ជនជាតិដើមភាគតិចពូនងជាង៦០គ្រួសារ ដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ នៅភូមិក្បាលរមាសចាស់ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង បានជំរុញទៅអាជ្ញាធរឱ្យពន្លឿនការចេញបណ្ណកម្មសិទ្ធិដីសមូហភាព ដើម្បីឈានទៅរកដោះស្រាយសំណងផលប៉ះពាល់ ក្រោយពួកគាត់មិនព្រមចាក់ចេញពីភូមិចាស់នេះរយៈពេលជាង៧ឆ្នាំ។
តំណាងសហគមន៍ជនជាតិដើមភាគតិចពូនងនៅឃុំក្បាលរមាសចាស់ អ្នកស្រី ស្រាំង ឡាញ់ បានរៀបរាប់ប្រាប់ពលរដ្ឋអ្នកសារព័ត៌កាលពីចុងខែមករាឆ្នាំ២០២៥នេះថា បច្ចុប្បន្នពលរដ្ឋដែលមិនព្រមចាកចេញពីភូមិចាស់បានកើនឡើងដល់៦៣គ្រួសារហើយ។ អ្នកស្រីថា អ្នកដែលមិនព្រមចាកចេញកំពុងបន្តទាមទារទៅអាជ្ញាធរឱ្យពន្លឿនចេញបណ្ណកម្មសិទ្ធដីជាសមូហភាពជូនពួកគាត់ ដោយពួកគាត់បារម្ភពីការបណ្តេញចេញជាលើកទី២ ឬខ្លាចក្រុមហ៊ុនរំលោភយកនៅថ្ងៃក្រោយ។
អ្នកស្រី ស្រាំង ឡាញ់ ជាជនជាតិភាគតិចពូនងអាយុ៤៨ឆ្នាំ និយាយថា ក្រោយក្រុមហ៊ុនបិទទំនប់ឱ្យជាន់លិចផ្ទះ និងភូមិចាស់រយៈពេលជាង៧ឆ្នាំនេះ គឺអ្នកភូមិបានផ្លាស់មករស់នៅទីទួលសុវត្តិភាពដែលនៅក្បែរភូមិចាស់ប្រហែល៦គីឡូម៉ែត្រ ហើយបានទាមទារទៅរដ្ឋបាលខេត្តស្ទឹងត្រែងឱ្យកាត់ឆ្វៀលដីទំហំ៧០០០ហិកតានៅតំបន់នោះទាំងផ្ទៃទឹក និងដីគោកឱ្យពួកគាត់កាន់កាប់ និងចុះបញ្ជីជាដីសមូហភាព ប៉ុន្តែរហូតពេលនេះ អាជ្ញាធរមិនទាន់ដោះស្រាយបានឡើយ។
អ្នកស្រីបន្ថែមថា៖«ទីមួយយើងបារម្ភក្លាចក្រុមហ៊ុនមកទន្ទ្រានយកអស់ដីអស់ធ្លី។ទីពីរយើងបារម្ភខ្លាចអាជ្ញាធរបន្លំឯកសាររបស់យើងព្រោះសម័យឥលូវគេយកឯកសារ មិនមែនដូចតាខ្ញុំគេចំណាំព្រំទេ»។
បើតាម អ្នស្រី ស្រាំង ឡាញ់ គឺកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ តំណាងសហគមន៍ជនជាតិដើមភាគតិចពូនងបានទៅជំរុញអាជ្ញាធរស្រុកឱ្យចុះវាស់វែង និងពិនិត្យមើលព្រំដីម្តងទៀត ដើម្បីពន្លឿនការចេញប័ណ្ណកម្មសិទ្ធដីជាសមូហភាពជូនពួកគាត់។
អ្នកស្រីថា ដើមឡើយអ្នកភូមិទាមទារឱ្យអាជ្ញាធរកាត់ឆ្ងៀលដី និងចេញប័ណ្ណកម្មសិទ្ធជាដីជាសមូហភាពទំហំ៧០០០ហិកតា ក្រោយមកចុះដល់៤០០០ហិកតានៅឆ្នាំ២០២០ ប៉ុន្តែអាជ្ញាធរនៅតែមិនព្រម ដោយថា ការទាមទារនេះធំធេងពេក។ មកដល់ឆ្នាំ២០២៣ ពួកគេក៏បានកាត់ទំហំដីដែលបានស្នើសុំចុះបញ្ជីមកនៅត្រឹមតែ ៣០០០ហិកតា ហើយអាជ្ញាធរនៅតែមិនព្រមទៀត។
អ្នស្រី ស្រាំង ឡាញ់ បានឱ្យដឹងថា នៅឆ្នាំ២០២៥នេះ អ្នកភូមិស្នើសុំចុះបញ្ជីដីសមូហភាពត្រឹមតែ២០០០ហិកតាប៉ុណ្ណោះទុកសម្រាប់ក្មេងជំនាន់ក្រោយ ខណៈអាជ្ញាធរអះអាងថា ខ្លួនកំពុងសិក្សាលើសំណើរនេះ។
អ្នកស្រីបន្ថែមថា៖«យើងចង់ថែរក្សាការពារទឹកដីព្រៃឈើវប្បធម៌ប្រពៃណីយើងឱ្យជាប់។អស់មួយជំនាន់នៅមួយជំនាន់។ អីចឹងអាជ្ញាធរយើងគួរតែគិតរឿងនេះ។ គិតតែសម្បទានៗឱ្យក្រុមហ៊ុន។ចុះបើក្រុមហ៊ុនឈូសឆាយព្រៃយើងអស់។ចុះបើកូនចៅយើងកើនឡើងថ្ងៃក្រោយ១០ទៅ២០ឆ្នាំទៀត។ តើក្រុមហ៊ុនចែកដីហ្នឹងឱ្យកូនចៅយើងវិញទេ? គេមិនចែកទេ ទាល់តែយើងមានលុយទិញបានៗ។ ដូច្នេះយើងមិនចង់ឱ្យមានអីចឹងទេ។ យើងមានដីព្រៃឈើសម្រាប់កូនចៅយើង កន្លែងណាចង់កាប់ចំការយើងធ្វើចំការ កន្លែងយើងត្រូវទុកយើងទុក»។
