ប្រជាពលរដ្ឋប្រមាណជាង ៧០នាក់ តំណាងឱ្យប្រមាណ ១៦០គ្រួសារ នៅតំបន់កោះមាស ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកកៀនស្វាយ និងស្រុកល្វាឯម ខេត្តកណ្តាល មានអ្នកខ្លះបង្ហាញទឹកមុខញញឹមញញ៉ែម ឯខ្លះទៀតមានទឹកមុខស្មើ ក្រោយពីបានជួប ស្ដាប់ និងនិយាយជាមួយមន្ត្រីតំណាងរដ្ឋាភិបាល អំពីបញ្ហាដីធ្លី និងការអភិវឌ្ឍនៅតំបន់ដែលពួកគាត់រស់នៅ។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋទាំងនោះ បានជួបជុំគ្នាតាមការណាត់ ជាមួយ លោក ហ៊ុន សុខា ទីប្រឹក្សាអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលលោកបានអះអាងថាមកសម្របសម្រួលបញ្ហាដីជូនពលរដ្ឋ។ នៅអំឡុងពេលជួបជុំគ្នា នាព្រឹកថ្ងៃនោះ ប្រជាពលរដ្ឋបានលើកសំណើមួយចំនួនទៅកាន់រដ្ឋាភិបាល ដោយស្នើសុំប្លង់កម្មសិទ្ធិ និងលុបចោល សជណ របស់រដ្ឋាភិបាលដែលជួលដីឱ្យក្រុមហ៊ុនអភិវឌ្ឍន៍តំបន់កោះមាស និងក្នុងករណីចាំបាច់ត្រូវយកតំបន់នោះអភិវឌ្ឍន៍ ត្រូវផ្តល់សំណងសមរម្យជូនពលរដ្ឋជាមុនសិន។
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាភិបាល បានចេញ សជណ ដោយអនុញ្ញាតឱ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត អាចជួលដីលើកោះមាសក្នុងទំហំប្រមាណ ៣៥០ ហិកតា ជាអចិន្ត្រៃយ៍រយៈពេល ៥០ឆ្នាំ ហើយអាចជួលបន្តជាថ្មីសម្រាប់ការវិនិយោគអភិវឌ្ឍន៍លើកោះនោះ។ ស.ជ.ណ ដដែលឲ្យដឹងទៀតថា ក្រុមហ៊ុន ឃុន សៀ «ត្រូវដោះស្រាយគោលនយោបាយជាមួយប្រជាពលរដ្ឋដែលអាស្រ័យផលនៅលើទីតាំងកោះមាស ក្នុងតម្លៃចន្លោះពី ៥ (ប្រាំ) ទៅ ៨ (ប្រាំបី) ដុល្លារ ក្នុងមួយម៉ែត្រក្រឡា»។
ប្រជាពលរដ្ឋរស់នៅតំបន់កោះមាស ក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក ឈឹម រី បានលើកឡើងថា ការផ្តល់គោលនយោបាយនូវតម្លៃដីពី ៥ដុល្លារទៅ៨ដុល្លារក្នុងមួយម៉ែត្រការ៉េនេះ ប្រជាពលរដ្ឋពុំអាចទទួលយកបានទេ ដោយសារតម្លៃនេះប្រជាពលរដ្ឋ មិនអាចយកទៅទិញដី និងលំនៅឋាននៅតំបន់ផ្សេងក្នុងរាជធានីភ្នំពេញសម្រាប់រស់នៅបានទេ ខណៈដែលពលរដ្ឋភាគច្រើនជាអ្នកប្រកបរបរកសិកម្មដាំដំណាំ ដែលពិបាកនឹងរករបរផ្សេងសម្រាប់ចិញ្ចឹមជីវិត។
លោកថា៖ «តម្លៃដែលខាងក្រុមហ៊ុនគេដាក់តម្លៃ៥ទៅ៨[ដុល្លារ]ហ្នឹង ខ្ញុំដាច់ខាត មិនទទួលយកជាដាច់ខាត»។
បុរសវ័យ ៧៧ឆ្នាំ ដែលមានសមាជិកគ្រួសារ៨នាក់ក្នុងបន្ទុក បានបន្តថា គ្រួសាររបស់លោក និងប្រជាពលរដ្ឋមួយចំនួន បានរស់នៅលើដីកោះមាសនេះ តាំងពីឆ្នាំ១៩៧៩មកម៉្លេះ ប៉ុន្តែពុំទាន់មានប័ណ្ណកម្មសិទ្ធដីធ្លីនៅឡើយ ដោយមានតែលិខិតទិញលក់ដីដែលមានការទទួលស្គាល់ពីអាជ្ញាធរ។ លោកបន្តថា ប្រជាពលរដ្ឋនៅតំបន់នោះ ចង់បានប្លង់កម្មសិទ្ធិដីធ្លី ដើម្បីសុវត្ថិភាពដីធ្លី និងការរស់នៅ ខណៈពួកគាត់ទើបតែបានទទួលដំណឹងថា រដ្ឋាភិបាលបានជួលដីនោះទៅឱ្យក្រុមហ៊ុន ឃុន សៀ ធ្វើការអភិវឌ្ឍ។
លោកថា៖ «ការទាមទារបស់ពលរដ្ឋដែរនៅកោះមាសនេះ ទី១គឺចង់បានប្លង់ សុំប្លង់ ហើយសុំសិទ្ធិរស់រៀនមានជីវិតនៅលើដីនេះ ខ្ញុំតូចចិត្តដែរជិតទៅវិញហើយ តែគ្មានសិទ្ធិនៅលើដីនេះ ហើយខ្ញុំមិនមែនទៅដណ្តើមរបស់រដ្ឋទេ រដ្ឋចែកឱ្យ៧៩(១៩៧៩) តាំងពីបែកមក ដីនេះស្របច្បាប់»។
ពលរដ្ឋម្នាក់ទៀតនៅលើកោះមាស ក្នុងខណ្ឌច្បារអំពៅ អ្នកស្រី ជា ស្រីពៅ អាយុ ៣៨ឆ្នាំ លើកឡើងថា ប្រជាពលរដ្ឋ មិនប្រឆាំងនឹងការអភិវឌ្ឍនោះទេ ប៉ុន្តែពួកគាត់ស្នើដល់រដ្ឋាភិបាលដោះស្រាយសំណងសមរម្យជូនប្រជាពលរដ្ឋជាមុនសិន ព្រោះគោលនយោបាយដែលដាក់ក្នុង សជណ នេះគឺពលរដ្ឋមិនអាចទទួលយកបានទេ។
អ្នកស្រីនិយាយថា៖ «និយាយឱ្យចំដីនេះជាជីវិតខ្ញុំហើយ […] ថាតម្លៃ ៥ ទៅ៨ដុល្លារ លក់ហ្នឹងលុយអត់គ្រប់គ្រាន់នឹងយកទៅផ្គត់ផ្គង់ជីវភាពទៅថ្ងៃក្រោយទៀត។ ណាមួយតម្លៃ៧ ៨ដុល្លារ លក់ពីហ្នឹងទៅ បងប្អូនខ្ញុំច្រើនចែកគ្នាវាអត់គ្រាន់ បើនៅមានដី យើងអាចធ្វើចំការ ចិញ្ចឹមជីវិតបន្តទៀត តែឥឡូវនេះពួកខ្ញុំមានតែស្នើរាជរដ្ឋាភិបាលចេញប្លង់កម្មសិទ្ធ ប្លង់រឹងមក អភិវឌ្ឍន៍ អភិវឌ្ឍន៍ទៅ តែកុំអភិវឌ្ឍន៍លើកទឹកភ្នែកប្រជាជន អភិវឌ្ឍន៍ក៏អភិវឌ្ឍន៍ចុះ តែស្នើតម្លៃឱ្យសមរម្យ ឱ្យប្រជាជនអាចរស់នៅបន្តទៅទៀត»។
ទោះយ៉ាងណា អ្នកស្រីស្នើដល់រដ្ឋាភិបាលចេញប្លង់កម្មសិទ្ធិដីធ្លី និងលុបចោល សជណ ឆ្នាំ២០២០នោះវិញ ដើម្បីឱ្យពលរដ្ឋអាចរស់នៅដោយសុវត្ថិភាព និងអាចប្រកបរបរចិញ្ចឹមជីវិតដូចបច្ចុប្បន្ន។
ចំណែក លោក ជុំ សំអឿន អាយុ៧២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅតំបន់កោះមាស ដែលមានកូន៧នាក់ក្នុងបន្ទុក បានគិតគូររួចជាស្រេចថានឹងចែកដីឱ្យកូនៗក្នុងម្នាក់ទំហំ ៤អា ដោយសារតែលោកមានវ័យកាន់តែចាស់ទៅហើយ។ តែយ៉ាងណា លោកថា អាជ្ញាធរមិនអនុញ្ញាតឱ្យពលរដ្ឋផ្ទេរដីទៅឱ្យកូនចៅ ឬលក់ដូរដីនោះឡើយ ដែលករណីនេះ ធ្វើឱ្យលោកមានក្តីបារម្ភជាខ្លាំងពីការបាត់បង់ដី និងផ្ទះសម្បែង ដោយសារការអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជននោះ។
លោកបន្តថា៖«យើងខ្ញុំមានការភិតភ័យជាខ្លាំង ដោយសារខ្លាចតែគេយកដីហ្នឹងទៅ អត់មានអីនៅ ផ្ទះសម្បែងខ្ញុំធ្វើអស់រាប់ម៉ឺនហើយ បារម្ភខ្លាំង[…] យើងទីពឹងតែដីហ្នឹងហើយ បើសិនជាដីហ្នឹងអត់បាន អត់មានយើងបានអីរស់ យើងមិនត្រូវស្លាប់? យើងទៅរកមុខរបអីក្រៅពីហ្នឹង? ព្រោះយើងចេះធ្វើតែស្រែ ធ្វើតែចម្ការ ចេះតែដាំដំណាំអញ្ចឹង ហើយឱ្យយើងរកមុខរបរអ្វីវិញ? ហើយបានលុយតិចយើងទៅធ្វើមុខរបអីកើត? វាអត់កើត?»។
លោកបញ្ជាក់ថា គោលបំណងដែលលោកទាមទារ គឺចង់បានប្លង់កម្មសិទ្ធិដីធ្លី ដោយសារកន្លងមក អាជ្ញាធរខណ្ឌធ្លាប់ប្រាប់ឱ្យប្រជាពលរដ្ឋចូលរួមវាស់វែងដី ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ទទួលបានប្លង់នៅឡើយ ហើយពេលថ្មីៗនេះ បែរជាមានអ្នកទៅចរចាឱ្យប្រជាពលរដ្ឋ លក់ដីក្នុងតម្លៃចន្លោះពី ៥ទៅ៨ដុល្លារក្នុងមួយម៉ែត្រការ៉េទៅវិញ ដោយសារមានក្រុមហ៊ុនទៅអភិវឌ្ឍន៍។ លោកថា តម្លៃនេះ រូបលោក និងពលរដ្ឋផ្សេងទៀត មិនអាចទទួលយកបានឡើយ គឺមានតែតស៊ូដល់ទីបញ្ចប់។
លោកនិយាយថា៖ «ហើយឱ្យដោះស្រាយគោលនយោបាយ ពី៥ ទៅ៨ដុល្លារ ដូច្នេះមិនអាចទទួលយកបានទេ បើយកប៉ុណ្ណឹងមានតែងាប់ហើយ ចេញទៅមិនដឹងរកអីទេ។ មានដីយើងអាចដាំដំណាំ យើងបានផលពីអាហ្នឹង យកទៅលក់ ជារៀងរាល់ថ្ងៃដើម្បីចញ្ចឹមជីវិត យើងមិនព្រម មានតែតស៊ូដល់ទៅបំផុត»។
ពាក់ព័ន្ធនឹងការស្នើរបស់ពលរដ្ឋនេះ លោក ហ៊ុន សុខា ទីប្រឹក្សារបស់អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានប្រាប់ទៅពលរដ្ឋថា ការដែលលោកទៅជួបពលរដ្ឋនៅថ្ងៃទី១៤ ខែមិនានោះ គឺក្នុងនាមជាអ្នកសម្របសម្រួល និងជាអ្នកនាំពាក្យឱ្យថ្នាក់លើ ដើម្បីយកទុក្ខលំបាក និងសំណើររបស់ប្រជាពលរដ្ឋទៅដោះស្រាយ។
លោកថា៖ «ដូចខ្ញុំបាននិយាយចឹង គឺយកគោលការណ៍២ ទី១ គឺគោលការណ៍ដែលបងប្អូនប្រជាពលរដ្ឋសំណើរទៅថ្នាក់ដឹកនាំ ទី២ ក៏យើងត្រូវយកបញ្ហា សជណ មកនិយាយ តាមគោលការណ៍ដោះស្រាយរបៀប សជណ ជាគោលនយោបាយដូចគ្នា ព្រោះប្រទេសជាតិយើងត្រូវការអភិវឌ្ឍន៍ ពេលណាដែលការអភិវឌ្ឍន៍ហើយ ក្រុមហ៊ុនក៏គាត់មិនយកជាកម្មសិទ្ធិដែរ គឺគាត់យកមកអភិវឌ្ឍន៍ក្នុងពេល ៥០ឆ្នាំ ហើយប្រគល់ជូនរដ្ឋវិញតែប៉ុណ្ណោះ[…] ចំពោះតម្លៃនេះ គឺឱ្យប្រជាពលរដ្ឋគាត់គិត ដោយការឯកភាពជាធ្លុងមួយ រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋដោយគ្មានការបង្ខិតបង្ខំ ហើយមិនមែនជាការចាប់បង្ខំឬការអ្វីមួយផ្សេងនោះទេ»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទេនៅរសៀលថ្ងៃទី១៧ ខែមីនានេះ។
កាលពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋនៅតំបន់កោះមាស ធ្លាប់បានទៅប្រមូលផ្តុំគ្នាម្តងរួចមកហើយ ដោយទាមទារឱ្យរដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ខណៈភាពជាម្ចាស់កម្មសិទ្ធិដីធ្លីរបស់ពួកគេ កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ក្រោយរដ្ឋាភិបាលចេញលិខិត ស.ជ.ណ មួយ ដោយអនុញ្ញាតឲ្យក្រុមហ៊ុន ឃុន សៀ អ៊ីមផត អិចផត ជួលដីកោះមាស ដើម្បីធ្វើការអភិវឌ្ឍ។
អ្នកស៊ើបអង្កេតជាន់ខ្ពស់ផ្អែកសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត យល់ថា រដ្ឋាភិបាលគួរតែទទួលស្គាល់សិទ្ធិដីធ្លីរបស់អ្នកស្រុកកោះមាស ទោះបីពួកគាត់មិនមានប័ណ្ណកម្មសិទ្ធិផ្លូវការក៏ដោយ ព្រោះពលរដ្ឋភាគច្រើន បានរស់នៅតំបន់នោះជាច្រើនឆ្នាំមកហើយ។ លោកបន្តថា ប្រសិនបើប្រទេសកម្ពុជាដំណើរការជាទីផ្សារសេរី ប្រជាពលរដ្ឋសមនឹងទទួលបានសំណងសមរម្យ ដើម្បីទប់ស្កាត់ការបណ្តេញចេញ និងធានាការរស់រានមានជីវិតរបស់ពួកគេ។
លោកមានប្រសាសន៍ថា៖ «ប្រសិនជារដ្ឋាភិបាលលោកចាត់ទុកថាប្រទេសកម្ពុជាជារបបទីផ្សារសេរី គួរតែផ្តល់ឲ្យគាត់នូវការដោះដូរជាទីផ្សារសេរី ដោយសំណងសមរម្យជាមុនឲ្យគាត់ មិនគួរបណ្ដេញគាត់ចេញទេដោយសារតែអាការដែលគាត់អាស្រ័យផល យើងដឹងហើយថា ទោះបីជាគាត់មិនមានប្លង់ក៏ដោយ គេហៅថាដីភោគៈនៃការកាន់កាប់របស់គាត់ច្រើនឆ្នាំជាង អ្នកខ្លះឡើងដល់ទៅម្ភៃឆ្នាំជាង ដូច្នេះកាត់ដីភោគៈនេះ ទោះបីគាត់មិនមានប្លង់រឹងក៏ដោយ ក៏ជាកម្មសិទ្ធិរបស់គាត់ស្របច្បាប់ដែរ គាត់រស់នៅចឹងគួរតែផ្តល់សំណងគាត់សមរម្យដើម្បីឲ្យគាត់រស់បាន»។
ត្រឡប់ទៅកាន់ប្រជាពលរដ្ឋរស់នៅតំបន់កោះមាសវិញ លោក ឈឹម រី បានលើកឡើងថា ពលរដ្ឋរស់នៅកោះមាសនេះដោយស្របច្បាប់ ហើយដីនេះមិនមែនជាដីអាណាធិបតេយ្យទេ។ លោកនិយាយតំណាងពលរដ្ឋកោះមាសទាំងមូល ស្នើដោយទទូចទៅរដ្ឋាភិបាលឱ្យចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋជាមុនសិន ហើយប្រសិនបើមានការអភិវឌ្ឍនៅថ្ងៃក្រោយ ពលរដ្ឋស្នើសុំឱ្យផ្តល់តម្លៃសមរម្យតាមទីផ្សារដែលពួកគាត់អាចរកទីតាំងផ្សេងរស់នៅបាន។
លោកថា៖ «ដីនេះមិនមែនថាអាណាធិបតេយ្យទេវាស្របច្បាប់ ហើយមកគេដាក់ឱ្យខ្ញុំក្រៅអ៊ីចឹងខ្ញុំតូចចិត្តខ្លួនខ្ញុំ សុំសំណូមពរប៉ុណ្ណឹងទេសុំប្លង់ច្បាស់ ប្រជាជនទាំងអស់នៅលើកោះមាសគឺសុំប្លង់។ ហើយបើចង់អភិវឌ្ឍន៍អីបានប្លង់មកអភិវឌ្ឍទៅ ប៉ុន្មានៗតាមតែលោកដាក់មកៗ សុំប្លង់មុន»៕
…………………………………….
អត្ថបទដោយ៖ ពូ សូរាជីនី