ពលរដ្ឋ៤នាក់ដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយ នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានខកចិត្តចំពោះសាលាឧទ្ធណ៍ត្បូងឃ្មុំដែលមិនព្រមទម្លាក់ចោលបទចោទលើពួកគាត់។
កាលពីថ្ងៃ១៥ ខែកម្ភៈឆ្នាំ២០២៤ សាលាឧទ្ធរណ៍ត្បូងឃ្មុំ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំលើពលរដ្ឋមានជម្លោះដីធ្លី៤នាក់ ក្នុនោះមានលោក ចក់ ជ័យ លោក ពុំ ពេជ្រ លោក វឿន វឿ និងអ្នកស្រី ឃឹម សុខជាង ក្រោមបទចោទ«ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ទៅតាមបណ្តឹងរបស់ក្រុមហ៊ុនក្រុមហ៊ុនចិន ហាម៊ូនី វីន អ៊ីនវេសមែន ខូ អិលធីឌី ប៉ុន្តែព្យួទោសឱ្យក្រៅឃុំ។
អ្នកស្រី ឃឹម សុខជាង នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីងប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ការសម្រេចរបស់សាលាឧទ្ទរណ៍នេះ គឺមិនបានផ្តល់ភាពយុត្តិធម៌សម្រាប់ពួកគាត់នោះទេ ដោយថា ពួកគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះឡើយ។
អ្នកស្រី ឃឹម សុខជាង ឱ្យដឹងថា កាលពីឆ្នាំ២០២១ សាលាដំបូងខេត្តត្បូងឃ្មុំសម្រេចឱ្យពួកគាត់ចាញ់ក្តីក្រុមហ៊ុនចិន ដោយកាត់ទោសឱ្យពួកគាត់ជាប់ពន្ធនាគារចំនួន២ឆ្នាំ ហើយពួកគាត់បានប្តឹងបន្តទៅសាលាឧទ្ទរណ៍ត្បូងឃ្មុំ ប៉ុន្តែតុលាការមួយនេះ បានសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តទុកជាបានការដដែល។
ពលរដ្ឋរូបនេះបន្តថា ដោយរងភាពអយុត្តិធម៌ពេកពួកគាត់បានប្តឹងបន្តទៅតុលាការកំពូល ប៉ុន្តែនៅឆ្នាំ២០២៣ តុលាការមួយនេះ បានបញ្ជូនសំណុំរឿងទៅឱ្យសាលាឧទ្ទរណ៍ត្បូងឃ្មុំជំនុំជំរុះសាជាថ្មី និងបានសម្រេចផ្តន្ទាទោសពួកគាត់ឱ្យជាប់ពន្ធធនាគារចំនួន២ឆ្នាំយ៉ាងអយុតិធម៌ដដែល។
អ្នកស្រីបន្ថែមថា៖«គេសម្រេចពីរឆ្នាំដដែលចា៎ សម្រេចបែបនេះវាអយុតិ្តធម៌សម្រាប់ពួកខ្ញុំ ខ្ញុំអត់ព្រមព្រោះអីគេចោទយើងហ្នឹងថាយើងទៅបំផ្លេចបំផ្លាញទ្រព្យសម្បត្តិរបស់គេ បើពេលហ្នឹងខ្ញុំនៅដកដំឡូងហើយគេប្តឹងចំពេលពួកខ្ញុំនៅដកដំឡូងគេហ្នឹង អ៊ីចឹងយើងអត់ព្រមព្រោះអីយើងចង់ប្តឹងឡើងទៅលើបន្តវិញទៀត»។
ពលរដ្ឋម្នាក់ទៀតលោក វឿន វឿ នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីងដែលកំពុងជាប់បណ្តឹងនៅតុលាការដែរនោះ និយាយថា ក្រោមជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន និងកំពុងជាប់បណ្តឹងនេះ គឺបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់គ្រួសារលោកជាខ្លាំង។
លោក វឿន វឿ បន្តថា លោកមិនអាចចេញទៅរកស៊ីនៅខាងក្រៅ និងមានពេលវេលាគ្រប់ ដើម្បីប្រកបរបររកស៊ីផ្សេងៗឡើយ ហើយបានប៉ះពាល់ដល់ការរៀនសូត្ររបស់កូនៗផងដែរ។
លោកបន្ថែមថា៖«សម្រាប់ខ្ញុំៗគិតថាអយុតិ្តធម៌សម្រាប់គ្រួសារខ្ញុំខ្លាំង។ ប៉ះពាល់ដល់ក្រុមគ្រួសារខ្ញុំ។ កូនខ្ញុំបាត់បង់ដល់ការសិក្សា។ សុំអំពាវនាវតុលាកាកំពូល ខាងថ្នាក់លើ នាយករដ្ឋមន្ត្រីឱ្យគាត់ជួយរកយុត្តិធម៌ឱ្យជំពោះខ្ញុំផង សុំឱ្យទម្លាក់ចោលការចោទប្រកាន់លើរូបខ្ញុំទាំងបួនអ្នកនេះឱ្យបានមានសេរីភាពដូចគេដូចឯង»។
សមាជិកសហគមន៍ស្រែប្រាំង លោក សែម សាង មានប្រសាសន៍ថា អ្នកភូមិស្រែប្រាំងជាច្រើននាក់បានរងបណ្តឹងដោយសាររឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ហាម៊ូនី វីន អ៊ីនវេសមែន ខូ អិលធីឌី ក្រោយពលរដ្ឋតវ៉ាទាមទារសិទ្ធិដីធ្លីពីក្រុមហ៊ុនមួយនេះ។
លោក សែម សាង បន្តថា អ្នកភូមិបានរងទុក្ខលំបាក និងរងភាពអយុត្តិធម៌ជាខ្លាំងដោយសារក្រុមហ៊ុនបានរំលោភយកដីធ្លីមិនឱ្យពលរដ្ឋបង្កបង្កើនផល និងបានប្តឹងម្ចាស់ដីទៅតុលាការថែមទៀត ដែលលោកថា ទង្វើនេះបាននឹងកំពុងរំលោភសិទ្ធិពលរដ្ឋជាធ្ងន់ធ្ងរ។ លោកថា ទោះបីជាសាលាឧទ្ទរណ៍សម្រេចព្យួរទោសឱ្យនៅក្រៅឃុំក៏ដោយ ប៉ុន្តែពលរដ្ឋមិនអាចធ្វើអ្វីបាន និងចេញក្រៅស្រុកបានឡើយ គឺពលរដ្ឋទាំងនោះ ដាក់ឱ្យស្ថិតក្រោមការតាមដានរបស់តុលាការ។
លោកបន្ថែមថា៖«សាលាឧទ្ធណ៍គាត់សម្រេចកាត់ទោសពួកគាត់ចំនួនពីឆ្នាំ បន្តែព្យួរ។ បើសិនជាយើងមើលឃើញទៅភាពជាប្រជាពលរដ្ឋដែលរងគ្រោះបាត់បង់ដីធ្លីទៅហើយ។ ហើយមើលទៅវានៅចង្អៀត។ សិទ្ធសេរីភាពរបស់គាត់ចង្អៀត ព្រោះតែក្រុមហ៊ុនយកដីអស់ហើយ បែរគាត់ត្រូវជាប់បណ្តឹងពីឆ្នាំទៀត ហើយព្យួរវាអត់មានសិទ្ធិសេរីភាពទេការព្យួរ»។
អ្នកសម្របសម្រួលគម្រោង នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត មានប្រសាសន៍ថា បច្ចុប្បន្នពលរដ្ឋរងគ្រោះពិបាកនឹងទទួលបានយុត្តិធម៌ណាស់ ប្រសិនបើពួកគាត់មានក្តីជាមួយអ្នកនាំលុយមានអំណាច។
មួយទៀតនោះលោកថា យន្តការដោះស្រាយដីធ្លីរបស់រដ្ឋាភិបាលហាក់មិនដំណើរការឡើយ ដោយពលរដ្ឋត្រូវបានអ្នកមានលុយមានអំណាច ឬក្រុមហ៊ុនប្តឹងទៅតុលាការជាបន្តបន្ទាប់។ លោកថា ករណីតុលាការសម្រេចព្យួរទោសលើពលរដ្ឋនេះគឺបានបង្កផលលំបាកដល់ការបញ្ចេញមតិរបស់ពួកគេ។
លោកបន្ថែមថា៖« ការចេញដីកាហៅសាកសួរហៅទៅសាវនាការហើយដាក់ឱ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ហ្នឹងសុទ្ធតែជាគំនាបមួយដែលធ្វើឱ្យប្រជាពលរដ្ឋពិបាកនិងបន្តធ្វើការទាបទារកដំណោះស្រាយ។ ហើយដល់អីចឹងពួកគាត់អស់ដីស្រែចំការម្តងបន្តិចៗ។ តិចទៀតក្លាយទៅជាជនចំណាក់ស្រុកហើយគាត់កាន់តែទទួលភាពក្រីក្រទៅៗ។ ហើយពិបាកក្នុងការរស់នៅនេះជាភាពអយុត្តិធម៌របស់ប្រជាពលរដ្ឋខ្មែរក្នុងសង្គមយើងបច្ចុប្បន្ននេះ»។
លោក វណ្ណ សុផាត ស្នើដល់ក្រសួងយុត្តិធម៌ ឬរដ្ឋាភិបាលគួរសើរើឡើងវិញចំពោះបញ្ហានេះកុំឱ្យពលរដ្ឋរងនូវភាពអយុត្តិធម៌ ដោយសារអ្នកមានលុយ មានអំណាច ហើយមិនអាចបញ្ចេញមតិ ឬទាមទាបាននូវអ្វីដែលខ្លួនបាត់បង់ ។
របាយការណ៍ចងក្រងរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ចេញផ្សាយកាលពីឆ្នាំ២០២១ ឱ្យដឹងថា ដីព្រៃលិចទឹករបស់សហគមន៍ស្រែប្រាំង និងសហគមន៍បុស្សស្នោ ទំហំ៥៨០ហិកតារបស់ពលរដ្ឋប្រមាណ២៥០គ្រួសារ ផ្ដើមមានជម្លោះជាមួយក្រុមហ៊ុនចិន «ហាម៉ីនី វីន អ៊ិនវេសមេន» ចាប់តាំងពីឆ្នាំ២០១៤ ខណៈពលរដ្ឋបានចូលទៅកាន់កាប់ដីនោះតាំងពីឆ្នាំ២០០២៕
…………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន