ជនជាតិដើមភាគតិចកួយនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ប្រឈមបាត់បង់ភាសាកំណើតទាំងស្រុង ក្រោយពីចាស់ទុំរបស់ជនជាតិមួយនេះមិនបានបង្រៀនបន្តទៅដល់កូនចៅរបស់ពួកគេ។
អ្នកស្រី ស្រេន លីន មានវ័យ៧០ឆ្នាំរស់នៅភូមិថ្មី ឃុំថ្មី និងជាជនដើមភាគតិចកួយ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា រូបអ្នកស្រី និងជនជាតិដើមភាគតិចកួយនៅឃុំថ្មីហាកលេងប្រើប្រាស់ភាសាកំណើតរបស់ខ្លួនទៅហើយ ហើយក៏មិនបានបង្រៀនភាសាមួយនេះបន្តដល់កូនចៅជំនាន់ក្រោយរបស់ពួកគាត់ផងដែរ។
អ្នកស្រី ស្រេន លីន បញ្ជាក់ថា ការមិនបានបង្រៀនភាសាកំណើតដល់កូនចៅជំនាន់ក្រោយនេះ គឺដោយសារក្មេងៗខ្លះមិនចង់រៀន ហើយមួយទៀតនោះ ពលរដ្ឋដែលជាជនជាតិដើមភាគតិចបាននិយមនិយាយ និងប្រើប្រាស់ភាសាខ្មែរអស់ទៅហើយ។ អ្នកស្រីឱ្យដឹងថា បច្ចុប្បន្ននេះក្មេងៗដែលជាជនជាតិដើមភាគតិចកួយមិនចេះភាសារបស់ខ្លួននោះទេ។
អ្នកស្រីថា អ្នកដែលចេះ និងនៅប្រើភាសាកំណើតបាន គឺមានតែមនុស្ស វ័យចំណាស់ដែលមានអាយុចាប់ពី៥០ឆ្នាំឡើងតែប៉ុណ្ណោះ។
អ្នកស្រីបន្ថែមថា៖«មិនសូវមានអ្នកនិយាយភាសាទេ។ មានតិចតួចប៉ុណ្ណោះ! អ្នកនិយាយមានតែចាស់ៗនិយាយគ្នាយូរៗម្តង។ ក្មេងៗអត់ចេះសោះ។ មូលហេតុមកពីចាស់ៗហ្នឹងអត់បង្រៀនដល់ក្មេងៗ។ ហើយម្យ៉ាងទៀតក្មេងៗហ្នឹង ក៏វាអត់ចង់ចេះភាសាហ្នឹងដែរ ព្រោះវាអត់ពិរោះ»។
អាយុ២៣ឆ្នាំកញ្ញា សេន ស្រីប៉េ ជាជនជាតិកួយ បាននិយយាថា កញ្ញាមិនចេះមិនចេះភាសាកំណើតខ្លួននោះទេ ដោយសារគ្មានអ្នកបង្រៀន ហើយក្រុមគ្រួសារប្រើតែភាសារខ្មែរដើម្បីទំនាក់ទំនងជារៀងរហូតមក ដោយមិនដែលភាសារដើមកំណើតនោះទេ។
កញ្ញា សេន ស្រីប៉េ បន្តថា កញ្ញាបារម្ភពីការបាត់បង់ភាសាកំណើតដែលជាផ្នែកមួយ នៃអត្តសញ្ញាណរបស់ខ្លួន។ កញ្ញាអះអាងថា នាងចង់ចេះ និងចង់អភិរក្សភាសាកំណើត ប៉ុន្តែគ្មានអ្នកបង្រៀនទេ។
កញ្ញាបន្ថែមថា៖«ដោយសារកាលយើងនៅតូចឪពុកម្តាយយើងអត់ដែលបង្រៀនយើង។ បើពួកគាត់បង្រៀនយើងតាំងពីតូចមក អាចនឹងយើងចេះ។ ប៉ុន្តែតាំងពីតូចមកគាត់និយាយតែភាសាខ្មែរសុទ្ធ យើងនិយាយខ្មែរសុទ្ឋតាមដែរ។ អីចឹងយើងមិនចេះទេ។ រាល់ថ្ងៃខ្ញុំចង់ចេះភាសាខ្លួនឯងដែរ ប៉ុន្តែអត់មានគ្រូបង្រៀន»។
មន្ត្រីជនខ្ពស់សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា ហៅកាត់ថា CIYA លោក រ័ត្ន លក្ខិណា មានប្រសាសន៍ថា តាមការចុះសិក្សាស្រាវជ្រាវរបស់លោក គឺយុវជនដែលជាជនជាតិដើមភាគតិចកួយនៅឃុំថ្មី មិនបានប្រើប្រាស់ភាសាកំណើតរបស់ខ្លួនោះទេ។ លោកថា ករណីនេះ គឺជាក្តីបារម្ភមួយចំពោះការបាត់បង់ទាំងស្រុងនូវភាសាដែលជាផ្នែកមួយ នៃអត្តសញ្ញាណរបស់ជនជាតិភាគតិចកួយនៅតំបន់នោះ។
លោក រ័ត្ន លក្ខិណា បានស្នើដល់ជនជាតិដើមតិចកួយត្រូវចង់ក្រង និងរៀនសូត្រភាសាកំណើតរបស់ខ្លួនឡើងវិញ ហើយអាជ្ញាធរពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលនានាដែលធ្វើការលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចត្រូវចូលគាំទ្រ ផ្សព្វផ្សាយ និងផ្តល់វគ្គបណ្តុះបណ្តាលភាសាកំណើតដល់ជនជាតិដើមភាគតិចកួយនេះឡើយវិញ ដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណី និងអត្តសញ្ញាញរបស់ជនជាតិដើមភាគតិចកួយ។
