ជនជាតិដើមភាគតិចកួយ នៅភូមិទន្សោង បង្ហាញការព្រួយបារម្ភ ភាសាកំណើតរបស់ខ្លួននឹងត្រូវបាត់បង់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ខណៈយុវជនជំនាន់ក្រោយ មិនចាប់អារម្មណ៍រៀនសូត្រ ដោយពួកគេបង្ហាញការរើសអើងភាសាកំណើត និងប្រពៃណីទំនៀមទម្លាប់ដោយខ្លួនឯង។
លោក នួន សឿន ដែលអះអាងថាជាជនដើមភាគតិចកួយ និងមានវ័យប្រមាណ ៥៧ឆ្នាំ លើកឡើងថាក្នុងនាមជាចាស់ព្រឹទ្ធាចារ្យនៅក្នុងសហគមន៍នេះ លោកពិតជាព្រួយបារម្ភជាពន់ពេកចំពោះភាសាកំណើត និងប្រពៃណី អាចនឹងត្រូវបាត់បង់ក្នុងរយៈពេល២ជំនាន់ទៀតយ៉ាងយូរ។
រស់នៅភូមិទន្សោង ដែលស្ថិតនៅក្នុងឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង លោក នួន សឿន ឱ្យដឹងថា ភាសាកំណើតសម្រាប់ជនជាតិដើមនេះ ត្រូវបាត់បង់ទាំងស្រុងម្តងរួចហើយមក នៅក្នុងសម័យកម្ពុជាប្រធិបតេយ្យ ឬរបបវាលពិឃាត ប៉ុល ពត តែអ្វីដែលគួរឱ្យខ្លាចគឺក្នុងសម័យនេះ បែរជាភាសាកំណើតសម្រាប់ជនជាតិដើមភាគតិចកួយ ក៏មានស្ថានភាព ហាក់មិនខុសគ្នា ពីសម័យខ្មែរក្រហមដែរទេ។ដូចគ្នានៅត្រង់ថា ក្រុមយុវជនសម័យថ្មីនេះ លែងខ្វល់ខ្វាយ និងចាប់ផ្តើមរើសអើងដោយខ្លួនឯងទៅវិញ។ពួកគេម្នាក់ៗ បានព្យាយាមកាត់ផ្តាច់ភាសាកំណើត និងប្រពៃណីដើមចោល និងតែងហៅខ្លួនឯងថាជាខ្មែរ មិនមែនជាជនជាតិដើមភាគតិចកួយ ដូចមុនទៀតឡើយ។
លោកបន្តថា៖«ការធ្លាក់ចុះនៃភាសារនេះកាលពីសម័យពលពមានការគំរាមកំហែងពីខ្មែក្រហមនិងជម្លៀសចេញពីភូមិ.ហាមមិនអោយនិយាយជាភាសារខ្លួនឡើយបណ្ដាលអោយពលរដ្ធជាជនជាតិមួយចំនួនចង់បំភ្លេចនៅភាសារកំណើតរបស់ខ្លួន » ។
បើតាមលោក នួន សឿន មិនមែនតែភាសាជនជាតិដើមភាគតិចកួយទេ ដែលត្រូវបាត់បង វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់លើផ្នែកខ្លះ ក៏ត្រូវធ្លាក់ចុះដូចគ្នាដែរ។លោកបន្តថា នៅក្នុងសម័យដើម ការរៀបអាពាហ៍ពិពាហ៍ គេច្រើនលេងភ្លេងការដោយកូតទ្រ វៃស្គ និងច្រៀងផ្ទាល់។ជាមួយគ្នានោះ ក៏មានពិធីសែនព្រេន តាមបែបប្រពៃណីជនជាតិដើមភាគតិចកួយ និងបង្គាប់ខានស្លាជាដើម។ការបង្គាប់រណ្តាប់ការនេះ មានដូចជាខាងកូនប្រុសត្រូវរកអណ្តើកក្បាលធំមួយ មាស១ជី និងក្របី១នឹម ជូនទៅខាងស្រី។ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ របៀបរប និងទំនៀមទាំងនេះ ត្រូវសាបរលៀប និងបាត់បង់អស់ទៅហើយ ដោយជំនួសមកវិញ ការទុកដាក់កូនចៅឱ្យមានគូស្រក គឺអនុវត្តតាមបែបខ្មែរ ក្នុងសម័យទំនើបនេះវិញ។
សម្រាប់លោក នួន សឿន ការធ្លាក់ចុះនៃភាសាកំណើត និងវប្បធម៌ប្រពៃណីដ៏ល្អពីបុរាណនេះ វាការជាការសោកស្តាយ ដែលគ្មានអ្វីប្រៀបបានឡើយ។ហើយលោកមានទុទិដ្ឋិនិយមថា ប្រហែលមួយជំនាន់ទៀតយ៉ាងយូរ ភាសា និងវប្បធម៌ប្រពៃណី នៃជនជាតិដើមភាគតិចកួយនឹងត្រូវបាត់បង់ទាំងស្រុងតែម្តង ព្រោះតែយុវជនបោះបង់ចោល។
