សហគមន៍ជនជាតិដើមភាគតិចកួយ នៅតំបន់ដែនជម្រកសត្វព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ បន្តព្រួយបារម្ភពីការបាត់បង់ចំណូលរបស់ពួកគេ ពីការអាស្រ័យផលអនុផលព្រៃឈើ ខណៈបទល្មើសព្រៃឈើនៅតែត្រូវបានរកឃើញជាបន្តបន្ទាប់ និងមានសភាពខ្លាំងក្លាជាងបណ្តាឆ្នាំមុនៗ។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ បានបង្ហាញរបាយការណ៍មួយ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ជុំវិញបទល្មើសព្រៃឈើ ដែលពួកគេបានរកឃើញអំឡុងពេលចុះល្បាតនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ដោយក្នុងនោះពួកគេបានរកឃើញបទល្មើសបានកើតឡើងចំនួន ៣៣៤ករណី។
ប្រភពដដែលបន្តថា ភស្តុតាងដែលបានរកឃើញក្នុងបទល្មើសព្រៃឈើនោះ រួមមាន ដើមឈើប្រណិតតូចធំដែលមានមុខកាត់ចាប់ពី ២៥សង់ទីម៉ែត្រ ទៅ១៧៨សង់ទីម៉ែត្រ ទីកន្លែងបោះតង់អ្នកអារឈើ ឡាមម៉ាស៊ីនអារឈើ និងសម្ភារជួសជុលម៉ាស៊ីនជាដើម ហើយដើមឈើដែលត្រូវកាប់ភាគច្រើននៅចំនុចជាំទឹកខ្មៅ អូរស្កាច អូររំស៊ែ។
សហគមន៍បានបន្ថែមថា៖ «ពួកយើងដែលជាសមាជិកសហគមន៍ជនជាតិដើមភាគតិចកួយ ដែលអាស្រ័យផលលើអនុផលព្រៃឈើ តាមរយៈការប្រមូលជ័រទឹក បេះផ្លែឈើ ប្រមូលទឹកឃ្មុំ ដើម្បីប្រកបរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃ ពិតជាមានសេចក្តីសោកស្តាយជាខ្លាំង ចំពោះការអនុវត្តផែនការក្នុងការល្បាតការពារព្រៃពីសំណាក់ក្រសួងបរិស្ថាន ដែលមិនអាចទប់ស្កាត់បទល្មើសបាន»។
អ្នកស្រី សុក មឿន ជាជនជាតិដើមភាគតិចកួយ ដែលបាននិងកំពុងអាស្រ័យអនុផលព្រៃឈើនៅតំបន់ព្រៃព្រះរការ បានលើកឡើងថា អត្រាបទល្មើសព្រៃឈើនៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ ហើយនៅដើមឆ្នាំនេះ បទល្មើសមានការកើនឡើងជាឆ្នាំណាៗទាំងអស់ ព្រោះត្រឹមតែរយៈពេល៣ថ្ងៃនៃការចុះល្បាតរបស់សហគមន៍ បានរកឃើញបទល្មើសកើតឡើងដល់ទៅជាង ៣០០ករណី។
អ្នកស្រីបន្តថា នៅពេលដែលមានបទល្មើសព្រៃឈើកើតឡើង បានធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងមុខរបររបស់ប្រជាសហគមន៍ជនជាតិដើមភាគតិច ដែលរស់ពឹងអាស្រ័យទៅលើផលអនុផលព្រៃឈើ។
អ្នកស្រីលើកឡើងថា៖ «បទល្មើសទាំងនេះបង្កផលប៉ះពាល់ខ្លាំងណាស់ដល់ពួកយើង ខ្ញុំមិនចេះថាប៉ុន្មានគ្រួសារទេ ប៉ុន្តែប្រជាពលរដ្ឋនៅឃុំប្រមេរុនេះទាំងមូល គឺសុទ្ធតែប៉ះពាល់ទាំងអស់។ […] យើងអាស្រ័យផលនៅព្រៃហ្នឹងទាំងអស់គ្នា ខែគុយ យើងបានបេះគុយទៅលក់ វាបានទៅតាមរដូវ ហើយបើដើមឈើធំៗ យើងបានជ័រយកទៅលក់ ប៉ុន្តែពេលគេកាប់ទៅ យើងអស់អីអាស្រ័យផល គ្មានសល់ទេ»។
ស្ត្រីវ័យ៣៨ឆ្នាំ ដែលមានកូនចំនួន៦នាក់ក្នុងបន្ទុក បន្តថា ចំណូលប្រចាំថ្ងៃរបស់ពួកគាត់ពឹងតែលើផលអនុផលព្រៃឈើនេះទេ ដោយពុំមានមុខរបរផ្សេងដើម្បីចិញ្ចឹមជីវិតឡើយ។ ករណីនេះ អ្នកស្រីបានអំពាវនាវដល់ប្រសួងបរិស្ថាន ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស ឱ្យមានប្រសិទ្ធភាព ដើម្បីទុកព្រៃឈើឱ្យសហគមន៍បានថែរក្សា និងអាស្រ័យផល។
ប្រជាសហគមន៍ភូមិព្រះមេរុម្នាក់ទៀត លោក ហួន មេ បានលើកឡើងពីក្តីកង្វល់ស្រដៀងគ្នានេះផងដែរ ពាក់ព័ន្ធនឹងប្រភពចំណូលនៅក្នុងគ្រួសារ ទន្ទឹមនឹងការទន្ទ្រានព្រៃឈើខុសច្បាប់ឥតឈប់ឈរពីសំណាក់ឈ្មួញរកស៊ីឈើនៅតំបន់ព្រៃព្រះរការ ហើយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ មិនមានវិធានការច្បាប់ទៅលើពួកគេ។
លោកបានអះអាងថា៖ «គ្រួសារខ្ញុំក៏ជាអ្នកអាស្រ័យផលព្រៃឈើនៅទីនោះដែរ ធម្មតាគេកាប់ឈើធំទេ ប៉ុន្តែវាប៉ះពាល់ដល់ឈើតូចៗដូចគ្នា។ វាប៉ះពាល់ចំណូលយើងច្រើន ជីវភាពកាន់តែយ៉ាប់ ព្រោះព្រៃឈើទាំងនោះក៏ជាប្រភពនៃការផ្តល់បន្លែផ្លែឈើឲ្យយើងហូបជាប្រចាំដែរ ថែមទាំងអាចយកទៅលក់ដោះស្រាយជីវភាពថែមទៀតផង។ […] មួយវិញទៀតនោះ គឺការបាត់បង់ព្រៃឈើធម្មជាតិ ក្មេងៗជំនាន់ក្រោយលែងមានឱកាសស្គាល់ហើយ»។
រដ្ឋាភិបាល បានចេញអនុក្រឹត្យបង្កើតដែនជម្រកសត្វព្រៃព្រះរការ ដែលមានទំហំជាង៩ម៉ឺន (៩០.៣៦១) ហិកតា ទុកជាតំបន់ការពារនិងអភិរក្ស ចាប់តាំងពីអំឡុងខែឧសភា ឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មិនបានឆ្លើយតបនឹងរបាយការណ៍បទល្មើសដែលសហគមន៍បានរកឃើញ និងក្តីបារម្ភរបស់ពួកគេនោះទេ។ ប៉ុន្តែលោកបានលើកឡើងថា កិច្ចការការពារ និងអភិរក្សធនធម្មជាតិ ចាំបាច់ត្រូវការចូលរូមពីគ្រប់ភាកីពាក់ព័ន្ធ ក្នុងនោះមានទាំងសហគមន៍មូលដ្ឋាន ដើម្បីថែរក្សាព្រៃឈើ និងបង្កើនគម្របបៃតង រួមទាំងមានការសហការការពារ និងដាំស្តារព្រៃដែលរិចរិល។
លោកនិយាយថា៖ «កិច្ចសហការក្នុងទប់ស្កាត់ទាមទារឱ្យមានការចូលរួម និងសហការពីអ្នកពាក់ព័ន្ធ ក្នុងសហគមន៍តំបន់ការពារ ជាមួយមន្រ្តីមានសមត្ថកិច្ច មានដូចជាការរាយការណ៍ និងចូលរួមការពារ ទប់ស្កាត់បទល្មើស ស្របតាមក្របបរិស្ថានធនធានធម្មជាតិ និងតាមនីតិវិធីច្បាប់ ចូលជាធរមាន»។
ក្នុងពិធីចុះអនុស្សារណៈមួយ កាលពីថ្ងៃរសៀលថ្ងៃទី១២ ខែឧសភានេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានណែនាំទៅប្រធានមន្ទីរបរិស្ថានរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ដើម្បីការទប់ស្កាត់ និងប្រឆាំងបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ។
លោកក៏បានជំរុញឱ្យមន្ត្រីទាំងនោះ ត្រូវពិនិត្យលើផែនទីផ្កាយរណប ដែលក្រសួងបានផ្តល់ជូន ថែមទាំងធ្វើការបង្ហោះដ្រូន ដើម្បីធ្វើការពិនិត្យពីស្ថានភាពជាក់ស្តែងនៃតំបន់ការពារធម្មជាតិផងដែរ។
ចំណែក លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍន៍ មានប្រសាសន៍ថា ដែនជម្រកសត្វព្រៃព្រះរការ បានផ្តល់នូវប្រយោជន៍ជាច្រើន និងជាប្រភពចំណូលមិនចេះរីងស្ងួតសម្រាប់ប្រជាសហគមន៍ តាមរយៈការដកហូតនូវអនុផលព្រៃឈើតាមរដូវកាល ជាពិសេសគឺការរកឃ្មុំ ការបោចវល្លិ៍ និងប្រភេទបន្លែព្រៃជាច្រើនទៀត ដែលពួកគាត់អាចយកមកលក់បាន សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
លោកថា៖ «ការបាត់បង់ព្រៃឈើនៅព្រៃព្រះរការ ច្បាស់ណាស់នឹងប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងតែលំបាក ការអាស្រ័យផលព្រៃឈើគឺកាន់តែមានសារៈសំខាន់»។
ជាមួយគ្នានេះដែរ លោកក៏បានសង្កេតឃើញដែរថា ក្រសួងបរិស្ថាន មិនដែលទទួលយកនូវការពិតទាំងឡាយណា ដែលត្រូវបានលើកឡើងដោយជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ទៅលើបញ្ហាព្រៃឈើនោះទេ បើទោះបីជាពួកគេតែងតែមានជារូបភាពភស្តុតាងក៏ដោយ។
ចំណែក លោក ហេង គីមហុង អ្នកជំនាញគោលនយោបាយផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន មានប្រសាសន៍ដែរថា របកគំហើញរបស់សហគមន៍ជុំវិញបទល្មើសព្រៃឈើ គួរតែត្រូវបានប្រើប្រាស់ជាធាតុផ្សំ និងប្រភពព័ត៌មានថ្មី សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងសហគមន៍ ក្នុងការធ្វើកិច្ចសហការរួមគ្នា ដើម្បីស្វែងរកឬសគល់នៃបទល្មើសដែលនៅតែបន្តរហូតមកនេះ ជាជាងការដាក់បន្ទុក និងចោទប្រកាន់គ្នាទៅវិញទៅមក។
លោកមានប្រសាសន៍ថា៖ «គួរតែដល់ពេលនៅក្នុងការរកចំណុចប្រសព្វគ្នា នៅក្នុងការពិនិត្យមើលបទល្មើស ហើយនិងរៀបចំនូវយុទ្ធនាការទប់ស្កាត់កុំឲ្យមានបទល្មើសកើតឡើងតទៅទៀត។ […] បើសិនជានៅតែបណ្តែតបណ្តោយបែបនេះ យើងឃើញថាគម្របព្រៃឈើយើងកាន់តែមានការថយចុះ ដែលជាការព្រួយបារម្ភ។ ចំពោះការចោទប្រកាន់ផ្នែកនយោបាយរវាងក្រសួង និងសកម្មជន នៅតែជាចំណុចដែលគួរឲ្យព្រួយបារម្ភ និងបាត់បង់សាមគ្គីភាពនៅក្នុងការថែរក្សាធនធានធម្មជាតិ»។
ដើម្បីធានាឲ្យបាននូវនិរន្តរភាពព្រៃឈើ លោក ហេង គីមហុង បានជំរុញឲ្យរាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ធ្វើការងារឲ្យបានជិតដិតជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីធានាឲ្យបាននូវការបង្ក្រាបគ្រប់ជ្រុងជ្រោយ។
បើតាមសហគមន៍ជនជាតិដើមភាគតិចកួយភូមិព្រះមេរុ ការកាប់បំផ្លាញព្រៃឈើ នៅតែបន្តកើតមានបែបនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីកង្វះសមត្ថភាព និងឆន្ទៈក្នុងការការពារព្រៃឈើ ធនធានធម្មជាតិ ពីសំណាក់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ដែលវាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បរិស្ថាន និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចកួយ។
ជាមួយគ្នានេះ សហគមន៍ជនជាតិដើមភាគតិចកួយ ក៏បានអំពាវនាវសារជាថ្មីដល់អាជ្ញាធរមូលដ្ឋាន និងក្រសួងបរិស្ថាន ត្រូវបើកទូលាយ និងបង្កបរិយាកាសល្អដល់សហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល សាធារណជន ក្នុងការរួមចំណែកធ្វើសកម្មភាពដើម្បីការពារ ថែរក្សា និងអភិរក្សព្រៃឈើ ធនធានធម្មជាតិ ដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។
លើសពីនេះ ពួកគេក៏បានទទូចឲ្យមានការពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋានប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងការទទួលខុសត្រូវ ព្រមទាំងបង្កើតយន្តការតាមដានការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋាន និងដាក់ទោសទណ្ឌ បើសិនរកឃើញថាមន្ត្រីរូបណាជាប់ពាក់ព័ន្ធនឹងការស៊ីសំណូកជាមួយឈ្មួញខិលខូច៕
អត្ថបទដោយ៖ ណុប ស្រីម៉ៅ