ជនជាតិដើមភាគតិចទំពួនមួយចំនួននៅឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី បារម្ភពីការបាត់បង់ភ្លេងតន្ត្រីបុរាណរបស់ខ្លួនឆាប់រហ័យ ដោយសារក្មេងៗជំនាន់ក្រោយមិនបានបន្តវេន និងខ្វះឧបករណ៍ភ្លេង។
ជាជនជាតិដើមភាគតិចទំពូននៅភូមិល្អឺនជង ឃុំអូរជុំ លោក ប្រិម ខាម បានរៀបរាប់ថា ជនដើមភាគតិចទំពូនមានភ្លេងតន្ត្រី និងសិល្បៈបុរាណរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ។
ប្រធានក្រុមសិល្បៈជនជាតិដើមភាគតិចទំពូននៅភូមិល្អឺនជងរូបនេះ បានបញ្ជាក់ថា វង់ភ្លេងតន្ត្រីបុរាណមួយនេះ គឺជាផ្នែកមួយ នៃវប្បធម៌ប្រពៃណី និងជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចទំពូន។ លោកថា វង់តន្ត្រីនេះអាចលេងក្នុងកម្មវិធី រៀបអាពាពិពាហ៍ពិពាហ៍ កម្មវិធីសែនភូមិ កម្មវិធីចូលឆ្នាំ និងកម្មវិធីសែនព្រៀនផ្សេងៗទៀតរបស់ជនជាតិដើមភាគតិច។
លោក ប្រិម ខាម បានឱ្យដឹងថា នៅក្នុងឃុំអូរជុំ មានវង់ភ្លេងតន្ត្រីបុរាណជនជាតិដើមភាគតិចទំពូនប្រហែល៤ក្រុមប៉ុណ្ណោះ ខណៈក្រុមរបស់គាត់មានគ្នាច្រើននាក់ និងពេញនិយមជាងគេនាពេលបច្ចុប្បន្ននេះ។
បើតាម លោក ប្រិម ខាម ភ្លេងតន្ត្រីបុរាណជនជាតិដើមភាគតិចទំពូនមានឧបករណ៍ដូចជា គង ចាប៉ីឃ្លោក ម៉ិម រនាថ ស្គរធំ និងឧបករណ៍ផ្សេងទៀត។ លោកបញ្ជាក់ថា ក្រុមតន្ត្រីរបស់គាត់មានគ្នាជាង២០នាក់ ដោយអ្នកវាយគង១៣នាក់ អ្នករាំង១២នាក់ អ្នកលេងម៉ិមម្នាក់ ចាប៉ីឃ្លោកម្នាក់ និងស្គរមា្នក់។
លោកបន្ថែមថា៖«ភ្លេងហ្នឹង គឺគេលេងតាំងពីជីដូនជីតាខ្ញុំពីមុនមកម្លេះ គឺលេងអត់ដែលចោលទេ គឺគេប្រកាន់ភ្ជាប់ និងថែរក្សារហូតមកដល់បច្ចប្បន្ននេះ។ នៅក្នុងខេត្តរតនគិរី មានជនជាតិភាគតិច គ្រឹង ចារាយ និងកាចក់ គេប្រើឧបករណ៍ភ្លេងហ្នឹងទាំងអស់»។
ជនជាតិដើមភាគតិចទំពូន លោក ប្រិម ខាម បន្ថែមថា បើទោះបីជាវង់ភ្លេងតន្ត្រីមួយនេះរក្សាបានរហូតមកដល់បច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះ មានកម្មវិធីខ្លះ ដូចជាការរៀបអាពាហ៍ពិពាណ៍ និងពិធីបុណ្យធំៗរបស់អ្នកភូមិមួយចំនួន គឺគេមិនសូវជួលតន្ត្រីបុរាណនេះមកលេងដូចពីមុនទៀតឡើយ ដោយអ្នកភូមិនិយមចាក់ធុងបាស និងប្រើតន្ត្រីសម័យរបស់ខ្មែរមកជំនួសវិញ។
លោកថា បញ្ហានេះ គឺជាក្តីបារម្ភមួយដែលអាចធ្វើឱ្យវង់ភ្លេងតន្ត្រីបុរាណរបស់ជនជាតិដើមភាគតិចអាចបាត់បង់ឆាប់រហ័យនៅពេលខាងមុខ ហើយក្តីបាម្ភមួយទៀតនោះ គឺវង់តន្ត្រីមួយនេះពុំមានអ្នកបន្តវេននោះទេ។ លោក ប្រិម ខាម មានប្រសាសន៍ថា ក្មេងៗជំនាន់ក្រោយពុំសូវចេះ និងបានរៀនសូត្របន្តច្រើនឡើយ ខណៈឧបករណ៍ភ្លេង និងសល្លៀកបំពាក់អ្នកសិល្បៈក៏កំពុងខ្វះខាតច្រើនថែមទៀត។