ជនជាតិដើមភាគតិចពូនងលោក ឡឹម ផានី និយាយថា ពលរដ្ឋនៅភូមិក្បាលរមាសចាស់ប្រកបមុខរបរដូចជាការចិញ្ចឹមសត្វពាហនៈ ការធ្វើស្រែចម្ការវិលជុំ និងការនេសាទត្រីជាដើម។ លោកថា កន្លែងភូមិចាស់វា បានអំណោយផលសម្រាប់ពួកគាត់ប្រកបមុខរបរទាំងនេះ ខណៈកន្លែងថ្មីពួកគាត់មិនអាចប្រកបរបរអ្វីបាននោះទេ។
លោក ផានី បន្តថា បញ្ហានេះហើយដែលអ្នកភូមិមិនព្រមចាកចេញពីភូមិចាស់ ហើយបន្តទាមទារទៅអាជ្ញាធរឱ្យកាត់ឆ្វៀលដី និងពន្លឿនចុះបញ្ជីដីសមូហភាពនៅតំបន់ភូមិចាស់ឱ្យពួកគាត់បានគ្រប់គ្រងដោយស្របច្បាប់។
លោកបន្ថែមថា៖«យើងព្រួយបារម្ភពីការបាត់បង់ដី និងព្រៃឈើ។ ប្រសិនអាជ្ញាធរចេះតែពន្យាពេលមិនព្រមវាស់វែង និងចុះបញ្ជីដីសមូហភាពស្របច្បាប់ឱ្យពួកយើងទេ វាអាចគេមិនទន្ទ្រានយកទាំងក្រុមហ៊ុន និងជនចំណូលស្រុកព្រោះយើងគ្មានអីសំអាងជាមួយគេទេ។បច្ចុប្បន្ននេះមានការគេចូលកាប់ឈើ និងទន្ទ្រានយកសហគមន៍ខ្លះៗដែរ»។
កាលពីឆ្នាំ២០០៩ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ស្តីពី នីតិវិធី នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដោយអនុក្រឹត្យនេះ មានគោលដៅកំណត់គោលការណ៍នីតិវិធី និងយន្តការសម្រាប់ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជាកម្មសិទ្ធិសមូហភាព។
អនុក្រឹត្យនេះ ក៏មានគោលបំណងផ្ដល់សិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីដល់សហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាសុវត្ថិភាព នៃការកាន់កាប់ដីធ្លី និងការពារសិទ្ធិសមូហភាព ដោយរក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីល្អរបស់សហគមន៍ជនជាតិដើមភាគតិចផងដែរ។
មាត្រា៦ នៃអនុក្រឹត្យនេះ បានបញ្ជាក់ថា ដីដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច រួមមាន ដីលំនៅឋាន ដីដែលសហគមន៍ប្រកបរបរធ្វើកសិកម្មតាមប្រពៃណី មានដីដាំដុះជាក់ស្ដែង ដីស្រែចម្ការ ដីបម្រុងទុកចាំបាច់ក្នុងការដូរវេនដំណាំ ដីព្រៃអារក្ខ និងដីកប់ខ្មោច ជាដើម។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គុង មានប្រសាសន៍ថា ករណីអ្នកភូមិក្បាលរមាសចាស់ស្នើចុះបញ្ជីដីសមូហភាពទំហំជាង២០០០ហិកតា គឺអាជ្ញាធរខេត្តកំពុងសិក្សា និងពិភាក្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធសិន ដោយមិនអាចឆ្លើយបញ្ជាក់ភ្លាមៗបានទេ។
យ៉ាងលោកថា ថ្នាក់ដឹកនាំខេត្តបានកំពុងយកចិត្តទុកដាក់ខ្លាំងបំផុតក្នុងការដោះស្រាយបញ្ហាចុះបញ្ជីដីជាសមូហភាព និងទុកលំបាករបស់ពលរដ្ឋជនជាតិដើមភាគតិចនៅឃុំក្បាលរមាស់នេះ ដោយលោកថា អាជ្ញាធរមិនទុកចោលឱ្យពលរដ្ឋរងទុកលំបាកនោះទេ។
លោកបន្ថែមថា៖«យើងនឹងពិនិត្យមើលទៅលើការងារនេះ ហើយយើងពិភាក្សាជាមួយមន្ទីរជំនាញ និងផ្នែកពាក់ព័ន្ធមួយចំនួនក្នុងកំរិតណាមួយដែលយើងអាចផ្តល់ជូនគាត់។ យើងនឹងជជែកជាមួយគាត់ [ជនជាតិដើមភាគតិច]ជាថ្មី។ តែសម្រាប់ឆន្ទៈយើងនឹងឆ្ពោះទៅមុខទាំងអស់គ្នា។ឆ្ពោះទៅរកការចុះបញ្ជីដីសមូហភាពជូនបងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនងនៅក្បាលរមាសចាស់នេះឱ្យបានសម្រេចនៅក្នុងពេលចំពោះមុខនេះ»។
នាយកប្រតិបត្តិអង្គការភូមិខ្ញុំ លោក លន់ ពេជ្រដារ៉ា បានទទូចដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសរដ្ឋាភិបាលឱ្យពន្លឿនចេញបណ្ណសិទ្ធិដីជាសមូហភាពជូនពលរដ្ឋជនជាតិដើមភាគតិចនៅក្បាលរមាសចាស់ឱ្យបានឆាប់ ដើម្បីកុំឱ្យពួកគាត់ពិបាកចិត្ត និងព្រួយបារម្ភពីការរំលោភបំពាន់ដីធ្លី ឬបាត់បង់ដីធ្លីដោយប្រការណាមួយ។
លោក លន់ ពេជ្រដារ៉ា មានប្រសាសន៍ថា បណ្ណកម្មសិទ្ធដីសមូហភាពនេះ គឺជាយន្តការពារ និងប្រឆាំងការចូលរំលោភបំពាន់យកដី និងកាប់ឈើក្នុងតំបន់ជនជាតិដើមភាគពូនងពីសំណាក់ជនខិលខូច ឬក្រុមហ៊ុនឯកជននានាផងដែរ។
លោកបន្ថែមថា៖«ប្រសិនបើមានបញ្ហាជម្លោះដីធ្លីកើតឡើង គាត់ [ជនជាតិដើមភាគតិច] មានឯកសារមានប្លង់រឹងត្រឹមត្រូវគាត់ដឹងថា ឈ្នះហើយ។ប៉ុន្តែបើអត់ទេពួកគាត់អាចនឹងមានបញ្ហានៅថ្ងៃក្រោយ»។
ក្រោមគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២ គឺរដ្ឋាភិបាលបានទទូចឱ្យជនជាតិដើមភាគតិចពូនងនៅភូមិក្បាលរមាសចាស់ផ្លាស់លំនៅទៅរស់នៅតំបន់តាំងលំនៅថ្មី ដែលមានចម្ងាយជាង ៥០គីឡូ ម៉ែត្រពីភូមិចាស់ ដោយទទួលសំណងផ្ទះមួយខ្នង ដី៥ហិកតា និងមានតបណ្តាញភ្លើងប្រើប្រាស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ប៉ុន្តែពលរដ្ឋដែលជាជនជាតិភាគតិចនៅភូមិក្បាលរមាសចាស់មិនបានចាក់ចេញទៅទាំងអស់តាមការស្នើសុំនេះទេ។
ទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវបានសាងសង់កាលពីដើមឆ្នាំ២០១៤ អាចផលិតថាមពលអគ្គិសនីចំនួន៤០០មេហ្គាវ៉ាត់ និងមានទួរបីនសរុបចំនួន១០។ ទំនប់វារីអគ្គិសនីមួយនេះ ជាគម្រោងវារីអគ្គិសនីដ៏ធំបំផុតរបស់ក្រុមហ៊ុន៣រួមបញ្ចូលគ្នា ក្នុងនោះមាន ក្រុមហ៊ុនរូយ៉ាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុន ហួរនឹង ហាយដ្រូឡានឆាង អ៊ីនធើណាសិនណល អ៊ែនើជី (Huaneng Hydrolancang International Energy) របស់ចិន និងក្រុមហ៊ុន អីវីអិនអ៊ីនធើណាសិនណល ចញស្តុក (EVN International Joint Stock Company) របស់វៀតណាម។
ការកសាងសង់វារីអគ្គិសនីខ្នាតមួយធំនេះ បានបង្កផលប៉ះពាល់ដល់ដីធ្លីផ្ទះសម្បែង មុខរបរ និងប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចជាង ១ ០០០គ្រួសារនៅភូមិចំនួន៧ ក្នុងឃុំចំនួន៤ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង៕
…………………………………….
អត្ថបទដោយ៖ កញ្ញា ឆេង លក្ខិណា ជាជនជាតិដើមភាគតិចព្រៅ