក្របខណ្ឌមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ពីលោក ស សុខា បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ស សុខា បានព្រមានជាថ្មីម្ដងទៀត ចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន សូមដកខ្លួនចេញឱ្យឆ្ងាយ ខណៈអ្នកដែលដឹងថា ខ្លួនមានសារធាតុញៀន ក៏ត្រូវស្វែងរកវិធីសាស្ដ្រដើម្បីផ្ដាច់ចោល។
ករណីមន្ត្រីនគរបាលយុត្តិធម៌នេះដែរ កាលពីថ្ងៃទី លោក គឹម ជាតិ ត្រូវបានព្រះមហាក្សត្របញ្ចប់មុខតំណែងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ ការដកមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ ក្រោយមានបណ្តឹងពីក្រុមហ៊ុនឈីវ ទីម៉ិចគ្រុប ជុំវិញការចុះបង្ក្រាបទីតាំងស្រារបស់ក្រុមហ៊ុននេះ ដោយបានដកហូតវត្ថុតាងមួយចំនួន និង យកប្រាក់ពីភាគីក្រុមហ៊ុនចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកជាថ្នូរនឹងការបើកដំណើរការអាជីវកម្មក្រុមហ៊ុននេះធម្មតាវិញ៕
…………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន