មន្រ្តីរាជរដ្ឋាភិបាល និងសកម្មជនដែលស្រលាញ់បរិស្ថាន បាននាំគ្នាដាំដើមឈើនៅតាមតំបន់ការពារមួយចំនួនក្នុងថ្ងៃរុក្ខទិវា ៩ កក្កដា ២០២៤ ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន។
លោក ចាន់ សារិន ជាយុវជនបណ្តាញព្រៃឡង់មកពីខេត្តព្រះវិហារ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រុមយុវជន និងពលរដ្ឋដែលជាអ្នកស្រលាញ់ធនធានធម្មជាតិ និងបរិស្ថាន មកពីខេត្តព្រះវិហារ កំពង់ធំ ក្រចះ ស្ទឹងត្រែង ដែលជាខេត្តនៅជុំវិញព្រៃឡង់បាននាំគ្នាដាំដើមឈើប្រមាណ៤០០០ដើមនៅក្នុងខេត្តកំពង់ធំ។
បណ្តាញព្រៃឡង់រូបនេះឱ្យដឹងថា ពួកគាត់បានដាំកូនឈើចំនួន៤កន្លែងក្នុងខេត្តកំពង់ធំ គឺដាំនៅវត្តបឹងក្រូចស្ថិតនៅភូមិបឹងចំនួន៥០០ដើម ដាំនៅវត្តចុងស្វាយ នៃឃុំមានរិទ្ធចំនួន៥០០ដើម ហើយដាំនៅវត្តស្នង់អន ចំនួន១០០០ដើម និងនៅវត្តភ្នំជីឃុំសុចិត្រចំនួន២០០០ដើម។
លោក ចាន់ សារិន បញ្ជាក់ថា សកម្មភាពដាំដើមឈើនេះ ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងបន្ថែមជម្រកដល់សត្វព្រៃ រួមទាំងជីវៈចម្រុះផងដែរ។ លោកមើលឃើញថា បច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុបានកើតឡើងជាលំដាប់ និងគួរឱ្យព្រួយបារម្ភ។
លោកបន្ថែមថា ៖«ដែលខ្ញុំចូលរួមដាំដើមឈើនេះដោយមើលឃើញថា ការប្រែប្រួលអាកាសធាតុ ចឹងទៅចូលរួមដាំឈើហើយនាំអត្ថប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយ ធ្វើជាម្លប់ក៏ដូចជាទប់ស្កាត់ ការប្រែប្រួលអាកាសធាតុផងដែរ»។
លោក សរ ឃីន ជាយុវជនបណ្តាញព្រៃឡង់ខេត្តកំពង់ធំ និយាយថា សកម្មភាពពលរដ្ឋចូលរួមដាំដើមឈើនេះ គឺជាផ្នែកមួយជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន រួមទាំងជំរុកសត្វព្រៃផងដែរ។ លោកថា ប្រសិនបើព្រៃឈើបាត់បង់ហើយពុំមានអ្នកដាំឡើងវិញទេ វានឹងធ្វើប៉ះពាល់ដល់ទាំងមនុស្សទាំងសត្វតាមរយៈការប្រែប្រួលអាកាសធាតុ ដូចបង្កជាព្យុះភ្លៀង ទឹកជំនន់ គ្រោះរាំងស្ងួត ការឡើងកំដៅ និងគ្រោះធម្មជាតិផ្សេងៗទៀត។
លោក សរ ឃីន លើកទឹកចិត្តដល់យុវជន និងអាជ្ញាធរពាក់ព័ន្ធឱ្យចូលរួមការពារថែរក្សាព្រៃឈើ ដាំកូនឈើឡើងវិញ ក្រោយលោកមើលឃើញថា ព្រៃឈើនៅតំបន់ការពារមួយចំនួនកំពុងរងការកាប់បំផ្លាញ់ និងទន្ទ្រានយកធ្វើកម្មសិទ្ធិដោយខុសច្បាប់យ៉ាងអនាធិបតេយ្យ។
លោកបន្ថែមថា៖«គោលបំណងនៃការដាំដើមឈើជួយដល់ទីជម្រករបស់សត្វជីវៈចម្រុះជាច្រើនទៀតជួយដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ប្រសិនបើព្រៃឈើបាត់បង់ វាអាចមានបញ្ហាទៅដល់ទាំងមនុស្សទាំងសត្វព្រោះនៅពេលបាត់បង់ព្រៃឈើអាកាសធាតុនិងប្រែប្រួលមានខ្យល់មានការរាំងស្ងួតគ្រោះធម្មជាតិប៉ះពាល់ដល់សុខភាពមនុស្សទៀត»។
ចំណែកព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី និងមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមមន្ត្រីក្រសួងពាក់ព័ន្ធផ្សេងទៀត បានដាំកូនឈើក្នុងពិធីរុក្ខទិវានៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តមសីហមុនី បានសរសេរលើហ្វេសប៊ុកព្រះអង្គថា ព្រះអង្គសូមឧទ្ទិសឱ្យពិធីរុក្ខទិវានេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណី នៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សាការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឱ្យបានគង់វង្សរហូតតទៅ។
បើតាមចុះផ្សាយរបស់ក្រសួងកសិកម្ម គិតត្រឹមឆ្នាំ២០២៤នេះ ពិធីរុក្ខទិវាបានបង្កើតជាសួនរុក្ខទិវាសរុបទំហំ ៤៧៥ហិកតា នៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ និងបានបង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈ ឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម និងរមណីយដ្ឋានជាដើម។
ក្រសួងកសិកម្មឱ្យដឹងទៀតថា រដ្ឋបាលព្រៃឈើបានបណ្តុះ និងដាំកូនឈើបានជាង ២០,៥០លានដើមតាមរយៈថវិការដ្ឋ គិតត្រឹមឆ្នាំ២០២៤នេះ និងបណ្តុះកូនឈើ ដើម្បីដាំ និងចែកចំនួន៥០ម៉ឺនដើមក្នុងមួយឆ្នាំ។
ក្រសួបញ្ជាក់ថា សម្រាប់ពិធីរុក្ខទិវា៩ កក្កដា ឆ្នាំ២០២៤ កូនឈើធ្នង់ គ្រញូង និងក្ងោកសរុបចំនួន ៣ ០០០ដើម ត្រូវបានដាំនៅលើទីតាំងស្ថានីយផ្សព្ធផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ក្នុងភូមិខ្នា ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានទំហំ៣ហិកតា ខណៈក្រសួងកសិកម្មទើបបានបញ្ចប់ការដាំកូនឈើចម្រុះចំនួន១៦៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតានៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
ក្នុងឱកាសខួបរុក្ខទិវាលើកទី៧២នេះដែរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា បានសសេរលើហ្វេសប៊ុករបស់លោកថា រុក្ខទិវា ជាទិវាមួយត្រូវបានប្រារព្ធធ្វើឡើង ដើម្បីជំរុញចលនាដាំដុះឡើងវិញនូវកូនឈើ និងបំផុសស្មារតីឱ្យស្រឡាញ់ព្រៃឈើ ធនធានធម្មជាតិក្នុងសង្គម ឈានទៅការចូលរួមថែរក្សា ការពារ និងបញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ។
លោក ស សុខា បានលើកទឹកចិត្តដល់ពលរដ្ឋទាំងអស់ចូលរួមថែរក្សា ការពារព្រៃឈើ និងដាំកូនឈើនៅគ្រប់ទីកន្លែង ដើម្បីបានជាប្រយោជន៍ដល់ការរស់នៅរបស់មនុស្សសត្វ និងប្រព័ន្ធជីវៈចម្រុះ ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិឱ្យបានគង់វង្សជាសម្បត្តិរបស់មនុស្សជាតិ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា ប្រាប់មកពលរដ្ឋអ្នកសារព័ត៌មានថា ការដាំដើមឈើពិតជាមានតម្លៃណាស់សម្រាប់សង្គមជាតិមួយនេះ ដោយលោកថា បញ្ហាប្រែប្រួលអាកាសធាតុជាបញ្ហាសកល។
លោក ខ្វៃ អាទិត្យា បន្តថា ការដាំដើមឈើបានច្រើន គឺជាការជួយខ្លួនឯង ដោយថា ដើមឈើមានប្រយោជន៍ណាស់សម្រាប់ការរស់នៅរបស់មនុស្សសត្វរុក្ខជាតិនានា និងជារនាំងការពារខ្យល់ព្យុះ ការអន់ថយនូវការកើនឡើងកម្ដៅជាដើម។ លោកថា ដើមឈើបានស្រូបយកឧស្ម័នកាបូនិចដោយផ្ដល់នូវខ្យល់បរិសុទ្ធ ព្រមទាំងជួយរក្សាទឹកក្រោមដីសម្រាប់ការរស់រានមានជីវិតផងដែរ។
លោកបន្ថែមថា៖«ខ្ញុំគាំទ្រដល់ការចូលរួមជាមួយការដាំដើមឈើឱ្យបានច្រើនដើម្បីបង្កើនភាពបៃតងហើយថែរក្សាការពារធនធានធម្មជាតិក៏ដូចជាសត្វព្រៃដែលជាមរតកសម្បិត្តិយើងបន្តទៅកូនចៅជំនាន់ក្រោយ»។
ប្រធានសមាគមបណ្តាញយុវជនកម្ពុជា(CYN)លោក ហេង គឹមហុងបានសាទរចំពោះកម្មភាពអ្នកពាក់ព័ន្ធចូលរួមដាំដើមឈើឡើងវិញនេះ ប៉ុន្តែលោកស្នើដល់អាជ្ញាធរពាក់ព័ន្ធត្រូវស្ដារឡើងវិញនូវគម្របព្រៃឈើដែលបានបាត់បង់ និងត្រូវការពារ ឬអភិរក្សឱ្យបានគង់វង្ស។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្តថា ការបាត់បង់គម្របព្រៃឈើវាបានផលប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រែប្រួសអាកាសធាត់នៅលើផែនដែនដី។
លោកបន្ថែមថា ៖«កាលណាបាត់បង់គម្របព្រៃឈើវាមានផលប៉ះពាល់ច្រើន ព្រោះព្រៃឈើជាឃ្លាំងស្ទុកកាបូនជាផ្នែកមួយយ៉ាងសំខាន់ នៃការរក្សាលំនឹងផែនដីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ហើយបើអត់មានព្រៃឈើទេ ហាក់បីដូចជាយើងធ្វើឲ្យពិភពលោកឈានដល់ការប្រែប្រួលអាកាសធាតុកាន់តែលឿនជាពិសេសអាចស្ថិតក្នុងគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ»។
បើយោងតាមការចេញផ្សាយរបស់កាសែត Mongabay នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញថា តាមរយៈទិន្នន័យ នៃការស្រាវជា្រវរបស់សកលវិទ្យាល័យមឺរីលែន (University of Maryland) នៅឆ្នាំ២០២៣ កម្ពុជាបាត់បង់ព្រៃឈើអស់១២១ ០០០ហិកតា ក្នុងនោះមានជាងពាក់កណ្ដាលជាព្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃឡង់៕
……………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ កញ្ញា ចាន់រ៉ាត់ សៀវមិញ