សកម្មជនបរិស្ថាន និងព្រៃឈើគ្មានជំនឿថា ក្រសួងបរិស្ថានអាចទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ការពារធនធានធម្មជាតិមានប្រសិទ្ធនោះទេ ប្រសិនបើអំពើពុករលួយរបស់មន្ត្រីថ្នាក់ក្រោមនៅតែបន្តកើតមាន។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានចេញសេចក្ដីជូនដំណឹងមួយស្ដីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្រ្កាបការកាប់រាន ឬឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ។
ក្នុងសេចក្ដីជូនដំណឹងនោះ ក្រសួងបរិស្ថានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះមានសកម្មភាពកាប់គាស់ រុករានឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិដោយបំពានច្បាប់ និងកំពុងប្រើប្រាស់ដីដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការផងដែរ។
សេចក្តីជូនដំណឹងបន្តថា ដើម្បីពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ គឺក្រសួងបរិស្ថានដាក់ចេញវិធានការ៤ចំណុច ដោយជំរុញទៅសមត្ថកិច្ចពាក់ព័ន្ធដែលគ្រប់គ្រងតំបន់ការពារធម្មជាតិត្រូវអនុវត្តច្បាប់ឱ្យបាន១០០ភាគរយ ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។
មួយទៀតនោះ សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់ រាល់ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំ កាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថានបន្តថា បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬរុករានឆ្ការដុតឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ និងត្រូវប្រគល់ដីដែលខ្លួនបានកាន់កាប់នោះជូនមករដ្ឋវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។
លីខិតលើកឡើងថា៖ « ក្រសួងបរិស្ថានបាននឹងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន» ។
អ្នកសម្របសម្រួលបណ្ដាញព្រៃឡងប្រចាំខេត្ដកំពង់ធំលោក ហឿន សុភាព បានសាទរចំពោះវិធានការនេះ ប៉ុន្តែលោកពុំមានជំនឿថា ក្រសួងបរិស្ថានអាចធ្វើបានប្រសិទ្ធភាពនោះទេ។
សកម្មជនព្រៃឡងរូបនេះបន្តថា ក្រសួងបរិស្ថានធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានបែបនេះច្រើនដងមកហើយ ប៉ុន្តែបទល្មើសព្រៃឈើនៅតែបន្តកើតមានដដែលនៅក្នុងតំបន់ការពារ។ លោកថា បញ្ហាបទល្មើសនេះបន្តកើតមាន គឺដោយសាររដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធមិនព្រមអនុវត្តច្បាប់ទៅលើអ្នកដែលប្រព្រឹត្តបទល្មើសដូចមានចែងនៅក្នុងច្បាប់ ។
លោកលើកឡើងថា៖« រដ្ឋាភិបាលហាក់ដូចជាមិនសូវយកចិត្ដទុកដាក់ទៅលើគោលការច្បាប់មិនអនុវត្តច្បាប់។ ឧទាហរណ៍ថា លុយពិន័យប៉ុន្មានត្រូវចូលថវិការដ្ឋ ទោសត្រូជាប់គុកប៉ុន្មានឆ្នាំទៅតាមនិតិវិធីច្បាប់ ប៉ុន្តែកន្លងមកយើងអត់ឃើញចំណាត់ការនេះ គឺត្រូវបានតែយោកយល់អធ្យាស្រ័យខ្លាចបាត់សមាជិកបក្ស »។
មួយទៀតលោកថា បញ្ហាបទល្មើសបន្តកើតមានដោយសារមានជាប់ពាក់ព័ន្ធអំពើពុករលួយជាប្រព័ន្ធដែលមិនអាចទប់ស្កាត់មានប្រសិទ្ធិភាពឡើយ។
លោកបន្ថែមថា៖ «ថ្នាក់ក្រោមរកស៊ីបម្រើថ្នាក់លើហើយថ្នាក់លើបម្រើអ្នកកណ្ដាល។ មិនមានការជម្រះបញ្ជីមិនមានការអនុវត្តទៅតាមគោលការច្បាប់ យើងនៅតែអនុគ្រោះដល់ខ្សែស្រឡាយអីផ្សេងៗ។ ខ្ញុំគិតថាមិនអាចទៅរួចទេ។ យើងព្យាយាមដោះស្រាយដោយឯករាជ»។
សកម្មជនបរិស្ថានលោក ម៉ា ចិត្រា និយាយថា តាមការកត់សំគាល់របស់លោក គឺរដ្ឋាភិបាលបានដាក់ចេញវិធានការផ្សេងជាច្រើនតាមរយៈក្រសួងបរិស្ថាន ប៉ុន្តែវិធានការនោះមានតែនៅលើក្រដាសតែប៉ុណ្ណោះ ហើយការអនុវត្តជាក់ស្ដែងគ្មាប្រសីទ្ធិភាពឡើយ។
លោក ម៉ា ចិត្រា បានលើកឡើងថា មន្រ្ដីឧទ្យាននុរក្សមួយចំនួនដែលការពារព្រៃឈើនៅតាមតំបន់ការពារមួយចំនួនបានប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញរកស៊ីឈើ និងបានទំលាក់កំហុសទៅលើប្រជាពលរដ្ឋដែលទៅស៊ីឈ្នូលកាប់ឈើឱ្យឈ្មួញទៅវិញ។
សកម្មជនបរិស្ថានលោក ម៉ា ចិត្រា បន្តថា ប្រភពធំ នៃបទល្មើសធនធានធម្មជាតិ គឺបញ្ហាអំពើពុករលួយ។ លោកថា បទល្មើសព្រៃឈើអាចកើតមានបានទាល់តែមន្រ្ដីការពារនៅតំបន់ការពារនោះបើកដៃឱ្យក្រុមប្រព្រឹត្តបទល្មើសចូលទៅកាប់។
សកម្មជនបរិស្ថានរូបនេះស្នើដល់រដ្ឋមន្រ្ដីក្រសួងបរិស្ថានមិនត្រូវទទួលយកតែរបាយការណ៍ភូតកុហកដែលមន្រ្ដីនៅថ្នាក់ក្រោមធ្វើឱ្យនោះទេ។ លោកថា រដ្ឋមន្ត្រីត្រូវទទួលយករបាយការណ៍របស់សហគមន៍ដែលបានរកឃើញ ឬត្រូវបង្កើតក្រុមការងារសំងាត់ ដើម្បីចុះសិក្សាស្រាវជ្រាវតាមដានឃ្លាំមើលបទល្មើសព្រៃឈើ ឬការទន្រ្ទានយកដីទើបទទូលបានផល។
លោកលើកឡើងថា៖ «កន្លងមករដ្ឋាភិបាលតាមរយៈមន្រ្ដីរបស់គាត់ គាត់តែងតែននិយាយបន្ទោសទៅប្រជាពលរដ្ឋក្រីក្រជាអ្នកកាប់បំផ្លាញធនធានធម្មជាតិ ប៉ុន្តែជាក់ស្ដែងយើងទៅមើលមន្រ្ដីដែលទទួលខុសត្រូវរឿងព្រៃឈើតាំងពីមន្រ្ដីធម្មតារហូតដល់មានផ្ទះអ្នកខ្លះមានដីនៅក្បែព្រៃក៏មានដែរ[…]រដ្ឋមន្រ្ដីថ្មីគាត់គួរតែប្ដូរវិធីសាស្រ្ដក្នុងការថែរក្សាព្រៃឈើ[…]ការណាបដិសេធន៍ការពិតមានន័យថាគាត់អត់ចង់ដោះស្រាយបញ្ហានេះទេ ចឹងបើសិនជាគាត់ចង់ដោះស្រាយបញ្ហាហ្នឹងគាត់ត្រូវទទួលយកការពិតហើយធ្វើការដោះស្រាយ »។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា លោកថ្លែងថា មូលហេតុដែលក្រសួងបរិស្ថានចេញសេចក្ដីប្រការព័ត៌មាននៅពេលនេះ គឺចង់ទប់ស្កាត់បទល្មើសព្រៃឈើ និងអនុវត្តច្បាប់ឱ្យបានមួយរយភាគរយទៅលើអ្នកដែលបានប្រព្រឹត្តបទល្មើសដោយគ្មានការលើកលែងឈប់អបរំហើយដោះលែង ។
លោក ខ្វៃ អាទិត្យា បន្តថា នេះជាការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាលក្នុងកិច្ចការការពារបរិស្ថាន និងធនធានធម្មជាតិ។លោកថា ក្រសួងបរិស្ថានកំពុងសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ដពោធិ៍សាត់ ដើម្បីបង្រ្កាបបទល្មើសព្រៃឈើនៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ហើយកំពុងទទួលបានលិតផលល្អ ។
លោកលើកឡើងថា៖ « សេចក្ដីប្រកាស់ព័ត៌មាននេះ គឺចង់បញ្ជាក់បន្ថែមទៀតអត្ថន័យ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិរបស់យើងការកាប់រុករានដីព្រៃធ្វើជាកម្មសិទ្ធិខុសច្បាប់គឺត្រូវផ្ដន់ទាទោស។ យើងអនុវត្តច្បាប់គ្រប់គ្នា ច្បាប់ត្រូវអនុវត្តចំពោះអ្នកប្រព្រឹត្តខុស »។
គួររំលឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន ក៏បានចេញលីខិតមួយជម្រាបទៅប្រធានមន្ទីរបរិស្ថាននៅគ្រប់រាជធានី–ខេត្តទាំងអស់ ឱ្យពង្រឹងការអនុវត្តវិធានការច្បាប់ទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យបាន១០០ភាគរយផងដែរ ប៉ុន្តែសកម្មជនឈើ អះអាងថា វិធានការនេះពុំមានប្រសិទ្ធិភាពនោះទេ ដោយបទលើ្មសព្រៃឈើនៅតំបន់ការពារមួយចំនួននៅតែបន្តកើតមានជាពិសេសនៅតំបន់ព្រៃឡង់ និងតំបន់ការពារភ្នំឱរ៉ាល់៕
…………………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា