បឹងទន្លេសាបដែលជាប្រភពទឹក និងត្រីច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យមួយកាលពីឆ្នាំ២០១១ ដោយកំណត់ជាដែនព្រៃលិចទឹកប្រមាណ៦៥ម៉ឺនហិកតា ស្ថិតក្នុងខេត្តចំនួន៦ មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។
ប្រជាសហគមន៍ខ្លះនិយាយថា តំបន់ការពារដែលសម្បូរទៅដោយជីវចម្រុះគ្រប់ប្រភេទមួយនេះ បានកើតមានបទល្មើសនេសាទនៅតំបន់មួយចំនួន ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរឱ្យមានប្រសិទ្ធភាពនៅឡើយ។
ពួកគេបន្តថា បទល្មើសនេសាទដូចជាការដាក់សម្រាស់ និងលបដែលធ្វើពីស្បៃមងរាប់ពាន់ម៉ែត្រ ត្រូវបានដាក់រាប់សិបកន្លែងក្នុងតំបន់បឹងទន្លេសាប ស្ថិតនៅឃុំឆ្នុកទ្រូ នៃស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង និងឃុំផាត់សណ្តាយ នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងតំបន់ នៃខេត្តជាប់បឹងទន្លេសាបផ្សេងៗទៀត ខណៈពលរដ្ឋមួយចំនួននៅជុំវិញតំបន់នេះ រស់ដោយពឹងផ្នែកលើការនេសាទ ទាំងប្រើឧបករណ៍នេសាទស្របច្បាប់ និងខុសច្បាប់។
កំពុងជួសលបដែលធ្វើពីស្បៃមង ជាស្ត្រីដែលមានវ័យ៥១ឆ្នាំរស់នៅខេត្តកំពង់ធំ និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា គ្រួសារគាត់ប្រកបរបនេសាទបន្តពីដូនតាលើផ្ទៃបឹងទន្លេសាបជាង៥០ឆ្នាំមកហើយ ដោយប្រើឧបករណ៍ដាក់លបឡុកដែលធ្វើពីស្បៃមង។
អ្នកស្រី ឱ្យដឹងថា គ្រួសារអ្នកស្រីដាក់លបឡុកដែលធ្វើពីសាច់មងក្រឡា ២ហ៊ុនកន្លះ និង ៣ ហ៊ុន ដោយដាក់បន្តគ្នាប្រវែងពី៦០០ ទៅ៨០០ ម៉ែត្រក្នុងមួយកន្លែង ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
អ្នកនេសាទរូបនេះ អះអាងថា ជាថ្នូរដើម្បីបានប្រកបរបដាក់លបនេះបាន គឺអ្នកស្រីត្រូវបង់លុយទៅឱ្យមន្ត្រីជំនាញពាក់ព័ន្ធជារៀងរាល់ខែ ដោយ១ខែចាប់ពី៣០ម៉ឺនរៀលឡើងទៅ។
អ្នកស្រីត្អូញត្អែរថា៖ «គ្រប់ជំនាញទាំងអស់ ឱ្យតែមានជំនាញចុះមកគ្រប់ជំនាញទាំងអស់ បង់ឱ្យគេ ចុះមួយជំនាញម្នាក់ ២០ ទៅ៣០ ម៉ឺនៗ មកគ្រប់តែជំនាញហ្នឹងឯង។ យើងមិនឱ្យគេ គេមិនឱ្យយើងរក[ដាក់លប]តែប៉ុណ្ណឹង»។
ប្រជានេសាទដដែលបន្ថែមថា ខែខ្លះត្រូវចំណាយថវិកាឱ្យជំនាញរហូតដល់ទៅរាប់លានរៀល ខណៈពួកគេចុះបង្ក្រាបបទល្មើសម្តងៗ ដើម្បីរុះរើ ឬកាប់បំផ្លាញលប។
អ្នកស្រីថា៖ «រកស៊ីបើមិនឱ្យគេស្មានតែគេឱ្យយើងរកគេមិនឱ្យទេ»។
លោក ញឹក វិចិត្រ វ័យ៤២ឆ្នាំ បច្ចុប្បន្នកំពុងប្រកបរបរនេសាទនៅខេត្តកំពង់ធំ បានឱ្យដឹងថា លោកប្រកបរបរជាអ្នកនេសាទរយៈពេលជាង២០ឆ្នាំហើយ ដោយប្រើលបរ៉ាវធ្វើពីសាច់មងក្រឡា៣ហ៊ុន ចំនួន៣ឡុក ដែលមួយឡុកៗ មានប្រវែងចាប់ពី២០០ម៉ែត្រឡើងទៅ។
លោក វិចិត្រ និយាយថា រូបលោក និងអ្នកនេសាទផ្សេងៗទៀត ត្រូវបង់លុយឱ្យជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមួយឆ្នាំត្រូវបង់ចំនួន២ដង ដោយចាប់ពី១លានទៅ៣លានរៀល និងផ្តល់ជាប្រេងចន្លោះពី៣០លីត្រទៅ៦០លីត្រ តាមចំនួនលប និងប្រវែងរ៉ាវ។ ប៉ុន្តែប្រជានេសាទរូបនេះថា ក្នុងមួយរដូវលោកអាចរកចំណូលបានប្រមាណ៧លាន ទៅ៨លានរៀល។
លោកបញ្ជាក់ថា៖ «ក្នុងមួយរដូវអស់ ២ទៅ៣ លានដែរហ្នឹង អស់ច្រើន[…] អត់បដិសេធបានទេ ពីព្រោះគេយកទៅឱ្យជំនាញ គេផ្សេងៗគ្នា ដូចជលផលផ្សេង បរិស្ថានទៅផ្សេង ប៉េអឹមផ្សេង សហគមន៍ផ្សេង»។
ចំណែកអ្នកនេសាទនៅខេត្តកំពង់ឆ្នាំងលោក ហួយ ហូរ វ័យ៥៥ឆ្នាំ បានឱ្យដឹងថា លោកប្រកបរបរនេសាទដោយដាក់សម្រាស់ទំហំ៤៥ ម៉ែត្របួនជ្រុងនៅតាមព្រែកក្នុងដែនបឹងទន្លេសាប។ លោកថា ការដាក់សម្រាស់នេះ គឺលោកត្រូវបង់លុយឱ្យមន្ត្រីជំនាញជលផលចំនួន១លាន៣០ម៉ឺនរៀលក្នុងមួយរដូវៗ។
លោក ថា៖ «យើងយកលុយទៅបង់ ១លាន ៣០ (មួយលានរៀល សាមសិបម៉ឺន) ថាហ៊ុំទឹកទីមួយហើយ និងទឹកទីពីរដល់ពេលហុំទឹកទីពីរ។ យើងរៀបមែករៀបហុំទឹកទីពីរ វាថាអត់បានទេ ហុំថ្ងៃបង់ ៣០ (ម៉ឺន)ទៀត។ បើលួចហុំយប់អាហ្នឹងអត់អស់ទេ៣០ (បង់៣០ម៉ឺន) ធ្វើមិចធ្វើទៅ ប៉ុន្តែនរណាចាប់យើងអត់ដឹងអត់ទទួលទេ»។
អ្នកនេសាទរូបនេះ អះអាងថា ការយកលុយនេះ គឺមន្ត្រីជំនាញជលផល និងសមត្ថកិច្ចពាក់ព័ន្ធមិនចុះមកប្រមូលដោយខ្លួនឯងផ្ទាល់នោះទេ គឺប្រើអ្នករត់ការចាំប្រមូលលុយពីម្ចាស់សម្រាស់តាមភូមិផ្សេងៗ ដើម្បីយកទៅឱ្យថ្នាក់លើបន្ត។
លោកថា៖ « គាត់ថា យកលុយទៅខាងណា គឺយើងអត់ដឹងទេ។ យកផុតពួកខ្ញុំហើយមិនដឹងយកទៅណាទេ[…] អាហ្នឹងគេយកលុយទៅគេចែកចាយតាមគ្នាទៅណា។ អាក្រោមតាមក្រោមទៅ សល់ប៉ុន្មានគេទៅលើទៅ។ មួយឆ្នាំៗមិនមែនតិចលានទេ[…] មួយឆ្នាំខ្ញុំឱ្យតែម្តងទេ។ ឱ្យតែម្តងហ្នឹងហ៊ុំបានតែម្តងហ្នឹង»។
អតីតអ្នកនេសាទនៅក្នុងខេត្តកំពង់ឆ្នាំងដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព បានអះអាងថា អ្នកនេសាទភាគច្រើនប្រើឧបករណ៍នេសាទលបណ ឬរ៉ាវ ឬលបឡុកមានប្រវែងរាប់ពាន់ម៉ែត្រ ប៉ុន្តែពួកគេព្យាយាមឆ្លើយលាក់បាំងពីអ្នកសារព័ត៌មាន ពីប្រវែងពិតប្រាកដ ដើម្បីគេចវេសពីផ្លូវច្បាប់តែបណ្ណោះ។
លោកនិយាយថា៖ «ម្នាក់ៗឃើញទេគ្រាន់តែសាច់(សាច់មង) រាប់ពាន់ម៉ែត្រ […] ក្នុងមួយគ្រួសារអន់បំផុតក៏ត្រឹម៥ឡុកដែរ។ ៥ឡុកក្នុងមួយឡុក ១០០ម៉ែត្រ។ ១០០ម៉ែត្រយើងគុណទៅ ៥ឡុកវាស្មើ៥០០ម៉ែត្រ […] ចឹងបានថា គេមិនប្រាប់ត្រង់ទេ»។
លោកប្រាប់បន្ថែមថា មិនត្រឹមតែប្រវែងឧបករណ៍នេសាទទេ ដែលអ្នកនេសាទមិនប្រាប់ត្រង់ សូម្បីតែថ្លៃបង់ឱ្យខាងជលផលក៏គេមិនឱ្យដឹងតម្លៃពិតប្រាកដដែរ គឺពួកគេព្យាយាមលាក់បាំង។
លោកបន្តថា៖ «សូម្បីតែបង់លុយជលផលក៏ចឹងដែរ ក៏អត់ប្រាប់ត្រង់ដែរ អាចលើសហ្នឹង […] ដូចថា មួយគ្រួសារចឹងមុខរបរដែលដាក់លប ចូលមកតែម្នាក់ហ្នឹងបង់ប៉ុន្មានៗ អាហ្នឹងទម្រាំតែត្រូវថ្លៃគ្នា […] ភាគច្រើនអារឿង ៣០ឡើង (៣០ម៉ឺន) អត់មានចុះទេ […] មិនដែលមួយឡុកបង់ ៤-១០ ម៉ឺនទេ ខ្ញុំអត់ជឿទេ»។
មាត្រា២០ នៃច្បាប់ជលផលឆ្នាំ២០០៦ ចែងថា ឧបករណ៍នេសាទដែលហាមឃាត់មិនឱ្យប្រើប្រាស់សម្រាប់ការនេសាទគ្រប់ប្រភេទនៅក្នុងដែននេសាទរួមមាន ឧបករណ៍ឆក់ គ្រឿងផ្ទុះ បូម សម្រាស់ មងឬអួនគ្រប់ប្រភេទ ដែលមានក្រឡាតូចជាងមួយសង់ទីម៉ែត្រកន្លះ (១,៥ សង់ទីម៉ែត្រ) និងមាត្រា៤២ បានហាមឃាត់គ្រប់លបឡុកណ ឬរ៉ាវ ដែលមានប្រវែងវែងជាង៥០០ម៉ែត្រ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែឧសភា។
ចំណែកមាត្រា៤០ នៃច្បាប់ដដែលនេះ បានហាមឃាត់ការដាក់ឧបករណ៍នេសាទគ្រប់ប្រភេទក្នុងរដូវបិទនេសាទដែលតម្រូវឱ្យរុះ ឱ្យបានមុនថ្ងៃទី១៥ ខែមិថុនា ចំពោះតំបន់ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ និងឱ្យបានមុនថ្ងៃទី១៥ខែកក្កដា ចំពោះតំបន់ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។ ការនេសាទដោយប្រើឧបករណ៍របាំងសាច់អួន លបឡុក លបណឬរ៉ាវ មិនអនុញ្ញាតឱ្យដាក់នេសាទគ្រប់ពេលវេលានោះទេ។
ឧបករណ៍នេសាទលបឡុកគ្របដោយសំណាញ់ស្ថិតក្នុងឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។ (ស៊ន់ លីនដា)
បើតាមតួលេខក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម កាលពីខែថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា បទល្មើសនេសាទនៅបឹងទន្លសាប គឺបង្រ្កាបបានឧបករណ៍របាំងសាច់អួន និងស្បៃមុងប្រវែង១ ៦៥០ ៦១៧ម៉ែត្រ លបនិងលូ ១៥ ២២៩គ្រឿង ឧបករណ៍ឆក់ក្ដៅ ឆក់ត្រជាក់១ ៤៧៣គ្រឿង អួសអូសទឹកសាប៥៣វង់ អួនហ៊ុម៣៣វង់ ម៉ាញ់១៤វង់ ឈ្នក់រួមផ្សំភ្លើង១២៧គ្រឿង និងឈិបយន្ដ២៣គ្រឿង។
លោក អ៊ួត ឡុង ប្រធានសហគមន៍បឹងទន្លេសាបខេត្តពោធិ៍សាត់ សង្កេតឃើញថា ក្នុងតំបន់របស់លោកទោះបីជាដល់រដូវបិទនេសាទក៏ដោយ ក៏អ្នកនេសាទបន្តនេសាទដោយខុសច្បាប់ដែរ។ លោកថា មានទាំងការដាក់សម្រាស់ និងស្បៃមងជាដើម ដោយមន្ត្រីជំនាញមិនអាចបង្ក្រាបមានប្រសិទ្ធភាពឡើយ។
លោក អ៊ួត ឡុង សង្កត់ធ្ងន់ថា បញ្ហានេះបណ្តាលមកពីកង្វះ នៃការអនុវត្តន៍ច្បាប់របស់មន្ត្រីជំនាញពាក់ព័ន្ធ។
លោកថា៖ «វាទាក់ទងទៅនឹងមន្រ្តីគ្រប់គ្រងកន្លែងនីមួយៗហ្នឹងគេមិនយកច្បាប់មកអនុវត្តន៍។ បើសិនជាយកច្បាប់មកអនុវត្តន៍។ ផ្សព្វផ្សាយបានតែផ្សព្វផ្សាយ២០ឆ្នាំហើយ មនុស្សវាដឹងសព្វរឿងអស់ហើយ»។
ប្រធានសហគមន៍បឹងទន្លេសាបរូបនេះ បានបង្ហាញក្តីបារម្ភថា ប្រសិនបញ្ហានេះនៅតែបន្តកើតមានជាពិសេសក្នុងរដូវទឹកឡើង ឬរដូវត្រីពង វានឹងធ្វើឱ្យប៉ះពាល់ដល់ធនធានជលផលធ្ងន់ធ្ងរ។
ប្រធានសហគមន៍នេសាទខេត្តបាត់ដំបងលោក ជា សារិន បានឱ្យដឹងថា ជានិច្ចជាកាល ពេលលោក និងមន្ត្រីជំនាញចុះទៅពិនិត្យ ឬបង្រ្កាបម្តងៗ គឺមិនសូវជួបបទល្មើសនោះទេ។ លោកបានដាក់ការសង្ស័យថា ការរកមិនឃើញបទល្មើសនេះ អាចអ្នកនេសាទទទួលបានដំណឹងមុនតាមរយៈបណ្តាញរបស់ពួកគេ។
លោកបន្តថា៖« ដឹងដំណឹងយើងទៅបង្រ្កាប។ យើងទៅ វារើលឿន វាទៅបាត់។ វាពិបាកដែរហ្នឹង វាអ្នកល្មើស ចោរជាមួយប៉ូលីសឃើញថា វាតាមដានប៉ូលីសរហូតហ្នឹងចោរ។ ហើយប៉ូលីសតាមដានចោរអ៊ីចឹង។ ដល់ពេលអញ្ចឹងវា មានបណ្តាញរៀងខ្លួន វាពិបាកដែរ»។
ចំណែកលោក មិញ ប៊ុនលី ប្រធានសម្របសម្រួលកម្មវិធីអភិរក្ស និងបរិស្ថាន នៃអង្គការសម័្ពន្ធភាពដើម្បីអភិរក្សធនធានជលផល ឬហៅ កាត់ថា ហ្វេក (Fisheries Action Coalition Team) មានប្រសាសន៍ថា ច្បាប់មិនអនុញាតឱ្យមានការដាក់សម្រាស់នោះទេ។ លោកថា ការអនុវត្តវិធីនេះធ្វើឱ្យត្រីគ្រប់់ប្រភេទងាយនឹងជាប់ក្នុងសម្រាស់។
យ៉ាងណាលោកថា ការដាក់សម្រាស់នេះ វានៅតែកើតមានដោយសារតែមានការត្រូវរូវគ្នា រវាងអ្នកនេសាទ និងមន្ត្រីជំនាញពាក់ព័ន្ធ។
លោកថា៖ «ច្បាប់បានផ្សព្វផ្សាយមិនឱ្យអ្នកនេសាទធ្វើនេសាទដោយផ្ទុយពីច្បាប់។ ចឹងកាលណាគាត់ធ្វើផ្ទុយច្បាប់ វាមានន័យថាខុស។ ការដាក់សម្រាស់ខុសមួយហើយ។ អត់មានច្បាប់ណាអនុញ្ញាតឱ្យដាក់នោះទេ។ គ្រាន់តែថា តំបន់ខ្លះគាត់ចេះតែធ្មិចភ្នែក។ គាត់ចេះតែត្រូវរូវគ្នាទៅ វាធ្វើឱ្យសម្រាស់វាកើតឡើង។ អញ្ចឹងមានន័យថា ដាក់សម្រាស់វាខុសច្បាប់មួយហើយ ហើយពេលគាត់ហ៊ុំ [ចាប់ត្រី] គាត់យកអួនក្រឡាញឹកទៅហ៊ុំ វាខុសទៀតហើយ»។
លោក ប៊ុនលី បន្ថែមថា ការដាក់សម្រាស់ ឬរបាំងស្បៃមុងដែលខុសប្រវែង ខុសទំហំក្រឡាបង្កឱ្យមានផលប៉ះពាល់ជាច្រើនដល់ធនធានជល់ផល ជាពិសេសធ្វើបាត់បង់ព្រៃលិចទឹក ដោយសារអ្នកនេសាទត្រូវកាប់ឈើព្រៃលិចទឹកមកធ្វើសម្រាស់។ លោកថា ការដាក់សម្រាស់នេះ ក៏បង្កឱ្យរាំងស្ទះដល់ចរន្ដទឹកដែលអាចធ្វើឱ្យកកស្ទះនូវកំប្លោកជាប់គាំងសម្រាស់ ដោយមិនអាចហូរចេញទៅណាបន្តបានផងដែរ។
មួយទៀតលោកថា កាលណាកំប្លោកមិនអាចហូរចេញបាន វានឹងធ្វើឱ្យទឹកទន្លេគោក និងរាក់ ខណៈអ្នកនេសាទមិនបានប្រមូលសាច់មង ឬរ៉ាវ និងឈើសម្រាស់ចាស់ៗចេញពីទន្លេ។
រូបភាព៖ សម្រាស់ស្ថិតក្នុងឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។ (ស៊ន់ លីនដា)
ចំណែករបាយការណ៍គ្រប់គ្រងជលផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ការដាក់សម្រាស់ ឬឧបករណ៍នេសាទខុសច្បាប់ធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ធនធានជីវៈចម្រុះក្នុងទឹក ដូចជាការបាត់បង់ជម្រកត្រីមេពូជត្រី ផលស្តុកត្រីធ្លាក់ចុះ ដែននេសាទគោករីងរាក់ ស្ទះចរាចណ៍ផ្លូវទឹក និងបណ្តាលឱ្យទឹកស្អុយជាដើម។
ប្រធានស្ថាប័នរាជ្យបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលធ្លាប់ចុះសិក្សាស្រាវជ្រាវអំពីបទល្មើសតំបន់បឹងទន្លេសាប បានមានប្រសាសន៍ប្រាប់កាលពីថ្ងៃទីពុធ ទី១៦ ខែឧសភា ឆ្នាំ២០២៤នេះថា រាល់ពេលដែលលោកចុះទៅត្រួតពិនិត្យការនេសាទម្តងៗ លោកតែងតែសសង្កេតឃើញមានការដាក់ឧបករណ៍នេសាទជាហូរហែរ ជាច្រើនដង ដល់ថ្នាក់លោកប្រាប់គេ គេមិនចង់ជឿថែមទៀតផង។
លោកថា៖«ខ្ញុំបានបង្ហោះ[បង្ហោះទិដ្ឋភាពបទល្មើសនេសាទលើហ្វេសប៊ុក]ហើយមិនមែនប៉ុន្មានដងទេ ច្រើនដងហើយ ខ្ញុំរហូតដល់ពេលប្រាប់ទៅគេមិនជឿ រហូតដល់ខ្ញុំប្រើប្រាស់ជាអាវុធចាប់បាន[…] ទៅរាល់ដងឃើញរាល់ដង»។
លោក សុខ ទូច បន្តថា ប្រសិនបើចង់បង្រ្កាបបញ្ហានេះ ឱ្យមានប្រសិទ្ធភាព គឺទាល់តែមានការតាំងចិត្ត ឬប្តេជ្ញាចិត្តខ្ពស់ក្នុងការទប់ស្កាត់។ លោកថា ការបង្កើតច្បាប់ក៏ជាការមួយដែលអាចប្រើប្រាស់បាន ប្រសិនបើមន្ត្រីជំនាញពាក់ព័ន្ធអនុវត្ត។
អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍នេសាទរបាំងសាច់អួន គឺជាឧបរកណ៍នេសាទស្របច្បាប់ ប៉ុន្តែអ្នកនេសាទត្រូវអនុវត្តទៅតាមប្រវែង និងទំហំក្រឡាដែលច្បាប់បានកំណត់។
យ៉ាងណាអ្នកនាំពាក្យរូបនេះ អះអាងថា មន្រ្ដីជំនាញជលផលតែងចុះបង្រ្កាបបទល្មើសនៅតាមតំបន់បឹងទន្លេសាប ក្នុងករណីអ្នកនេសាទ ប្រើប្រាស់របាំងសាច់អួនដែលហួសប្រវែងកំណត់ និងខុសទំហំក្រឡា ហើយមន្រ្ដីជំនាញនឹងចាត់វិធានការដោយរុះរើ ឬស្នើឱ្យម្ចាស់របាំងរុះរើដោយខ្លួនឯង។
ទាក់ទិននឹងបញ្ហាដែលប្រជានេសាទមួយចំនួនលើកឡើងថា ប្រជានេសាទត្រូវបង់ប្រាក់ឱ្យមន្រ្ដីជំនាញសម្រាប់ការនេសាទ គឺអ្នកនាំពាក្យរូបនេះលើកឡើងថា អ្វីដែលអ្នកសារព័ត៌មានបានទទួលពីពលរដ្ឋនៅតំបន់នោះ វាជាព័ត៌មានមួយ ប៉ុន្តែកញ្ញាថា អ្វីដែលកញ្ញាបានដឹងពីប្រជាពលរដ្ឋនៅពេលចុះទៅបំពេញភារកិច្ចនៅបឹងទន្លេសាប គឺមន្រ្ដីជំនាញមិនដែលយកប្រាក់ពីអ្នកនេសាទនោះទេ។
កញ្ញានិយាយាថា៖ «អ្វីដែលប្អូនបានឮពីប្រជាពលរដ្ឋវាជាព័ត័មានមួយ ប៉ុន្ដែអ្វីដែលបងបានឮផ្ទាល់ពីប្រជាពលរដ្ឋនៅពេលដែលបងបានចុះទៅបឹងទន្លេសាប ៣ឬ៤ជុំក្នុងរយៈពេល៥ខែចុងក្រោយនេះ យើងបានជួបប្រជានេសាទរាប់ពាននាក់ពីខេត្តមួយទៅខេត្តមួយ ខេត្តទាំងអស់នៅជុំវិញបឹងទន្លេសាប គឺលោកមានប្រសាស៍ដាក់មេក្រូតែមង្ដថា មន្រ្ដីជំនាញរបស់យើងមិនត្រឹមតែមិនដែលយកលុយកាក់ពីពួកគាត់ទេ ថែមទាំងអប់រំណែនាំហើយក៏ដូចជាអនុវត្តច្បាប់ប្រកបដោយភាពយោគយល់ចំពោះអ្នកប្រព្រឹត្តខុសស្រាល»៕
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រី គឺ លោក ហ៊ុន សែន បានបញ្ជាទៅកងទ័ពនិងកងកម្លាំងនគរបាលអាចប្រើប្រាស់ឧទ្ធម្ភាគចក្របាញ់ពីលើអាកាស ដើម្បីបង្ក្រាបបទល្មើសនេសាទ ប្រសិនបើជនល្មើសតដៃ។
លោក ហ៊ុន សែន ក៏បានស្តីបន្ទោសទៅមន្ត្រីពាក់ព័ន្ធថា បង្ក្រាបបានតែបទល្មើសនេសាទតូចតាច ខណៈបទល្មើសធំៗ ដែលប្រព្រឹត្តដោយអ្នកមានលុយ មានអំណាចមិនត្រូវបានបង្ក្រាបឡើយ។ បញ្ហានេះ លោកក៏បានចោទជាសំណួរពាក់ព័ន្ធអំពើពុករលួយឬ ការស៊ីសំណូកសូកប៉ាន់រវាងមន្ត្រី និងជនល្មើសផងដែរ។
លោកនាយករដ្ឋមន្ត្រី ក៏បានព្រមានពេលនោះដោយថា នឹងដកអភិបាលខេត្តជាប់បឹងទន្លេសាបចោល ប្រសិនបើបទល្មើសនេសាទនៅតែកើតមានឡើងក្នុងដែនគ្រប់គ្រងរបស់ខ្លួន ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានអភិបាលខេត្តណាមួយត្រូវបានដកចេញពីតំណែងដោយសារបញ្ហាបទល្មើសនេសាទដែលកើតមានឡើងនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួនឡើយ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានព្រមានដកតំណែងអភិបាលខេត្តជាប់បឹងទន្លេសាប រួមទាំងមន្ត្រីពុករលួយផង ដែលរួមគំនិតទន្ទ្រានយកដីអភិរក្សនៅបឹងទន្លេសាប។
ជាមួយគ្នានោះដែរ លោក ក៏បានបញ្ជាឱ្យអភិបាលខេត្តទាំង ៦ ដែលជាប់បឹងទន្លេសាប រួមមានខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ត្រូវទប់ស្កាត់ការរំលោភទន្ទ្រានយកដីនៅតំបន់បឹងទន្លេសាបធ្វើជាកម្មសិទ្ធិ ត្បិតសកម្មភាពរំលោភបំពានតំបន់អភិរក្សមួយនេះមិនត្រឹមតែបំផ្លាញជីវៈចម្រុះ និងបង្រួញផ្ទៃដីបឹងទន្លេសាបប៉ុណ្ណោះទេ តែក៏ជាការបំផ្លាញមុខមាត់កម្ពុជាផងដែរ៕
……………………………………………
អត្ថបទដោយក្រុមអ្នកកាសែតស្ត្រីវ័យក្មេង កញ្ញា ស៊ន់ លីនដា កញ្ញា ចិត្ត ស្រីយ៉ា និង កញ្ញា អ៊ុយ នាលម៉ាល័យ ក្រោមការគាំទ្រដោយគម្រោងស៊ីចា(CEEJA)។