តុលាការខេត្ដកំពង់ឆ្នាំងសាកសួរមន្ត្រីរដ្ឋបាលស្រុកកំពង់លែង២នាក់ និងពលរដ្ឋម្នាក់ពាក់ព័ន្ធការទន្ទ្រានយកដីព្រៃលិចទឹក៩ហិកតានៅជាប់បឹងទន្លេសាបធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់ ខណៈមន្ត្រីសង្គមស៊ីវិលគាំទ្រចំណាត់ការនេះ។
កាលពីថ្ងៃទី៣០ ខែមីនាឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោក ពុំ សុផល អាយុ៥៩ឆ្នាំ ជា អភិបាលរងស្រុកកំពង់លែង លោក លឹម ដានីន អាយុ៥៣ឆ្នាំ ជាប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង និងលោក ជួន តុំ អាយុ៥៣ ឆ្នាំ ជាប្រជាពលរដ្ឋ និងជាម្ចាស់សិប្បកម្មផលិតទឹកកកត្រពាំងពេជ្រ ដើម្បីសាកសួរ និងបានបញ្ជូនទៅតុលការនៅថ្ងៃទី៣ ខែមេសានេះ ក្រោយរកឃើញថា ពួកគេទាំង៣នាក់នោះ បានទន្ទ្រាយយកដីព្រៃលិចទឹកដោយខុសច្បាប់។
អ្នកនាំពាក្យសាលាដំបូងខេត្ដកំពង់ឆ្នាំង លោក ទេព មុនិន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតាមតេឡេក្រាមនៅថ្ងៃទី៣ខែមេសានេះថា តុលាការកំពុងសាកសួរជនជាប់ចោទទាំង៣នាក់នោះ ដោយរហូតមកដល់ម៉ោង២រសៀលថ្ងៃនេះ ពុំទាន់មានការសម្រេចបែបណានៅឡើយទេ។
អ្នកនាំពាក្យរូបនេះថ្លែងថា៖«មិនទាន់អាចឆ្លើយបានទេបង ព្រោះស្ថិតក្នុងការសាកសួររបស់តំណាងអយ្យការនៅឡើយបង»។
ចំណែកអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្ដ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនជនជាប់ចោទទាំង៤នាក់នោះ គឺបន្ទាប់ពីទទួលបានរបាយការណ៍ពីមន្ត្រីជលផលស្រុកកំពង់លែង ដោយចោទថា លោក ពុំ សុផល លោក លឹម ដានីន និងលោក ជួន តុំ បានរំលោភយកដីព្រៃលិចទឹកនៅជាប់តំបន់បឹងទន្លេសាបមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
លោក សយ ច័ន្ទវិចិត្ដ បន្ដថា ក្រោយពីសាកសួររួច គឺអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនពួកគេទៅតុលាការខេត្ដកំពង់ឆ្នាំង ដើម្បីបន្ដនីតិវិធីតាមច្បាប់។ លោកថា អង្គភាពប្រឆាំងអំពើពុករលួយប្រឆាំងដាច់ខាតចំពោះទង្វើរបស់មន្ត្រីណាដែលធ្វើផ្ទុយពីច្បាប់។
លោកថ្លែងថា៖«យើងមិនគាំទ្រដាច់ចំពោះទង្វើណាផ្ទុយនឹងច្បាប់។យើងបានបញ្ជូនតាំងពីម៉ោង៩កន្លះព្រឹក។ខ្ញុំសង្ឃឹមថាមន្ដ្រី និងពលរដ្ឋទាំងអស់មិនប្រព្រឹត្ដអ្វីដែលខុសច្បាប់ដើម្បីបានសុខសន្ដិភាព»។
បើតាមលិខិតបំភ្លឺរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញថា ជនសង្ស័យទាំង៣នាក់ប្រើប្រាស់ឧបាយកលមួយចំនួនដូចជា ការធ្វើលិខិតទិញលក់ ដែលធាតុពិតដីនេះមិនដែលមានការអាស្រ័យផល ហើយថា ក្រោយទទួលបានលិខិតទិញលក់ភ្លាម ពួកគេបានដាក់ត្រាក់ទ័រចំនួន៥គ្រឿង ចូលឈួសឆាយតែម្តង ដោយក្នុងគោលបំណងធ្វើការឈួសឆាយឱ្យបានរួចរាល់ក្នុងរយៈពេលតែមួយថ្ងៃ។
លិខិតដដែលនេះបន្តថា ដោយសារតំបន់នោះមានព្រៃលិចទឹកដែលមានទំហំធំៗ បានធ្វើឱ្យការឈួសឆាយសម្រេចបានត្រឹមតែដីទំហំ៤ហិចតា នៃផ្ទៃដី៩ហិចតា ហើយថា ការឈួសឆាយក្នុងថ្ងៃទី២ត្រូវបានបែកការណ៍ដល់មានមន្រ្តីជលផលស្រុកកំពង់លែង ហើយបានចុះទៅឃាត់ និងរាយការណ៍ដល់ថ្នាក់ខេត្ត ព្រមទាំងរៀបចំឯកសារសំណុំរឿងបញ្ជូនទៅតុលាការផងដែរ។
អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា បទល្មើសនេះមានជាប់ពាក់ពន្ធ័ និងបញ្ញត្តិច្បាប់ត្រង់មាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
នាយកចាត់ការទូទៅ នៃអង្គការលីកាដូ លោក អំ សំអាត បានគាំទ្រចំណាត់ការនេះ ដោយលោកបាន ជំរុញឱ្យអង្គភាពប្រឆាំងអំពើពុលរលួយប្រើយុទ្ធសាស្រ្ដបែបនេះបន្ដទៀត ដើម្បីចាត់វិធានការដល់មន្ត្រីផ្សេងទៀត កុំឱ្យប្រព្រឹត្ដអំពើពុករលួយ ជាពិសេសអនុវត្តលើមន្រ្ដីធំៗដែលព្យាយាមប្រព្រឹត្ដអំពើពុករលួយ។
លោកបញ្ជាក់ថា៖«យើងគាំទ្រចំពោះចំណាត់ការនេះ តែយើងក៏សោកស្ដាយដែរ ដែលមន្រ្ដីខ្លួនឯងយកតួនាទីប្រព្រឹត្ដបទល្មើសខុសច្បាប់បែបនេះ។ខ្ញុំសង្ឃឹមថាអង្គភាពនឹងបន្ដអនុវត្ដបន្ថែមទៀតលើមន្រ្ដីណាដែលប្រព្រឹត្ដខុសដោយតម្លាភាព»។
កាលពីថ្ងៃ២៦ ខែមេសាឆ្នាំ២០២៣ អតីតនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអនុក្រឹត្យលេខ៨៣បង្ហាញពីដីតំបន់ទ្រនាប់នៃដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។
អនុក្រឹត្យនោះ បានកំណត់ឱ្យតំបន់ទាំងនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ហើយរដ្ឋបាលខេត្តទាំងនេះមានភារកិច្ច កាតព្វកិច្ច និងការទទួលខុសត្រូវលើការគ្រប់គ្រង ថែរក្សា និងត្រូវចាត់វិធានការតាមច្បាប់ជាបន្ទាន់ ក្នុងករណីពិនិត្យឃើញថា មានសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់ដែនតំបន់២ក្នុងភូមិសាស្រ្តខេត្តនីមួយៗរៀងៗខ្លួន។
ការចូលទន្រ្ទានកាន់កាប់ដី និងការបំផ្លាញព្រៃលិចទឹកនៅក្នុងតំបន់២ ត្រូវបានហាមឃាត់ ហើយរាល់ការសាងសង់ថ្មីនូវទំនប់ប្រឡាយដោយសហគមន៍ ឬដោយអាជ្ញាធរមូលដ្ឋាន ត្រូវមានការអនុញ្ញាតជាមុនពីក្រសួងធនធានទឹក និងឧតុនិយម។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ គឺធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់នាយករដ្ឋមន្ត្រីថ្មីលោក ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះ បានឱ្យក្រសួងបរិស្ថាន និងសម្ថកិច្ចពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ៕
………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន