ក្រុមគ្រួសាររបស់កម្មករដែលស្លាប់ដោយឆក់ខ្សែភ្លើងពេលបំពេញការងារនៅក្នុងរោងចក្រ សានី(ខេមបូឌា) ហ្វើនីឈ័រ ឯក (SHANE(CAMBODIA)FURNITURE CO.,LTD) ស្ថិតនៅឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្ដស្វាយរៀង បានទាមទារឱ្យថៅកែផ្តល់សំណងតាមផ្លូវច្បាប់ ដោយចោទថា ថៅកែរោងចក្រនេះកំពុងគេចវេសពីការទទួលខុសត្រូវ។
ភរិយាជនរងគ្រោះអ្នកស្រី រ៉ន កូលាប រស់នៅភូមិដូនណូយ ឃុំច្រេះ ស្រុកចន្រ្ទា ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្វាមីរបស់អ្នកស្រីត្រូវបានក្រុមហ៊ុនតម្រូវឱ្យធ្វើការងារថែមម៉ោងធ្វើការរហូតដល់ម៉ោង៨កន្លះយប់។ អ្នកស្រី អះអាងថា នៅម៉ោង៦កន្លះល្ងាចក្រុមហ៊ុនបានឱ្យកម្មករសម្រាក៣០នាទី ដើម្បីហូបបាយ ហើយនៅម៉ោង៦សែសិបនាទី ប្ដីរបស់អ្នកស្រីត្រូវបានខ្សែភ្លើងឆក់បណ្ដាលឱ្យស្លាប់នៅក្នុងអាគាររោងចក្រ។
អ្នកស្រី រ៉ន កូលាប បញ្ជាក់ថា ស្វាមីរបស់អ្នកស្រីឈ្មោះ ពេញ ធី អាយុ៣៤ឆ្នាំ ចូលបម្រើការងារនៅក្នុងរោងចក្រ សានី បានរយៈពេលជាងមួយឆ្នាំហើយ ដោយធ្វើការងារនៅផ្នែកដំឡើងតុកកៅអីគ្រឿងសង្ហារឹម នៅអាគារទី១០។
អ្នកស្រីនិយាយបណ្ដើរយំរៀបរាប់ទាំងទឹកភ្នែកបណ្តើរថា ចាប់តាំងពីថ្ងៃកើតហេតុរហូតមកដល់បច្ចុប្បន្ននេះថៅកែរោងចក្រនៅមិនទាន់ផ្ដល់សំណងណាមួយឱ្យទៅក្រុមគ្រួសាររបស់អ្នកស្រីនោះទេ។ អ្នកស្រីថាពេលទៅជួបប្រធានរដ្ឋបាលរោងចក្រ ដើម្បីសួរនាំរឿងផ្ដល់សំណង គឺខាងរដ្ឋបាននិយាយថា ការផ្ដល់សំណង់ខាងក្រុមហ៊ុនទុកឱ្យ ប.ស.ស ជាអ្នកផ្ដល់ជំនួស។
អ្នកស្រីបន្ថែមទៀតថា រាល់ថ្ងៃគ្រួសារអ្នកស្រីបានជួបការលំបាកជាខ្លាំងក្រោយស្វាមីអ្នកស្រីទទួលមូរណភាព ជាពិសេសគ្មានលុយសងត្រឡប់ទៅធនាគារ និងដេរប៉ូលក់គ្រឿងសំណង់ ខណៈអ្នកស្រីត្រូវចញ្ចឹមកូនតូចម្នាក់ថែមទៀត។ អ្នកស្រីថា កាលពីស្វាមីនៅរស់ គឺគ្រួសារអ្នកស្រីខ្ចីលុយធនាគារឯកជនចំនួន២ម៉ឺនដុល្លា ដើម្បីយកមកធ្វើផ្ទះ ដោយក្នុងមួយខែត្រូវសងទៅដេប៉ូគ្រឿងសំណង់ និងធនាគារចំនួន៣៥០ដុល្លារយៈពេល៦ឆ្នាំ។
ស្ត្រីមេម៉ាយរូបនេះ បានទាមទារទៅថៅកែរោងចក្រ និងអាជ្ញាធរពាក់ព័ន្ធឱ្យពន្លឿនដោះស្រាយសំណងជូនរងគ្រោះឱ្យបានសមរម្យទៅតាមច្បាប់ ដើម្បីអ្នកស្រីបានលុយដោះបំណុលធនាគារ និងមួយចំណែកទៀតទុកសម្រាប់ធ្វើបុណ្យឱ្យប្ដី។
អ្នកស្រីលើកឡើងថា៖ «ជួយរកយុត្តិធម៌ឱ្យប្ដីខ្ញុំផង។ ប្ដីខ្ញុំស្លាប់នៅរោងចក្រគាត់បានឆក់ខ្សែភ្លើង។ ឱ្យ[អាជ្ញារធរ]គាត់ជួយខ្ញុំផង។ ខ្ញុំលំបាកណាស់រាល់ថ្ងៃបង់អង្គការផង។ នៅផ្ទះពិបាកខ្វះខាតគ្រប់យ៉ាង។ហើយកូននៅតូច។ ខ្ញុំធ្វើការម្នាក់ឯង។ ខ្ញុំនៅតែពីរនាក់ម៉ែកូនទេ។ ខ្ញុំគ្មានពីណានៅជាមួយទេ។ នៅរាល់ថ្ងៃបីនាក់ប្ដីប្រពន្ធ។ ដល់ពេលប្ដីស្លាបទៅគ្មានពីណារកលុយ។ បានប្ដីខ្ញុំហ្នឹងហើយជាជំហរ ហើយ[បង់]អង្គការប្រាក់ខែ។ ខ្ញុំតែម្នាក់ឯងមិនគ្រប់ផង ។បានអីហូបបានអីស៊ី។ រាល់ថ្ងៃទទេតែម្ដង។ យើងមិនរកស៊ីអ្វីបានក្រៅទេ ក្រៅពីរោងចក្រ » ។
អ្នកស្រី ពុធ ស៊ន ដែលជាម្ដាយបង្កើតរបស់ជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែក ដោយអ្នកស្រីបានអំពាវនាវដល់ក្រុមហ៊ុន រួមទាំងស្ថាប័នពាក់ព័ន្ធជួយផ្ដល់សំណងទៅឱ្យក្រុមគ្រួសារកូនអ្នកស្រី ដើម្បីបានលុយយកទៅសងធនាគារ។
អ្នកស្រីលើកឡើងថា៖ «ជួយកូនខ្ញុំផងវានៅតែពីរនាក់ម៉ែកូនខ្ញុំក៏ចាស់មិនដឹងទៅរកស៊ីអ្វីដែរគ្នាជំពាក់លុយ[ធនាគារ]ធ្វើផ្ទះអត់មានប្ដីគ្នារត់មិចរួចគ្នាម្នាក់ឯងអញ្ចឹងគ្នាគ្មានអីសង» ។
អ្នកស្រី គួច វលក្ខ ប្រធានរដ្ឋបាលរោងចក្រ សានី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា មូលហេតុដែលក្រុមហ៊ុនមិនបានផ្ដល់សំណងទៅក្រុមគ្រួសារជនរងគ្រោះ គឺក្រុមហ៊ុនទុកឱ្យ ប.ស.ស ជាអ្នកផ្ដល់សំណងជំនួសក្រុមហ៊ុន ដោយអ្នកស្រីថា រាល់ថ្ងៃក្រុមហ៊ុនបានទិញសេវាធនារ៉ាប់រងសម្រាប់គ្រោះថ្នាក់ការងារពី ប.ស.ស និងបានបង់លុយជារាងរាល់ខែទៅឱ្យ ប.ស.ស។ អ្នកស្រីថា ក្រុមហ៊ុនបានចូលបុណ្យសពជនរងគ្រោះចំនួន៣០០ដុល្លា នៅថ្ងៃកើតហេតុ។
អ្នកស្រីលើកឡើងថា៖ «ទាក់ទងបញ្ហាហ្នឹងគឺគេផ្ដោតទៅលើ ប.ស.ស ដោយសារក្រុមហ៊ុនបានទិញជាកញ្ចប់ ប.ស.ស បង់ [លុយ] ជារាងរាល់ខែទៅលើគ្រោះថ្នាក់ការងារ» ។
អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតាមបណ្ដាញសង្គមតេលេក្រាមថា ក្រុមគ្រួសារជនរងគ្រោះនឹងទទួលបានប្រាក់សម្រាប់បូជាសពចំនួន១០លានរៀល និងប្រាក់ឧបត្ថម្ភប្រចាំខែពី ប.ស.ស ខណៈថៅកែរោងចក្រអាចផ្ដល់ជូនក្រុមគ្រួសារជនរងគ្រោះតាមសណ្ដានចិត្ដបន្ថែម។
លោកបន្តថា ដើម្បីទទួលបានអត្ថប្រយោជន៍ខាងលើនេះមន្រ្ដី ប.ស.ស ជាអ្នករៀបចំជួនគ្រួសារ នៃសព។លោកថា ករណីនេះ អធិការកិច្ចការងារនឹងពិនិត្យមូលហេតុ នៃការស្លាប់របស់កម្មករតាមនីតិវិធីច្បាប់។
លោកសរសេរថា៖ «ក្រុមគ្រួសារទទួលបានប្រាក់វិភាជន័បូជាសព ១០ លានរៀន និងប្រាក់ឧបត្ថម្ភប្រចាំខែ ពី ប.ស.ស។ ម្ចាស់រោងចក្រអាចផ្តល់ជូនគ្រួសារសពតាមសណ្តានចិត្តបន្ថែម។ មន្រ្តី ប.ស.ស នឹងរៀបចំផ្តល់ជូនគ្រួសារនៃសព។ អធិការ ប.ស.ស នឹងពិនិត្យមូលហេតុនៃការស្លាប់តាមនីតិវិធីច្បាប់» ។
ប្រធានសហភាពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា នៅពេលមានគ្រោះថ្នាក់ការងាររហូតដល់បាត់បង់អាយុជីវិតកម្មករ អ្នកទទួលខុសត្រូវផ្ដល់សំណងគឺ ប.ស.ស ដោយរាប់រងក្នុងនោះ មានប្រាក់វិភាជន័បូជាសព និងលុយចំនួន៧០ភាគរយ នៃប្រាក់ខែជនរងគ្រោះផ្ដល់ទៅកូនរហូតដល់អាយុ១៨ឆ្នាំ។
លោកបន្ថែមទៀតថា តាមច្បាប់ស្ដីពីការងារនៅក្នុងមួយថ្ងៃថៅកែមានសិទ្ធិឱ្យកម្មករធ្វើការថែមម៉ោងបានតែពីរម៉ោងប៉ុណ្ណោះ ហើយធ្វើឡើងដោយស្ម័គ្រចិត្ដមិនមានការបង្ខំឡើយ។ លោកថា កាលដែលក្រុមហ៊ុនបង្ខំឱ្យកម្មករថែមម៉ោងដល់ម៉ោង៨កន្លះ ហើយបណ្ដាលឱ្យកម្មករបាត់បង់អាយុជីវិត គឺជារឿងខុសច្បាប់។លោកថា ក្រៅតែពីការទទួលខុសត្រូវរបស់ ប.ស.ស គឺក្រុមគ្រួសារជនរងគ្រោះអាចប្ដឹងទៅតុលាការ ដើម្បីទាមទារសំណងពីក្រុមហ៊ុនបន្ថែមទៀត។
លោកលើកឡើងថា៖ «ខ្ញុំយល់ឃើញថា ក្រៅពីការទទួលខុសត្រូវដោយភាគី ប.ស.ស ហើយ។ និយោជកក៏ទទួលខុសត្រូវទៅលើការធ្វើឱ្យកម្មកររបស់ខ្លួនស្លាប់ដោយសារបំពេញម៉ោងការងារមិនស្ថិតនៅក្នុងច្បាប់ស្ដីពីការងារ។ មាននៃថា និយោជកគាត់បានឱ្យកម្មករធ្វើការលើសពីគោលការកំណត់ នៃច្បាប់ ហើយធ្វើឱ្យកម្មករសា្លប់។ អាហ្នឹងវាជាបន្ទុកមួយបបន្ថែមទៀត។ ដោយសារភាគីនិយោជកដែលត្រូវទទួលខុសត្រូវចំពោះកាបាត់បង់អាយុជីវិតកម្មករ»។
ច្បាប់ស្ដីពីការងារឆ្នាំ១៩៩៧ស្ដីអំពីគ្រោះថ្នាក់ការងារត្រង់មាត្រា ២៤៨ ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដែលកើតឡើងដោយធ្វើការ ឬក្នុងពេលធ្វើការ ទោះដោយហេតុយ៉ាងណាក៏ដោយ ហើយទោះមានកំហុសមកពីកម្មករនិយោជិត ឬគ្មានក៏ដោយ គឺគ្រោះថ្នាក់ដែលធ្លាក់លើរូបកាយកម្មករនិយោជិតក្នុងពេលធ្វើការឱ្យនិយោជក ឬនាយក សហគ្រាស ឬធ្លាក់លើសិស្សវិជ្ជាជីវៈ មានឈ្នួលក្តី ឥតឈ្នួលក្តី កាន់មុខងារជាអ្វី នៅទីកន្លែងណាក៏ដោយ ។
ម្យ៉ាងទៀត ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែរ ចំពោះគ្រោះថ្នាក់ណាដែលធ្លាក់លើ កម្មករនិយោជិតក្នុងពេលដែលសាមីខ្លួន ធ្វើដំណើរពីលំនៅស្ថានខ្លួនត្រង់ឆ្ពោះទៅទីកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានឈប់ ឬដោយគ្មានវាងទៅកន្លែងផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួន ឬក្រៅពី ការងារដែលគេតម្រូវឱ្យទៅ ។ ជម្ងឺ បណ្តាលមកពីវិជ្ជាជីវៈទាំងអស់ដូចមានបញ្ជាក់ក្នុងច្បាប់ ត្រូវចាត់ទុកជាគ្រោះថ្នាក់ ការងារ ហើយទទួលការជួសជុលដូចគ្នាដែរ ។
មាត្រា ២៤៩ នៃច្បាប់ដដែលបានចែងថា នាយកសហគ្រាស ត្រូវទទួលខុសត្រូវលើគ្រោះថ្នាក់ការងារទាំងអស់ ដូចមានរៀបរាប់ក្នុង មាត្រាខាងលើនេះ ទោះបីលក្ខន្តិកៈផ្ទាល់ខ្លួនរបស់កម្មករនិយោជិតម្នាក់ៗនោះ មានលក្ខណៈយ៉ាងណាក៏ដោយ ។
បើតាមកម្មករឱ្យដឹងថា រោងចក្រ សានី(ខេមបូឌា)ហ្វើនីឈ័រ ឯក(SHANE(CAMBODIA)FURNITURE CO.,LTD) មានថៅកែជាជនជាតិចិន ផលិតតុកកៅអីគ្រឿងសង្ហារឹមសម្រាប់នាំចេញទៅក្រៅប្រទេស ដែលមានកម្មករបម្រើការងារជិត២ពាន់នាក់។ អាគាររោងចក្រសរុបចំនួន១២អាគារ។ បើតាមការបញ្ជាក់ពីកម្មករ កាលពីដើមឆ្នាំ២០២៤ រោងចក្រនេះ ក៏ធ្លាប់មានកម្មករស្លាប់ម្នាក់ផងដែរ៕
……………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា