ក្នុងវេទិកាអបអរទិវាសិទ្ធិនារីអន្តរជាតិលើកទី១១៤ ដែលប្រារព្ធធ្វើឡើងនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែមីនា ឆ្នាំនេះ អ្នកចូលរួមដែលភាគច្រើនជាស្ត្រី បាននាំគ្នាលើកស្លាកដែលមានខ្លឹមសាររៀបរាប់ពីសិទ្ធិ ច្បាប់ការងារ ឬការបៀតបៀននានា ដែលពួកគាត់ជួបប្រទះ។
ក្នុងវេទិកាធ្វើឡើងក្រោមប្រធានបទ «ពង្រឹងសិទ្ធិអំណាចស្រ្តីនិងក្មេងស្រីដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ចនិងយុត្តិធម៌សង្គម» ដែលមានការចូលរួមពីអង្គការសង្គមស៊ីវិល សមាគមស្រ្តី កម្មការិនីរោងចក្រ និងបុគ្គលិកក្រុមហ៊ុនជាដើមនេះ ពួកគេបានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ ឱ្យពង្រឹងវិធានការជាក់លាក់ និងប្រកបដោយប្រសិទ្ធភាព ក្នុងការលុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រ ការបៀតបៀន បញ្ហាទាក់ទងនឹងការកេងបន្លំប្រាក់ឈ្នួល និងធានាពង្រឹងកិច្ចគាំពារផ្នែកសេដ្ឋកិច្ចនិងសង្គមជាដើម។
ក្រៅពីនោះ ក៏មានស្រ្តីក្នុងវិស័យទាំងនេះមួយចំនួន ស្នើដល់រដ្ឋាភិបាល ក៏ដូចជាម្ចាស់រោងចក្រសហគ្រាស និងអ្នកគ្រប់គ្រងនៅកន្លែងធ្វើការរបស់ពួកគាត់ ចេញច្បាប់ ឬការអនុញ្ញាតច្បាប់ឈប់សម្រាកមួយថ្ងៃ ក្នុងមួយខែ សម្រាប់ស្ត្រី កំឡុងពេលពួកគាត់មករដូវ ដោយមិនកាត់ប្រាក់ឈ្នួល។
កញ្ញា សួន ស្រីដែត អាយុ ២៤ឆ្នាំ ជាមន្ត្រីផ្នែកយុទ្ធនាការឌីជីថលនៅអង្គការក្លាហាន បានលើកឡើងថា កំឡុងពេលមករដូវ ស្ត្រីភាគច្រើនមានអាការៈចុកពោះ និងពេលខ្លះមានអារម្មណ៍មិនល្អ ដោយសារតែការប្រែប្រួលអ័រម៉ូនក្នុងរាងកាយ ដែលគួរតែមានពេលសម្រាកឱ្យបានគ្រប់គ្រាន់ និងថ្នមសុខភាពផ្លូវកាយ ដើម្បីឱ្យសុខភាពផ្លូវចិត្តរឹងម៉ាំ។
កញ្ញាបន្តថា ដោយសារតែស្ថានភាពសុខភាព និងរាងកាយស្ត្រីមានភាពទន់ខ្សោយនៅថ្ងៃមករដូវនេះ ទើបកញ្ញាចង់ឱ្យរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងម្ចាស់/អ្នកគ្រប់គ្រងក្រុមហ៊ុន រោងចក្រសហគ្រាស ក៏ដូចជាថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល ពិចារណា ក្នុងការផ្តល់ថ្ងៃឈប់សម្រាកមួយថ្ងៃក្នុងមួយខែ ក្នុងអំឡុងពេលមករដូវ ដល់បុគ្គលិកជាស្ត្រី ដែលជាការជួយលើកកម្ពស់សុខមាលភាពស្ត្រី។
កញ្ញាថ្លែងថា៖ «ប្រសិនបើមានជាច្បាប់ ឬការអនុញ្ញាតឱ្យស្រ្តីដែលគាត់មករដូវ គាត់អាចឈប់សម្រាក ឬធ្វើការពីផ្ទះ ឬឈប់សម្រាកតែម្តងក៏បានដែរ រយៈពេលមួយថ្ងៃក្នុងមួយខែ គឺល្អមែនទែនសម្រាប់ពួកគាត់។ ទី១ ជួយសម្រួលទុក្ខធុរៈដល់ពួកគាត់ ដែលយើងដឹងហើយ ស្រ្តីពេលមករដូវ គឺឈឺចុកចាប់នៅតំបន់ពោះរបស់គាត់។ ហើយពេលខ្លះវាក៏អាចប៉ះពាល់ដល់អារម្មណ៍របស់ពួកគាត់ផងដែរ ទាក់ទងនឹងអ័រម៉ូនរបស់ពួកគាត់អ៊ីចឹងទៅ។ ជាធម្មតា នៅពេលដែលយើងឈឺចាប់ផ្លូវកាយ ហើយចូលដល់ផ្លូវអារម្មណ៍ទៀត វាធ្វើឱ្យការងាររបស់យើងរអាក់រអួល។ នៅអំឡុងពេលហ្នឹង ប្រសិនបើពួកគាត់ទទួលបានការគាំទ្រពីស្ថាប័ន ដែលពួកគាត់ធ្វើការ ហើយពួកគាត់មានអារម្មណ៍ថាត្រូវបានគេគាំពារ ការពារនិងផ្តល់សិទ្ធិពេញលេញដល់ពួកសម្រាប់គាត់ផងដែរ»។
ស្រីដែត និយាយថា ការអនុញ្ញាតឱ្យស្រ្តី ឈប់សម្រាកមួយថ្ងៃអំឡុងពេលមករដូវ មិនមែនជាការវិនិច្ឆ័យថា ពួកគាត់ទន់ខ្សោយទេ តែវាឆ្លុះបញ្ចាំងនូវផ្នត់គំនិតវិជ្ជមានសម្រាប់ស្រ្តី។
កញ្ញាអះអាងថា៖ «ការណ៍ដែលយើងឱ្យពួកគាត់ឈប់សម្រាកមួយថ្ងៃនេះ មិនមែនមានន័យថាស្រ្តីទន់ខ្សោយទេ។ ពួកគាត់មិនទន់ខ្សោយទេ គ្រាន់តែពួកគាត់ត្រូវការពេលវេលា ដើម្បីសម្រាកប៉ុណ្ណោះ។ ហើយបើមានច្បាប់មួយថ្ងៃនៅកម្ពុជា ដែលស្រ្តីអាចឈប់សម្រាកបាន គឺល្អមែនទែន ជាពិសេសសុខភាពផ្លូវកាយនិងចិត្តរបស់ពួកគាត់ នឹងជួយជំរុញលទ្ធភាពការងាររបស់ពួកគាត់ឱ្យកាន់តែប្រសើរជាមុន ហើយពួកគាត់ទទួលបានសិទ្ធិពេញលេញ ក្នុងនាមគាត់ជាមនុស្សម្នាក់ក្នុងពិភពលោកនេះតែម្តង»។
សម្រាប់នៅកន្លែងការងាររបស់ ស្រីដែត មិនមានចែងជាច្បាប់ណាដើម្បីឈប់សម្រាកអំឡុងពេលមករដូវទេ ប៉ុន្តែបុគ្គលិកស្រ្តី អាចសុំសម្រាកដោយធ្វើការពីផ្ទះបាន ចន្លោះពី១ថ្ងៃទៅ៣ថ្ងៃក្នុងមួយខែ អំឡុងពេលមករដូវ។
កញ្ញាថ្លែងថា៖ «ខ្ញុំគិតថាវាអាចទៅរួច(ច្បាប់ឈប់សម្រាក) ព្រោះយើងមើលឃើញជាក់ស្តែងបច្ចុប្បន្នវិស័យការងារមួយចំនួនគឺធ្វើលើប្រព័ន្ធអនឡាញច្រើន។ ប៉ុន្តែតួនាទីខ្លះក៏រាងពិបាកសម្រាប់ពួកគាត់ដែរ ដូចជាខាង finance ដែលតម្រូវឱ្យពួកគាត់ទៅធ្វើការជាមួយកំព្យូទ័រនៅ office អ៊ីចឹងទៅ។ ប៉ុន្តែវានៅតែមិនមែនជាឧបសគ្គដែលមិនអាចឱ្យពួកគាត់ឈប់សម្រាកមួយថ្ងៃ ដើម្បីព្យាបាលការឈឺចាប់របស់ពួកគាត់ទេ។ ហើយវាក៏មិនប៉ះពាល់ដល់លទ្ធផលការងាររបស់គាត់ខ្លាំងណាស់ណាដែរ គឺមានតែពេលដែលគាត់ទទួលបានការព្យាបាលឬសម្រាកឱ្យបានស្រួលខ្លួនប៉ុណ្ណោះ ទើបថ្ងៃក្រោយមកធ្វើការវិញពោរពេញដោយកម្លាំងនិងថាមពល»។
ពាក្យ«រដូវ» មួយម៉ាត់ស្តាប់ទៅហាក់ដូចជាខ្លី ហើយសាមញ្ញ។ ក៏ប៉ុន្តែភាពជាក់ស្តែងនៅពីក្រោយការមករដូវរបស់ស្ត្រី គឺមានរឿងជាច្រើនដែលមនុស្សទូទៅមិនបានគិតដល់។ ការមករដូវ គឺជាការរបេះធ្លាក់ស្រទាប់ស្តើងៗខាងក្នុងស្បូន ដែលបង្ករជាការហូរឈាមយឺតៗ ចេញតាមទ្វាមាសជារៀងរាល់ខែ ក្រោយឥទ្ធិពលធ្លាក់ចុះនៃអ័រម៉ូន ដែលបញ្ជាពីខួរក្បាល ប្រសិនបើគ្មានការបង្កកំណើត។ ជាទូទៅ ក្មេងស្រីមករដូវចាប់ពីអាយុ ១២ឬ១៤ឆ្នាំ និងរហូតដល់អាយុ ៤៥ ឬ៥៥ឆ្នាំ។ អំឡុងពេលមករដូវ ស្រ្តីមានអាការៈអស់កម្លាំង ឈឺចាប់ក្រោមពោះ មិនស្រណុកចិត្ត និងម៉ូម៉ៅជាដើម។
កញ្ញា យិត ស្រីល័ក្ខ អាយុ២៩ឆ្នាំ ជាការីនិពន្ធព័ត៌មានជាតិនៅស្ថាប័នឯកជនមួយ ក្នុងរាជធានីភ្នំពេញ ក៏ចង់ឃើញរដ្ឋាភិបាល និងស្ថាប័នរបស់ខ្លួន គិតគូរពីទុក្ខលំបាករបស់ស្ត្រីនៅថ្ងៃមករដូវ ដោយគួរមានការអនុញ្ញាតឱ្យស្ត្រីឈប់សម្រាក់មួយថ្ងៃក្នុងមួយខែពេលមករដូវ។ កញ្ញាថា ការឈឺចុកចាប់ផ្នែកពោះពេលមករដូវ ធ្វើឱ្យស្ត្រីពិបាកបំពេញការងារ មានអារម្មណ៍ធុញថប់ និងម៉ូម៉ៅ។
កញ្ញានិយាយថា៖ «មនុស្សស្រីយើងពេលមករដូវម្តងៗ ពិតជាធ្វើទុក្ខខ្លាំងណាស់ វាឈឺចង្កេះ ខ្នង ឈឺពេញខ្លួន ដូចគេវាយអ៊ីចឹង អត់ចង់អង្គុយ អត់ចង់ធ្វើការ ចង់តែសម្រាក ឬក៏គេងយកកម្លាំងអ៊ីចឹងទៅ។ បើធ្វើក៏មានអារម្មណ៍អត់មូល អត់រីករាយ សប្បាយចិត្តអីទេ»។
សម្រាប់ ស្រីល័ក្ខ គាត់ចង់ឃើញប្រទេសកម្ពុជា មានច្បាប់អនុញ្ញាតសម្រាប់ស្ត្រីឈប់សម្រាកពេលមករដូវ ដូចបណ្តាប្រទេសមួយចំនួនដែលគេបានអនុវត្តហើយ ដែលជាផ្នែកមួយនៃការជួយលើកកម្ពស់សុខមាលភាពស្ត្រី និងលើកកម្ពស់សិទ្ធិស្ត្រី។
កញ្ញាថ្លែងថា៖ «បើមានច្បាប់ហ្នឹងនៅខ្មែរ ខ្ញុំគិតថាល្អ ហើយខ្ញុំសប្បាយចិត្តតែម្តង គាំទ្រ១០០% មានអារម្មណ៍ថាបញ្ហារបស់ស្រ្តី ត្រូវបានគេមើលឃើញ ជាពិសេសដើម្បីឱ្យពួកគាត់ធូរស្បើយ ទោះមិនបានច្រើនថ្ងៃ តែយ៉ាងហោចណាស់ ក៏បានមួយថ្ងៃអំឡុងពេលយើងមក[រដូវ]ដែរ»។
កម្មការិនីធ្វើការនៅរោងចក្រកាត់ដេរសម្លៀកបំពាក់យីដា នៅខេត្តកណ្ដាល អ្នកស្រី វ៉ាន់ ថាណា បានឱ្យដឹងថា នៅកន្លែងធ្វើការរបស់អ្នកស្រី ពុំមានការអនុញ្ញាតឱ្យឈប់សម្រាកពេលកម្មការិនីរោងចក្រមករដូវនោះទេ។ អ្នកស្រីបន្តថា រាល់ការសុំច្បាប់ពេលមានបញ្ហាសុខភាព មិនថាពេលមករដូវនោះទេ គឺខាងរោងចក្របានកាត់ប្រាក់ឈ្នួលទៅតាមចំនួនថ្ងៃឈប់។
អ្នកស្រីថា៖ «យើងសុំបាន[សុំច្បាប់] តែគ្រាន់តែថានៅពេលដែលយើងទទួលច្បាប់ហ្នឹង បាន ត្រូវបានគេថាឱ្យយើង ឬមួយក៏ថាយើងអត់សូវទទួលខុសត្រូវកន្លែងការងារអ៊ីចឹង។ ថាយើងគេចវេសគេអ៊ីចឹង ថាគេគ្រាប់គ្នាគេធ្វើបាន ហើយចុះហេតុអីយើងធ្វើការងារអត់បាន ហេតុអីបានយើងសុំច្បាប់សុំអីអ៊ីចឹងទៅ។ សុំបាន តែគ្រាន់តែថាមុននឹងបានហ្នឹងដោយពិបាក ដោយវេទនា»។
កម្មការិនីវ័យ៣៥ឆ្នាំរូបនេះ បានបន្ថែមថា នៅពេលដែលអ្នកស្រីមករដូវ ហើយត្រូវអង្គុយធ្វើការ អ្នកស្រីមានអារម្មណ៍ធុញថប់ តប់ប្រមល់ ឈឺក្បាល ចុកចាប់ និងអស់កម្លាំងជាដើម ដែលពេលខ្លះអ្នកស្រីត្រូវលេបថ្នាំ ឬព្យួរសេរ៉ូមបំបាត់ការឈឺចាប់ ដើម្បីធ្វើការងារបន្ត។ ក៏ប៉ុន្តែខែខ្លះមានការឈឺចុកចាប់ខ្លាំង អ្នកស្រីត្រូវបង្ខំចិត្តសុំច្បាប់សម្រាក ទោះមានការកាត់ប្រាក់ខែក៏ដោយ។
ករណីនេះ អ្នកស្រីបានស្នើដល់រដ្ឋាភិបាល ក៏ដូចជាម្ចាស់រោងចក្រសហគ្រាស ពិចារណាក្នុងការផ្តល់ថ្ងៃឈប់សម្រាក១ថ្ងៃក្នុងមួយខែ សម្រាប់ស្ត្រីកំឡុងពេលមករដូវ ដើម្បីជួយសម្រួលដល់ទុក្ខលំបាករបស់ស្ត្រី និងលើកកម្ពស់ស្ត្រីក្នុងវិស័យការងារ។
អ្នកស្រីថា៖ «ព្រោះអីអាការៈរបស់យើង មានអ្នកខ្លះគាត់មិនឈឺទេ អ្នកខ្លះគ្រាន់តែចុក។ តែក៏មានស្ត្រីមួយចំនួន ពេលខ្លះគាត់ចុកឡើងទាល់តែដាក់ថ្នាំ ចាក់សេរ៉ូមចាក់អី[…] អ្នកខ្លះទៀតដូចជាខ្ញុំ ពេលខ្លះម្ដងៗខ្ញុំចង់និយាយថា យើងចុកខ្លាំងអ៊ីចឹង ទៅយើងញ៉ាំថ្នាំនៅកន្លែងធ្វើការ ដើម្បីកុំឱ្យយើងពិបាកដាក់ច្បាប់ ដាច់លុយដាច់អី តែបើសិនជាមានច្បាប់មួយដែលល្អប្រសើរ ហើយគិតអត្ថប្រយោជន៍ឱ្យយើង ខ្ញុំពិតជាសប្បាយចិត្ត […] ខ្ញុំចង់សំណូមពរទៅកាន់រាជរដ្ឋាភិបាល ដែលនៅកន្លែងធ្វើការទាំងអស់ គឺសុទ្ធតែជាស្ត្រី បើសិនជារាជរដ្ឋាភិបាលគាត់មើលឃើញចំណុចតូចៗទាំងអស់ហ្នឹង ខ្ញុំគិតថាល្អប្រសើរមែនទែន ហើយកម្មករយើងជាស្ដ្រីបានជួយទៅដល់សង្គមច្រើន បានជួយទៅដល់រដ្ឋច្រើនមែនទែន»។
ចំណែកឯ អ្នកស្រី ឃ្លាំង សុបិន ជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ក៏មានបញ្ហាស្រដៀងនឹងស្ត្រីដែលធ្វើការក្នុងវិស័យផ្សេងៗដែរ ហើយអ្នកស្រីចង់ឱ្យសហជីពក្នុងក្រុមហ៊ុន និងរដ្ឋាភិបាលអនុញ្ញាតឱ្យបុគ្គលិកដែលជាស្ត្រី អាចឈប់សម្រាកយ៉ាងហោចណាស់មួយថ្ងៃក្នុងមួយថ្ងៃនៅពេលដែលពួកគេមករដូវ។
អ្នកស្រីថា៖ «តាមពិតនៅពេលស្ត្រីមានរដូវ គឺមានអការៈមួយគឺពិបាកណាស់ ទី១ អារម្មណ៍គាត់ឆេវឆៅ គាត់មួម៉ៅ ហើយដោយសារយើងមានការចុកនៅលើខាងក្រោមផ្សិតយើងហ្នឹង យើងមានការចុកឆ្អុល តាមប្រភេទសុខភាពរបស់ស្ដ្រី អ្នកខ្លះចាក់ឡើងសន្លប់ អ្នកខ្លះឈាមរដូវគាត់មកច្រើន គាត់អត់មានកម្លាំងធ្វើការួទេ[…]អ៊ីចឹងបានជាយើងចង់ទាមទារថានៅពេលដែលថ្ងៃដែលគាត់មករដូវហ្នឹង ឱ្យមានច្បាប់ឱគាត់សម្រាកមួយយថ្ងៃ At least[យ៉ាងហោចណាស់] មួយថ្ងៃ តែបើយើងចង់បានគឺពីរថ្ងៃ ព្រោះថ្ងៃដំបូងនិងថ្ងៃទី២ ឈាមរដូវគាត់គឺច្រើន»។
អ្នកស្រីបានគូសបញ្ជាក់ថា៖ «នៅពេលដែលសុខភាពរបស់បុគ្គលិកគាត់ល្អ គាត់អត់មួម៉ៅ គាត់មានកម្លាំង មានថាមពលគឺគាត់ឱ្យចំណូលឱ្យក្រុមហ៊ុនបានកាន់តែច្រើន»។
អ្នកនាង ថារិទ្ធ សុខសុវឍ្ឍនា ជាវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្រ្តី ដែលបច្ចុប្បន្នជាសាស្រ្តាចារ្យក្នុងសាកលវិទ្យាល័យមួយកន្លែង ក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅពេលស្រ្តីមករដូវ ពួកគាត់បាត់បង់ឈាមក្រហមច្រើន ហើយឈាមក្រហមក្នុងខ្លួនមនុស្សស្រី បានបាត់បង់ទៅវិញ តាមវន្តរដូវ ប្រហាក់ប្រហែល ១៥០មីលីលីត្រយ៉ាងច្រើន។
អ្នកនាងបន្តថា ស្របពេលដែលស្ត្រីមានរដូវ ក៏មានការបាត់បង់ជាតិទឹក ជាតិរ៉ែមួយចំនួន និងកម្លាំងក្នុងខ្លួនផងដែរ ដែលបង្កឱ្យមានការឈឺចាប់ផ្នែកត្រកៀក ឬសាច់ដុំស្បូន ចុកលើថ្ងាសនៃពោះ និងកំភួនដៃ កំភួនជើងជាដើម។
អ្នកនាងថ្លែងថា៖ «អ្នកខ្លះធ្វើការអត់កើតទេ ទាល់តែគេងមួយកន្លែង។ បញ្ហាមួយទៀតឈឺក្បាល ជាពិសេសថប់អារម្មណ៍អីហ្នឹង ធ្វើម៉េចកុំឱ្យគិតច្រើន និងសម្រេចចិត្តលឿន អំឡុងពេលមករដូវហ្នឹង។ ទីពីរ យើងសម្រាកឱ្យបានច្រើនដើម្បីយកកម្លាំងមកវិញ ចាំពេលអស់រដូវហើយចាំយើងប្រកបការងារធម្មតាវិញ»។
វេជ្ជបណ្ឌិតរូបនេះ បន្តថា ក្នុងអំឡុងពេលមករដូវ ស្រ្តីគួរញ៉ាំទឹកឱ្យបាន ៣លីត្រក្នុងមួយថ្ងៃ ទទួលទានសាច់ បន្លែ និងស៊ុតឱ្យបានច្រើន ហើយព្យាយាមសម្រាកឱ្យបានគ្រប់គ្រាន់។
អ្នកនាងបន្ថែមថា៖ «ព្រោះពេលមករដូវហ្នឹងសំខាន់គឺត្រូវគេង បើមិនអ៊ីចឹងឈឺក្បាលខ្លាំងណាស់ ហើយត្រូវនៅកន្លែងត្រជាក់។ កាលណាយើងនៅកន្លែងក្តៅ បែកញើសខ្លាំង ធ្វើឱ្យយើងងាយសន្លប់ពេលមករដូវ ហើយមនុស្សស្រីជាច្រើនហេវហត់អំឡុងពេលហ្នឹង។ បើប្រឹងធ្វើការ គឺដួលសន្លប់តែម្តង ជាពិសេសអ្នកធ្វើការរោងចក្រ និងអ្នកធ្វើការក្រោមកម្តៅថ្ងៃជាដើម ដោយសារពួកគាត់ហត់ពេក»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានលើកឡើងថា ការគិតគូរដល់សុខភាពរបស់ស្ត្រី ជារឿងល្អ ប៉ុន្តែក៏ត្រូវគិតគូរពីសង្វាក់ផលិតក្នុងវិស័យឧស្សាហកម្ម ដែលមានការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងក្រៅតំបន់ផងដែរ។
លោកថា៖ «ការគិតគូរដល់ស្រ្តីជារឿងល្អ ប៉ុន្តែត្រូវប្រៀបធៀបជាមួយប្រទេសជឿនលឿន និងប្រទេសក្នុងតំបន់។ តើប្រទេសណាខ្លះបានអនុវត្តហើយ? តើគេអនុវត្តដូចម្តេច? ព្រោះថា វិស័យឧស្សាហកម្មក៏ត្រូវការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងក្រៅតំបន់ដែរ។ គោលដៅរដ្ឋាភិបាលគឺរក្សា រោងចក្រសហគ្រាសដែលមានស្រាប់ និងពង្រីករោងចក្រសហគ្រាសថ្មីៗដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋ»។
លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានឱ្យដឹងថា ក្នុងស្ថាប័ននេះ បានសម្រេចចេញគោលការណ៍ដែលឱ្យឈប់បុគ្គលិកជាស្ត្រី អាចឈប់សម្រាកមួយថ្ងៃក្នុងមួយខែ អំឡុងពេលមករដូវ ដោយមិនរាប់បញ្ចូលក្នុងសុំច្បាប់ឈឺ ឬសុំច្បាប់ព្រោះហេតុផលផ្ទាល់ខ្លួននោះទេ។ លោកស្រីបន្តថា គោលការណ៍នេះមានប្រសិទ្ធភាព និងជួយស្រ្តីឱ្យពួកគាត់មានសុខភាពល្អ និងអារម្មណ៍ស្រស់ស្រាយដើម្បីបំពេញការងារ។
លោកស្រីថា៖ «វារាប់បញ្ចូលជាច្បាប់ពិសេស ដោយសារយើងមើលឃើញថា ស្រ្តីអំឡុងពេលមករដូវគាត់មានបញ្ហាសុខភាព អ៊ីចឹងហើយបានយើងសម្រេចឱ្យស្រ្តីឈប់សម្រាកមួយថ្ងៃ។ បើសិនជាតាមវិស័យនានា ជាពិសេសក្រសួងការងារ គួរតែពិនិត្យមើលឡើងវិញ ពាក់ព័ន្ធនឹងការឈប់សម្រាកមួយថ្ងៃអំឡុងពេលស្រ្តីមករដូវ។ ព្រោះវាជាកត្តាធម្មជាតិរបស់មនុស្សស្រី ហើយយើងឃើញថា ស្រ្តីដែលធ្វើការនៅវិស័យរោងចក្រមានការរិតត្បិតច្រើន។ ជាក់ស្តែងស្រ្តីពេលមករដូវម្តងៗ ត្រូវការចេញចូលបន្ទប់ទឹកច្រើន អ្នកខ្លះមានបញ្ហាចុកពោះអ៊ីចឹងទៅ ដែលការឈឺចាប់នោះវាខុសៗគ្នាទៅតាមសុខភាពរបស់ស្រ្តីម្នាក់ៗ។ អ៊ីចឹងរឿងនេះសំខាន់ណាស់ ដែលរដ្ឋាភិបាលគួរតែគិតគូរពីសុខមាលភាពស្រ្តីនៅពេលថ្ងៃដែលពួកគាត់មករដូវ»។
ចំណែក លោក អំ សំអាត នាយកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ទទូចឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើស្រ្តីនិងក្មេងស្រី ដើម្បីជម្រុញឱ្យស្មើភាពគ្នាក្នុងសង្គមខ្មែរ។ លោកបញ្ជាក់ផងដែរថា ការមើលឃើញនូវតម្រូវការតិចតួចរបស់ស្រ្តី វាពិតជាបញ្ជាក់យ៉ាងច្បាស់ថា ពួកគេត្រូវបានឱ្យតម្លៃ និងសមជាមាតាពិភពលោកដែលគេតែងនិយាយ។
លោកថ្លែងថា៖ «អង្គការសង្គមស៊ីវិលរបស់យើងនៅតែទទូច សុំឱ្យរាជរដ្ឋាភិបាលបង្កើនយុទ្ធការបន្ថែមទៀត ដើម្បីលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារី[…] អ៊ីចឹងយើងទាំងអស់គ្នាសុទ្ធ តែជាចំណែកធ្វើឱ្យស្រ្តីទទួលបានសិទ្ធិពេញលេញ បើយើងហ៊ាននិយាយពីបញ្ហានិងតម្រូវការរបស់ពួកគេ»។
ពាក់ព័ន្ធនឹងសុខភាពរបស់ស្ត្រី ក្នុងកំឡុងពេលមករដូវនេះដែរ សម្រាប់នៅប្រទេសជប៉ុន មានច្បាប់អនុញ្ញាតឱ្យបុគ្គលិកបម្រើការងារជាស្ត្រី អាចសុំច្បាប់ឈប់សម្រាកពី ១ថ្ងៃទៅ៣ថ្ងៃ អំឡុងពេលមករដូវប្រចាំខែរបស់ពួកគេ។ ច្បាប់មួយនេះ បានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ ១៩៤៧ មកម្ល៉េះ។
ក្រៅពីប្រទេសជប៉ុន ក៏មានប្រទេសមួយចំនួនទៀត ដូចជា កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី និងកោះតៃវ៉ាន់ផងដែរ ដែលបានអនុវត្តច្បាប់ឈប់សម្រាក សម្រាប់បុគ្គលិកជាស្ត្រីក្នុងពេលមករដូវ។ តួយ៉ាងប្រទេសកូរ៉េខាងត្បូង អនុញ្ញាតច្បាប់ ១ថ្ងៃក្នុង១ខែ ប្រទេសឥណ្ឌូនេស៊ីអនុញ្ញាតឱ្យស្ត្រីដែលមករដូវទទួលបានច្បាប់ឈប់សម្រាក ២ថ្ងៃក្នុង១ខែ ចំណែកកោះតៃវ៉ាន់ ផ្ដល់ច្បាប់ឈប់សម្រាកចំនួន៣ថ្ងៃ។
ដោយឡែក នៅមានប្រទេសមួយចំនួនទៀតដូចជា សំប៊ី អ៊ីតាលី និងហ្វីលីពីន សុទ្ធតែបានអនុវត្តច្បាប់ឈប់សម្រាកដល់បុគ្គលិកបម្រើការងារជាស្ត្រី ចម្លោះពី១ទៅ ២ថ្ងៃជារៀងរាល់ខែក្នុងអំឡុងពេលមករដូវ៕
………………………………………
អត្ថបទដោយ៖ ណឺ មិនា និង ហុង សេរីហ្វុង