សកម្មជនការពារព្រៃឈើបានបង្ហាញក្ដីបារម្ភថា សកម្មភាពកាប់ទន្រ្ទានព្រៃឈើនៅតំបន់ធំៗនៅតែបន្តកើតឡើងឥតឈប់ឈរ ដែលធ្វើឱ្យគម្របព្រៃឈើប្រឈមការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ ខណៈរបាយការណ៍ថ្មីរកឃើញថា គម្របព្រៃឈើបានថយចុះពីជាង៤៣ភាគរយ មកនៅក្រោម៤០ភាគរយវិញ។
បើតាមសកម្មជនព្រៃឈើម្នាក់គឺ លោក ហេង ស្រស់ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២ ខែសីហានេះថា តំបន់លោកចុះកំពុងតែរងការកាប់បំផ្លាញរាល់ថ្ងៃ ដោយភាគច្រើនគឺក្រុមអ្នកមានអំណាចស្និតនឹងមេដឹកនាំ។ លោក ស្រស់ អះអាងថា តំបន់ដែលលោកចុះ ដូចជាខេត្ដកោះកុង ខេត្ដពោធិ៍សាត់ តំបន់ព្រៃឡង់ ហើយក្រុមហ៊ុនរកស៊ីឈើទាំងនោះ បានដឹកជញ្ជូនឈើទៅលក់នៅក្រៅប្រទេស។
លោកបន្ដថា ការរកឃើញថ្មីរបស់អង្គការទិន្នន័យកម្ពុជាហៅថា អូឌីស៊ី(ODC)នេះគឺត្រឹមត្រូវ ព្រោះវាឆ្លើយតបនឹងអ្វីដែលកំពុងតែកើតមាន ខណៈការទប់ស្កាត់ពីអាជ្ញាធរគ្មានប្រសិទ្ធភាពឡើយ ទោះមានការប្ដេជ្ញាក៏ដោយ។ លោកព្រួយបារម្ភថា បើសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតែបន្ដ ព្រៃឈើនឹងជួបហានីភ័យខ្លាំង ឬប្រឈមការវិនាសតែម្តង។
លោក ស្រស់ អះអាងថា៖«ព្រៃឈើក្នុងប្រទេសយើងមិនមានភាពល្អប្រសើរមកវិញទេ មានតែហិនហោចទៅៗដែលវាជាក្ដីបារម្ភមួយដែលមិនអាចទប់ស្កាត់បានទោះក្រសួងធ្លាប់អះអាងក៏ដោយ។ យើងមានភស្ថុតាងគ្រប់គ្រាន់សម្រាប់បង្ហាញថាបន្ដបាត់បង់ មូលហេតុដោយសាររដ្ឋាភិបាលនៅបន្ដផ្ដល់តំបន់គ្របដណ្ដប់ដោយព្រៃឈើទៅឱ្យក្រុមហ៊ុនឯកជ។ យើងមិនសង្ឃឹមទេថា ការដាំដើមឈើឡើងវិញ វាបានមកវិញបាន១០០%ដូចការបាត់បង។ យើងបារម្ភណាស់»។
ការអះអាងប្រហាក់ប្រហែលគ្នានេះបណ្តាញស្នូលការពារព្រៃឡង់ខេត្តកំពង់ធំ ដែលបានការពារជិត២០ឆ្នាំលោក ហឿន សុភាព បានឱ្យដឹងថា ការបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់គ្មានការថយចុះនោះទេ ទោះក្រសួងធ្លាប់អះអាងពីការទប់ស្កាត់ក៏ដោយ។
លោក សុភាព អះអាងថា ក្នុងខែសីហា ឆ្នាំ២០២៤ លោករកឃើញ៤ករណីដោយក្នុង១ករណីឈើដែលគេកាប់មានចំនួន២០ម៉ែត្រគូប។ លោកបង្ហាញក្ដីបារម្ភជាខ្លាំងថា បើរូបភាពនេះនៅតែបន្ដដោយគ្មានវិធានទប់ស្កាត់នោះទេ ព្រៃឈើក្នុងតំបន់ការពារលោក នឹងប្រឈមការបាត់បង់។
លោកបន្ថែមថា ភាគច្រើននៃការបាត់បង់ដោយសារក្រុមហ៊ុនធំៗជួលពលរដ្ឋឱ្យចុះកាប់រាល់ថ្ងៃដើម្បីនាំចេញទៅក្រៅស្រុក។
លោកថា៖«សកម្មភាពពួកខ្ញុំតាមដានឃើញវានៅតែមាន ទាំងការកាប់រានដីព្រៃ ទាំងការកាប់ជ្រៀក
ឈើធំៗក្នុងតំបន់ព្រៃឡង់ឬតំបន់ផ្សេងៗទៀតវាអត់ឈប់ទេវានៅតែមាន។ ភាគច្រើនឈ្មួញកណ្ដាលគេបានគប់គិតជាមួយប្រជាជនរួមចំណែក្នុងការកាប់។ ខ្ញុំព្រួយបារម្ភណាស់ពេលព្រៃឈើបន្ដបាត់បង់វាប៉ះពាល់ដល់ការរស់នៅប្រជាជនខ្លាំង។ អាហ្នឹងខ្ញុំព្រួយបារម្ភខ្លាំង ហើយវានឹងហិនហោចបើរដ្ឋាភិបាលគ្មានឆន្ទ់ទប់ស្កាត់ពិតប្រាកដ។ ខ្ញុំគិតថាការរកឃើញនេះវាអាចឆ្លើយតប ព្រោះស្ថានភាពតាមព្រៃមួយចំនួនគឺកាប់បំផ្លាញ និងដឹកជញ្ជូនហូរហែរតាមទូក តាមផ្លូវរបស់គេច្រើន ដូច្នេះការរកឃើញនេះខ្ញុំគិតថាត្រឹមត្រូវ»។
យោងតាមរបាយការណ៍មួយអង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា (Open Development Cambodia) បានចេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បង្ហាញថា គម្របព្រៃឈើកម្ពុជាបានថយចុះចន្លោះពី៤៣,២១% មកត្រឹម៣៩,៧៥%។ របាយការណ៍ដដែលថា ការថយចុះគួរឱ្យគត់សម្គាល់នេះកើតឡើងចន្លោះឆ្នាំ២០១៥ដល់ឆ្នាំ២០២៣។ ប្រភពដដែលអះអាងថា ការថយចុះគម្របព្រៃឈើដែលគួរឱ្យកត់ស្គាល់ គឺកើតមានឡើងនៅតំបន់ភាគខាងកើត និងភាគពាយ័ព្យ ដោយសារតំបន់នេះមានព្រៃឈើច្រើនបំផុតក្នុងចំណោមតំបន់ធំៗទាំង៤ ដោយតំបន់២ទៀត គឺតំបន់តំបន់ជួរភ្នំក្រវាញ តំបន់ទំនាបទន្លេមេគង្គ ។
ជុំវិញករណីនេះអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាមថា ការរកឃើញនេះវាប្រហាក់ប្រហែលនឹងរបាយការណ៍ក្រសួងដែរ ប៉ុន្ដែវាមិនទាំងស្រុងលើការកាប់ទន្រ្ទាននោះទេ។ យ៉ាងណាលោកពន្យល់ថា សម្រាប់ក្រសួងបានចេញនៅយន្ដការការពារលើគម្របព្រៃឈើថា នឹងការពារឱ្យបាន៦០%នៅឆ្នាំ២០៥០ ខណៈយន្ដការដូចជា ចាប់ជនល្មើសដោយគ្មានការលើកលែង និងសហការនឹងមន្រ្ដីមូលដ្ឋានដើម្បីទប់ស្កាត់។
អ្នកនាំពា្យរូបនេះថ្លែងថា៖«ការសិក្សា[របាយការណ៍]គាត់មិនបានផ្ទៀងផ្ទាត់ជាមួយអ្នកជំនាញ។ យើងខិតខំសម្រេចទស្សនៈវិស័យឱ្យបាន៦០%ក្នង២០៥០។ រាល់ថ្ងៃនេះយើងចាត់វិធានការតឹងរឹងចំពោះបទល្មើសព្រៃឈើ បទល្មើសកាប់រុករានព្រៃខុសច្បាប់ជាដើមដោយគ្មានការលើកលែងនោះទេ»។
នាយកប្រតិបត្ដិសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ថ្លែងថា ជាការកត់សម្គាល់នៅតែមើលឃើញពីការថយចុះនៃគម្របព្រៃឈើកម្ពុជាជាបន្ដបន្ទាប់ដែលបង្កការរំខាន និងការព្រួយបារម្ភលើការអភិរក្ស និងការការពារធនធានធម្មជាតិនៅកម្ពុជា។ លោកបន្ដថា ប្រសិនបើព្រៃឈើនៅតែរងការបាត់បង់ បែបនេះគឺវាបង្ហាញពីកម្សោយនៃកង្វះការយកចិត្ដទុកដាក់ពីសំណាក់រដ្ឋាភិបាល។
លោក ហេង គឹមហុង ថ្លែងថា៖«ក្រសួងត្រូវតែពង្រឹងយន្ដការឱ្យបានតឹងរឹងបន្ថែមទៀត ជាពិសេសចាប់ជនពាក់ព័ន្ធ ជនកាប់បំផ្លាញព្រៃឈើផ្សេងៗហាក់មិនដូចជានៅតែបង្កការរំខានទៅដល់សកម្មភាពការារ និងអភិរក្ស។ យើងពិតជាមានការព្រួយបារម្ភជាខ្លាំងចំពោះកណីនេះ»។
កាលពី២០១៦អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជាធ្លាប់បានចេញរបាយការណ៍ដោយបង្ហាញថា គម្របព្រៃឈើ នៃប្រទេសកម្ពុជា បានថយចុះយ៉ាងគំហុកនៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ នៅឆ្នាំ១៩៧៣ ប្រទេសកម្ពុជា មានផ្ទៃដីព្រៃសរុបចំនួន ១៣.១លានហិកតា ប៉ុន្តែ គិតត្រឹមឆ្នាំ២០១៤ គម្របព្រៃរបស់ប្រទេសនេះ បានធ្លាក់ចុះមកនៅត្រឹម ៨.៧ លានហិកតា។
កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ អតីតរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាប្រចាំឆ្នាំ២០១៨។ របាយការណ៍នេះបានបង្ហាញថា កម្ពុជាមានផ្ទៃដីព្រៃឈើសរុប ៨ ៥១០ ៨០៧ហិកតា ឬស្មើនឹង ៤៦,៨៦ភាគរយ បើធៀបនឹងផ្ទៃដីកម្ពុជាសរុប ។
ប្រភពដដែលអះអាងថា អត្រាធនធានគម្របដីព្រៃឈើប្រចាំឆ្នាំ២០១៨ គឺបានធ្លាក់ចុះប្រមាណ២៦ភាគរយ បើធៀបនៅក្នុងឆ្នាំ១៩៦៥ ដោយកម្ពុជាមានព្រៃឈើលាតសន្ធឹងលើផ្ទៃដី ៧៣ភាគរយ៕
……………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក ឃាង សុខមាន