ពលរដ្ឋជនជាតិដើមភាគតិចកួយប្រមាណ ២០នាក់ តំណាងឱ្យពលរដ្ឋជាង២០០គ្រួសារ មកពីភូមិចំនួន២ នៃស្រុកឆែប ខេត្តព្រះវិហារ បានមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីធ្វើសន្និសីទសារព័ត៌មានស្នើសុំដំណោះស្រាយលើបញ្ហាដីចំការវិលជុំរបស់ពួកគេ ដែលប្រឈមនឹងការឈូសឆាយ។
នៅភូមិដងផ្លិត និងភូមិណារ៉ុង ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ មានការឈូសឆាយដីព្រៃដែលជនជាតិដើមភាគតិចកួយកំពុងអាស្រ័យផល និងហាមឃាត់ពួកគាត់មិនឱ្យចូលប្រមូលផលដំណាំ ដែលពួកគាត់បានដាំដុះ ខណៈពលរដ្ឋមួយចំនួនរងអំពើហិង្សា និងរងការគំរាមកំហែង ពីសំណាក់មេការឈូសឆាយដីមួយរូប ដែលពលរដ្ឋអះអាងថា មានមន្ត្រីខេត្តនេះនៅការពារពីក្រោយ។
ជនជាតិដើមភាគតិចកួយ រស់នៅភូមិដងផ្លិត លោក ណៃ មិនា អាយុ២១ឆ្នាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ដីចំការវិលជុំ និងដីព្រៃដែលពលរដ្ឋជនជាតិដើមភាគតិចអាស្រ័យផល បានចាប់ផ្ដើមរងការឈូសឆាយតាំងពីឆ្នាំ២០២៣មក តែដល់ខែមករាឆ្នាំ២០២៥នេះ មានការឈូសឆាយទ្រង់ទ្រាយធំ។
លោកអះអាងថា អ្នកដែលឈូសឆាយលើដីនោះ ឈ្មោះ ឆេន ឆែន ជាមេការកាន់គ្រឿងចក្រឈូសឆាយរបស់ក្រុមហ៊ុនមួយដែលគាត់មិនស្គាល់ឈ្មោះ និងជាដៃជើងរបស់លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ព្រោះលោកលឺ លោក ឆេន ឆែន ហៅលោកអ៊ុក គឹមសាន ថា «មេៗ»។
លោក ណៃ មិនា បានបន្ថែមថា៖ «ការអភិវឌ្ឍបែបនោះ គឺវាមិនសមទាល់តែសោះ ដោយសារពួកគាត់[ពលរដ្ឋ]បាត់បង់នូវអ្វីដែលជាសិទ្ធិរបស់ពួកគាត់ រស់រានមានជីវិតរបស់ពួកគាត់តាមប្រពៃណីរបស់គាត់។ ហើយតំបន់ទាំងនោះដែរ គាត់[ពលរដ្ឋ]ដើរឆ្លងកាត់ដោយសេរីរបស់ពួកគាត់ពីដើមមកហើយ។ គាត់អាស្រ័យផលបានធម្មតា ជំនឿតាមទំនៀមទម្លាប់របស់ពួកគាត់ រហូតដល់បច្ចុប្បន្នតាំងចូលឆ្នាំ២០២៥មក មានវិបត្តិខ្លាំងមែនទែន ចំពោះបងប្អូនប្រជាពលរដ្ឋដែលកើតមានទុក្ខព្រួយ ទី១ សន្តិសុខសង្គម គឺមានការភ័យព្រួយផ្សេងៗ ការគំរាមកំហែងផ្សេងៗពីជនមានអំណាចដែលអនុញ្ញាតឱ្យមន្ត្រី ឬក៏ជនខិលខូចទាំងនោះ ធ្វើសកម្មភាពដោយអាណាធិបតេយ្យ ហើយការវាយប្រហារមកប្រជាពលរដ្ឋទាំងពាក្យសំដី ទាំងដោយផ្ទាល់ឬប្រយោល»។
បុរសរូបនោះ បន្តថា លោកជាជនរងគ្រោះនៃអំពើហិង្សាដែលប្រព្រឹត្តិដោយ លោក ឆេន ឆែន ជាមេការ និងកូនប្រុសរបស់លោកឈ្មោះ ឆេន ឆាយ កាលពីថ្ងៃទី៤ ខែមករា ២០២៥ ដោយលោកបានរងរបួសក្បាល និងបានដេរចំនួន៥ថ្នេរ។
លោកថា៖«គាត់ប្រើសម្ភារៈ ដូចជា សោរដោះត្រាក់ទ័រ និងប្រដាប់បាញ់ប្រេងបូមរបស់ត្រាក់ទ័រធំៗ គាត់វៃខ្ញុំដូចវៃសត្វធាតុអ៊ីចឹង។ គាត់វៃមកលើខ្ញុំជាជនរងគ្រោះហើយនិងបងប្អូនប្រជាពលរដ្ឋដទៃទៀត។ មានយាយតាបងប្អូនពូមីង ដែលគាត់បានចូលរួមដំណើរជាមួយខ្ញុំ គាត់[លោក ឆេន ឆែន]បានយកត្រាក់ទ័រដេញសម្លាប់ពេញព្រៃ រត់ស្ទើរតែមិនរួចជីវិតនៅថ្ងៃទី៤ហ្នឹងដែរ»។
រីឯ លោក គុង ណៃ អាយុ៤៦ឆ្នាំ ជនជាតិដើមភាគតិចកួយរស់នៅភូមិដងផ្លិត ឃុំឆែប២ ឃុំឆែប ខេត្តព្រះវិហារ ដែរនោះបានប្រាប់ថា កាលពីខែតុលា ឆ្នាំ២០២៣ មានជនមិនស្គាល់អត្តសញ្ញាណទៅឈូសឆាយទន្ទ្រាននៅតំបន់ដងផ្លិត ណារ៉ុង ដោយគ្មានការអនុញ្ញាត។
លោកថាពេលពលរដ្ឋឃើញមានការឈូសខុសច្បាប់ ក៏បានប្តឹងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យអ្នកដែលឈូសឆាយផ្តិតមេដៃបញ្ឈប់សកម្មភាព ហើយទុកដីឱ្យប្រជាពលរដ្ឋនៅតំបន់នោះអាស្រ័យផលធម្មតា ប៉ុន្តែការឈូសឆាយបានផ្អាកត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ហើយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុននៅតែបន្តឈូសឆាយដដែល។
លោកបន្តថា៖ «ការឈូសឆាយនៅតំបន់ដងផ្លិត ពិតជាប៉ះពាល់ដល់ធនធានធម្មជាតិ ព្រៃឈើ បន្លែ ផ្សិតនិងត្រីដងអូរជាដើម។ បើពួកខ្ញុំបាត់បង់ព្រៃឈើនៅតំបន់នេះ អនាគតកូនចៅជំនាន់ក្រោយមិនដឹងពឹងអាស្រ័យលើអ្វីទេ។ ជាក់ស្តែងវាប៉ះពាល់ដល់សេដ្ឋកិច្ច ជាពិសេសចំណូលប្រចាំថ្ងៃ និងទីផ្សាររបស់ពួកខ្ញុំតំបន់នេះគ្រប់គ្នា»។
លោក គុង ណៃ បានឱ្យដឹងទៀតថា លោកនិងពលរដ្ឋឯទៀត ធ្លាប់តស៊ូជាមួយត្រាក់ទ័រកំឡុងពេលឈូសឆាយដីព្រៃនៅតំបន់នោះដែរ ប៉ុន្តែពួកគេមិនព្រមឈប់ធ្វើសកម្មភាពទេ ព្រមទាំងប្រើអំពើហិង្សាលើក្រុមពលរដ្ឋជាង ២០០នាក់ទៀតផង។ លោកអះអាងថា ពេលពលរដ្ឋប្តឹងករណីទៅអាជ្ញាធរ ខាងអាជ្ញាធរមិនហ៊ានចាត់វិធានការលើអ្នកឈូសឆាយនោះទេ ព្រោះអ្នកឈូសឆាយមានសំអាងអ្នកមានអំណាចនៅពីក្រោយ។
លោកលើកឡើងថា៖«ទោះបីគេចាប់ខ្លួន និងអាវុធ[ដែលគំរាមបាញ់ប្រជាពលរដ្ឋ]ជាក់ស្តែង ដែលបានឃើញទាំងអស់គ្នាក៏អស់ចិត្តដែរ។ គាត់[អ្នកឈូសឆាយ]អាងមានខ្នងអ្នកធំ មកសម្លាប់បងប្អូននៅទីនេះមិនញញើតដៃ។ សម្រាប់ខ្ញុំ គ្រាន់តែចង់ឱ្យអាជ្ញាធរថ្នាក់ជាតិ និងអន្តរជាតិ ជួយមើលការខុសត្រូវ ព្រោះពួកខ្ញុំទប់ស្កាត់នេះ ដើម្បីទុកដីធ្លីសម្រាប់កូនចៅជំនាន់ក្រោយ មិនមែនពួកខ្ញុំទៅធ្វើដើម្បីប្រយោជន៍ឯកជនទេ។ ពួកខ្ញុំស្រឡាញ់ព្រៃឈើ ស្រឡាញ់ធនធានធម្មជាតិ មិនចង់ឱ្យអ្នកមានអំណាចយកដីនៅតំបន់នោះទៅធ្វើជាកម្មសិទ្ធិឯកជនទេ»។
លោកបន្ថែមថា តាំងពីដូនតាមក លោកមិនដែលធ្លាប់ជួបបញ្ហាដីធ្លីដូចករណីនេះទេ ដោយធ្លាប់តែធ្វើស្រែចំការ និងទទួលបានអនុផលនានាពីព្រៃឈើ ទោះបីតិចតូចតែមានក្តីសុខសម្រាប់លោក។
លោកថ្លែងថា៖«កាលពីឆ្នាំ២០០០ជាងនោះ ខ្ញុំមិនដែលមានបញ្ហាទេ តែដល់ឆ្នាំ២០២៥នេះ គឺកាចសាហាវឃោឃៅណាស់ ដែលគេហ៊ានបំពានលើសិទ្ធិបងប្អូនប្រជាពលរដ្ឋដងផ្លិតនេះ គ្មានការពិភាក្សា និងអនុញ្ញាតសោះតែម្តង»។
លោក គុង ណៃ បានបញ្ជាក់ដែរថា ការដែលប្រជាពលរដ្ឋមកធ្វើសន្និសីទសារព័ត៌មាននៅរាជធានីភ្នំពេញ គឺដោយសារពួកគាត់បារម្ភខ្លាចមានការលេបត្របាក់យកដីប្រជាពលរដ្ឋអាស្រ័យផលពីដូនតានោះបន្ថែមទៀត សំណាក់ក្រុមអ្នកវិនិយោគ ដែលមាន លោក អ៊ុក គឹមសាន អភិបាលខេត្តរងខេត្តព្រះវិហារ នៅពីក្រោយ។ ករណីនេះ លោកស្នើរដ្ឋាភិបាលដោះស្រាយ និងផ្ដល់យុត្តិធម៌ដល់ពលរដ្ឋទាំង២ភូមិ ដែលកំពុងមានបញ្ហាដីធ្លី។
បើតាមសេចក្តីថ្លែងការណ៍ ស្តីពី អំពីបញ្ហាដីធ្លីរបស់ជនជាតិដើមភាគតិចកួយ នៅភូមិដងផ្លិត និងភូមិណារ៉ុង ដែល Newsroom Cambodia ទទួលបាននៅថ្ងៃទី៣ ខែមីនានេះ បានរៀបរាប់ថា ជនជាតិដើមភាគតិចកួយដែលស្ថិតនៅក្នុងភូមិដងផ្លិតនេះ បានប្រើប្រាស់ និងកាន់កាប់តាំងពីដូនតាមកម្ល៉េះ ដែលដីទាំងនោះ ប្រើប្រាស់ជាចម្ការ និងបានសាងសង់ផ្លូវតាំងពីឆ្នាំ២០០៨។ ដីនោះ ជាដីសហគមន៍ដែលបានកាន់កាប់ និងប្រើប្រាស់តាមប្រពៃណីពីដូនតាមក ក្នុងឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ដែលបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ ០៤១៤\៤៣៦ ចុះថ្ងៃ ទី០៨ មេសា ឆ្នាំ២០១៤ ស្តីពីការបង្កើតឧទ្យាននេះ។
សេចក្តីថ្លែងការណ៍ដដែល បន្តថា៖«អាជ្ញាធរភូមិដងផ្លិត ឃុំឆែបពីរ អាជ្ញាធរស្រុកឆែប និងអាជ្ញាធរឧទ្យាន បានធ្វើការផ្សព្វផ្សាយឲ្យសហគមន៍រុះរើផ្ទះ ចាកចេញពីដីលំនៅឋានតាមដងផ្លូវនេះ ដើម្បីទុកជាតំបន់ឧទ្យានដោយមានសំណងដីថ្មីទីតាំងប៉ែកខាងជើងភូមិចាស់។ ចំណែកដីថ្មី ដែលត្រូវផ្តល់សំណងភាគច្រើនប៉ះចំលើក្បាលដីស្រែចំការរបស់សមាជិកដទៃទៀតក្នុងភូមិ និងចំណែកខ្លះទៀត ជាដីដែលសមាជិកបានទិញក្បាលដីស្រែចំការ ពីអ្នកភូមិដូចគ្នាមានពីរនាក់ដែរ ដែលប៉ះពាល់ដែលធ្វើឲ្យប៉ះពាល់សាមគ្គីភាពរបស់សហគមន៍»។
ក្នុងសេចក្តីថ្លែងការណ៍ បានលើកឡើងអំពីរឿងរ៉ាវបញ្ហាចំនួន៥ចំណុច ដែលពលរដ្ឋកំពុងប្រឈម ដូចជាការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋាន ការអភិវឌ្ឍដោយការបណ្តេញពីផ្ទះដោយបង្ខំ ការរំលោភយកដីប្រើប្រាស់ជាក់ស្តែង និងប្រមូលអនុផលធនធានធម្មជាតិ ពីសំណាក់លោកអ៊ុក គឹម សាន និងមន្ត្រីបរិស្ថានស្រុកថ្មកែវជាដើម។
ក្នុងសំលៀកបំពាក់ជនជាតិដើមភាគតិចកួយ កញ្ញា ស៊ិម ស្រីនាថ អាយុ ១៨ឆ្នាំ រស់នៅភូមិដងផ្លិត មានប្រសាសន៍ថា បើក្រុមហ៊ុននៅតែបន្តឈូសឆាយដី ជនជាតិដើមភាគតិចនឹងរងនូវផលវិបាកខ្លាំង ដូចជាមិនអាចធ្វើស្រែចម្ការ និងទទួលបានភោគផលប្រចាំថ្ងៃបន្តទៀតជាដើម ព្រោះពួកគេមិនមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីរករបរចិញ្ចឹមជីវិតផ្សេងពីនេះនោះទេ។
កញ្ញាថ្លែងថា៖«បើសិនជាគេឈូសឆាយដីនោះអស់ ប្រជាពលរដ្ឋគាត់មិនអាចធ្វើស្រែចំការ ដេញគោក្របី និងទៅរកអនុផលព្រៃឈើចិញ្ចឹមជីវិតបានតទៅទៀតទេ។ កាលនៅមានព្រៃឈើ ពួកយើងអាចទទួលបានផលប្រយោជន៍ ដូចជា បានអុសសម្រាប់ដុត រកត្រី ខ្យង ឃ្វាលគោក្របីជាដើម។ ដីនិងព្រៃ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជនជាតិដើមភាគតិច។ បើពួកគាត់[ពលរដ្ឋ]គ្មានដីស្រែចំការ គាត់គ្មានចំណេះដឹងជ្រៅជ្រះ និងមានការងារដែលទទួលបានប្រាក់ខែ ដូចជនជាតិដទៃទេ គឺពួកគាត់សង្ឃឹមលើដីនិងព្រៃទាំងអស់នោះហើយ»។
បើតាម ស្រីនាថ ការឈូសឆាយមានរយៈពេលជាងពីរខែមកហើយ គិតតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ មក។ ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានហាក់នៅស្ងៀមស្ងាត់ មិនអើពើពីការឈូសឆាយនោះឡើយ។ ស្រីនាថ ចង់ឱ្យអាជ្ញាធរពាក់ព័ន្ធចុះអន្តរាគមន៍ និងដោះស្រាយបញ្ហាវិវាទជូនប្រជាពលរដ្ឋឱ្យបានឆាប់។
កញ្ញាបន្តថា៖«ពេលពលរដ្ឋស្នើសុំឱ្យចុះប្លង់រឹងយូរឆ្នាំហើយ នៅតែមិនចុះឱ្យ ហើយសព្វថ្ងៃនេះ ពលរដ្ឋលែងជឿ និងចង់បានប្លង់រឹងទៀតហើយ។ អ្វីដែលចង់បាន គឺប្លង់ជាសមូហភាពតែម្តង។ ហើយដីនៅតំបន់នោះទុកឱ្យប្រជាពលរដ្ឋជាអ្នកការពារ និងមើលថែ ដើម្បីបានអនុផលតិចតូចដូចកាលពីមុនវិញ»។
ចំណែក ពលរដ្ឋម្នាក់ទៀតរស់នៅភូមិណារ៉ុង ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងស្រដៀងគ្នាថា ការឈូសឆាយដីចម្ការវិលជុំនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋជនជាតិដើមភាគតិច។
លោកថា៖«រឿងការឈូសឆាយនេះ ខ្ញុំក៏មិនពេញចិត្តដែរ សម្រាប់គ្រឿងចក្រឈូសឆាយតំបន់ព្រៃជំនឿ សាសនាពីដូនតារហូតមកដល់សព្វថ្ងៃ ហើយបាតបង់ធនធានធម្មជាតិជាច្រើន ដូចជា កន្លែងឃ្វាលគោក្របី រកបន្លែត្រីសាច់ជាដើម»។
Newsroom Cambodia មិនអាចទាក់ទង លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារបានទេ នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៥នេះ។
លោក គីម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារប្រាប់ Newsroom Cambodia តាមរយៈ Telegram នៅថ្ងៃទី៤ ខែមីនានេះថា ដីនៅតំបន់ណារ៉ុង និងដងផ្លិត គ្មានការវិនិយោគណាមួយទេ។ លោកបន្តថា តំបន់នោះ ជាតំបន់សហគមន៍ដែលប្រជាពលរដ្ឋអាស្រ័យផល កន្លងមក និងមានការទិញលក់ រវាងពលរដ្ឋនិងពលរដ្ឋគ្នាគាត់ប៉ុណ្ណោះ។
លោកថ្លែងថា៖«ក្រសួងនគរូបនីយកម្មនិងសំណង់ បានចាត់ក្រុមការងារចុះមករៀបចំដោះស្រាយជាមួយរដ្ឋបាលខេត្ត។ ឥឡូវយើងកំពុងដាក់វិធានការមួយចំនួន ដែលភាគីពាក់ព័ន្ធ ផ្អាកសកម្មភាពឈូសឆាយដើម្បីបង្កបង្កើនផល។ យើងកំពុងចុះទៅកំណត់ព្រំដីទាំង ៥៦គ្រួសារ ស្មើនឹង៦៨ក្បាលដី ថាតើពួកគាត់មានជាន់ព្រំគេកន្លែងណា និងរៀបចំផែនទី ដើម្បីជជែកគ្នាបន្ថែមទៀត»។
លោក យី សុខសាន្ត មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក(ADHOC) មានប្រសាសន៍ថា ការដែលពលរដ្ឋជនជាតិដើមភាគតិចកួយ ធ្វើដំណើរមករាជធានីភ្នំពេញ និងដាក់ញត្តិទៅស្ថាប័ន និងក្រសួងមួយចំនួន គឺពលរដ្ឋគាត់ចាត់ទុកស្ថាប័នទាំងនោះ ជាឪពុកម្ដាយដែលអាចដោះស្រាយជូនពួកគាត់។
លោកថា៖ «ក្នុងនាមខ្ញុំជាអង្គការសង្គមស៊ីវិល ហើយឃ្លាំមើលករណីដីធ្លី ខ្ញុំយល់ថា អ្វីដែលជនជាតិដើមភាគតិចឡើងមកភ្នំពេញ ដើម្បីដាក់ញត្តិទៅតាមក្រសួងដែលពាក់ព័ន្ធហ្នឹង គឺគាត់ចង់ឱ្យស្ថាប័នក្រសួងទទួលថាជាម៉ែជាឪរបស់ពួកគាត់។ ហើយក្នុងនាមគាត់ជាជនជាតិដើមភាគតិច គាត់រស់នៅបែបប្រពៃណីទំនៀមទម្លាប់របស់គាត់ហើយ។ នៅពេលដែលយកតំបន់ដែលគាត់ធ្លាប់រស់នៅអាស្រ័យផលហ្នឹង យកមកដាក់ជាតំបន់ឧទ្យានជាតិ ឬមួយក៏ដាក់ឱ្យស្ថិតនៅក្រោមព្រៃអភិរក្ស មានន័យថា ធ្វើឱ្យប៉ះពាល់ដល់ក្រុមគ្រួសារគាត់ ដល់ជីវភាពគាត់»។
លោក សុខសាន្ត បានបន្ថែមថា៖ «តាមការកត់សម្គាល់យើងមើលឃើញអញ្ចេះ ដោយសារតែការផ្ដល់ដីសម្បទាន ក៏ដូចជាដកហូតដី ដើម្បីធ្វើអភិរក្សហ្នឹង គឺជាអ្នកធំ ក្រសួងខាងលើ ជាថ្នាក់ជាតិ ហើយឱ្យថ្នាក់ខេត្តដោះស្រាយ ដោះម៉េចចេញ? ចំណុចហ្នឹងហើយដែលធ្វើឱ្យពួកគាត់ពិបាកណាស់។ ខ្ញុំជឿថា ពួកគាត់ជាជនជាតិដើមភាគភាគតិច គាត់គ្មានថវិកា លុយកាក់ ដើម្បីតវ៉ានៅភ្នំពេញទេ បើសិនជាថ្នាក់ក្រោមជាតិអាចដោះស្រាយឱ្យគាត់បាន»។
មន្រ្តីអង្កេតជាន់ខ្ពស់នៃអាដហុករូបនេះ ស្នើរដ្ឋាភិបាលដោះស្រាយផ្ដល់ដីជូនពលរដ្ឋ។
លោកថា៖«ខ្ញុំស្នើសុំដោយទទូច ប្រទេសកម្ពុជាយើងដីធំណាស់ ប្រជាជនយើងតិច យើងសល់ដីជួលឱ្យបរទេសទៀត ហើយហេតុអីបានរដ្ឋាភិបាលមិនផ្ដល់ដីឱ្យពលរដ្ឋខ្លួនឯង?»។
បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ក្រសួងបានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៨,១១៧,៥៣៣បណ្ណ ក្នុងនោះបានបញ្ចប់ការចេញបណ្ណជំហានទី១ ចំនួន ៧លានក្បាលដី ស្មើនឹង១០០%នៃផែនការ និងបាននិងកំពុងអនុវត្តការចេញបណ្ណជំហានទី២ បានចំនួន ១,១១៧,៥៣៣បណ្ណ ស្មើនឹង២២,៣៥% នៃចំនួនក្បាលដីប៉ាន់ស្មាន ប្រមាណ៥លានក្បាលដី។
ចំណែក ពាក្យបណ្តឹងរឿងដីធ្លីវិញ ក្រសួងបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ យន្តការដោះស្រាយវិវាទដីធ្លីទាំង៣ (រួមមាន គណៈកម្មការសុរិយោដីក្រុងស្រុកខណ្ឌ, អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លិ និងក្រុមការងាររបស់ក្រសួង) បានទទួលពាក្យបណ្តឹងសរុប ៩២៧ករណី និងដោះស្រាយបញ្ចប់នីតិវិធីចំនួន ២ ១២១ករណី។ គិតពីចាប់ផ្តើមអនុវត្តដល់ឆ្នាំ២០២៤ ទទួលពាក្យបណ្តឹងសរុបចំនួន ១៥ ៩៦០ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន ១៤ ៩១៩ករណី និងកំពុងដោះស្រាយចំនួន១,០៤១ករណី៕
……………………………..
អត្ថបទព័ត៌មានស៊ីជម្រៅដោយ៖ ណឺ មិនា និង ហុង សេរីហ្វុង