ជនជាតិដើមភាគតិចកួយនៅស្រុកឆែប ខេត្តព្រះវិហារ បានប្តឹងតំណាងក្រុមហ៊ុនចិន«រូយហ្វេង» ទៅសមត្ថកិច្ចមូលដ្ឋាន ក្រោយពួកគាត់រងអំពើហិង្សាក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុននេះ។
កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ជនជាតិដើមភាគតិចប្រមាណ៧នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយប៉ះទង្វិចគ្នាជាកម្មកររបស់ក្រុមហ៊ុនចម្ការអំពៅរបស់ចិន ខណៈជនជាតិដើមភាគតិចចុះទប់ស្កាត់គ្រឿងចក្ររបស់ក្រុមហ៊ុននេះមិនឱ្យឈូសឆាយដីធ្លីរបស់ពួកគាត់។
អ្នកស្រី ណាប់ ណឿន វ័យ៣៧ឆ្នាំ ជាជនជាតិដើមភាគតិចកួយនៅភូមិបុស្ស ឃុំម្លូព្រៃពីរប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ក្រុមហ៊ុនចិន «រូយហ្វេង» បានដាក់គ្រឿងចក្រឈូសឆាយប៉ះពាល់ដីស្រែរបស់អ្នកភូមិ ហើយពួកគេប្រមាណ៧០នាក់ បាននាំគ្នាទៅសួរនាំមេការក្រុមហ៊ុនការដ្ឋានទី១១ឱ្យបញ្ឈប់សកម្មភាពដើម្បីរងចាំដំណោះស្រាយជាមុនសិន។
អ្នកស្រី ណាប់ ណឿន អះអាងថា អ្នកភូមិប្រមាណ១០នាក់បានជិះម៉ូតូដល់ការដ្ឋានទី១១មុន និងត្រូវមេការក្រុមហ៊ុនឈ្មោះ ឈាង គង់នៅ បញ្ជាឱ្យកម្មករប្រដាប់ដោយដំបងបិទទ្វាការដ្ឋាន និងវាយទៅលើពលរដ្ឋតែម្តង។ អ្នកស្រីថា ក្នុងហេតុការនេះបានបណ្តាលឱ្យពលរដ្ឋរងរបួសធ្ងន់៣នាក់ និងស្រាល៤នាក់ ដោយអ្នកបែកក្បាល របួសដងខ្លួន និងដៃជាដើម។
អ្នកស្រីបន្ថែមថា៖« សំណូមពរឱ្យជួយរកដំណោះស្រាយ និងឱ្យឈប់ភ្ជួរដីពីរការដ្ឋានហ្នឹង។ ហើយខាងប្រើសក្អកក៏ដូចគ្នា។ គាត់មិនបានទាសំណងជាប្រាក់ទេ ប៉ុន្តែឱ្យបញ្ឈប់អាត្រាក់ទ័រមិនឱ្យភ្ជួរទៀតទេចា៎»។
លោក សឿន ថា វ័យ៣០ឆ្នាំជាជនជាតិដើមភាគតិចកួយ នៅភូមិប្រើសក្អក ឃុំម្លូព្រៃពីរឱ្យដឹងថា ជុំវិញករណីហិង្សានេះគឺពួកគាត់បានដាក់បណ្តឹងទៅសមត្ថកិច្ចហើយ ដើម្បីឱ្យជួយដោះស្រាយដីធ្លី និងបញ្ឈប់ការប្រើហិង្សាលើពលរដ្ឋទៀត ប៉ុន្តែមិនទាមទារសំណងជំងឺចិត្តពីជនបង្កឡើយ ដោយថា មិនចង់ឱ្យមានរឿងវែងឆ្ងាយ។
លោក សឿន ថា បន្តថា កាលពីថ្ងៃទី១៣ ខែកុម្ភៈនេះ អ្នកភូមិប្រមាណ១០០នាក់ និងជាមន្ត្រីរដ្ឋបាលឃុំម្លូរព្រៃពីររួមជាមួយសមត្ថកិច្ចបាននាំគ្នាចុះការដ្ឋានទី១១របស់ក្រុមហ៊ុនសួររកអត្តសញ្ញាណជនបង្កដែលបានប្រើហិង្សាលើប្រជាពលរដ្ឋ ប៉ុន្តែបានមេការក្រុមហ៊ុនលោក ឈាង គង់នៅ និងបក្ខពួកនោះទេ ដោយកម្មករប្រាប់ថា ពួកគេបានគេចខ្លួនអស់ហើយ។
លោកបន្ថែមថា៖«ខ្ញុំសំណូមពរដលអភិបាលខេត្ត។ សូមឱ្យលោកចាត់វិធានការចុះដោះស្រាយ ក៏ដូចជាចុះកិច្ចអន្តរាគមន៍ ដើម្បីរកភាពយុត្តិធម៌ជូនដល់ពលរដ្ឋ។ ក៏ដូចជារូបខ្ញុំបាទដែលរងផល់ប៉ះពាល់ដីរបស់ខ្ញុំដែលមានប្លង់កម្មសិទិ្ធស្របច្បាប់រួចហើយ ត្រូវគេរំលោភបំពាន»។
ជនជាតិដើមភាគតិចកួយម្នាក់ទៀតលោក ខាត់ ស៊ីសុផាន នៅភូមិបុស្ស ឃុំម្លូរព្រៃពីរ អះអាងថា ជនជាតិដើមភាគតិចប្រមាណ៦០គ្រួសារ និងប្រមាណ៦០ហិកតាកំពុងមានជម្លោះជាមួយក្រុមហ៊ុនចម្ការអំពៅរបស់ ខណៈដីនោះពួកគាត់កាន់តាមជនជាតិដើមភាគតិចតាំងពីឆ្នាំ១៩៩៥។
លោក ខាត់ ស៊ីសុផាន បានអំពាវនាវដល់ប្រមុខរដ្ឋាភិបាលជួយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនចិននេះឱ្យបានឆាប់ ដោយកាត់ឆ្វៀលចេញពីគម្រោងដីអភិវឌ្ឍន៍របស់ក្រុមហ៊ុន ដើម្បីបញ្ចប់ជម្លោះ និងកុំឱ្យមានអំពើហិង្សាកើតឡើងជាថ្មីម្តងទៀត។
លោកបន្ថែមថា៖«ខ្ញុំសូមគោរពដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមឱ្យគាត់អន្តរាគមន៍ជួយប្រជាពលរដ្ឋផងបាទ ថ្នាក់ក្រោមថ្នាក់លើឱ្យអន្តរាគមន៍ជួយប្រជាពលរដ្ឋជនជាតិដើមភាគតិចឱ្យមានដំណោះដោះស្រាយដោយសន្តិវិធី។ កុំមានគេមកប្រើអំពើហិង្សា។ កុំឱ្យអ្នកចម្ងាយមកជាន់ឈ្លីប្រជាពលរដ្ឋនៅក្នុងឃុំម្លូរព្រៃពីរ»។
នាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំម្លូរព្រៃពីរលោក វ៉ាន គៀម មានប្រសាសន៍ថា លោកបានទទួលពាក្យបណ្តឹងពីពលរដ្ឋរងគ្រោះហើយ។លោកថា បច្ចុប្បន្នកំពុងស្រាវជ្រាវរកមុខសញ្ញា និងរៀបចំនីតិវិធីបញ្ជូនទៅថ្នាក់លើ។
លោកបន្ថែមថា៖«ខ្ញុំកំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីបញ្ជូនទៅខាងជំនាញអធិការដ្ឋានបន្តទៀត។ [….] ខ្ញុំអត់ទាន់ស្រាវជ្រាវអស់ទេ ប៉ុន្តែសំណុំរឿងដែលគាត់បានបំភ្លឺ ខ្ញុំបានទទួលបណ្តឹងគាត់ រក្សាទុកអស់ហើយ ដើម្បីធ្វើចំណាត់ការណ៍លើករណីនេះ»។
ចំណែកលោក កាន់ សុវណ្ណគា មេឃុំម្លូព្រៃ មានប្រសាសន៍ថា ដីនៅតំបន់នេះក្រុមហ៊ុនបានអភិវឌ្ឍជាទម្រង់ស្បែកខ្លា។លោកថា ប្រសិនបើការអនុវត្តរបស់ក្រុមហ៊ុនប៉ះលើដីពលរដ្ឋដែលមានផ្លង់ គឺពលរដ្ឋត្រូវយកឯកសារមកដាក់នៅរដ្ឋបាលឃុំដើម្បីឱ្យឃុំដោះស្រាយ។
លោកបន្ថែមថា៖« ក្រុមគាត់[ពលរដ្ឋ]ក៏បានមកដល់ខ្ញុំ។ គាត់មកសុំឱ្យខ្ញុំជួយធ្វើពីរយ៉ាង ទី១គាត់សុំឱ្យខ្ញុំជួយធ្វើចេញសេចក្តីបំភ្លឺទៅលើករណីការជួល ឬមិនជួល[ដី] ខ្ញុំក៏បានចេញលិខិតឱ្យគាត់មួយការបដិសេដមិនមានឯកសារ។ ទី២ពួកគាត់ពឹងឱ្យពួកខ្ញុំជួយជូនទៅកន្លែងហ្នឹង[ក្រុមហ៊ុន] ដើម្បីសម្រុះសម្រួល តែទៅព្រឹកម៉ិញតែអត់ជួប ថាឡើងខេត្តបាត់»។
អ្នកសម្របសម្រួលគម្រោង នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត មានប្រសាសន៍ថា ជនជាតិដើមភាគតិច បង្កបង្កើនផលតាមបែបប្រពៃណីរបស់ពួកគាត់តមកពីប្រពៃណីដូនតា។ លោថា ប្រសិនដីរបស់គាត់មានផ្លង់កម្មសិទ្ធិស្របច្បាប់ មិនថា ជាកម្មសិទ្ធិគ្រួសារ ឬជាសមូហភាពទេគឺ ពួកគាត់មានសិទ្ធក្នុងការពារ។
លោក វណ្ណ សុផាត បន្តថា មួយវិញទៀត បើគ្រាន់តែពលរដ្ឋស្នើសុំកុំឱ្យឈូសឆាយលើដីរបស់ពួកគាត់ ដែលធ្លាប់អាស្រ័យផលនោះ គឺមិនខុសច្បាប់ទេ។
ចំពោះការប្រើហិង្សាពីសំណាក់តំណាងក្រុមហ៊ុនទៅពលរដ្ឋវិញ គឺជាទង្វើល្មើសច្បាប់ និងរំលោភលើសិទ្ធិរបស់ពលរដ្ឋ។
លោកបន្ថែមថា៖«បិទទ្វារវ៉ៃគាត់ ប្រើហិង្សាទៅលើពួកគាត់ អាហ្នឹងជាបទល្មើសព្រហ្មទណ្ឌ ហើយបង្កហិង្សា។ ហើយយើងសង្ឃឹមថា ស្ថាប័ន្ថដែលពាក់ព័ន្ធពិសេសស្ថាប័ន្ថដែលមានសមត្ថកិច្ចដូចជាក្រសួងមហាផ្ទៃ ក៏ដូចជាអាជ្ញារធរថ្នាក់ក្រោមជាតិទាំងអស់ហ្នឹង គឺថា និងយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហារបស់ពួកគាត់ហ្នឹងឱ្យបានជ្រះស្រឡះ កុំឱ្យមានបង្កហិង្សាដាក់គ្នាអីអ៊ីចឹងទៀត។ ហើយបើអ្នកណាអ្នកប្រព្រឹត្តិហិង្សា អ្នកហ្នឹងត្រូវមានទោសហើយ។ ដូចតំណាងក្រុមហ៊ុនអីហ្នឹងសង្ឃឹមថា តុលាការចាត់វិធានការទៅតាមនីតិវិធីច្បាប់»។
មាត្រា២៥ នៃច្បាប់ស្តីពីអចលនវត្ថុរបស់សហគមន៍ជនជាតិដើមភាគតិចបានចែងថា«ដីសហគមន៍ជនជាតិដើមភាគតិ គឺជាដីទាំងអស់ដែលសហគមន៍បានរៀបចំនិវេសនដ្ឋាន និងប្រកបរបរកសិកម្មប្រពៃណី។
ក្នុងមាត្រាដដែលចែងថា ដីសហគមន៍ជនជាតិដើមភាគតិចមិនមែនមានតែដីដែលដាំដុះជាក់ស្តែងនោះទេ ប៉ុន្តែមានដីសម្រាប់បម្រុងជាចាំបាច់ក្នុងការដូរវេណដំណាំថែមទៀត ដែលតម្រូវទៅតាមរបៀបទាញយកផល ដែលធ្លាប់ធ្វើកន្លងមកហើយ ត្រូវបានទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាល។
ការវាស់វែងការកំណត់ព្រំប្រទល់អចលនវត្ថុរបស់សហគមន៍ទាំងនោះ ត្រូវកំណត់ទៅតាមស្ថានភាពជាក់ស្តែងដូចដែលបានអះអាងដោយសហគមន៍ ដោយមានការព្រមព្រាងពីអ្នកជិតខាង និងដែលបានកំណត់តាមនីតិវិធីក្នុងមាតិកាទី៦ នៃច្បាប់នេះ និងអនុក្រឹត្យពាក់ព័ន្ឋ។
គួររំលឹកថា ក្រុមហ៊ុន រូយ ហ្វេង គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនចំនួន៤ ផ្សេងទៀតរបស់ក្រុមហ៊ុនមេឈ្មោះ ក្រុមហ៊ុន ហេងហ្វូ ដែលទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំជាង ៤ម៉ឺនហិកតា (៤២០០០) តាំងពីឆ្នាំ២០១១ សម្រាប់វិនិយោគដាំអំពៅ និងកៅស៊ូ៕
…………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន