កសិករដាំម្ទេសនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឱ្យដឹងថា នៅឆ្នាំនេះតម្លៃម្ទេសបានធ្លាក់ថ្លៃជាងពាក់កណ្តាល បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលការធ្លាក់ថ្លៃនេះ បានធ្វើឱ្យពួកគាត់បារម្ភពីការជំពាក់បំណុលធនាគារ ក្រោយយកកម្ចីធ្វើដើមទុន។
ក្នុងសប្តាហ៍នេះ កសិករដាំម្ទេសម្នាក់គឺលោក វង្ស ចន្ទរិទ្ធីនៅភូមិអូរតាភី ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបងត្រូវបានគេបង្ហោះតាមបណ្តាញសង្គម ដោយគាត់បានរៀបរាប់ពីការដាំម្ទេស និងបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចដោយជំពាក់បណុសធនាគារ ដោយសារម្ទេសបានធ្លាក់ថ្លៃខ្លាំងពេក។
លោក វង្ស ចន្ទរិទ្ធី ជាកសិករដាំម្ទេស ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានកាលពីថ្ងៃទី២៨ ខែមីនានេះថា គ្រួសារលោកបានដាំម្ទេសលើដីទំហំជាង១ហិកតា ដោយចំណាយដើមទុនសរុបសម្រាប់ការដាំដុះក្នុងរយៈពេលបួនខែមកនេះ គឺអស់ប្រហែល៧លានរៀល។
លោក វង្ស ចន្ទរិទ្ធី បន្តថា រាល់ការចំណាយលើការដាំដុះទាំងនោះ គឺជាលុយដែលគាត់បានខ្ចីពីធនាគារយកមកធ្វើដើមទុនសម្រាប់ដាំដុះ។
បុរសវ័យ៥១ឆ្នាំរូបនេះ ឱ្យដឹងថា ក្នុងរដូវប្រមូលផលឆ្នាំនេះ គឺម្ទេសរបស់គាត់ប្រមូលបានប្រហែល៥តោន ដោយ១តោនលក់បានតម្លៃពី២៣០០០០០រៀល ទៅ២៤០០០០០រៀលប៉ុណ្ណោះដោយនេះពុំគេថ្លៃកម្មករបេះ និងដឹកជញ្ជូននៅឡើយ ខណៈឆ្នាំមុនម្ទេស១តោនមានតម្លៃចន្លោះពី៧០០០០០០រៀល ទៅ៨០០០០០០រៀល។
លោកបន្ថែមថា៖«ឈ្នួលកម្មករបេះគេទាមួយគីឡូមួយពាន់រៀល ចឹងមួយតោនត្រូវអស់មួយលានរៀល។ ចឹងម្ទេសប្រាំតោននៅសល់ប្រាំមួយលានជាងទៅប្រាំពីរលានរៀលហើយ មានអីចំណេញ។ នេះអត់គិតកម្លាំងពលកម្មខ្លួនឯងផង»។
លោក វង្ស ចន្ទរិទ្ធី បានសំណូមពរទៅអាជ្ញាធរ និងអ្នកពាក់ព័ន្ធជួយរកទីផ្សារលក់ម្ទេសរបស់គាត់ ដោយធ្វើយ៉ាងណាឱ្យបានតម្លៃខ្ពស់ដូចឆ្នាំមុន ដោយ១គីឡូក្រាមមានតម្លៃចន្លោះ៧០០០រៀលទៅ៨០០០រៀល។
កសិករដាំម្ទេសម្នាក់ទៀត អ្នកស្រី ភា វណ្ណា អាយុ៣៧ឆ្នាំ នៅភូមិបាក់រទេះ ឃុំព្រែកលួង ស្រុកឯកភ្នំ និយាយថា បច្ចុប្បន្ននេះតម្លៃម្ទេសកំពុងតែធ្លាក់ចុះខ្លាំង ដែលធ្វើឱ្យពួកគាត់កំពុងបារម្ភពីការជំពាក់បំណុលធនាគារទ្វេដង។