លោកបន្ថែមថា៖ «យើងជាជនជាតិដើមភាគតិចកួយ បើយើងមិនចេះភាសាកំណើតរបស់ខ្លួន វាស្មើហ្នឹងបាត់បង់អត្តសញ្ញាណរបស់ខ្លួនឯង ឬបាត់បង់លក្ខណៈសម្គាល់របស់ជនជាតិដើមភាគកួយហើយ។ អីចឹងបានថា!។ ក្តីបារម្ភក្នុងនាមខ្ញុំជាជាតិដើមភាគតិចកួយម្នាក់ក៏ដូចជាមន្ត្រីអង្គការសង្គមស៊ីវិល គឺកន្លែងហ្នឹងវាពិតជាមានសារៈសំខាន់ណាស់ ដែលពួកគាត់ត្រូវតែព្យាយាមរៀនសូត្រ និងចង់ក្រងភាសាដើមរបស់ខ្លួនឯងឡើងវិញ»។
មេឃុំថ្មីលោក មុំ ខាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា នៅក្នុងឃុំថ្មីមានប្រជាពលរដ្ឋដែលជនជាតិដើមភាគចំនួន៣ជនជាតិ មានជនជាតិដើមភាគតិចកួយ ជនជាតិដើមភាគតិចខោញ និងជនជាតិដើមភាគតិចពូនក្នុងចំណោមប្រជាពលរដ្ឋសរុប៣៨៣៨គ្រួសារ។
មេឃុំថ្មីលោក មុំ ខាំ បញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋសរុប៣៨៣៨គ្រួសារ គឺមានជនជាតិភាគតិចកួយប្រមាណ៩៥ភាគរយ ឬមានពលរដ្ឋកួយប្រមាណ២០០០គ្រួសារ។
បើតាមលោក មុំ ខាំ នៅក្នុងឃុំថ្មី គឺជនជាតិដើមភាគតិចខោញ និងជនជាតិដើមភាគតិចកួយសឹងតែបាត់បង់ភាសាកំណើតរបស់ខ្លួនអស់ទៅហើយ ដោយសារពួកគេមិនបើប្រាស់ និងមិនបានបង្រៀនកូនចៅជំនាន់ក្រោយរបស់ពួកគេ។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះយុវជនដែលជាជនជាតិដើមភាគតិចកួយមិនចេះនិយាយភាសាកំណើតរបស់ខ្លួននោះទេ។ ចំណែកមនុស្សវ័យចំណាស់វិញ មានប្រហែល៣០ភាគរយប៉ុណ្ណោះ ដែលចេះនិយាយភាសាកំណើតរបស់ខ្លួន ហើយពួកគេនិយាយម្តងម្កាលនៅពេលជួបជុំគ្នាតែប៉ុណ្ណោះ។
មេឃុំថ្មីលោក មុំ ខាំ អះអាងថា ពេលមានវាទិកាសាធារណៈម្តងៗលោកតែងតែនិយាយណែនាំដល់ជនជាតិដើមភាគតិចទាំងនោះឱ្យនិយាយ និងបង្រៀនភាសាកំណើតរបស់ខ្លួនដល់កូនចៅជំនាន់ក្រោយរបស់ពួកគេ ដើម្បីកុំឱ្យបាត់បង់ភាសាកំណើត និងអត្តសញ្ញាញរបស់ពួកគេ។
លោកបន្ថែមថា៖«ខ្ញុំឧស្សាប្រជុំណែនាំដល់ពួកគេដែរថា កុំឱ្យបំភ្លេចនូវសារជាតិរបស់យើងដែលជាជនជាតិដើមភាគតិច និងប្រពៃណីរបស់ពួកយើង ប៉ុន្តែការដែលពួកគាត់មកនៅ និងរស់នៅ គឺពួកគាត់មកជួបតែខ្មែរយើង និយាយតែភាសាខ្មែរ។ ចឹងហើយបានជាពួកគាត់និយាយតែភាសាខ្មែរយើងតាមទៅ។ ប៉ុន្តែមនុស្សចាស់ៗ ពេលនៅផ្ទះ គាត់ជួបគ្នា គាត់ក៏គាត់និយាយបានភាសាគ្នាគាត់ខ្លះដែរ»។
ក្រសួងអភិវឌ្ឍន៍ជនបទ មានគោលនយោបាយជាតិស្តីពីការអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិច ដែលបានអនុម័តក្នុងឆ្នាំ២០០៩។ គោលនយោបាយនេះមានគោលដៅ ដើម្បីកែលម្អជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច និងដើម្បីលើកកម្ពស់គុណភាព នៃជីវិតរបស់ពួកគេ។
គោលនយោបាយនេះក៏ផ្តោតទៅលើការអភិវឌ្ឍចំនួន ១០វិស័យផងដែរ រួមមាន វប្បធម៌ ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុខាភិបាល បរិស្ថាន ដីធ្លី កសិកម្មនិងធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ យុត្តិធម៌ ទេសចរណ៍ និងឧស្សាហកម្ម រ៉ែ និងថាមពល៕
……………………………………….
អត្ថបទដោយ៖ ឆែន រ៉ាទី ពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