ក្រុមអង្គការសង្គមស៊ីវិលសំដែងការខកចិត្តចំពោះក្រសួងមហាផ្ទៃដែលបដិសេធញត្តិទាមទារឱ្យអាជ្ញាធរបន្ដការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាពចំពោះករណីឃាតកម្មលោក ឈុត វុទ្ធី ដែលត្រូវបានគេបាញ់សម្លាប់នៅខេត្តកោះកុងកាលពី១០ឆ្នាំមុន។
នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ អង្គការសង្គមស៊ីវិលចំនួន២៨បាននាំញត្តិដាក់ទៅក្រសួងចំនួន២ គឺក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដើម្បីស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី ក្នុងគម្រប់ខួប១០ឆ្នាំនៃមរណៈភាពរបស់លោក។ ការនាំញត្តិទាមទារយុត្តិធម៌នេះ ត្រូវបានក្រសួងយុត្តិធម៌ព្រមទទួលយក ប៉ុន្ដែ ខាងក្រសួងមហាផ្ទៃ បែរជាការិយាល័យរដ្ឋបាលមិនព្រមទទួលយក ដោយមូលហេតុថា ញត្តិគ្មានភាពច្បាស់លាស់ ឬជាញត្តិអាណាមិក និងគ្មានលេខតំណាង។
ប្រធានកម្មវិធីនៃសមាគមយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង ដែលអះអាងថា ជាតំណាងសង្គមស៊ីវិលចាត់ទុកថា ការបដិសេធញត្តិពីសំណាក់មន្ដ្រីក្រសួងមហាផ្ទៃនេះថា គឺជារឿងពុំត្រឹមត្រូវ និងពុំអាចទទួលយកបាន ដោយលោកថា អ្នកធ្វើការផ្នែកសង្គមស៊ីវិលបានខិតខំជជែកពីបញ្ហាយុត្តិធម៌សង្គម និងការបាត់បង់ជីវិតមនុស្ស ប៉ុន្ដែចុងក្រោយ បែរជាក្រសួងមួយនេះទាមទារឱ្យបំពេញលក្ខណៈរដ្ឋបាល ដើម្បីខ្លួនអាចយកបានទៅវិញ។
លោកបន្ថែមថា៖ «ទោះបីជាយើងព្យាយាមពន្យល់ថា យើងមានអ្នកតំណាងយ៉ាងណាក៏រដ្ឋបាលមិនព្រមទទួលដែរ រហូតថាបើគ្មានហត្ថលេខាគឺយើងហ៊ានស៊ីញ៉េឱ្យទៀត នៅតែមិនព្រមទទួល។ យើងចាត់ទុកថាជារឿងអយុត្តិធម៌សម្រាប់ការស្លាប់លោក ឈុត វុទ្ធី»។
លោក ហេង គឹមហុង ថ្លែងបន្ដថា៖« តើយុត្តិធម៌និងរដ្ឋបាលមួយណាសំខាន់ជាង? នេះជាសំណួរដែលខ្ញុំសួរទៅបងប្អូនប្រជាពលរដ្ឋខ្មែរហើយក្រសួងមហាផ្ទៃ?»។
ពលរដ្ឋអ្នកសារព័ត៌មាន CCIM ព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក ប៉ុន្ដែ លោកមិនលើកទូរសព្ទ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វ៉ន ពៅ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា គោលបំណងនៃការដាក់ញត្តិនេះ គឺអង្គការសង្គមស៊ីវិលចង់ស្វែងរកយុត្តិធម៌ពិតជូនគ្រួសារលោក ឈុត វុទ្ធី ហើយវាមិនមែនជាញត្តិអាណាមិកដូចការលើកឡើងរបស់ក្រសួងនោះទេ ដោយថា ញត្តិនេះមានឈ្មោះអង្គការ និងតំណាងត្រឹមត្រូវ។
លោកបន្ដថា នីតិវិធីរដ្ឋបាលរបស់ក្រសួងមហាផ្ទៃមានភាពស្មុគស្មាញ និងវែងពេក ម្យ៉ាងទៀត វាជាការទទួលខុសត្រូវរបស់អាជ្ញាធររដ្ឋជាអ្នកដោះស្រាយ និងពន្លឿននីតិវិធី កាលណាបើការទាមទារ ឬការដាក់ញត្តិពីរបស់ប្រជាពលរដ្ឋរងគ្រោះ។
លោក វ៉ន ពៅ បន្ថែមថា៖«យើងចង់ឃើញយុត្តិធម៌ពិតជូនលោក ឈុត វុទ្ធីនិងសុំអំពាវនាវដល់គ្រប់ក្រសួងទាំងអស់ត្រូវតែទទួលខុសត្រូវនូវកាតព្វកិច្ចនិងតួនាទីរបស់ខ្លួនដើម្បីផ្ដល់សេចក្ដីទុកចិត្តឲ្យប្រជាពលរដ្ឋ ជាពិសេសជិតបោះឆ្នោតផងមិនគួរណាធ្វើបែបហ្នឹងទេ»។
ក្នុងញត្តិដដែលនោះ ក្រុមអង្គការសង្គមស៊ីវិលទាមទាររដ្ឋាភិបាលបង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេតដោយឯករាជ្យលើករណីឃាតកម្មនេះ ដើម្បីស្វែងរកយុត្តិធម៌ និងចាប់ឃាតកពិតប្រាកដមកផ្តន្ទាទោស ព្រមទាំងបញ្ឈប់ការរឹតត្បិត និងការធ្វើទុក្ខបុកម្នេញលើសិទ្ធិសេរីភាពរបស់សហគមន៍មូលដ្ឋាន យុវជន និងអ្នកការពារធនធានធម្មជាតិក្នុងការចូលយាមល្បាត និងការពារព្រៃឈើ និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។
គួររំលឹកថា លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ មានស្រុកកំណើតនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ដែលត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១២នៅខេត្តកោះកុងគិតមកដល់ថ្ងៃនេះមានរយៈពេល១០ឆ្នាំហើយ។
————————–
ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល