អង្គការលើកលែងទោសអន្ដរជាតិបានបញ្ចេញប្រតិកម្មដោយរិះគន់ចំពោះសេចក្ដីសម្រេចរបស់សាលារាជធានីភ្នំពេញថា ជាគំរាមកំហែងបន្ថែមទៀតលើសំឡេងអ្នករិះគន់ និងសេរីភាពសង្គមស៊ីវិលនៅកម្ពុជា។
នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញរាប់សិបនាក់ បានចាប់ខ្លួនក្រុមយុវជនចលនាមាតាធម្មជាតិ៥នាក់ ក្រោយពេលសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមទាក់ទងនឹងបទចោទប្រកាន់ក្នុងសំណុំរឿង «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ»។
អង្គការលើកលែងទោសអន្ដរជាតិ (Amnesty International) និយាយក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ការសម្រេចរបស់តុលាការនេះ គឺជាគំរាមកំហែងបន្ថែមទៀតលើសិទ្ធិសេរីភាពរបស់ក្រុមអង្គការសង្គមស៊ីវិល និងមិនអត់ឱនអ្នកដែលហ៊ានបញ្ចេញមតិរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល ពិសេសលើបញ្ហាការពារបរិស្ថានដែលញាំញីដោយអំពើពុករលួយ។
ក្នុងសេចក្ដីថ្លែងការណ៍នោះ អនុប្រធានប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិផ្នែកស្រាវជ្រាវ លោក Montse Ferrer រិះគន់ថា ក្រៅពីពុំស្ដាប់សំឡេងអ្នកដែលហ៊ានរាយការណ៍ពីបញ្ហាបរិស្ថាន រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ បែរជាចាប់ខ្លួនពួកគេដាក់ពន្ធនាគារ។ លោកស្នើឱ្យអាជ្ញាធរកម្ពុជាដោះលែងសកម្មជនបរិស្ថានទាំងអស់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។
លោក Montse Ferrer មានប្រសាសន៍ថា៖ «សេចក្ដីសម្រេចរបស់តុលាការនៅថ្ងៃនេះ គឺការជាវាយប្រហារថែមទៀតលើសង្គមស៊ីវិលនៅប្រទេសកម្ពុជា។ អង្គការចលនាមាតាធម្មជាតិ គឺជាក្រុមសកម្មជនលេចធ្លោ ដែលបានខិតខំធ្វើសកម្មភាពឱ្យមានការយកចិត្តទុកដាក់ចំពោះការបំផ្លិចបំផ្លាញលើធនធានធម្មជាតិ ដែលញាំញីដោយអំពើពុករលួយក្នុងប្រទេសកម្ពុជា»។
មុនការចាប់ខ្លួនដែលនាំឱ្យមានការប្រទាញប្រទង់គ្នានាព្រឹកថ្ងៃអង្គារនេះ ក្រុមយុវជនចលនាមាតាធម្មជាតិបានធ្វើសកម្មភាពហែក្បួនដូចរាល់ដងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយរួមទាំងមានអ្នកគាំទ្រហែហមប្រមាណជាង ៦០នាក់ ដែលជាយុវជន ព្រះសង្ឃ និងប្រជាសហគមន៍មកពីតាមបណ្ដាខេត្ត។
ក្នុងហេតុការណ៍នេះ ក្រុមសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនយុវជនមាតាធម្មជាតិតែម្ដង ខណៈពេលដែលពួកគេនៅក្បែរបរិវេណសាលារាជធានីភ្នំពេញ ដើម្បីរង់ចាំសេចក្ដីសម្រេចរបស់តុលាការ។ យុវជនជនទាំង៥រូប រួមមាន កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និងលោក យឹម លាងហ៊ី ក្រោមបទចោទប្រកាន់ក្នុងសំណុំរឿង «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ» ដែលរងការផ្ដន្ទាទោសពី៦ ទៅ៨ឆ្នាំ។
បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ជនជាប់ចោទទាំង៥នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស ខណៈពលរដ្ឋម្នាក់ទៀតដែលត្រូវបានចាប់ខ្លួនបន្ទាប់ប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចព្រឹកថ្ងៃទី២ កក្កដា ដែរនោះ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីធ្វើការណែនាំចប់៕