ជនជាតិដើមភាគតិចនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារចោទថា អភិបាលស្រុកត្បែងមានជ័យ និងបក្ខពួកថាបានរំលោភដីធ្លីរបស់ពួកគាត់ដែលបានកាន់កាប់អាស្រ័យផលអស់រយៈពេលជាង២០ឆ្នាំ។
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ជនជាតិដើមភាគតិចកួយជាង៣០នាក់ បានប្រមូលផ្តុំមុខស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីគាំទ្រជនជាតិដើមភាគតិច៤នាក់ ដែលត្រូវបាននគរបាលកោះហៅឱ្យឆ្លើយបំភ្លឺទៅតាមបណ្តឹងរបស់អភិបាលស្រុកត្បែងមានជ័យ លោក នុត សោភ័ណ្ឌ និងបក្ខពួក ក្រោយពលរដ្ឋទាំងនេះ បានដកបង្គោលរបងដែលបោះដោយអាជ្ញាធរចូលក្នុងដីរបស់ពួកគេ។
លោក ងន ហៀម អាយុ ២៩ ឆ្នាំ ជាជនជាតិដើមភាគតិចកួយ ប្រាប់សារព័ត៌មានពលរដ្ឋថា អភិបាលស្រុកត្បែងមានជ័យលោក នុត សោភ័ណ្ឌ និងបក្ខពួកបានគប់គិតគ្នាលួចធ្វើប័ណ្ណកម្មសិទ្ធិលើដីធ្លីរបស់ពួកគេដែលបានកាន់កាប់ជាង២០ឆ្នាំ។
លោក ងន ហៀម នៅឃុំប្រមេរុ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៣ អភិបាលស្រុក និងបក្ខពួកបានយកបង្គោលរបងទៅបោះរំលោភចូលដីរបស់ពួកគាត់ចន្លោះពី១០ម៉ែត្រទៅ២០ម៉ែត្រ ប៉ុន្តែត្រូវបានពួកគាត់ដកចេញវិញ។ លោកថា ក្រោយពលរដ្ឋដកបង្គោលរបងនោះចេញ គឺអាជ្ញាធរស្រុកបានប្តឹងពួកគាត់ទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
លោកបន្ថែមថា ៖«ដីហ្នឹងជាក់ស្ដែង គឺដីបងប្អូនសហគមន៍បួនគ្រួសារដែលគាត់រស់នៅអាស្រ័យផលដីនេះតាំងពីឆ្នាំ២០០០ក្រោយមកគេមកធ្វើប្លង់ឆ្នាំ២០១៦។ ព្រឹកមិញនេះកន្លែងស្នងការខេត្តព្រះវិហារ គេអត់បាននិយាយអំពីដីធ្លីហ្នឹងទេ គឺគេនិយាយពីរឿងពលរដ្ឋដកបង្គោលដី។ ហើយម្ចាស់បង្គោលដែលដាំលើដីពលរដ្ឋនោះ គេទាមទារសំណង៦ លានរៀល។ ប្រជាពលរដ្ឋឆ្លើយតបគេវិញថា កុំឱ្យដាំបង្គោលទៅលើដីពួកគាត់។ បើដាំបង្គោលលើដីពួកគាត់ពួកគាត់នឹងដកចេញ ព្រោះដីនោះរបស់ពួកគាត់ មានផ្ទះ ដំណាំដាំដុះពេញហើយ»។
ពលរដ្ឋម្នាក់ទៀតលោក ប៉ាង សេវ អាយុ ៣៧ឆ្នាំ និយាយថា ជុំវិញរឿងជម្លោះដីធ្លីនេះ គឺកន្លងមកអភិបាលស្រុករវៀង និងបក្ខពួកបានមកបញ្ចុះបញ្ចូលឱ្យពលរដ្ឋលក់ដីនោះឱ្យទៅពួកគេ ប៉ុន្តែពលរដ្ឋមិនព្រម ហើយបានប្តឹងក្រុមពលរដ្ឋទៅតុលាការថែមទៀត ប៉ុន្តែត្រូវតុលាការទម្លាក់បទចោទនោះវិញ។
លោកបន្ថែមថា៖«កន្លងមកគេបានប្ដឹងតាមប្រព័ន្ធតុលាការហើយត្រូវខាងតុលាការទម្លាក់ចោលបទចោទប្រកាន់ ហើយឥឡូវនេះត្រូវបានគេប្ដឹងមកស្នងការខេត្ត ដែលម្ចាស់ដីកំពុងតែរស់នៅអាស្រ័យផល។ ខ្ញុំយល់ថាវាដូចជាអយុត្តិធម៌សម្រាប់ពួកខ្ញុំដែលរស់នៅអាស្រ័យផលជាយូរយារណាស់មកហើយសុខៗបែរទៅជាមានបញ្ហាអ្នកមករស់នៅក្រោយទៅវិញ។ វាដូចជាអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ»។
ជនជាតិដើមភាគតិចកួយម្នាក់ អ្នកស្រី សុខ មឿន អាយុ៣៧ឆ្នាំ បានលើកឡើងថា បក្ខពួកអាជ្ញាធរបានបោះបង្គោលចូលដីគាត់ប្រហែល១៧ម៉ែត្រ ប៉ុន្តែអ្នកស្រីបានដកបង្គោលនោះចេញ ហើយត្រូវបានក្រុមអាជ្ញាធរប្តឹងពួកគាត់ទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារទារសំណង៦លានរៀលយ៉ាងអយុត្តិធម៌។
អ្នកស្រីបន្ថែមថា៖«រឿងបញ្ហាដែលកើតឡើងពីព្រោះតែគេយកបង្គោលរបងមកដាំនៅក្នុងដីរបស់នាងខ្ញុំ។ ខ្ញុំសូមសំណូមពរដល់ខាងអាជ្ញាធរមានសមត្ថកិច្ចមន្ត្រីពាក់ព័ន្ធជួយរកខុសត្រូវដល់ពួកយើងខ្ញុំផង»។
សារព័ត៌មានពលរដ្ឋមិនអាចសុំការឆ្លើយតបពីអភិបាលស្រុករវៀងលោក នុត សោភ័ណ្ឌ និងបក្ខពួកបានទេពាក់ព័ន្ធករណីនេះ។
មេភូមិបុស្សធំ លោក ភឿង ម៉ត់ មានប្រសាសន៍ថា លោកមិនសូវបានដឹងច្បាស់ជុំវិញជម្លោះដីធ្លីនេះទេ ដោយថា លោកទើបឡើងកាន់តំណែងថ្មីនៅឆ្នាំ២០១៧ ខណៈជម្លោះដីធ្លីនេះបានកើតឡើងជាយូរឆ្នាំមកហើយ។ លោកថា បញ្ហានេះលោកធ្លាប់បានឱ្យភាគីជម្លោះដាក់បណ្តឹងទៅមន្ទីរដែនដីរកដំណោះស្រាយវិញ។
លោកបន្ថែមថា៖«ខ្ញុំសុំសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសហគមន៍និងភាគីដែលមានទំនាស់ជាមួយសូមឱ្យមានការសម្របសម្រួលគ្នានៅខាងក្រោមទៅបានហើយ កុំឱ្យមានការប្ដឹងផ្ដល់ទៅដល់តុលាការ ព្រោះអីវាគ្មានចំណេញអ្វីនោះទេនាំឲ្យតែខាតប្រយោជន៍រៀងៗខ្លួន»។
ចំណែកមេភូមិប្រមេរុលោក ស៊ឹម លែន មានប្រសាសន៍ថា ករណីណេះលោកធ្លាប់បានសម្របសម្រួលដោះស្រាយនៅសាលាស្រុកជាច្រើនដងហើយដោយភាគីអភិបាលស្រុកមានប្លង់រឹង ខណៈពលរដ្ឋមានប្លង់ទន់។ លោកថា រឿងនេះហួសពីសមត្ថកិច្ចរបស់លោកក្នុងការដោះស្រាយទៅហើយ។
លោកបន្ថែមថា៖«បើនិយាយទៅការសម្របសម្រួលខ្ញុំអស់ពីការសម្របសម្រួលហើយ។ ភាគីខាងមានប្លង់រឹង គេព្រមសម្របសម្រួលដែរ តែខាងប្លង់ទន់គាត់នៅតែមិនព្រម ខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរដល់ខាងប្លង់ទន់មិនព្រមខាងប្លង់រឹងគេក៏ធ្វើតាមច្បាប់ទៅ»។
យ៉ាងណា ប្រជាសហគមន៍ អះអាងថា ពួកគាត់មិនព្រមផ្តល់ដីនោះឱ្យភាគីជម្លោះម្ខាងទៀតឡើយ ទោះអាជ្ញាធរពាក់ព័ន្ធមិនរកដំណោះស្រាយឱ្យក៏ដោយ ក្រោមហេតុផលថា ដីនោះពួកគាត់បានកាន់កាប់អាស្រ័យផលជាង២០ឆ្នាំទៅហើយ៕
…………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួស ចាន់ឌឿន