សហគមន៍ជនជាតិដើមភាគតិចកួយស្ថិតនៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ ស្នើឱ្យរដ្ឋមន្រ្ដីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត ចុះពិនិត្យមើលបទល្មើសកាប់បំផ្លាញធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃព្រះរការដោយផ្ទាល់កុំចាំមើលតែរបាយការណ៍របស់មន្រ្ដីថ្នាក់ក្រោម។
ការស្នើនេះ ធ្វើឡើងបន្ទាប់ពីសមាជិកសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុចំនួន១៤នាក់បានចុះប្រមូលព័ត៌មាន និងធ្វើបច្ចុប្បន្នភាពនៅក្នុងដែនជម្រកសត្វព្រៃព្រះរការរយៈពេលពីរថ្ងៃ គឺថ្ងៃទី៥ ទី៦ ខែកញ្ញា ឆ្នាំ២០២៤បានប្រទះឃើញបទល្មើសចំនួន២១៣ករណី រោងស្នាក់នៅរបស់ក្រុមអ្នកអារឈើ ម៉ាស៊ីនអារឈើ និងសម្ភារៈជួសជុលម៉ាស៊ីនអារឈើជាដើម។
លោក អឿន ចាន់ធឿន សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ថា ដើមឈើតូចធំជាច្រើនដើមត្រូវបានអារច្រៀកជាប្រភេទក្ដារបន្ទះដឹកចេញទៅក្រៅដោយគ្មានកាបង្គ្រាប មានមុខកាត់ចាប់ពី៣៣សង់ទីម៉ែត្រដក់១៥០សង់ទីម៉ែត្រ ឈើទាំងនោះមានដូចជាដើមផ្ដៀក ឈើទាល កកោះ គរគី ពពេល ដើមឈើដែលត្រូវបានកាប់បំផ្លាញច្រើនជាងគេនៅតំបន់ក្បាលអូរដាច់កន្ទប ។
ជនជាតិដើមភាគតិចកួយរូបនេះបន្តថា មួលហេតុដែលសហគមន៍សំណូមពរឱ្យរដ្ឋមន្រ្ដីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត ចុះពិនិត្យផ្ទាល់គឺដោយសារតែនៅក្នុងដែនជម្រកសត្វព្រៃព្រះរការមានបទល្មើសព្រៃឈើជាច្រើន។ លោកថា មន្រ្ដីថ្នាក់ក្រោមមិនហ៊ានធ្វើរបាយការណ៍ពិតប្រាកដជូនរដ្ឋមន្រ្ដីទេ គឺធ្វើរបាយការណ៍ភូតកុហក់ ចង់ឱ្យលោករដ្ឋមន្រ្ដីទៅមើលឃើញដោយផ្ទាល់កុំចាំស្ដាប់តែរបាយការណ៍មន្រ្ដីថ្នាក់ក្រោម ។
លោក អឿន ចាន់ធឿន ថាមន្រ្ដីបរិស្ថាន និងទាហានបានហាមឃាត់ក្រុមរបស់លោកចំណុចវាលខ្លុង មិនឱ្យក្រុមរបស់លោកដើរល្បាតទៀតទេ។ លោកនិយាយថា ដើរល្បាតបានតែមួយថ្ងៃត្រូវរកឃើញបទល្មើសច្រើនបែបនេះទៅហើយ បើដើរច្រើនថ្ងៃរកឃើញបទល្មើសកាន់តែច្រើន ។
លោកលើកឡើងថា៖ « មន្រ្ដីបរិស្ថានគាត់បិទសិទ្ធិសេរីភាពប្រជាពលរដ្ឋនៅក្នុងតំបន់មិនឱ្យជួយការពារ[ព្រៃ]មន្រ្ដីបរិស្ថានមិនចង់ឱ្យយើងចូលយកព័ត៌មាន មិនឱ្យពលរដ្ឋទៅឃើញបទល្មើស » ។
លោក ថី ហុន បានប្រាប់ថា ក្រៅតែពីបទល្មើសកាប់ និងអារព្រៃឈើយកទៅលក់នៅមានបទល្មើសដាក់អន្ទាក់បាញ់សម្លាប់សត្វព្រៃយកទៅលក់។ មន្រ្ដីបរិស្ថានមួយចំនួនទៅឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការធ្វើចម្ការក្នុងមួយនាក់ចាប់ពី៥ហិកតាឡើងទៅ ។
លោកបន្ថែមថា មូលហេតុដែលមន្រ្ដីបរិស្ថានមិនឱ្យសហគមន៍ចូលល្បាតព្រៃគឺចោទសហគមន៍ថា មិនបានសហការណ៍ជាមួយមន្រ្ដីបរិស្ថាន។ លោកថា កាលពីឆ្នាំ២០១៤ និង២០១៥ សហគមន៍បានសហការជាមួយមន្រ្ដីបរិស្ថានរហូតតែមន្រ្ដីទាំងនោះបាននាំទៅតែកន្លែងដែលគ្មានបទល្មើសមូលហេតុនេះហើយបានសហគមន៍មិនចង់ចូលរួមជាមួយបរិស្ថាន ។
លោក ថី ហុន សង្កេតឃើញថាចាប់តាំងពីក្រសួងបរិស្ថានហាមឃាត់មិនឱ្យសហគមន៍ចូលល្បាតព្រៃមកបទល្មើសព្រៃឈើមានការកើនឡើងជាខ្លាំង។ លោកនិយាយថា ជនជាតិដើមភាគតិចរស់នៅពឹងផ្អែកទៅលើធនធានធម្មជាតិ ដូចជាដងជ័រ បេះផ្លែឈើ ដកផ្សិត រកថ្នាំបុរាណ ។
លោក ថី ហុន ថា ថាតាំងពីដូនតារបស់លោកមក ជនជាតិដើមភាគតិចកួយចង់ចុះទៅល្បាតព្រៃឬមិនចង់ជាសិទ្ធិរបស់ជនជាតិដើម ។
លោកលើកឡើងថា៖ « ជនជាតិដើមភាគតិចយើងពឹងផ្អែកទៅលើធនធានធម្មជាតិទាំងអស់បើសិនបាត់បង់[ព្រៃឈើ]ទៅមិនដឹងថាជនជាតិដើមភាគតិចទៅរកអីទេ ព្រោះជនជាតិដើមភាគតិចយើងអត់មានចំណេះដឹងផង។នៅក្នុង[ព្រៃ]នោះហើយជាធនាគាររបស់ជនជាតិដើមភាគតិចបើបាត់ទៅមិនដឹងទៅរកអីទេគាត់បារម្ភមែនទែន »។
ពលរដ្ឋអ្នកសារព័ត៌មានបានព្យាយាមទាក់ទង់ទៅលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានតាមទូរសព្ទជាច្រើនដងតែមិនមានអ្នកលើកទូរសព្ទទេនៅថ្ងៃទី១១ ខែកញ្ញា។
អនុប្រធានមន្ទីរបរិស្ថានខេត្ដព្រះវិហារ លោក មាស ញឹម ប្រាប់ពលរដ្ឋអ្នកសារព័ត៌នៅថ្ងៃពុធនេះថា ករណីនេះលោកនៅមិនទាន់ទទួលបានព័ត៌មានពីនាយកដែនជម្រកសត្វព្រៃព្រះរការទេ។ លោកថា កន្លងមកនាយកដែនជម្រកសត្វព្រៃព្រះរការធ្លាប់បានបង្គ្រាបបានបទល្មើសជាច្រើន ក្នុងនោះចាប់ខ្លួនជនប្រព្រឹត្តិបទល្មើស និងបានកសាងសំណុំរឿងបញ្ចូនទៅតុលាការចំនួន៤ករណីក្នុងមួយករណីមានច្រើនសកម្មភាព។
លោកបន្តថា បើសហគមន៍បើមានភស្តុតាងសូមជួយផ្ដល់ឱ្យមកមន្ទីរបរិស្ថានដើម្បីអនុវត្តអភិក្រមទី៥របស់នាយករដ្ឋមន្រ្ដី បន្ទាប់ពីទទួលព័ត៌មាននេះហើយលោកនឹងស៊ើបអង្កេតរកមន្រ្ដីដែលជាប់ពាក់ព័ន្ធ ពិតជាមានដូចការចោទរបស់សហគមន៍ដែរឬទេ បើរកឃើញយើងនឹងធ្វើរបាយការណ៍ទៅថ្នាក់ដឹកនាំក្រសួងដើម្បីវះកាត់តែម្តង។
លោកលើកឡើងថា៖ « រាល់សហគមន៍ទាំងអស់យើងអត់បានហាមឃាត់គាត់ទេថាមិនឱ្យគាត់ចូលទេ ប៉ុន្តែឱ្យគាត់ចុះអឹមអូយូជាមួយក្រសួងបរិស្ថាន។ចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានដើម្បីធ្វើការជាមួយគ្នា។ធនធានធម្មជាតិមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ក្រសួងបរិស្ថាន ឬក៏មន្ទីរបរិស្ថានទេ ធនធានធម្មជាតិជាកម្មសិទ្ធិរបស់ប្រជាជនរបស់ប្រទេសជាតិ។ យើងចូលរួមសហការជាមួយហ្នឹងសហគមន៍ទាំងឡាយណាដែលស្របច្បាប់ដែលចុះអឹមអូយូជាមួយក្រសួងបរិស្ថាន »។
សកម្មជនបរិស្ថានលោក ម៉ា ចិត្រា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថាបទល្មើព្រៃឈើនៅតែបន្តកើតមានឡើងបាន គឺដោយសារកម្សោយនៃការអនុវត្តច្បាប់ អំពើពុករលួយរវាងមន្រ្ដីឧទ្យានុរក្ស និងឈ្មួញរកស៊ីឈើជាដើម។
លោកបន្តថា ការមិនឱ្យសហគមន៍ចូលរួមល្បាតឬការពារព្រៃឈើគឺជាការរំលោភសិទ្ធិក្នុងការចូលរួមកិច្ចការសង្គម មួយវិញទៀតបង្ហាញថារដ្ឋាភិបាលគ្មានឆន្ទៈក្នុងការចូលរួមការពារធនធានធម្មជាតិពិតប្រាកដ។
លោក ចិត្រា និយាយថា រដ្ឋមន្រ្ដីក្រសួងបរិស្ថានគួរតែមានពេលវេលាក្នុងការចុះទៅពិនិត្យដែនជម្រកសត្វព្រៃព្រះរការយ៉ាងតិចណាស់ឱ្យបានម្ដង ដើម្បីឈ្វេងយល់បញ្ហាព្រៃឈើនៅក្នុងតំបន់ការពារ។ លោកបន្ថែមថា កាលណារដ្ឋមន្រ្ដីមិនមានប្រព័ន្ធគ្របគ្រងត្រឹមត្រូវទេ ជាឱកាសរបស់មន្រ្ដីថ្នាក់ក្រោមប្រព្រឹត្តិអំពើពុករលួយបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើបន្តទៀត ។
លោកលើកឡើងថា៖ « រដ្ឋមន្រ្ដីកុំច្រានចោលរបាយការណ៍ទាំងសងខាង ទទួលយករបាយការណ៍កូនចៅគាត់ផង ទទួលយករបាយការណ៍សហគមន៍ដែលបានរកឃើញផង។ ហើយចុះទៅស៊ើបអង្កេតជាក់ស្ដែងថាមានការកាប់បំផ្លាញមែនអត់អាហ្នឹងបានគាត់ថ្លឹងថ្លែងបាន។ បើសិនជាគាត់មានចេតនាការពារព្រៃឈើខ្ញុំគិតថាគាត់ធ្វើបានចំពោះកិច្ចការនេះ » ។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានបង្កើតដែនជម្រកសត្វព្រៃឆែប-ព្រះរការ ដែលមានមានផ្ទៃដីសរុបចំនួន ៣៤៧ ៥៦៨(បីសែនបួនម៉ីនប្រាំពីរពាន់ប្រាំរយហុកសិបប្រាំបី)ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្ដចំនួន២ រួមមានខេត្ដព្រះវិហារ និងខេត្ដស្ទឹងត្រែង។
អនុក្រឹត្យនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីធានាឱ្យមានការថែទាំជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡេស៊ី។ បន្ថែមពីនេះ រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ រួមទាំងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ ជាមួយគ្នានេះ ក៏មានគោលដៅធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិទានភាព និងនិរន្តរភាព ព្រមទាំងលើកកម្ពស់ការចូលរួមរបស់ប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈជម្រុះ រួមទាំងធនធានធម្មជាតិក្នុងតំបន់៕
……………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា