តំណាងសហគមន៍ព្រៃឈើអូរតាក្រេះស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ បានបង្ហាញជំនឿថា ក្រោយការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០២៣ទៅ បទល្មើសផ្សេងៗក្នុងព្រៃសហគមន៍មួយនេះនឹងលែងមាន ដោយសង្ឃឹមថានឹងការចូលរួមសហការល្អពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងបក្សនយោបាយដែលឈ្នះការបោះឆ្នោតផងដែរ។
ប្រធានសហគមន៍ព្រៃឈើអូរតាក្រេះ លោក គួន កែម អាយុ ៥៧ ឆ្នាំ រស់នៅក្នុងភូមិស្រែស្រម៉ ឃុំទីពោ ទទួលបានការសាទរពីប្រជាពលរដ្ឋ បោះឆ្នោតជូនជាប់ជាប្រធានគណៈកម្មការនាថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ហាក់មានភាពសកម្មលើការងារចុះល្បាត និងការពារថែទាំ អះអាងថា ព្រៃសហគមន៍បច្ចុប្បន្នមិនមានការលួចចូលកាប់បំផ្លាញច្រើនទៀតនោះទេ ត្បិតការចុះល្បាតកន្លងមកមានការសហការល្អពីអាជ្ញាធរភូមិ និងប្រជាការពារភូមិ។ ជាមួយគ្នានេះ លោកសង្ឃឹមថា ក្រោយការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខចប់ បទល្មើសផ្សេងៗនៅតំបន់នេះនឹងលែងកើតតែម្តង។
លោករំពឹងទុកថា៖ «ក្រោយពីបោះឆ្នោតជាតិខាងមុខនេះ នឹងមានការជួយជ្រោមជ្រែងទប់ស្ពាត់បទល្មើសពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអង្គការនានាទាំងផ្នែកបច្ចេកទេស ព្រមទាំងហិរញ្ញវត្ថុក្នុងការការពារព្រៃសហគមន៍អូរតាក្រេះបន្តទៀត »។
តំណាងសហគមន៍និយាយថា ព្រៃសហគមន៍មួយនេះមានប្រជាពលរដ្ឋចំនួន ២៨៦ គ្រួសារ អាស្រ័យផលពីផលអនុផលព្រៃឈើ ដូចជាដកផ្សិត បេះផ្លែគុយ រកវល្លិ៍ ជ័រ ផ្តៅ រកឃ្មុំជាដើម។ ព្រៃសហគមន៍អូរតាក្រេះ បង្កើតឡើងនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ ២០០៩ ដោយមានផ្ទៃដីសរុបជិត៦០០ហិកតា(សរុប ៥៨៩.៩៧ ហិកតា)។
តំណាងប្រជាពលរដ្ឋ និងជាអនុប្រធានសហគមន៍ លោក ព្រំ គន្ធី រស់នៅភូមិ ស្រែស្រម៉ ឃុំ ទីពោ ស្រុកសន្ទុក ខេត្ត កំពង់ធំ បានរៀបរាប់ប្រាប់ពលរដ្ឋសារព័ត៌មានថា សហគមន៍ព្រៃឈើអូរតាក្រេះ បច្ចុប្បន្ននេះ មានសភាពល្អប្រសើរជាងមុន ដោយមានពុំមានបទល្មើស និងការលួចកាប់ឆ្កាបន្តដូចកាលកន្លងទៅនោះទេ។ លោកបន្តថា ភាពល្អប្រសើរនេះ បន្ទាប់ពីមានវត្តមានរដ្ឋបាលព្រៃឈើតាំងក្រសាំង ជួយរៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មការសារជាថ្មី ជាប្រធានសហគមន៍តែម្តង។ គណៈកម្មការបានស្រុះស្រួលគ្នាចុះល្បាតជាប្រចាំមួយខែយ៉ាងតិច ៥ ដង ដោយការចុះល្បាតនេះ មិនមានការឧបត្ថម្ភពីអង្គការ ឬ ស្ថាប័នណាមួយទេ គឺជាថវិកាផ្ទាល់ខ្លួនក្នុងការចាក់សាំង និងទិញទឹកជាដើម។
បេក្ខជនតំណាងរាស្ត្រនិងជាសមាជិកក្រុមការងារខេត្តកណ្តាលមកពីគណបក្សភ្លើងទៀននិងជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរ លោក តុល ប្រាសាទ បានឱ្យដឹងថាៈ គណបក្សភ្លើងទៀន មានចែងក្នុងសៀវភៅគោលនយោបាយគ្រប់ អ្វីដែលជាផលប្រយោជន៍របស់ជាតិទាំងមូល ក្នុងនោះមានរួមមានវិស័យកសិកម្ម ព្រៃឈើជាដើម។ ក្នុងនោះមានការបំបែកជាសារនយោបាយ ៥ ចំណុច ដែលប្រជាជនបានដឹងតាមប្រព័ន្ធផ្សព្វផ្សាយទូទៅ។
លោកបានបន្ថែមទៀតថា៖ «បើសិនជាគណបក្សភ្លើងទៀន បានឈ្នះឆ្នោត ឬបានជាប់តំណាងរាស្ត្រ ប្រាកដជាយកចិត្តទុកដាក់ទៅលើទុកកង្វល់របស់ប្រជាពលរដ្ឋ ពិសេសដែលជាចំណុចសំខាន់ វិស័យកសិកម្ម ព្រៃឈើនេះ ដែលយើងមើលសព្វថ្ងៃ រងផលប៉ះពាល់ធំធេងណាស់នៅព្រះរាជាណាចក្រកម្ពុជាយើង។ ដូច្នេះគោលនយោបាយគណបក្សភ្លើងទៀនមានគ្រប់គ្រាន់យកទៅអនុវត្ត នៅពេលឈ្នះឆ្នោត»។
លោកបានបញ្ជាក់បន្ថែមទៀតថា៖ រឿងថវិកាក្នុងចាត់ចែងជួយដល់សហគមន៍ព្រៃឈើ មិនទាន់អាចនិយាយបានទេ នៅពេល
ឈ្នះ ទើបនិយាយបាន ចាត់ចែងតាមវិស័យនីមួយៗ» ។
ប្រធានសហគមន៍ព្រៃឈើអូរតាក្រេះ ឡើងធ្វើជាប្រធានតាមរយៈការបោះឆ្នោតជ្រើសរើសពីប្រជាពលរដ្ឋ លោក គួន កែម អាយុ ៥៧ ឆ្នាំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រោយពេលលោកត្រូវបោះឆ្នោតជ្រើសរើសជាប្រធានគណៈកម្មការសហគមន៍លោកបានដឹកនាំកម្លាំងសមាជិកគណៈកម្មការ ចុះល្បាតជាប្រចាំ និងបានចុះបោះបង្គោលព្រុំដីសហគមន៍បាន ៥៣ ដើមបន្ថែមទៀតផងដែរ។
លោករំពឹងទុកថា៖« សង្ឃឹមថា ថ្នាក់ដឹកនាំគ្រប់គ្នា និងជួយយកចិត្តទុកដាក់លើកស្ទួយការងារការពារព្រៃឈើ ដើម្បីឱ្យស្ថិតស្ថេរយូរអង្វែង ក្រោយពីបោះឆ្នោតជាតិចប់សព្វគ្រប់»។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសមួយ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការបង្កើតនិងការគ្រប់គ្រងតំបន់ព្រៃសហគមន៍ក្នុងខេត្តកំពង់ធំ ដែលមានព្រៃសហគមន៍ចំនួន ៨២ សហគមន៍។
បើតាមប្រតិទិនរបស់ គ.ជ.ប. បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃនាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧៕
—————————-
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក សំណាង មានរិទ្ធិ