អង្គការសហប្រជាជាតិ ហៅកាត់ជាភាសាអង់គ្លេសថា យូអិន(UN) ស្នើឱ្យអាជ្ញាធរកម្ពុជាពិនិត្យឡើងវិញចំពោះការសម្រេចផ្តន្ទាទោសសកម្មជនមាតាធម្មជាតិដោយថា មិនស្របតាមគោលការណ៍ច្បាប់សិទ្ធិមនុស្សអន្ដរជាតិ និងជាការបន្ដប្រើច្បាប់បង្ក្រាបលើអ្នករិះគន់។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ អ្នកនាំពាក្យការិយាល័យទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Thameen Al-Kheetan បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីផ្ដន្ទាទោសក្រុមយុវជនមាតាធម្មជាតិដោយសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញ ក្នុងសំណុំរឿង «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ»។
លោក Thameen Al-Kheetan មានប្រសាស៍ថា ផ្អែកតាមរបាយការណ៍ឃ្លាំមើលរបស់ខ្លួន ដំណើរការសវនការជាច្រើនក្នុងសំណុំរឿងនេះ គឺពុំបានអនុឡោមតាមគោលការណ៍ច្បាប់ស្ដីពីសិទ្ធិមនុស្សអន្ដរជាតិឡើយ ពិសេសទាក់ទងនឹងយុវជនមាតាធម្មជាតិទាំង៦រូប ដែលថា ពួកគេនៅជាអនីតិជននៅឡើយ នៅពេលសកម្មភាពបទល្មើស ដែលគេយកមកចោទប្រកាន់នោះ ត្រូវបានប្រព្រឹត្ត។
ម្យ៉ងទៀត លោកនិយាយថា ការយកច្បាប់ប្រមាថព្រះមហាក្សត្រ និងច្បាប់ផ្សេងទៀតមកចោទប្រកាន់បែបនេះ គឺកាន់តែបង្កើតឱ្យមានក្ដីព្រួយបារម្ភចំពោះការអនុវត្តសិទ្ធិសេរីភាពនៅប្រទេសកម្ពុជា។
លោក Thameen Al-Kheetan មានប្រសាស៍ក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «យើងអំពាវនាវឱ្យមានការពិនិត្យឡើងវិញចំពោះករណីនេះនៅពេលប្ដឹងឧទ្ធរណ៍ ដើម្បីស្របតាមច្បាប់អន្ដរសិទ្ធិមនុស្សអន្ដរជាតិ។ យើងក៏ទទូចឱ្យអាជ្ញាធរកម្ពុជាពិនិត្យមើលឡើងវិញចំពោះបទចោទប្រឆាំងនឹងក្រុមសកម្មជនមាតាធម្មជាតិ ពិសេសទាក់ទឹងយុវជន៦រូប ដែលនៅជាអនីតិជន នៅពេលសកម្មភាពនោះ ត្រូវបានប្រព្រឹត្ត»។
បន្ថែមលើសពីនេះ អង្គការសហប្រជាជាតិក៏ត្រៀមខ្លួនជួយដល់អាជ្ញាធរកម្ពុជា ដើម្បីរៀបចំការពិគ្រោះពិភាក្សានៅលើការធ្វើពិសោធនកម្មមាត្រាច្បាប់ក្នុងក្រមព្រហ្មទណ្ឌ ដែលមិនស្របតាមច្បាប់សិទ្ធិមនុស្សអន្ដរជាតិ។
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ក្រុមសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនយុវជនមាតាធម្មជាតិតែម្ដង ខណៈពេលដែលពួកគេនៅក្បែរបរិវេណសាលារាជធានីភ្នំពេញ និងរងចាំសេក្ដីសម្រេចរបស់តុលាការ។ យុវជនទាំង៥រូប រួមមាន កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និងលោក យឹម លាងហ៊ី និងរងការផ្តន្ទាទោសដាក់ពន្ធនាគារក្នុងសំណុំរឿង «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ» ចន្លោះពី៦ ទៅ៨ឆ្នាំ។
សេចក្ដីថ្លែងការណ៍រិះគន់ និងថ្កោលទោសចំពោះចំណាត់ការច្បាប់ទៅលើក្រុមយុវជនមាតាធម្មជាតិ បានធ្លាក់មកលើរដ្ឋាភិបាលនិងតុលាការកម្ពុជា ក៏បានធ្លាក់មកជាបន្ដបន្ទាប់ រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី សហភាពអឺរ៉ុប និងបណ្ដាប្រទេសជាសមាជិក មានដូចជា ប៊ែលហ្ស៊ិក ដាណឺម៉ាក បារាំង ហ្វាំងឡង់ អាល្លឺម៉ង់ ស៊ុយអែត ហុលឡង់ និងសាធារណរដ្ឋអៀរឡង់។
ចំណែកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាវិញ បានឡើងនៅថ្ងៃពុធនេះថា អាមេរិកមានក្តីព្រួយបារម្ភ ដោយសារឃើញមានសាលក្រមកាលពីនៅថ្ងៃទី ២ ខែកក្កដា ផ្តន្ទាទោសសកម្មជនមាតាធម្មជាតិ ចំនួន ១០ រូប។ សហរដ្ឋអាមេរិក នៅតែគាំទ្រសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដោយរួមទាំងសេរីភាពបញ្ចេញមតិ និងការចងក្រងជាក្រុម ជាសមាគម ដែលជាធាតុផ្សំសំខាន់នៃអភិបាលកិច្ចប្រជាធិបតេយ្យ ។ ជាធម្មតា សហរដ្ឋអាមេរិកនៅតែបន្តប្តេជ្ញាចិត្តចំពោះបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដើម្បីឱ្យប្រទេសមានភាពរុងរឿង ប្រជាធិបតេយ្យ និងឯករាជ្យជាងនេះ ដែលក្នុងនោះ សំឡេងទាំងអស់ត្រូវបានគេស្តាប់ និងគោរព ។
ដោយឡែក ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣ ខែកក្កដាថា ប្រទេសអូស្ត្រាលីមានការព្រួយបារម្ភជាខ្លាំង ចំពោះសាលក្រមផ្តន្ទាទោសសកម្មជនបរិស្ថានមាតាធម្មជាតិទាំង១០នាក់។ អូស្ត្រាលីបន្តថា ពលរដ្ឋខ្មែរគ្រប់រូបអាចអនុវត្តន៍នូវសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំដោយសន្តិវិធី និងមានសេរីភាពក្នុងការបញ្ចេញមតិ ដោយមិនមានការភ័យខ្លាចពីការចាប់ខ្លួន និងការផ្តន្ទាទោស។ ស្ថានទូតដដែលនេះ និយាយថា ការសន្ទនាដោយបើកចំហ និងការគោរពសិទ្ធិមនុស្ស គឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ជំរុញដល់សន្តិភាព និងវិបុលភាពនៅក្នុងប្រទេសកម្ពុជា។
ក្នុងនោះ អង្គការលើកលែងទោសអន្ដរជាតិក៏បានបញ្ចេញប្រតិកម្មរិះគន់ផងដែរចំពោះសេចក្ដីសម្រេចរបស់សាលារាជធានីភ្នំពេញថា ជាគំរាមកំហែងបន្ថែមទៀតលើសំឡេងអ្នករិះគន់ និងសេរីភាពសង្គមស៊ីវិល។
អង្គការលើកលែងទោសអន្ដរជាតិ (Amnesty International) និយាយក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ការសម្រេចរបស់តុលាការនេះ គឺជាគំរាមកំហែងបន្ថែមទៀតលើសិទ្ធិសេរីភាពរបស់ក្រុមអង្គការសង្គមស៊ីវិល និងកម្ទេចលើសំឡេងរិះគន់លើការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ ពិសេសលើបញ្ហាបរិស្ថាន ដែលញាំញីដោយអំពើពុករលួយជាយូរមកហើយ។
អនុប្រធានប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិផ្នែកស្រាវជ្រាវ លោក Montse Ferrer រិះគន់ថា ក្រៅពីពុំស្ដាប់សំឡេងអ្នកដែលហ៊ានរាយការណ៍ពីបញ្ហាបរិស្ថាន រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ បែរជាចាប់ខ្លួនពួកគេដាក់ពន្ធនាគារ។ លោកស្នើឱ្យអាជ្ញាធរកម្ពុជាដោះលែងសកម្មជនបរិស្ថានទាំងអស់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។
លោក Montse Ferrer មានប្រសាសន៍ថា៖ «សេចក្ដីសម្រេចរបស់តុលាការនៅថ្ងៃនេះ គឺការជាវាយប្រហារថែមទៀតលើសង្គមស៊ីវិលនៅប្រទេសកម្ពុជា។ អង្គការចលនាមាតាធម្មជាតិ គឺជាក្រុមសកម្មជនលេចធ្លោ ដែលបានខិតខំធ្វើសកម្មភាពឱ្យមានការយកចិត្តទុកដាក់ចំពោះការបំផ្លិចបំផ្លាញលើធនធានធម្មជាតិ ដែលញាំញីដោយអំពើពុករលួយក្នុងប្រទេសកម្ពុជា»។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា ជនជាប់ចោទទាំង៥នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារ ខណៈពលរដ្ឋម្នាក់ទៀតដែលត្រូវបានចាប់ខ្លួនបន្ទាប់ប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចព្រឹកថ្ងៃទី២ កក្កដា ដែរនោះ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីធ្វើការណែនាំចប់។
បើតាមអង្គការការពារសិទ្ធិមនុស្សលីកាដូ(Licadho) បានសរសេរលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ថា កាលពីម្សិលមិញ សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន ៥ រូប ត្រូវបានតុលាការផ្តន្ទាទោសដាក់ឱ្យជាប់ពន្ធនាគារពី ៦ ទៅ ៨ ឆ្នាំ ។ ក្រោយមកអ្នកទាំង ៥ ត្រូវបានអាជ្ញាធរបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារចំនួន ៥ ខុសៗគ្នា ដោយពន្ធនាគារមួយចំនួន មានចម្ងាយរាប់រយគីឡូម៉ែត្រពីគ្នា និងពីកន្លែងដែលក្រុមគ្រួសារពួកគេកំពុងរស់នៅ ។ លីការដូបន្តថា ការបំបែកអ្នកទាំងនោះចេញពីគ្នា និងដាក់ឱ្យជាប់ឃុំនៅក្នុងពន្ធនាគារឆ្ងាយពីគ្នា និងឆ្ងាយពីក្រុមគ្រួសាររបស់ពួកគេបែបនេះ គឺជាទណ្ឌកម្មផ្លូវចិត្តដ៏ធ្ងន់ធ្ងរ និងមិនដែលមានពីមុនមក។
ប្រភពដដែលបន្ថែមថា លោក ថុន រដ្ឋា ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី ៣ (ម៣) នៅក្នុងខេត្តត្បូងឃ្មុំ ។ លោក លី ចាន់ដារ៉ាវុត ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល រីឯកញ្ញា ភួន កែវរស្មី ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ។ ចំណែក លោក យីម លាងហ៊ី ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ និងចុងក្រោយ កញ្ញា ឡុង គន្ធា ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ៕
………………………………………..
អត្ថបទដោយលោក ពេជ្រ ចំរុង