រដ្ឋាភិបាលកម្ពុជា ប្រកាសអនុវត្តកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព» ដោយគ្រោងនឹងទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋក្រីក្រ និងគ្មានដីពិតប្រាកដ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥តទៅ ដែលកម្មវិធីនេះនឹងជួយដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្រីក្រដែលគ្មានដី ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ និងអភិរក្សព្រៃឈើ។
តាមរយៈសារពិសេសក្នុងវីដេអូជាង៧នាទី ស្ដីពី «កម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព» ដែលចេញផ្សាយកាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលនឹងអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដោយបើកទទួលពាក្យស្នើសុំដីពីពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ ចាប់ពីខែកុម្ភៈតទៅ។
លោកបានគូសបញ្ជាក់ថា៖«ការដាក់ចេញកម្មវិធីនេះ មានគោលបំណង៣ ដែលអាទិភាពធំទីមួយ គឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះ កម្មវិធីនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើផងដែរ»។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា៖ «តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដនឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការរៀបចំជាភូមិជូន ហើយប្រជាពលរដ្ឋខ្មែរ ដែលនឹងទៅរស់នៅទីនោះអាចនឹងចងក្រងជាសហគមន៍ ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ដែលខ្លួនរស់នៅ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តថា ដើម្បីអនុវត្តកម្មវិធីនេះឱ្យបានជោគជ័យ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការជាតិដឹកនាំ អនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព ដែលមានលេខាធិការដ្ឋានមួយជាសេនាធិការ ហើយចំពោះនីតិវិធីបែបបទដើម្បីដាក់ពាក្យស្នើសុំ និងលក្ខណះសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានដី លេខាធិការដ្ឋាននឹងចាប់ផ្តើមជូនដំណឹងជាបន្តបន្ទាប់។
បើតាមលោកនាយករដ្ឋមន្ត្រី ក្រៅពីកង្វះដីធ្លី បញ្ហាមួយចំនួនពាក់ព័ន្ធនឹងការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងការបំផ្លាញធនធានធម្មជាតិ ក៏ដោយចោទជាបញ្ហាដែលរាជរដ្ឋាភិបាល ដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់។
ក្រោយការប្រកាសរបស់នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៩ ខែមករានេះ គណៈកម្មាធិការជាតិដឹកនាំការអនុវត្តកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» បានចេញសេចក្តីប្រកាសមួយ ដោយគូសបានបញ្ជាក់ថា ដំណើរការអនុវត្តកម្មវិធីនេះមាន ៥ដំណាក់កាល ក្នុងនោះ រដ្ឋាភិបាល នឹងរៀបចំទីតាំងដី នៅចំណុចអូរសែវ ភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ដោយជំហានដំបូងនេះ នឹងផ្ដល់ដីជូនពលរដ្ឋចំនួន ៥០០គ្រួសារ នៅទីនោះ។
ប្រភពដដែលបន្តថា ដំណាក់កាលបន្ទាប់ គឺត្រូវជ្រើសរើសពលរដ្ឋដែលមានសិទ្ធិទទួលដី និងរៀបចំឈ្មោះពលរដ្ឋតាមលំដាប់អាទិភាព រួចបញ្ជូនទៅថ្នាក់ក្រុងស្រុកខណ្ឌ រាជធានីខេត្ត មុននឹងគណៈកម្មាធិការជាតិពិនិត្យសម្រេច។ ចំណែកដំណាក់ កាលចុងក្រោយ គឺផ្ដល់ដី ការពារព្រៃ និងការអភិវឌ្ឍន៍។
លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា(CYN) សាទរចំពោះការអនុវត្តកម្មវិធីនេះ ដែលជាប្រយោជន៍ជួយដល់ប្រជាពលរដ្ឋក្រីក្រដែលគ្មានដី។ តែយ៉ាងណា លោកដាក់ក្តីបារម្ភថា វត្តមានរបស់ប្រជាពលរដ្ឋចូលទៅប្រកៀកជាមួយតំបន់ការពារ ឬតំបន់អភិរក្ស ក៏អាចបង្កជាហានិភ័យច្រើន តាមរយៈការចូលទៅកាប់ព្រៃឈើ ឬក៏ការប្រើប្រាស់ព្រៃឈើផងដែរ។
លោកបន្តថា៖«រដ្ឋាភិបាលត្រូវពិនិត្យមើលឡើងវិញទៅលើដីសម្បទានសេដ្ឋកិច្ច ដែលក្រុមហ៊ុនប្រកាសក្ស័យធន់ ឬក៏មិនមានដំណើរការក្នុងរយៈពេលយូរហ្នឹង កាត់ចេញមកដើម្បីធ្វើជាដីសម្បទានសង្គមកិច្ច ទៅឱ្យភាគីពាក់ព័ន្ធឬក៏ឱ្យពលរដ្ឋក្រីក្រ ដូចយុទ្ធជន ពលរដ្ឋអាណាថា អីផ្សេងហ្នឹងឱ្យគាត់មានដីមានផ្ទះសម្បែងនឹងគេ។ ប៉ុន្តែបើសិនជា កាត់គម្របព្រៃឈើ ឬកាត់តំបន់ព្រៃសឹករិចរិល ខ្ញុំយល់ថា មិនគួរជាមធ្យោបាយល្អទេ ពីព្រោះអីព្រៃសឹករិចរិល ឬព្រៃឈើទាំងអស់ហ្នឹង គួរតែបន្តអភិរក្ស ឬក៏ស្ដារឡើងវិញ ដើម្បីឱ្យមាននីរន្តរភាព»។
ដើម្បីអនុវត្តកម្មវិធីនេះឱ្យបានល្អប្រសើរ លោក ហេង គឹមហុង យល់ថា រដ្ឋត្រូវយកចិត្តទុកដាក់លើការពង្រឹងអនុវត្តគោលនយោបាយ ដើម្បីការពារព្រៃឈើឱ្យមាននិរន្តរភាព និងការអនុវត្តច្បាប់ឱ្យបានល្អប្រសើរ ហើយការផ្ដល់ដីសម្បទានសង្គមកិច្ច ឬក៏ការផ្ដល់ដីទៅឱ្យពលរដ្ឋ គួរតែធ្វើឡើងដោយតម្លាភាព ដោយផ្ដើមពីការធ្វើស្ថិតិជុំវិញប្រទេសកម្ពុជា ឬក៏ស្ថិតិទៅលើប្រជាពលរដ្ឋក្រីក្រ ដើម្បីឱ្យពួកគាត់អាចមានលទ្ធភាពស្តារជីវភាពឡើងវិញ ។
ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃសមាគមធាងត្នោត លោក ស៊ាង មួយឡៃ ក៏បានបង្ហាញការគាំទ្រចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបែងចែកធនធានសាធារណៈ ទៅដល់ប្រជាពលរដ្ឋដែលមានតម្រូវការដី ដែលជាការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការការពារដីធ្លីរបស់រដ្ឋ និងកំណើនសេដ្ឋកិច្ច។
ទោះជាយ៉ាងណា លោកបានជំរុញឱ្យរដ្ឋាភិបាល អនុវត្តវិធានការច្បាស់លាស់ ដើម្បីធានាថា ការបែងចែកដីនេះ បានទៅដល់ពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ ដោយមិនមានមន្ត្រីណាមួយកេងចំណេញដីរដ្ឋ តាមរយៈយន្តការនេះនោះទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា គម្រោងការផ្តល់សម្បទានដីសង្គមកិច្ចសម្រាប់ប្រជាពលរដ្ឋក្រីក្រជារឿងល្អ ព្រោះប្រជាពលរដ្ឋពីមួយឆ្នាំទៅមួយឆ្នាំ តែងតែមានកំណើន ដូច្នេះរដ្ឋគួរតែមានដីបម្រុងទុកសម្រាប់ផ្តល់ជូនពលរដ្ឋក្រីក្រគ្មានដីធ្លីពិតប្រាកដ សម្រាប់រស់នៅ និងបង្កបង្កើនផល។ ម្យ៉ាងទៀត លោកថា កម្មវិធីនេះ ក៏ជាការជួយសម្រួលក្នុងបញ្ហាជម្លោះដីធ្លីមួយផ្នែកផងដែរ។
លោក អំ សំអាត ថ្លែងថា៖«គំនិតផ្តួចផ្តើមរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះជារឿងល្អ ប៉ុន្តែត្រូវអនុវត្តតាមច្បាប់បទដ្ឋានគតិយុត្តិ និងមានយន្តការ នីតិវិធីច្បាស់លាស់ និងត្រឹមត្រូវ ក្នុងការផ្តល់ព្រៃឈើសម្រាប់សហគមន៍ការពារព្រៃឈី និងផ្តល់សម្បទានដីសង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រគ្មានដីធ្លីពិតប្រាក ដោយតម្លាភាព និងយុត្តិធម៌ និងធានានូវនិរន្តរភាព និងចីរភាពក្នុងការអភិវឌ្ឍក្នុងការការពារព្រៃសហគមន៍ និងជីវភាពរស់នៅរបស់ពលរដ្ឋ»។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា កម្មវិធីផ្តល់ដីជូនពលរដ្ឋ ដែលរស់នៅក្នុងភាពក្រីក្រជាយុទ្ធសាស្រ្តល្អ ព្រោះ ពលរដ្ឋអាចប្រើប្រាស់ដី ជាធនធានសម្រាប់ គាត់ប្រកបមុខរបរផ្សេងៗ ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋកំពុងមានបញ្ហាជីវភាពច្រើន ដូច្នេះនេះក៏ជាមធ្យោបាយជួយឱ្យពលរដ្ឋអាចដោះស្រាយបញ្ហាបាន។
លោកថា៖«រឿងដែលចាំបាច់ គឺការកំណត់ពលរដ្ឋដែលក្រីក្រ ហើយមានសិទ្ធទទួលបានដី គឺត្រូវធានាថា ជ្រើសរើសដោយផ្អែកទៅលើជីវភាពរស់នៅរបស់គាត់ ជាអ្នកក្រពិតប្រាកដ មិនមានការរើសអើងផ្នែកជាតិសាសន៍ នយោបាយ ឬក៏បញ្ហាផ្សេងៗទៀត ត្រូវធានាថា អ្នកក្រពិតប្រាកដ ហើយជាពលរដ្ឋខ្មែរ គឺមានសិទ្ធទទួលបានដូចគ្នា»។
លោក យ៉ាន់ ស៊ុនតាក់ ប្រធានភូមិអន្លង់ស្វាយ ស្ថិតក្នុងឃុំព្រះរំកិល ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានប្រាប់ថា អាជ្ញាធរមូលដ្ឋាន នឹងអនុវត្តទៅតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំ ក្រោយទទួលបានការប្រកាសនេះ។
លោកបានគូសបញ្ជាក់ថា៖«អរមែនទែនទីមួយគឺគាត់(ប្រជាពលរដ្ឋ)ទទួលបានដី៣ហិកតាក្នុងមួយគ្រួសារ ទីពីរមកទៀតគឺយើងអភិរក្ស និងអភិវឌ្ឍន៍ព្រៃឈើដែលនៅតំបន់ជិតរបស់គាត់ដែរ នេះគឺល្អមែនទែន។ វាប្រសើរជាងបើយើងឱ្យពួកគាត់រុករានទន្ទ្រានដោយស្រេចតែចិត្ត គាត់ក៏លួចកាប់ឆ្ការរុករានដោយចិត្តឯង បើយើងធ្វើអ៊ីចឹងព្រៃឈើយើងកានតែល្អ ហើយគង់វង្ស»។
ប្រធានភូមិរូបនេះបន្តថា បច្ចុប្បន្នអាជ្ញាធរមូលដ្ឋានកំពុងសិក្សាពីលទ្ធភាពទទួលបានដីនៅតំបន់មួយចំនួននៅតំបន់កោះ ដូចជា នៅកោះជ្រទាលតូចនិងធំ និង កោះល្ងរ ដែលប្រជាពលរដ្ឋមិនទាន់មានដីប្រើប្រាស់នៅឡើយ។ លោកថា ប្រជាពលរដ្ឋនៅតំបន់កោះ មានបញ្ហាសេដ្ឋកិច្ចគ្រួសារដែលគ្មានដីធ្លី ជាពិសេសអ្នកដែលពឹងផ្អែកលើការនេសាទ។
លោក ដាំ សំណាង លេខាគណៈកម្មាធិការសហគមន៍ជនជាតិដើមពូនង ក្នុង ភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង សាទរចំពោះកម្មវិធី ផ្ដល់ដីជូនពលរដ្ឋពីសំណាក់រដ្ឋាភិបាល។ ក៏ប៉ុន្តែជាមួយគ្នានេះ លោកមានការបារម្ភចំពោះដីសហគមន៍ជនជាតិដើមភាគតិចរបស់គាត់ ព្រោះដីដែលមានទំហំជាង ២ពាន់ហិកតានោះ មិនទាន់ចុះបញ្ជីនៅឡើយទេ ហើយលោកស្នើរដ្ឋាភិបាលពន្លឿនការចុះបញ្ជីរដីជូនសហគមន៍ឱ្យបានឆាប់។
លោកថា៖ «យើងចង់ឱ្យរដ្ឋាភិបាលហ្នឹង ពន្លឿនចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចយើងហ្នឹង ចៀសវាងការផ្ដល់ដីអញ្ចេះ គេត្រូវការផ្ដល់ដីសង្គមកិច្ចខ្លាចតែវាប៉ះពាល់ដល់តំបន់យើង[…] យើងស្នើឱ្យមុននឹងចុះចែកដល់ប្រជាពលរដ្ឋគួរតែសិក្សាឱ្យបានច្បាស់លាស់នូវតំបន់ដែលនឹងចែកហ្នឹង»។
គួរបញ្ជាក់ថា ការប្រកាសអនុវត្តកម្មវិធី ផ្តល់ដី ការពារព្រៃ នេះបានធ្វើឡើងក្រោយពីព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្ដល់ដីក្នុងទម្រង់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សាងសង់ផ្ទះ និងគ្មានដីធ្វើកសិកម្ម ព្រមទាំងគាំទ្រគម្រោងអភិវឌ្ឍន៍សហគមន៍ និងការការពារដីនៅជិតទីតាំងផ្ដល់ដីដោយចីរភាព។ គណៈកម្មការនេះ មានសមាសភាពដូចជា នាយករដ្ឋមន្ត្រី ជាប្រធានគណៈកម្មាធិការ និងអនុប្រធានចំនួន ១០រូប មកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈជាដើម៕
……………………………….
អត្ថបទដោយ៖ នឿន ដាវីន