ធ្លាប់ជាតំបន់ព្រៃស្រោង ដែលសម្បូរទៅដោយសត្វព្រៃ ព្រៃឈើតូចធំគ្រប់ប្រភេទ និងជាតំបន់អេកូឡូស៊ីដ៏សំខាន់នោះ ព្រៃឈើសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង កំពុងតែប្រឈមនឹងការបាត់បង់គួរឱ្យបារម្ភ ដោយសារការកាប់ឈើខុសច្បាប់ថ្មីៗ យ៉ាងអនាធិបតេយ្យ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ សមាជិកសហគមន៍និងសកម្មជនព្រៃឈើ ព្រមានអំពីលទ្ធភាពនៃការបាត់បង់ព្រៃសហគមន៍ទាំងស្រុង ដោយអំពាវនាវឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធចូលរួមបញ្ចប់បទល្មើសព្រៃឈើនៅតំបន់នោះ។
“សព្វថ្ងៃ សំឡេងរណាយន្តឮមិនដាច់សូរ ស្ទើរជារៀងរាល់ថ្ងៃនៅក្នុងព្រៃសហគមន៍”។ នេះបើតាមការអះអាងរបស់លោក ហ៊ុន សៅ ជាប្រធានសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង។
សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងមានផ្ទៃដីសរុប ២ ៤៦២ ហិកតា ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានព្រំប្រទល់ខាងកើតជាប់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខាងលិចជាប់ខ្នងភ្នំសារជួរភ្នំក្រវាញ ខាងជើងជាប់ព្រំប្រទល់ភ្នំច្រក និងខាងត្បូងជាប់ព្រំប្រទល់ភូមិតាំងបំពង់។
លោក ហ៊ុន សៅ បាននិយាយថា រយៈពេលពីរឆ្នាំចុងក្រោយ ដើមឈើទាំងតូចធំ គិតចាប់ពីឈើធម្មតាដែលអាចកាប់ធ្វើជាឧសការ៉េ ឬឧសឡ រហូតរដល់ប្រភេទឈើល្អៗដូចជារាជកុល ត្រូវបានកាប់ចេញពីព្រៃប្រមាណ៥០ភាគរយ នៃផ្ទៃដីសរុបជាង២ពាន់ហិកតារបស់សហគមន៍។
ទោះបីជាយ៉ាងណា លោកមិនមានទិន្នន័យជាក់លាក់នៃការលួចកាប់ឈើចេញពីសហគមន៍នេះទេ ដោយកន្លងមកសហគមន៍មិនបានចងក្រងចំនួនដើមឈើ ឬមានបច្ចេកទេសម្រាប់គណនាចំនួននៃការលួចកាប់ឈើចេញឡើយ។
ដើរឡើងភ្នំបណ្ដើរ សម្លឹងកំណាត់ឈើខ្លីៗ និងអង្គត់ឈើតាមផ្លូវដែលសេសសល់ក្រោយពីត្រូវគេកាប់បំផ្លាញនៅក្នុងព្រៃសហគមន៍បណ្ដើរ លោក សៅ បាននិយាយថា “កាលពីបីខែមុនព្រៃនៅមានសភាពល្អជាងហ្នឹង ប៉ុន្ដែរយៈក្រោយនេះ ព្រៃ [ឈើធំៗ] ប្រែប្រួលប្រហែល៥០ភាគរយ”។
ឈើរាជកុលដែលបន្សល់ពីការកាប់នៅតំបន់ការពារធម្មជាតិរលាក់កងជើង ក្នុងខេត្តកំពង់ស្ពឺ ថតក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ (កញ្ញា ប៉ូ សុភា)
“ការល្បាតព្រៃ គឺជាជម្រើសចុងក្រោយ ដែលអាចរក្សាព្រៃឈើនៅសេសសល់”
យោងតាមឯកសារដែលពលរដ្ឋអ្នកសារព័ត៌មានទទួលបានបង្ហាញថា តំបន់រលាក់កងជើងធ្លាប់ជាតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃល្បោះ ដែលសម្បូរសត្វព្រៃ និងដើមឈើធំៗគ្រប់ប្រភេទ ប៉ុន្តែព្រៃឈើតំបន់នោះ ចាប់ផ្តើមបាត់បង់ជាបន្តបន្ទាប់។
ដោយឃើញស្ថានភាពព្រៃឈើទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ សហគមន៍ព្រៃឈើមួយត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២។ សហគមន៍ព្រៃឈើត្រូវបានប្តូរឈ្មោះពីសហគមន៍ព្រៃឈើតាំងបំពង់មកជាសហគមន៍ព្រៃការពាររលាក់កងជើង និងបន្តប្តូរមកជាសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងនៅឆ្នាំ២០១៦ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
នៅឆ្នាំ២០១៨ សហគមន៍ទទួលបានថវិកាគាំទ្រពីគម្រោងការគ្រប់គ្រងរួមគ្នា ដើម្បីការពារនិងស្តារសេវាកម្មទីជម្រាល និងប្រព័ន្ធបរិស្ថាននៅជួរភ្នំក្រវាញប៉ែកខាងលើនៃអាងស្ទឹងព្រែកត្នោត (CoWES) ដែលជាកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសហប្រជាជាតិ (UNDP) និងអង្គការម្លប់បៃតង (MLUP BAITONG)។
សហគមន៍នេះមានប្រជាពលរដ្ឋ៨៩គ្រួសារ ស្មើនឹង ៣៥៥នាក់ និងបានរៀបចំបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រង រៀបចំបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈនិងកំណត់អាណត្តិដឹកនាំនៅឆ្នាំ២០១៩។
លោក សៅ បាននិយាយថា ដោយសារមើលឃើញពីការបទល្មើសកាប់ព្រៃឈើនៅតែបន្ត និងចង់ការពារព្រៃឈើសហគមន៍ដែលនៅសល់ លោកចាប់ផ្តើមរៀបចំក្រុមល្បាតព្រៃឡើងវិញនៅឆ្នាំ២០០០ ជាមួយសមាជិកសហគមន៍មួយចំនួនតូច ( ប្រមាណប្រាំទៅប្រាំមួយនាក់) បើទោះបីជាគ្មានជំនួយឧបត្ថម្ភ និងខ្វះការលើកទឹកចិត្ត។
លោក សៅ និយាយថា “ការល្បាតព្រៃអាចជាផ្នែកមួយពន្យារពេលការកាប់ឈើក្នុងតំបន់ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃគេកាប់រហូត ចឹងប្រសិនបើមានការចូលព្រៃល្បាតម្តង វាស្មើនឹងការពន្យារពេលនៃការកាប់ឈើអស់បួនដប់ដើមនៅក្នុងព្រៃសហគមន៍”។
លោកបន្ថែមថា “សកម្មភាពនេះជាជម្រើសចុងក្រោយ ដែលអាចរក្សាព្រៃឈើក្នុងតំបន់ មុនពេលត្រូវបានគេបំផ្លាញរហូតក្លាយជាតំបន់សឹករេចរឹល”។
ទោះបីជាយ៉ាងណា លោកនិយាយថា លោកក៏ជួបបញ្ហាខ្លះដែរ ក្នុងការងារការពារព្រៃនេះ ដោយសាររងការគំរាមកំហែងផ្សេងៗពីអ្នកខាងក្រៅ ក៏ដូចជាអ្នកភូមិជាមួយគ្នាដែលមិនសប្បាយចិត្តនឹងការចុះល្បាតព្រៃសហគមន៍ ហើយថាមិនមែនមានតែលោកទេ ដែលទទួលការគំរាមកំហែង សមាជិកមួយចំនួនទៀតក៏ធ្លាប់រងការគំរាមកំហែងដូចគ្នា ការណ៍នេះបានធ្វើឲ្យសមាជិកមួយចំនួនធំនៅក្នុងសហគមន៍បោះបង់សកម្មភាពចូលរួមល្បាតព្រៃ ដោយនៅសល់ត្រឹមតែបួនដប់នាក់។
លោកបាននិយាយថា“គេគំរាមកំហែងក៏ដោយសារកាលនោះ គឺខ្ញុំបានទៅចាប់ឈើគេ…រាល់ថ្ងៃអ្នកភូមិខ្លះមិនចូលចិត្តគ្រួសារខ្ញុំទេ គេហាក់មិនអោយតម្លៃបន្តិចសោះ”។
លោកនិយាយថា “ខ្ញុំនៅតែបន្តការពារទោះគ្មានការគាំទ្រ ព្រោះមានសង្ឃឹមថា ថ្ងៃណាមួយពួកគាត់នឹងកែប្រែ ងាកមកការពារធនធានធម្មជាតិវិញ”។
ចំណែក លោក គោ គុយ ជាសមាជិកសហគមន៍ម្នាក់ទៀតរស់នៅភូមិតាំងបំពង់និងបច្ចុប្បន្នជាអនុប្រធានសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងបានអះអាងថា កាលពីជាង១០ឆ្នាំមុន មិនខ្វះទេ ដើមឈើធំៗ ប៉ុន្តែបច្ចុប្បន្ននេះត្រូវដើរប្រហែលជា៨ទៅ៩គីឡូម៉ែត្រ ទើបឃើញឈើធំៗខ្លះ។
លោកបាននិយាយថា “កាលជាង១០ឆ្នាំមុនព្រៃឈើក្នុងភូមិនេះសម្បូរណាស់ ដើរត្រឹមចំងាយមួយគីឡូម៉ែត្រពីក្នុងភូមិអាចឃើញព្រៃក្រាស់ៗនិងដើមឈើធំៗហើយ”។
លោក គោ គុយ អនុប្រធានសហគមន៍ការពារធម្មជាតិរលាក់កងជើង។ (កញ្ញា ប៉ូ សុភា)
លោកបន្ថែមថា កង្វះសាមគ្គីភាពក្នុងការចូលរួមការពារនិងថែរក្សាព្រៃពីពលរដ្ឋក្នុងសហគមន៍ និងអាជ្ញាធរពាក់ព័ន្ឋកំពុងជំរុញអោយធនធានទាំងនេះបាត់បង់កាន់តែឆាប់រហ័ស។
ភ្ជាប់ជាមួយករណីកាប់ឈើថ្មីៗចេញពីសហគមន៍រលាក់កងជើងនេះ លោក បៅ សេង ប្រធានភូមិតាំងបំពង់បានលើកឡើងថា ព្រៃឈើក្នុងសហគមន៍នៅមានការកាប់ពិតប្រាកដមែនក្នុងពេលថ្មីៗនេះ។ ប៉ុន្ដែទាក់ទងករណីកាប់ឈើរាជកុល ឬដឹកប្រភេទឈើនេះពីព្រៃវិញលោកមិនបានដឹងឡើយ លើសពីនេះលោកបញ្ជាក់ថា ក្នុងករណីមានដឹកឈើរាជកុលចេញពីសហគមន៍ក៏មិនមែនជាពលរដ្ឋមកក្នុងភូមិតាំងបំពង់របស់លោកដែរ។
លោកមេភូមិរូបនេះយល់ស្របថា បានច្រើន ដូចនេះវាជាសញ្ញាល្អ។ ជាមួយគ្នានេះឃើញមានកម្លាំងពីសហគមន៍បូករួមជាមួយមន្ត្រីឧទ្យានុរក្សចុះល្បាតឃើញសកម្មភាពនៃការកាប់ឈើក្ន អាចមានការត្រូវរូវគ្នាជាប្រព័ន្ធរវាងអ្នកកាប់ឈើឬឈ្មួញ និងមន្ត្រីមួយចំនួននៅក្នុងតំបន់ ទើបគេអាចបន្តសកម្មភាពកាប់ ឬដឹកជញ្ជូនឈើចេញពីសហគមន៍បាន។
លោកមានប្រសាសន៍ថា “ប្រសិនបើគេតឹងរឹងក៏មិនអាចដឹកបានដែរ ប៉ុន្ដែខ្ញុំអត់ចូលស្ថាប័នណាទេ។ គ្រាន់តែថា មិនអាចទេ គឺចេញអត់រួចតែម្តង”។
ទាក់ទងនឹងការលើកឡើងពីករណីកាប់ឈើខាងលើ ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ឡុង ស៊ី ជាប្រធានឧទ្យានជាតិជួរភ្នំក្រវាញបានឡើយ ដោយលោកតម្រូវអោយពលរដ្ឋអ្នកសារព័ត៌មានដាក់ឯកសារស្នើសុំជាផ្លូវការទៅមន្ទីរបរិស្ថានខេត្តជាមុនសិន។
លោក ឡុង ស៊ី មានប្រសាសន៍ថា “ ហឺម! អញ្ចេស ខ្ញុំមិនមែនមិនទទួលយកការងារនេះទេ ប៉ុន្ដែសូមឱ្យមានឯកសារ ឬលិខិតណាមួយដាក់មកមន្ទីរខ្ញុំមក ដើម្បីអោយមានភាពងាយស្រួលកុំអោយមានបញ្ហា។ ចំពោះលិខិតយើងចង់សួរពីអីៗ ដាក់មកប្រធានមន្ទីរមក។ បើគ្មានលិខិតចេញពីប្រធានមន្ទីរខ្ញុំទេ ខ្ញុំអត់ហ៊ានទេ»។