ជំរឿនប្រជាជនឆ្នាំ២០១៩ ដោយក្រសួងផែនការ បង្ហាញថា ជនជាតិដើមភាគតិចមានចំនួន២០អំបូររួមទាំងផ្សេងៗទៀត ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ។ហើយពួកគេត្រូវបានរកឃើញនៅក្នុងខេត្តចំនួន២២ខេត្ត ទូទាំងប្រទេសកម្ពុជា។ភាគច្រើនជនជាតិដើមភាគតិច ច្រើនរស់នៅដោយការប្រមូលផ្តុំនៅតំបន់ភាគខាងជើង និងឦសាន រួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ និងខេត្តស្ទឹងត្រែង។ការតាំងទីលំនៅរាយប៉ាយ នៃជនជាតិដើមភាគតិចនេះ អាំចសន្មត់បានថាមកពី មុខរបរ ការអប់រំ អាពាហ៍ពិពាហ៍ និងកត្តាផ្សេងៗទៀត។
ដោយឡែក កញ្ញា សឿន សាឡេង និយាយថាថ្វីត្បិតខ្លួនកើតក្នុងត្រកូលជនជាតិដើមភាគតិចកួយ ប៉ុន្តែមកដល់ពេលនេះ រូបគេមិនចេះនិយាយភាសាកួយទេ។ប្រភពបន្តថា តាមពិតរូបគេមិនមែនថាមិនរៀនសូត្រពីភាសាកួយនោះទេ ប៉ុន្តែទោះប្រឹងរៀនយ៉ាងណាក៏មិនចេះដែរ។កញ្ញាបន្តថា មូលហេតុដែលពិបាករៀនភាសាកួយនេះ ដោយសារមានតែសំឡេង តែគ្មានអក្សរ។ហេតុនេះ ជាដើមចមដែលនាំឱ្យយុវជនជំនាន់ក្រោយ ដែលជាជនដើមភាគតិចកួយ ជិនណាយក្នុងការរៀនសូត្រពីភាសាកំណើតរបស់ខ្លួនបែបនេះ។
ប្រភពបន្តថា៖«មូលហេតុមិនចេះនិយាយដោយសារពិបាកក្នុងការរៀនដោយភាសាកួយពុំមានអក្សរសម្រាប់សរសេរឡើយ ពីបាកនឹងការចងចាំជាសំឡេង»។
របាយការណ៍របស់ អង្គការជនជាតិដើមភាគតិចកម្ពុជា ដែលចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០២៣ ឱ្យដឹងថា ជនជាតិដើមភាគតិចមានចំនួន ៤៧៦លាននាក់ បើធៀបនឹងចំនួនប្រជាពលរដ្ឋសរុបនៅក្នុងពិភពលោក។បច្ចុប្បន្ន ពួកគេកំពុងស់នៅក្នុងប្រទេសចំនួន ៩០ នៅជុំវិញពិភពលោក។លើសពីនេះទៀត ជនជាតិដើមភាគតិចប្រើប្រាស់ភាសានិយាយមានជាង ៧ ០០០ ភាសានៅក្នុងពិភពលោក និងតំណាងឱ្យ ៥ ០០០ វប្បធម៌ផ្សេងៗពីគ្នា។
ប្រធានចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចកួយនៅភូមិទន្សោង អ្នកស្រី ខា ស្រស់ សង្កេតឃើញថា មិនថាតែវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីទេ ដែលត្រូវធ្លាក់ចុះ សូម្បីភាសាកំណើតក៏ត្រូវបាត់បង់បណ្តើរៗហើយដែរ។ប្រភពបន្តថា ការបាត់បង់អ្វីទាំងអស់ដែលធ្ងន់ធ្ងរជាងគេ គឺនៅក្នុងសម័យ ប៉ុល ពត គ្រប់គ្រងប្រទេសចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។អ្នកស្រីបន្តថា នៅក្នុងចន្លោះពេលនេះ គឺពួកគេរឹតត្បិតជនជាតិដើមភាគតិចកួយ ឱ្យបោះបង់អ្វីៗចោលគ្មានសល់សូម្បីភាសានិយាយ។ហេតុនេះ ទើបមដល់សព្វថ្ងៃ អ្នកស្រីសង្កេតឃើញ កេរ្តិ៍ដំណែលរបស់ជនជាតិដើមភាគតិចកួយ ត្រូវសាបរលាបបន្តិចម្តងៗ ជាពិសេសក្មេងជំនាន់ក្រោយ ហាក់រើសអើងខ្លួន ដោយមិនហ៊ានហៅខ្លួនឯងថាជាជនជាតិដើមភាគតិចកួយទេ។ផ្ទុយទៅវិញ ពួកគេតែងចាត់ទុកថាជាខ្មែរសុទ្ធ ហើយមិនប្រឹងរៀនសូត្រពីភាសាកំណើតថែមទៀតផង។
ប្រភពបន្តថា៖«មកដល់បច្ចុប្បន្ននេះការនិយាយជាភាសារកួយកាន់តែធ្លាក់ចុះស្ទើតែបាត់បង់ទាំងអស់រួមទាំងវប្បធមប្រពៃណី និងទំនៀមទម្លាប់ការរៀបការជាដើម »។
បើតាមអ្នកស្រី ខា ស្រស់ ដែលចាត់ទុកថាជាប្រពៃណី និងវប្បធម៌ជនជាតិដើមភាគតិចកួយទៅបាន គឺត្រូវអាស្រ័យលើអត្តសញ្ញាណមួយចំនួនដូចជា សំលៀកបំពាក់ របៀបនៃការរស់នៅ និងភាសានិយាយជាដើម។នៅពេលណារបស់ទាំងនេះ ត្រូវបាត់បង់ទៅ នោះមានន័យថាជាការបាត់បង់ទៅ នៃប្រពៃណី វប្បធម៌ និងទម្លាប់ទម្លាប់របស់ពួកគេ។
ដោយឡឡែក គោលនយោបាលជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច បានឱ្យនិយមន័យ «ជនជាតិដើមភាគតិច» ថាគឺជាជនជាតិដែលរស់នៅលើដែនដីនៃប្រទេសកម្ពុជា។ ហើយជនជាតិទាំងនោះបង្ហាញនូវឯកភាពជាតិពន្ធុ សង្គម វប្បធម៌ និងសេដ្ឋកិច្ច ប្រតិបត្តិរបៀបរស់នៅតាមប្រពៃណី និងការដាំដុះលើដីដែលខ្លួនកាន់កាប់ទៅតាមក្បួនខ្នាត និងទំនៀមទម្លាប់នៃការប្រើប្រាស់ដីជាសមូហភាព។
លោក អាំង ជូលាន នរវិទូ និងជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងកាលពីខែ កក្កដា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ផ្អែកលើភស្ដុតាងប្រវត្តិសាស្ដ្រ អក្សរសាស្ត្រនិងនរៈវិទ្យា ជនជាតិដើមភាគតិច មានប្រវត្តិទាក់ទងជ្រាលជ្រៅ ជាមួយរាជការខ្មែរនាសម័យបុរាណ។លោកបន្តថា ជនជាតិដើមភាគតិច ដែលលេចធ្លោជាងគេ នៅក្នុងសម័យដើម គឺជាជនជាតិកួយ។លើសពីនេះទៀត ភាពល្បីល្បាញនៃជនជាតិនេះ ព្រោះតែនៅសម័យបារាំងមានឯកសារជាច្រើន ដែលនិយាយជនជាតិកួយ។ បារាំងបានលើកតម្កើងជនជាតិមួយនេះ ដោយមានជំនាញ និងទេពកោសល្យខាងវិជ្ជាស្លដែកដ៏ប៉ិនប្រសព្វ ដែលជាបច្ចេកទេសមួយដ៏ពិបាក។
ដោយឡែក មេឃុំស្រុកសៀមបូក លោក អិន ប៊ុនយឿនជា ទទួលស្គាល់ថាការបន្តបាតបង់ភាសាកំណើត នៃជនជាតិដើមភាគតិចកួយនេះ គឺផ្តើមចេញពីការរើសអើសខ្លួនឯង និងភាពខ្មាស់អៀន ដោយមិនហ៊ានបង្ហាញអត្តសញ្ញាណថាខ្លួនជាជនជាតិដើមភាគកួយ។លោកបន្តថា អាជ្ញាធរបានព្យាយាមផ្សព្វផ្សាយ និងលើកកម្ពស់ឱ្យមានការយល់ដឹង ព្រមទាំងជំរុញឱ្យយុវជនចូលរួមណាស់ដែរ ប៉ុន្តែការងារនេះ នៅតែរុញមិនដើរ។
លោកបន្តថា៖«កាលពីមុនមានការគាំទ្រជាច្រើននិងធ្វើយុទ្ធនាការផ្សព្វផ្សាយពីការលើកកម្ពស់ជនជាតិដើមភាគតិចកួយ.លើកកម្ពស់លើការនិយាយការស្លៀកពាកនិងលេងភ្លេងរបាំជាដើម។តែមកដល់បច្ចុប្បន្ននេះហាកបីដូចជាធ្លាក់ចុះកាន់តែច្រើនលើការនិយាយយជាភាសារជនជាតិ » ។
បើទោះជាបែបណា សម្រាប់ស្រ្តីវ័យប្រមាណ ៦០ឆ្នាំ គឺអ្នកស្រី ខា ស្រស់ លើកឡើងថា កិច្ចការនេះប្រសិនបើគ្មានការគាំពារ និងលើកកម្ពស់ពីស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលទេ ប្រាកដណាស់មិនថាភាសាកំណើត នៃជនជាតិដើមភាគតិចកួយ សូម្បីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ពីបុរាណ ក៏នឹងត្រូវបាត់បង់ដូចគ្នាដែរ៕
អត្ថបទដោយ សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច៖ កញ្ញា ឡុង សំនៀង, កញ្ញា ប៉ោ សំណាង, និង លោក ឌឿន រឿន៕