អ្នកស្រី ភា វណ្ណា ឱ្យដឹងថា អ្នកស្រីបានដាំម្ទេសនៅលើផ្ទៃដីប្រហែល១ហិកតា ដោយបានចំណាយដើមទុនជិត៦លានរៀល ដែលដើមទុននេះគាត់បានខ្ចីពីធនាគារ។ អ្នកស្រីថា ការប្រមូលផលម្ទេសឆ្នាំនេះបានជាង៤តោនខណៈ១តោនលក់បានតម្លៃជាង២លានរៀលប៉ុណ្ណោះ។
អ្នកស្រីបន្តថា៖«តម្លៃម្ទេសឆ្នាំនេះឆាប់ធ្លាក់ថ្លៃលឿនជាងឆ្នាំទៅមិញដោយឆ្នាំទៅមិញ ខែនេះខ្ញុំទើបប្រមូលផលគឺ មានតម្លៃថ្លៃខ្ពស់រហូតដល់ទៅប្រាំបីពាន់រៀល។ តែមកឆ្នាំនេះទើបតែប្រមូលផលដែរសោះតម្លៃធ្លាក់ចុះត្រឹមពីរពាន់បីរយទៅពីរពាន់បួនរយរៀល។ ខ្ញុំបារម្ភណាស់បើធ្លាក់ថ្លៃច្រើនបែបនេះធ្វើឱ្យកសិករអាចនឹងបោះបង់ការដាំម្ទេសនេះទាំងស្រុង។ ព្រោះម្ទេសខុសពីដំណាំស្រូវដែលទុំហើយអាចស្តុកទុកបាន។ តែផ្លែម្ទេសនេះបើទុំត្រូវតេលក់មិនអាចទុកបានទេ ទោះបីតម្លៃថោកឬថ្លៃប៉ុណ្ណាគាត់ត្រូវតែលក់ដែរ»។
ប្រធានការិយាល័យក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្មខេត្តបាត់ដំបងលោក យ៉ាត យឿយ មានប្រសាសន៍ថា រឿងតម្លៃម្ទេសនៅលើទីផ្សារគឺពុំទាន់ធ្លាក់ចុះដល់កម្រិតទាបនៅឡើយទេ។ លោកថា នៅផ្សារភូពុយម្ទេសមានតម្លៃជាងពីរពាន់រៀល ដែលលោកថា តម្លៃនេះមិនមែនថោកនោះទេ។
លោកថា៖«បើយើងគិតលេខមូលគឺមួយតោននៅសល់លុយជាងមួយលានរៀល។ហើយមួយហិត្តាៗទទួលបានទីន្នផលច្រើនខ្ទង់ប្រាំពីរតោន។ ដូច្នេះមួយយហិត្តាគាត់បានលុយជិតដប់លាន ។ប៉ុន្តែរឿងពួកគាត់បារម្ភជារឿងគាត់ទេ ព្រោះគាត់ចំណាយដើមច្រើនគាត់តែងបារម្ភចឹងហើយ»។
លោក យ៉ាត យឿយ បន្ថែមថា៖«ក្នុងនាមខ្ញុំជាអ្នកបច្ចេកទេសខ្ញុំចង់ប្រាប់ថា សូមកសិករកុំបារម្ភពេកព្រោះអីតម្លៃនេះវានៅតែល្អនៅឡើយទេវាអត់ទាន់ដល់ការបារម្ភនៅឡើយទេ»។
មាត្រា៦២ នៃរដ្ឋធម្មនុញ្ញបានចែងថា រដ្ឋត្រូវយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិតផល ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់កសិកផលដល់កសិករផងដែរ។
ចំណែកមាត្រា៦៣នៃដដែលនេះចែងថា រដ្ឋត្រូវយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ និងជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ៕
……………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ណូ រ៉េន