ចំណែកលោក ចាន់ថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពងស្ពឺ បានឆ្លើយតបយ៉ាងខ្លីតាមរយៈតេក្រាមបែបនេះថា៖«មានបទល្មើស យើងនឹងបង្រ្កាប គ្មានករណីលើកលែង អនុវត្តច្បាប់១០០%។ អាចទៅមើលសមិទ្ធផលផលការងាររបស់មន្ត្រីបានធ្វើនៅការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញបាន»។
“សកម្មភាពកាប់ឈើដែលមានលក្ខណៈជាប្រព័ន្ធ”
ក្នុងដំណើរចុះល្បាតផ្ទាល់នៅក្នុងព្រៃសហគមន៍ជាមួយសមាជិកសហគមន៍រលាក់កងជើង ចំនួនបួនលើក កន្លងមក នៅចន្លោះខែកុម្ភៈដល់ខែឧសភា ឆ្នាំ២០២៤ ពលរដ្ឋអ្នកសារព័ត៌មានសង្កេតឃើញថា ផ្នែកខ្លះនៃព្រៃសហគមន៍នេះ នៅសល់ត្រឹមដើមឈើតូចៗ និងមិនសូវឃើញដើមឈើធំៗនោះឡើយ ឯផ្នែកខ្លះទៀតនៅបន្សល់ស្នាមឆេះខ្មៅរោលពេញព្រៃ រួមជាមួយអង្គត់ឈើចាស់ថ្មីជាច្រើន ដែលបានបន្សល់ទុកក្រោយពេលគេកាប់រួច។
យោងតាមលោក ហ៊ុន សៅ ជាប្រធានសហគមន៍បានឱ្យដឹងថា អំឡុងពេលល្បាតព្រៃកាលពីថ្ងៃទី៦ ខែឧសភា សហគមន៍បានប្រទះឃើញអ្នកចូលកាប់ឈើក្នុងសហគន៍មួយក្រុម ដោយមានគោយន្តចំនួន៥គ្រឿង រួមជាមួយឈើរស់ប្រភេទឧសឡមួយចំនួន និងស្លាកស្នាមកាប់ដើមឈើថ្មីៗជាង២០ដើមមានដូចជាឈើសុក្រំ ផ្ចឹក ត្បែង ខ្លុងនិងកំណាត់ឈើរស់មួយចំនួនទៀតត្រៀមដឹកចេញ។
លោកបន្តថា ចំណែកមួយករណីទៀត នៅថ្ងៃទី៩ ខែឧសភា សហគមន៍ប្រទះបទល្មើសដឹកឈើរាជកុលមួយកំណាត់មុខកាត់ ៣០ ប្រវែង៣ម៉ែត្រកំពុងដឹកតាមរទេះក្របី និងមួយករណីទៀត ជាបន្ទះឈើរាជកុល កំពុងត្រៀមដឹកចេញពីព្រៃសហគមន៍តាមរទេះគោផងដែរ។
បន្ទាប់ពីត្រូវបានឃាត់និងណែនាំដោយសមាជិកសហគមន៍និងមន្ត្រីឧទ្យានុរក្សនៅក្នុងព្រៃសហគមន៍ អ្នកកាប់ឈើម្នាក់ឈ្មោះ ហ៊ីម មកពីឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលចូលកាប់ឈើ(ប្រភេទឧសឡ) បាននិយាយថា ធម្មតាលោកស៊ីឈ្នួលភ្ជួរដីនៅក្នុងភូមិ កម្រចូលព្រៃកាប់ឈើណាស់ ប៉ុន្ដែមូលហេតុដែលបណ្ដាលអោយរូបលោកចូលព្រៃកាប់ព្រៃឈើសហគមន៍ ក៏ដោយសារបច្ចុប្បន្នពិបាករកការងារធ្វើ ជាមួយគ្នានេះដែរ លោកត្រូវរកប្រាក់ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារ។
លោកបាននិយាយថា “ យើង តំបន់នេះដឹងស្រាប់ហើយ ចាំមើលអោយតែថ្ងៃបន្តិចមានអ្នកមកយកលុយរាប់ផង លុយអាទិត្យផង ចំណែកឯលុយខែនោះផ្សេងទៀត។ ព្រោះអីព្រោះយើងយកលុយគេទៅបង្វិលដើម្បីទិញរបស់របរ នៅក្នុងក្រុមគ្រួសាររបស់យើងហ្នឹង។ រឿងចូលព្រៃខ្ញុំក៏ខ្លាចដែរ ប៉ុន្ដែនៅពេលជួបគេយើងអោយរបស់របរគេទៅ ( សំដៅដល់ម៉ាស៊ីអារឈើ )”។
បើតាមបទពិសោធនៃការចុះល្បាតកន្លងមក អ្នកកាប់ឈើមិនមែនមានតែអ្នកភូមិនៅក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែមានអ្នកចំណូលថ្មីពីខេត្តផ្សេងក៏ត្រូវបានគេជួលឱ្យមកកាប់ឈើនៅតំបន់របស់លោកនេះដែរ។ នេះបើតាមការអះអាងរបស់លោក ហ៊ុន សៅ ប្រធានសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង។
លោក សៅ បន្ថែមថា អ្នកកាប់ឈើទាំងនោះភាគច្រើនជាអ្នកស៊ីឈ្នួលអោយគេ ក្នុងនោះប្រហែល១០ភាគរយក៏ជាអ្នកភូមិតាំងបំពង់ និងមួយចំនួនមកពីភូមិផ្សេងទៀត។រូបភាពទី៧
លោក លួន ហេង ជាអ្នកកាប់ឈើមកពីស្រុកឈូក ខេត្តកំពតបានឆ្លើយប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា រូបលោកចូលមកស៊ីឈ្នួលអូសឈើនៅទីនេះអោយថៅកែឈើម្នាក់នៅផ្សារជាំ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីអាចទទួលបានប្រាក់ផ្គត់ផ្គង់គ្រួសារ។ បុរសរូបនេះបានបញ្ជាក់ថា បច្ចុប្បន្ននៅតំបន់នេះ ភាគច្រើនឈើគេកាប់ដឹកចេញជាប្រភេទឈើរាជកុល ហើយប្រាក់ដែលទទួលបានពីការអូសឈើឱ្យឈ្មួញ ក្នុងមួយម៉ែត្រគូបឈើមានតម្លៃ២០ម៉ឺនរៀល ។
លោក ហេង និយាយថា “ខ្ញុំក៏មិនសូវស្គាល់ផ្លូវនៅតំបន់នេះដែរ ខ្ញុំមកតាមបងញ៉ានៅផ្សារជាំ ខ្ញុំមកប៉ុន្មានខែហើយមិនទាន់បានទៅវិញទេ។ អ្នកមកពីឈូកចូលព្រៃដូចខ្ញុំមានបួនប្រាំនាក់ដែរ។ ខែនេះ( គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០និង៥៨នាទី) ខ្ញុំដឹកបានមួយជើង ប៉ុន្ដែដឹកមិនទាន់បានមកដល់នេះទេ”។
ដោយមានដុំពករឹងៗ ទាំងលើបាតដៃ និងគ្រប់ម្រាមទាំងដៃឆ្វេងនិងស្តាំ បុរសរូបនេះអះអាងថា ខ្លួនត្រឹមជាកូនចៅគេ ហើយមានមេគ្រប់គ្រងពីលើ ដែលបានសម្រួលបង់ថ្លៃផ្លូវ ពេលដឹកឈើចេញរួចរាល់ហើយ។
បើតាមការសម្ភាសផ្ទាល់រវាងពលរដ្ឋអ្នកសារព័ត៌មាន និងអ្នកកាប់ឈើមួយចំនួនដែលបានជួបពេលចូលក្នុងព្រៃសហគមន៍ អ្នកកាប់ឈើទាំងនោះបានអះអាងដូចៗគ្នាថា ពួកគេបានបង់ប្រាក់អោយមន្ត្រីជាថ្នូរនឹងការរកស៊ីឈើ ឬកាប់ឈើនៅក្នុងតំបន់នោះ។
លោក អឺល សារា ជាមេឃុំតាសាលបានលើកឡើងថា លោកមិនបានគ្រប់គ្រងលើព្រៃសហគមន៍ដោយផ្ទាល់ឡើយហើយថា ការគ្រប់គ្រងនិងបញ្ហាកាប់ឈើនៅទីនោះមានតែសហគមន៍ មន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានជាតិជួរភ្នំក្រវាញទេ ទើបដឹងច្បាស់។
លោក អឺល សារា មានប្រសាសន៍ថា“ បើនិយាយពីការដឹកឈើធំៗនោះ ខាងឃុំមិនបានដឹងទេ ព្រោះឃុំមិនបានគ្រប់គ្រងព្រៃឈើនោះ គឺមានតែឧទ្យានជាតិ និងបរិស្ថាន គេនៅមានស្នាក់ការការពារតំបន់នោះហើយ។ បើឈ្មួញវាមិនដែលមករាយការណ៍ប្រាប់ឃុំទេ”។
លោកក៏ទទួលស្គាល់ថា ពលរដ្ឋមួយចំនួនក្នុងមូលដ្ឋានមានជីវភាពខ្វះខាតដូច្នេះ មានអ្នកខ្លះនៅតែបន្តចូលព្រៃម្តងម្កាល ដើម្បីកាប់ឈើ ព្រោះពេលនេះមិនអាចផ្ដាច់ទាំងស្រុងបានឡើយ។
ទោះបីជាយ៉ាងណា សម្រាប់លោក ខ្លោង ឆន ជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ ដែលធ្លាប់ចូលកាប់ឈើជាលក្ខណៈគ្រួសារនិងធ្លាប់ស៊ីឈ្នួលកាប់ឈើឲ្យគេកាលពី៥ឆ្នាំមុនបាននិយាយថា តាមធម្មតាការកាប់ឈើរបស់ឈ្មួញនៅក្នុងតំបន់នីមួយៗតែងមានរចនាសម្ព័ន្ឋល្អិតល្អន់ ដើម្បីអាចដំណើរការសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃបានរលួន។
លោក ឆន បានរំលឹកថា ដំបូងឈ្នួញត្រូវទិញឈើនៅក្នុងតំបន់ណាមួយជាក់លាក់សិន បន្ទាប់មកមានក្រុមដើររាប់ចំនួនដើមឈើ ដែលត្រូវកាប់ឲ្យបានច្បាស់ រួចគេរាប់ចំនួននិងប្រាប់ថៅកែ។ លោកថា បន្ទាប់មកថៅកែជួលអ្នកកាប់ឈើឱ្យទៅផ្តួលរំលំដើមឈើនិងជួលជាងច្រៀកបន្តនិងកាត់តាមទម្រង់ត្រូវការ ហើយបន្ទាប់មកមានក្រុមកម្មករចូលព្រៃដឹកឈើចេញ។ លោកនិយាយ ក្រុមកាប់ឈើទាំងនោះមានជំនាញផ្សេងគ្នា និងអាចមកពីខេត្តផ្សេងៗ។
លោក ឆន ចោទថា ជាធម្មតាត្រូវបង់ប្រាក់ទៅឲ្យមន្ត្រីនៅទីនោះ(ស្នាក់ការបរិស្ថានតាមតំបន់) ដើម្បីទទួលបានឱកាសចូលព្រៃ ក៏ដូចជាទទួលបានព័ត៌មានផ្សេងៗ ដើម្បីគេចពីក្រុមចុះអន្តរាគមន៍នៅពេលដឹកឈើ ឬកាប់ឈើ។ លោកបន្ថែមថា ជាធម្មតា គេបង់ប្រាក់តាមប្រភេទឈើ ដែលប្រមាណពី១០ទៅ១៥ម៉ឺនរៀលក្នុងមួយជើង ប៉ុន្តែបើគេចវេស ហើយត្រូវចាប់បាន គេនឹងចាប់យកគោយន្ត ហើយត្រូវបង់ចន្លោះពី១លានទៅ១លានជាង។
លោកបានចោទថា“គ្មានអ្នករកស៊ីឈើណា ដែលមិនបង់លុយទៅបរិស្ថានទេ ទោះបីជាកាត់ត្រឹមឧសគ្រាក់តូចៗក៏ត្រូវបង់ដែរ»។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា ទាក់ទងហ្នឹងករណីកាប់ឈើជាប្រភេទឧសរស់ និងដឹកឈើរាជកុលចេញពីព្រៃសហគមន៍រលាក់កងជើង ក្នុងខេត្តកំពង់ស្ពឺ លោកមិនទាន់ទទួលដំណឹងពីថ្នាក់មូលដ្ឋានឡើយ។
ជាមួយគ្នានេះ ទាក់ទងនឹងការចោទប្រកាន់ថា មានករណីសូកប៉ាន់រវាងឈ្មួញឈើ និងមន្ត្រីនោះ លោកនឹងជូនព័ត៌មានទៅមន្ទីរ ដើម្បីដាក់ការស៊ើបអង្កេតនឹងអាចចាត់វិធានការតាមច្បាប់ ដោយមិនលើកលែងឲ្យជនណាម្នាក់ឡើយ។
លោកមានប្រសាសន៍ថា“នេះជាចំណុច ដែលយើងកំពុងរឹតបណ្ដឹងច្បាប់ដល់អ្នកលួចព្រៃឈើទាំងនោះ គេមិនអាចគេចផុតពីសំណាញ់ច្បាប់បានទេ។ គេចបានថ្ងៃនេះ ប៉ុន្ដែមិនអាចគេចបានរហូតដែរ។ ការអនុវត្តច្បាប់នឹងរៀបចំទៅដល់ទីនោះ បន្ទាប់ពីទទួលបានដំណឹង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងមិនលើកលែងឡើយ ដូច្នេះចំពោះមន្ត្រីរាជការពាក់ព័ន្ឋក្នុងករណីបំផ្លាញធនធានធម្មជាតិគឺត្រូវតែចាត់វិធានការអនុវត្តច្បាប់ អាចនឹងដកសក្តិឬបញ្ចប់ដំណែង អោយតែរកឃើញពាក់ព័ន្ឋក្នុងបញ្ហានេះ»។
“ផលប៉ះពាល់មកលើសហគមន៍”
នាម៉ោង៨ និង៣៥នាទីព្រឹក អ្នកស្រី បាវ ខ្លី វ័យ៣០ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងភូមិតាំងបំពង់ បានធ្វើដំណើរតាមគោយន្តរួមជាមួយប្តីនិងកូនស្រីតូចម្នាក់ ដោយមានចានដែកមួយ ខោអាវប្រឡាក់មួយការ៉ុង រួមជាមួយកានកាដុងជ័រចំនួនបី និងសម្ភារៈរកត្រីមួយចំនួនផង។
ស្រ្តីរូបនេះនិងគ្រួសារ ត្រូវធ្វើដំណើរចេញពីភូមិកាត់វាលចូលព្រៃ ឆ្លងអូរតូចធំ ប្រហែល៣គីឡូម៉ែត្រពីភូមិ ដើម្បីទៅដល់ប្រភពទឹក ដែលមានទឹកចន្លោះពី៨០សិបទៅ១០០លីត្រប៉ុណ្ណោះ។
សម្លឹងទៅថ្លុកទឹកបណ្ដើរ អ្នកស្រីពោលថា តាំងពីដើមមកអ្នកភូមិនេះជាង៩០គ្រួសារមិនខ្វះទឹកប្រើឡើយ ព្រោះប្រភពទឹកនៅជើងភ្នំមានប្រើទាំងរដូវប្រាំង និងវស្សា ប៉ុន្ដែចម្លែកអ្វីក្នុងឆ្នាំនេះទឹកដែលធ្លាប់សម្បូរ បែរជារីងស្ងួតអស់ចាប់ពីចុងខែមីនាមកម្លេះ ទើបបណ្ដាលឲ្យអ្នកស្រីធ្វើដំណើរមកដងទឹកនៅទីតាំងខាងលើ។
អ្នកស្រី បាវ ខ្លី បាននិយាយថា“ខ្ញុំអត់ដឹងថា ហេតុអ្វីបានដាច់ទឹកទេ? ប៉ុន្ដែខ្ញុំគិតថា ប្រហែលជាខ្វះព្រៃឈើទេដឹង! កាលពីមុនព្រៃច្រើនណាស់ ពេលអស់ព្រៃ ភ្លៀងក៏មិនសូវមានដែរ។ ព្រៃឈើពីមុនច្រើន សូម្បីតាមផ្លូវក៏មានដែរ ឥឡូវខ្ទេចអស់ហើយ”។
ស្ត្រីរូបបន្តថា ឆ្នាំនេះរបរដកផ្កាថ្ម និងបេះផ្សិតលីងជឺពីក្នុងព្រៃដែលគ្រួសាររបស់អ្នកស្រីតែងអាស្រ័យផលរាល់ឆ្នាំនោះ ត្រូវបានផ្អាក ព្រោះចាប់ពីខែមីនា រហូតមកដល់ពាក់កណ្ដាលខែឧសភា មិនទាន់មានភ្លៀងគ្រប់គ្រាន់ ហើយថា បើស្ថានភាពនៅតែបន្តបែបនេះ គ្រួសារអ្នកស្ត្រីក៏ដូចជាគ្រួសារអ្នកភូមិផ្សេងទៀត ដែលគ្មានលទ្ឋភាពបម្រើសេវាកម្មទេសចរណ៍ ពិតជាមិនដឹងរំពឹងរបរអ្វី ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឡើយ។
អ្នកស្រីនិយាយថា “ទើបឆ្នាំនេះមិនបានរក កាលឆ្នាំមុនៗរករាល់ឆ្នាំហ្នឹង ចេញវស្សាចូលខែប្រាំនេះ រកផ្សិតផង ផ្កាថ្មផង…។ បើមានព្រៃឈើមានភ្លៀងយើងបានធ្វើស្រែ បានអង្ករបានស្រូវ ដល់ពេលអត់ភ្លៀងអញ្ចឹង រកលុយក៏មិនសូវបានហើយ អត់ទឹកធ្វើស្រែទៀត”។
លោក គោ គុយ អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ក៏បង្ហាញក្តីបារម្ភផងដែរថា ប្រសិនបើអស់ដើមឈើធំៗនៅក្នុងសហគមន៍។ លោកនិយាយថា ជាក់ស្ដែងជាង៣០ឆ្នាំហើយ ពលរដ្ឋមូលដ្ឋានរបស់លោកមិនដែលខ្វះទឹកប្រើឡើយ ប៉ុន្តែឆ្នាំនេះប្រភពទឹកដែលធ្លាប់ប្រើប្រាស់ជាប្រចាំបែរជាខ្សោះរីងទៅវិញ។ លោកគិតថា មូលហេតុចម្បង អាចបណ្តាលមកពីការបាត់បង់ធនធានព្រៃឈើយ៉ាងគំហុកពីក្នុងព្រៃសហគមន៍និងនៅតំបន់ជុំវិញនេះ។
លោក គោ គុយ និយាយថា“និយាយទៅអត់ដែលមានបាតុភូតរីងទឹកបែបនេះទេ ពីបុរាណកាលមានដើមឈើនៅច្រើន រួមជាមួយធនធានធម្មជាតិ វាមានទឹកហូរមិនដែលរីង តែមកដល់បច្ចុប្បន្ននេះអស់ឈើច្រើន ដាច់ទឹក ត្រីក៏ងាប់ពេញស្ទឹង”។
លោក អូត ឡាទីន មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា។ (កញ្ញា ប៉ូ សុភា)
មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជាហៅកាត់(CYN) និងជាអ្នកស្រាវជ្រាវបទល្មើសព្រៃឈើ លោក អូត ឡាទីន បាននិយាយថា រូបភាពនៃការកាប់ឈើនៅក្នុងតំបន់ឱរ៉ាល់ និងជួយភ្នំក្រវាញមិនមែនទើបមានឡើយ នេះបើតាមបទពិសោធន៍នៃការដើរសិក្សាតំបន់នោះក្នុងអំឡុងឆ្នាំ២០២០ រហូតដល់២០២៣។ លោកបញ្ជាក់ថា អំឡុងពេលស្រាវជ្រាវនោះ លោកនិងក្រុមការងារបានប្រទះឃើញគល់ឈើធំៗមួយចំនួនត្រូវបានគេកាប់ និងបានប្រទះជាមួយបទល្មើសកំពុងជញ្ជូនឈើក្នុងព្រៃផងដែរ។
លោក អូត ឡាទីន មានប្រសាសន៍ថា “ប្រសិនបើនៅបណ្ដែតបណ្ដាយ ដោយគ្មានយន្តការណាមួយទេ ខ្ញុំមើលឃើញថា នឹងមានហានិភ័យខ្ពស់ចំពោះប្រភេទឈើមុខកាត់ធំៗ វានឹងមានការថមថយ ក៏អាចឈានដល់ការបាត់បង់ទាំងស្រុង”។
លោកសម្តែងការព្រួយបារម្ភថា បើនៅតែបន្តកាប់ ហើយគ្មានយន្តការដោះស្រាយ ប្រភេទឈើប្រណិតៗអាចនឹងបាត់វត្តមាន ហើយវានឹងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ជម្រកសត្វព្រៃ ចំណែកពលរដ្ឋក្នុងមូលដ្ឋានប្រឈមនឹងការបាត់បង់មុខរបរបែបប្រពៃណីផងដែរ។
លោក តាន់ គឹមសួរ ជាយុវជនស្រឡាញ់ធម្មជាតិ និងប្រធានសមាគមន៍បៃតងវើរៀរិ៍។ (កញ្ញា ប៉ូ សុភា)
សម្រាប់លោក តាន់ គឹមសួរ ជាយុវជនស្រឡាញ់ធម្មជាតិ និងប្រធានសមាគមន៍បៃតងវើរៀរិ៍បានលើកឡើងថា ដំណោះស្រាយក្នុងការថែរក្សាព្រៃឈើប្រកបដោយនិរន្តភាពបានលុះត្រាណា មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បូករួមការរឹតបន្តឹងច្បាប់និងការដាក់ទោសអោយតឹងរឹងចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ។
លោកមានប្រសាសន៍ថា “ពេលនេះមានតែច្បាប់តែការអនុវត្តគ្មាន។ ច្បាប់មានហើយ ប៉ុន្ដែមន្ត្រីថ្នាក់ក្រោមមិនធ្វើព្រោះអាចប៉ះផលប្រយោជន៍ឈ្មួញឈើទាំងនោះ។ ការចូលរួមពីគ្រប់ភាគី ជារឿងសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅប្រទេសកម្ពុជា”។
បើយោងតាមការចេញផ្សាយរបស់កាសែត Mongabay នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញថា តាមរយៈទិន្នន័យនៃការស្រាវជា្រវរបស់សកលវិទ្យាល័យមឺរីលែន (University of Maryland) នៅឆ្នាំ២០២៣ កម្ពុជាបាត់បង់ព្រៃឈើអស់១២១ ០០០ហិកតា ក្នុងនោះមានជាងពាក់កណ្ដាលជាព្រៃស្ថិតក្នុងដែនជម្រកសត្វព្រៃឡង់៕
…………………………………………………………
អត្ថបទដោយអ្នកកាសែតវ័យក្មេង កញ្ញា ប៉ូ សុភា ដែលគាំទ្រការផលិតដោយគម្រោងស៊ីចា(CEEJA)