លោកបន្ថែមថា៖«ក្មេងឥលូវយើងដឹងហើយ មិនថា នៅភូមិណាទេ។ ពេលមានកម្មវិធីបុណ្យសព្វ កម្មវិធីកាប់គោក្របីនៅតាមភូមិ គេចាក់តែបោសទេ។ គេច្រៀងតែខារ៉ាអូខេទេ។ ចឹងយើងព្រួយបាម្ភរឿងហ្នឹង។ យើងចង់បង្ហាត់វាយគងឱ្យចេះដូចជំនាន់យើងគេអត់ចង់រៀនទេ»។
ប្រធានក្រុមសិល្បៈរូបនេះបន្តថា កន្លងមកលោកបានខិតខំគៀងគរយុវជនជនជាតិដើមភាគតិចទំពូនឱ្យរៀនសូត្រអំពីភ្លេងតន្ត្រីបុរាណនេះដែរ ដោយលោកជាអ្នកបង្រៀនផ្ទាល់ ប៉ុន្តែពុំមានយុវជនច្រើននោះទេ ដែលចូលរៀន និងចង់ចេះ ចង់ពីតន្ត្រីមួយនេះ។
លោកបន្ថែមថា៖«ទីមួយសំណូមពរក្រុមយុវជនមិនថាក្រុមយុវជននៅភូមិខ្ញុំ និងភូមិផ្សេងទេធ្វើម៉ិចឱ្យមានការចូលរួមថែរក្សាវប្បធម៌ប្រពៃណីរបស់យើង។ មួយទៀតសុំឱ្យអាជ្ញាធរនៅភូមិឃុំរបស់យើងជួយគាំទ្រដល់ក្រុមសិល្បៈរបស់យើងកុំឱ្យបាត់បង់ ហើយត្រូវគាំទ្រនូវបករណ៍ភ្លេងផងដែរ»។
មេភូមិល្អឺនជងលោក ហ្វែន លីឃាង ជាជនជាតិដើមភាគតិចទំពូនបានបញ្ជាក់បន្ថែមថា វង់ភ្លេងតន្ត្រីបុរាណនេះ គឺជាផ្នែកមួយ នៃវប្បធម៌ប្រពៃណី និងជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច។ លោកថា ប្រសិនបើវាបាត់បង់ វានឹងធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណី និងអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច។
មេភូមិរូបនេះ បានទទួលស្គាល់ថា បច្ចុប្បន្នតន្ត្រីបុរាណជនជាតិដើមភាគតិចទំពូន គឺពុំសូវមានក្មេងៗជំនាន់ក្រោយចេះលេង និងរៀនសូត្របន្តពិតមែន។ លោកបន្តថា ក្រុមតន្ត្រីនេះមិនត្រឹមតែខ្វះអ្នកបន្តវេនប៉ុណ្ណោះទេ គឺខ្វះខាតទាំងឧបករណ៍ភ្លេងថែមទៀតជាពិសេសឧបករណ៍ភ្លេងគង។
លោក ហ្វែន លីឃាង បន្ថែមថា អាជ្ញាធរឃុំបានគាំទ្រ និងតែងតែជំរុញដល់យុវនៅក្នុងសហគមន៍ឱ្យរាតន្ត្រវតន្ត្រេងៗជំនាន់ក្រោយរៀនសរៀនលេងភ្លេងតន្ត្រីបុរាណបន្តពីចាស់ទុំ ហើយលោកតែងតែស្នើដល់អ្នកពាក់ព័ន្ធជួយគាំទ្រ និងឧបត្ថមឧបករណ៍ភ្លេងជូនដល់ក្រុមតន្ត្រីបុរាណនេះផងដែរ។
លោកបន្ថែមថា៖«ខាងពួកខ្ញុំបានដាក់ពាក្យស្នើសុំឧបករណ៍ភ្លេងបន្ថែមរហូតទៅថ្នាក់លើអង្គការសង្គមស៊ីវិល ប៉ុន្តែអត់មានខាងណាគេជួយ។ បើកាលឯកឧត្តម [លោកប៊ូថង] នៅលោកឧស្សាជួយតាំងពីស្គរ តាំងពីទ្រ តាំងឧបករណ៍ភ្លេងពិនពាធ ដល់ឥលូវឯកឧត្តមលាពួកខ្ញុំហើយ លែងមានអ្នកជួយទៀត»។
កញ្ញា ហ្វែន ផានណា ជាជនជាតិដើមភាគតិចទំពូននៅភូមិល្អឺនជងនិយាថា ដើមឡើយកញ្ញាក៏រៀនភ្លេង និងចូលរួមលេងជាមួយក្រុមតន្ត្រីបុរាណជនជាតិដើមភាគតិចនេះដែរ ប៉ុន្តែក្រោយមកក៏លាឈប់វិញ ដោយសារជាប់រវល់ជាមួយការងារ។
កញ្ញាបន្ថែមថា៖«គេបង្រៀនហាត់ក្បាច់រាំរបស់ជនជាតិជាពិសេសក្បាច់ពេលមានកម្មវិធីកាប់គោកាប់ក្របី។ឥលូវខ្ញុំឈប់ហើយ ប៉ុន្តែថ្ងៃណាទំនេរគេហៅចូលលេងខ្ញុំក៏ទៅដែរព្រោះយើងចង់រក្សាវប្បធម៌ប្រពៃណីរបស់យើងឱ្យនៅគង់វង្ស»។
សមាជិកបណ្តាញជនជាតិដើមភាគតិចនៅខេត្តរតនគិរី លោក សំប៉យ ចាន់សុភា មានប្រសាសន៍ថា ភ្លេងតន្ត្រីបុរាណ ជាពិសេសគង គឺអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច ហើយការប្រគុំតន្ត្រីនេះក្នុងពិធីផ្សេងៗ សែនព្រៀនផ្សេងៗ គឺជាប្រពៃណីរបស់ពួកគេផងដែរ។
ជនជាតិដើមភាគតិចគ្រឹងរូបនេះបន្តថា បច្ចុប្បន្នការប្រគុំតន្ត្រីមួយនេះហាកមានការធ្លាក់ដោយសារការរីករាលដាល នៃភ្លេងតន្ត្រីសម័យផ្សេងៗ ហើយក្មេងៗជំនាន់ក្រោយមួយចំនួនក៏មិនចូលចិត្តលេង។
លោកបន្ថែមថា៖«ការពិតទៅគងជាតន្ត្រីរបស់ជនជាតិដើមភាគតិចសំខាន់មែនទែនជាពិសេសគេលេងពេលមានកម្មវិធីសែនចម្ការ បុណ្យសព្វ សែនភូមិ និងកម្មវិធីសំខាន់ៗផ្សេងៗទៀត។ក្មេងខ្លះគាត់នៅចាប់អារម្មណ៍គាត់នៅតែរៀនសូត្រពីចាស់ទុំប៉ុន្តែសម្រាប់យុវជនមួយចំនួនធំគឺគាត់មិនបានសូត្រពីចាស់ៗទេ ដែលជាមូលហេតុនៃការធ្លាក់ក្នុងការប្រើប្រាស់ដែរ»។
លោក សំប៉យ ចាន់សុភា បន្ថែមថា ដើម្បីចូលរួមរក្សាភ្លេងតន្ត្រីបុរាណរបស់ជនជាតិភាគតិចនេះឱ្យនៅគង់វង្ស គឺអ្នកពាក់ព័ន្ធត្រូវបង្កើតកម្មវិធីឱ្យមានការបង្រៀននៅតាមសហគមន៍ និងផ្សព្វផ្សាយតាមរយៈក្រុមតន្ត្រី និងសិល្បៈរបស់ជនជាតិដើមភាគតិចចូលរួមសម្តែង ឬបង្ហាញពីវប្បធម៌ប្រពៃណីទំនៀមទំលាប់របស់ពួកគេឱ្យបានច្រើន។
លោកបន្ថែមថា៖«យើងត្រូងបង្កើតឱ្យមានសាលាបង្រៀនលេងភ្លេងឬលេងគងហ្នឹងនៅតាមភូមិនីមួយៗហ្នឹងដើម្បីឱ្យពួកគាត់អាចរៀនសូត្របាន ដោយបង្រៀនជាប្រចាំដល់យុវជនទាំងរបាំ ច្រៀន ទាំងគងនៅតាមភូមិនីមួយរបស់គាត់ហ្នឹង។ ហើយមួយទៀតយើងត្រូវរៀបចំកម្មវិធីសិល្បៈ ឬបុណ្យវប្បធម៌សម្រាប់ជនជាតិដើមភាគតិចនីមួយៗហ្នឹង ដើម្បីលើកកម្ពស់ធ្វើយ៉ាងម៉ិចឱ្យយុវជនគាត់ចាប់អារម្មណ៍ឡើងវិញ»។
ក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិរបស់ជនជាតិដើមភាគតិចត្រង់មាត្រា៣១ បានចែងថា ជនជាតិដើមភាគតិចមានសិទ្ធិរក្សា គ្រប់គ្រង ការពារ និងអភិវឌ្ឍន៍មរតកវប្បធម៌ ចំណេះជាប្រពៃណី ក៏ដូចជាការបង្ហាញឱ្យគេដឹងអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌របស់ពួកគេ ដូចជា កីឡា ល្បែងប្រពៃណី សិល្បៈសំដែង និងទស្សនីយភាព។
មាត្រាដដែលនេះ បន្ថែមទៀតថា ជនជាតិដើមភាគតិចក៏មានសិទ្ធិគ្រប់គ្រង ការពារ និងបង្កើតឡើងនូវកម្មសិទ្ធិបញ្ញារបស់ខ្លួនលើមរតកវប្បធម៌ ចំណេះដឹងប្រពៃណី និងការសំដែងវប្បធម៌ប្រពៃណី៕
…………………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានជនជាតិដើមភាគតិចពូនង លោក ស្រើញ ស៊ីនួន