ប្រជាពលរដ្ឋមកពីសហគមន៍មួយចំនួននៅរាជធានីភ្នំពេញ ស្នើរដ្ឋាភិបាលពន្លឿនការចុះបញ្ជីដីធ្លីពួកគេឆាប់រហ័ស ដើម្បីធានាបាននូវសិទ្ធិលំនៅឋានរបស់ពួកគេ និងបង្កើនសុវត្ថិភាពក្នុងការកាន់កាប់ ក្រោយពួកគេបានរង់ចាំអស់រយៈពេលជាងមួយទស្សវត្សរ៍។
តំណាងសហគមន៍កៅពីរ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ អ្នកស្រី ស៊ី នួន បានលើកឡើងពីក្តីបារម្ភថា ប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅក្នុងសហគមន៍នេះ នៅមិនទាន់មានប័ណ្ណកម្មសិទ្ធិដីធ្លីនៅឡើយ ដែលធ្វើឱ្យពួកគាត់ជួបបញ្ហាប្រឈមមួយចំនួន ដូចជាបារម្ភពីការបណ្តេញចេញដោយបង្ខំ ដោយការអភិវឌ្ឍ និងមិនអាចទទួលបានកម្ចីពីធនាគារដែលមានការប្រាក់ទាប។
អ្នកស្រីមានប្រសាសន៍ថា៖ «បើគ្មានប័ណ្ណកម្មសិទ្ធិដីទេ ទី១ ពួកយើងទាំងអស់គ្នាមានប័ណ្ណកម្មសិទ្ធិ យើងអាចខ្ចីពីធនាគារបានអត្រាការប្រាក់ទាប ចំណែកមួយទៀតប្រសិនជាអត់មានប័ណ្ណកម្មសិទ្ធិ យើងនឹងរស់នៅមិនស្របច្បាប់ បើសិនជាយើងបណ្តេញអី [បើប័ណ្ណកម្មសិទ្ធិ] នឹងទទួលបាន[គោល]នយោបាយ យើងដឹងថារដ្ឋក្រ ពេលប្រជាពលរដ្ឋចឹងទទួល[សំណង]បានប្រាក់តិចទេ។ [បើសិនមានការបណ្តេញចេញដោយបង្ខំ] ចឹងពួកយើងបារម្មភ័យខ្លាំងណាស់ ទី១ វាប៉ះពាល់ដល់សុខភាព ទី២ កុមារគ្មានអនាគតត្រូវគេបណ្ដេញចេញ កុមារគ្មានអនាគតបាត់ផ្ទះសម្បែង បាត់បង់ការសិក្សាធ្លាក់ខ្លួនក្រីក្រ និងមានជំងឺគ្រប់ៗគ្នា»។
អ្នកស្រី ស៊ី នួន បានឱ្យដឹងថា តាំងពីបង្កើតសហគមន៍ឡើងក្នុងឆ្នាំ២០១៣ ពួកគាត់បានយល់ដឹង អំពីអត្ថប្រយោជន៍របស់ប័ណ្ណកម្មសិទ្ធិដីធ្លី ហើយប្រសិនបើមានប័ណ្ណកម្មសិទ្ធិ នៅពេលដែលរដ្ឋាភិបាល អនុញ្ញាតឱ្យវិស័យឯកជនធ្វើការអភិវឌ្ឍ នោះនឹងមានគោលនយោបាយជាសំណងទៅកាន់ពលរដ្ឋ។
លោកបន្តថា៖ «តាំងពីសហគមន៍បង្កើតមក តាំងពីសហគមន៍បង្កើតក្នុងឆ្នាំ២០១៣ យើងតែងតែចង់បានប័ណ្ណកម្មសិទ្ធិ ដោយសារយើងគិតថាមានប្លង់ទៅ មានការដំណោះស្រាយយុត្តិធម៍និងសមរម្យ។ ការដោះស្រាយដោយយុត្តិធម៌ វាមានប៉ុន្មានចំណុចដូចជាសំណងជាមុខនិងយុត្តិធម៌ តម្លៃទីផ្សារ ចឹងយើងយកច្បាប់អាសានិករមកនិយាយ […] យើងដឹងថា ក្នុងនាមប្លង់កម្មសិទ្ធិហ្នឹងរដ្ឋដកបានដែរ លុះត្រាតែបម្រើផលប្រយោជន៍សាធារណៈ ដកហើយមានថវិកាក៏ត្រូវសងដែរ»។
បើតាមរបាយការណ៍របស់សមាគមធាងត្នោត អំពីសុវត្ថិភាពសហគមន៍ក្រីក្រនៅទីក្រុង ចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា សហគមន៍កៅពីរបានប្រឈមនឹងជម្លោះដីធ្លី ជាមួយក្រុមហ៊ុនចំនួន៣ ចាប់តាំងពីឆ្នាំ២០១៦មក។ នៅឆ្នាំ២០១៦ ក្រុមហ៊ុនឧស្ម័នមួយ បានប្រគល់ដីជូនសហគមន៍វិញបន្ទាប់ពីមានជម្លោះ ប៉ុន្តែនៅឆ្នាំ២០២២ ក្រុមហ៊ុនចិន បានទាមទារដីចំនួន១៨ ប្លង់ជាមួយសំណង ចំនួនចន្លោះពី ៥០០០ ទៅ ១០០០០ដុល្លារ ក្នុងមួយគ្រួសារ។
បច្ចុប្បន្នក្រុមហ៊ុនមួយឈ្មោះ ចាំង ហ្សប ខមផានី (Junk Shop Company) កំពុងទាមទារយកដីរបស់ប្រជាពលរដ្ឋចំនួន ៣៣គ្រួសារ។ សហគមន៍បានដាក់ពាក្យបណ្តឹងទៅសង្កាត់ និងខណ្ឌ ប៉ុន្តែគ្មានការឆ្លើយតបទេ។
ចំណែកឯតំណាងសហគមន៍ពង្រសែនជ័យ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ អ្នកស្រី ថៃ ចាន់ណា លើកឡើងថា ប្រជាសហគមន៍ទួលពង្រទាំងមូលនិងអ្នកស្រីផ្ទាល់តែងតែត្អូញត្អែរនូវការអូសបន្លាយពេលនូវការចេញប្លង់កម្មសិទ្ធិដីធ្លី ពីសំណាក់អាជ្ញាធរអស់រយៈពេលជាង១០ឆ្នាំមកហើយ។
អ្នកស្រីមានប្រសាសន៍ថា៖ «តាំងពីឆ្នាំ២០០៩ម្លេះ អ្នកគ្រូ ២០០៩ ២០១០ និយាយទៅការស្នើរបស់ប្រជាពលរដ្ឋវាហូរហែររហូតមក ចង់និយាយថា ការស្នើរសុំហ្នឹងរហូតមក ប៉ុន្តែវាអត់មានដំណោះស្រាយណាមួយជូនពួកគាត់»។
អ្នកស្រីថា ការរស់នៅដោយគ្មានប្លង់កម្មសិទ្ធិ បានធ្វើឲ្យប្រជាសហគមន៍ទួលពង្រ ជួបប្រទះនូវឧបសគ្គមួយចំនួន ទាក់ទងទៅនឹងការទទួលបានឯកសារសាធារណៈផ្សេងៗ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើតកូនៗរបស់ពួកគេជាដើម។
អ្នកស្រីនិយាយថា៖ «អាប្លង់ហ្នឹង ក៏វាជាបញ្ហាទៅដល់ការដែលធ្វើសៀវភៅស្នាក់នៅដែរ ហើយមិនត្រឹមតែប៉ុណ្ណឹង ដូចជា អត្តសញ្ញាណប័ណ្ណ ដូចជាសំបុត្រកំណើត ឬច្បាប់ធ្វើការងារអីក៏វាមានផលលំបាកដែរ ដោយសារអីយើងអត់មានអាសៀវភៅស្នាក់នៅហ្នឹង វាពិបាកក្នុងការគេធ្វើឱ្យយើងចឹងហាស[…] និយាយទៅវាជួបប្រទះបញ្ហាច្រើនដែរ ទៅលើការរស់នៅរបស់ពួកយើងហ្នឹងគេមិនទទួលស្គាល់ចឹងហាស »។
តាមរបាយការណ៍សមាគមធាងត្នោតដដែលលើកឡើងថា សហគមន៍ពង្រសែនជ័យបានបង្កើតឡើងតាំងពីទស្សវត្សរ៍ឆ្នាំ២០០០ ហើយប្រឈមនឹងអសុវត្ថិភាពដីធ្លី ដោយសារការកាន់កាប់ដីសាធារណៈរបស់រដ្ឋលើផ្លូវតូចមួយខ្សែ។ ទោះបីពួកគេមិនត្រូវបានបណ្តេញចេញជាផ្លូវការ ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានគំរាមបណ្តេញចេញរួចទៅហើយ ដើម្បីយកសាងសង់ផ្លូវ។
សមាគមធាងត្នោត ក៏បញ្ជាក់ថា សហគមន៍មិនមានសៀវភៅគ្រួសារ និងសំបុត្រកំណើតទេ។ ពួកគេបានស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លី និងជម្រើសធ្វើផ្លូវឡើងវិញ ប៉ុន្តែសំណើទាំងនេះត្រូវបានច្រានចោល។ មានការព្រួយបារម្ភ អំពីផលប៉ះពាល់នៃការអភិវឌ្ឍផ្លូវទៅលើ ផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគេ។
អ្នកស្រី យ៉ាង ផានី ដែលជាប្រជាសហគមន៍ស្រ្តីក្លាហាន ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រៀបរាប់ពីផលប៉ះពាល់មួយចំនួន ក៏ដូចជាក្តីព្រួយបារម្ភរបស់សហគមន៍ខ្លួន នៅពេលដែលគ្មានប្លង់កម្មសិទ្ធិ។
អ្នកស្រីថា៖ «ប៉ះពាល់ដល់សិទ្ធិពលរដ្ឋ ទីមួយ ពេលណាដែលយើងទាមទារពីសិទ្ធិរបស់យើង ពីសិទ្ធិកាន់កាប់ដីរបស់យើងពេញច្បាប់ គឺអាជ្ញាធរមិនបានផ្តល់ឲ្យទេ។ ទីពីរចោទប្រកាន់ថាយើងរស់នៅលើដីសាធារណៈរបស់រដ្ឋ ចឹងអានេះជាបញ្ហាមួយរំលោភសិទ្ធិរបស់យើងជាប្រជាពលរដ្ឋខ្មែរ រស់នៅដោយភ័យខ្លាចដោយការបណ្តេញចេញដោយបង្ខំ ព្រោះប្រជាពលរដ្ឋកំពុងតែលំបាករឿងបំណុល ហើយនៅពេលណាដែលអស់ដីអស់ផ្ទះហើយ រឹតតែលំបាករឹតតែវេទនាជាងស្លាប់ទៀត ព្រោះដីផ្ទះគឺជាជីវិត បើបាត់បង់ដីបាត់បង់ផ្ទះ ដូចបាត់បង់ជីវិតរបស់យើងចឹង»។
អ្នកស្រីថា នៅពេលដែលប្រជាសហគមន៍ និងអ្នកស្រីទទួលបានប្លង់នោះ អ្នកស្រីអាចយកប្លង់នោះទៅដោះស្រាយបញ្ហាជីវភាពគ្រួសារ និងទទួលបានភាពកក់ក្តៅពេញលេញ ដោយមិនភ័យខ្លាចក្នុងការបណ្តេញចេញទាំងបង្ខំនោះទេ។
អ្នកស្រីលើកឡើងថា៖ «ចឹងគាត់ត្រូវការទីមួយ គាត់ត្រូវការប្លង់កម្មសិទ្ធិដើម្បីខ្ចីលុយធនាគារ ដើម្បីដោះអាពេលមានអាសន្នហ្នឹង ប៉ុន្តែអាជ្ញាធរគេអត់ធ្វើប្លង់កម្មសិទ្ធិឲ្យ ចឹងមានតែខ្ចីលុយឯកជន ហើយឯកជនការថ្លៃណាស់ ចឹងណាមួយប្រជាពលរដ្ឋខ្លាចអត់មានប្លង់កម្មសិទ្ធិ ពិបាកកាន់កាប់ដូចថាខ្លាចអាជ្ញាធរ ឬក៏អ្នកផ្សេងដែលមានអំណាចហ្នឹងបណ្តេញចេញទាំងបង្ខំអីចឹងទៅ ចឹងប្រជាពលរដ្ឋភ័យខ្លាច អត់ដឹងថានឹងមានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួនឯងដែលរស់នៅតាំងពីមុនច្បាប់ភូមិបាលទៀត»។
សហគមន៍ស្ត្រីក្លាហាន ដែលរស់នៅលើដីរបស់រដ្ឋតាមមាត់ទន្លេ មិនមានប័ណ្ណកម្មសិទ្ធិដីធ្លីទេ ខណៈដែលពួកគេមានបញ្ហាប្រឈមនឹងការគំរាមកំហែងពីការបណ្តេញចេញដោយផ្ទាល់។ ពួកគេចង់បានការអភិវឌ្ឍនៅនឹងកន្លែង ប៉ុន្តែប្រសិនបើតម្រូវឱ្យផ្លាស់ប្តូរទីតាំង ពួកគេចង់បានសំណងសមរម្យ និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ សហគមន៍កំពុងសកម្ម ក្នុងការប្រមូលឯកសារដីធ្លី និងចងក្រងប្រវត្តិសហគមន៍ដើម្បីតស៊ូមតិទាមទារសិទ្ធិរបស់ខ្លួននៅសង្កាត់ ខណ្ឌ និងសាលារាជធានីភ្នំពេញ។ នេះបើតាមរបាយការណ៍សមាគមធាងត្នោត។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពី លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទេគិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះទេ។
តែយ៉ាងណា កាលពីអំឡុងខែសីហា ឆ្នាំ២០២៤ ក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយទៅកាន់ប្រជាពលរដ្ឋ ស្តីពី «សមិទ្ធផល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧» លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនាស់ដីធ្លី កង្វះដីធ្លី ការចុះបញ្ជីកម្មសិទ្ធិ និងការទន្ទ្រានដីរដ្ឋ នៅតែជាបញ្ហាស្មុគស្មាញ និងរ៉ាំរ៉ៃនៅកម្ពុជា ដែលរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់ ដោះស្រាយឱ្យមានប្រសិទ្ធភាព និងឈានទៅបញ្ចប់រាល់វិវាទដីធ្លីនៅក្នុងប្រទេស។
តែយ៉ាងណា លោករំពឹងថា នៅត្រឹមដំណាច់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងបញ្ចប់បានទាំងស្រុងចំពោះការងារចុះវាស់វែងក្បាលដីនៅទូទាំងប្រទេស ដើម្បីឈានទៅកាត់បន្ថយទំនាស់ដីធ្លី ខណៈរដ្ឋាភិបាលអាណត្តិមុនៗ បានវាស់វែងនិងចុះបញ្ជីដីបានចំនួនជាង ៧លាន៧សែន និងចេញបណ្ណកម្មសិទ្ធិប្រមាណ ៧លានបណ្ណ។
លោកថ្លែងថា៖ «ក្រោយពីការចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិ រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា ទំនាស់ដីធ្លីនឹងត្រូវបានកាត់បន្ថយ និងឈានទៅការលុបបំបាត់នាពេលខាងមុខ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលើកឡើងថា ចំពោះការចុះបញ្ជីដីធ្លីនៅកម្ពុជា បើតាមការប្តេជ្ញាចិត្ត គោលនយោបាយ និងច្បាប់ ឃើញថារាជរដ្ឋាភិបាលតាំងចិត្ត និងប្តេជ្ញាចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសឱ្យបានចប់នាពេលឆាប់ៗខាងមុខ។
ប៉ុន្តែអ្វីដែជាឧបសគ្គធំនោះ លោកថា គឺបញ្ហាដីធ្លីណាដែលមិនទាន់ដោះស្រាយ នឹងមិនទាន់អាចចុះបញ្ជីបាន ជាពិសេសគឺបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃរបស់សហគមន៍ដីធ្លី ជាមួយក្រុមហ៊ុន អ្នកមានទ្រព្យ និងអ្នកមានឥទ្ធិពល។
លោកបន្ថែមថា៖ «នៅពេលដែលពលរដ្ឋមិនទាន់បានទទួលប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លី នោះប្រជាពលរដ្ឋអាចប្រឈមនឹងការរំលោភបំពានដីធ្លី ពីសំណាក់អ្នកមានទ្រព្យ អ្នកមានឥទ្ធិពល អសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ការព្រួយបារម្ភពីការបាត់បង់ដីធ្លី។ ម្យ៉ាងទៀត បើប្រជាពលរដ្ឋ ឬសហគមន៍ដីធ្លីដែលកំពុងរងគ្រោះដោយការរំលោភយកដីធ្លីរបស់ពួកគាត់ ឬកំពុងមានវិវាទដីធ្លីកើតឡើង ហើយមិនទាន់ត្រូវបានដោះស្រាយទេ គឺអាចឱ្យពួកគាត់ប៉ះពាល់ជីវភាពរស់នៅ រងបណ្តឹងតាមផ្លូវតុលាការ ជាប់ពន្ធនាគារ កូនរបស់ពួកគាត់អាចបាត់បង់ការសិក្សា ចំណាកស្រុក អំពើហិង្សាក្នុងគ្រួសារ និងមានជំងឺផ្លូវចិត្តកើតឡើង។ល។ »។
លោក អំ សំអាត បញ្ជាក់ថា ដើម្បីចុះបញ្ជីដីធ្លីប្រកបដោយប្រសិទ្ធភាព និងដោយរលួនបានឆាប់រហ័សរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំដោះស្រាយវិវាទដីធ្លីឱ្យបានរួចរាល់ជាមុនសិន ។
តាមរយៈរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៨,១១៧,៥៣៣បណ្ណ ក្នុងនោះបានបញ្ចប់ការចេញបណ្ណជំហានទី១ ចំនួន ៧លានក្បាលដី ស្មើនឹង១០០%នៃផែនការ និងបាននិងកំពុងអនុវត្តការចេញបណ្ណជំហានទី២ បានចំនួន ១,១១៧,៥៣៣បណ្ណ ស្មើនឹង២២,៣៥% នៃចំនួនក្បាលដីប៉ាន់ស្មាន ប្រមាណ៥លានក្បាលដី បើគិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ។
រីឯពាក្យបណ្តឹងរឿងដីធ្លីវិញ នៅឆ្នាំ២០២៤នេះ ក្រសួងបានទទួលពាក្យបណ្តឹងសរុប ៩២៧ករណី និងដោះស្រាយបញ្ចប់នីតិវិធីចំនួន ២ ១២១ករណី តាមរយៈយន្តការដោះស្រាយវិវាទដីធ្លីទាំង៣ មានសមាសភាពមកពីគណៈកម្មការសុរិយោដីក្រុងស្រុកខណ្ឌ អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី និងក្រុមការងាររបស់ក្រសួង។ គិតពីចាប់ផ្តើមអនុវត្តដល់ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដីទទួលពាក្យបណ្តឹងសរុបចំនួន ១៥ ៩៦០ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន ១៤ ៩១៩ករណី និងកំពុងដោះស្រាយចំនួន១,០៤១ករណី៕
……………………
អត្ថបទដោយ៖ អ៊ួក ចាន់ធីដា